Thursday, October 31, 2013

អង្គការ​អភិរក្ស​ព្រៃឈើ​ប្រតិកម្ម​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​​នៅ​តំបន់​ព្រៃ​ការពារ​សំឡូត


៣០-តុលា-២០១៣៖ អគ្គនាយក​នៃ​អង្គការ​អភិរក្ស​ព្រៃ​ឈើ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt) លោក ស្តេហ្វាន បក់ណា (Stephan Bognar) [ឆ្វេង] ជួយ​ដោះ​សត្វ​ស្លាប​ដែល​ជាប់​អន្ទាក់​ដាក់​ដោយ​កម្មករ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឈើ​ការពារ​សំឡូត ខេត្ត​ប៉ៃលិន។ MJP Photo

ព្រៃ​ឈើ​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ឬ​ហៅ​ថា តំបន់​ព្រៃឈើ​ការពារ​សំឡូត កំពុង​រង​ការ​កាប់​ទន្ទ្រាន​រាន​យក​ដី​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ធ្វើ​លិខិត​ស្នើ​សុំ​យក​ដី​ទំហំ ៣០​ហិកតារ នៅ​តំបន់​ការពារ​សំឡូត​នោះ​ ដើម្បី​រៀបចំ​បង្កើត​ជា​សួន​សត្វ និង​ថ្នាល​បណ្ដុះ​កូន​ឈើ។

ដោយ សួន សុផលមុន្នី 2013-10-31

ទាក់​ទង​បញ្ហា​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​អភិរក្ស​ព្រៃ​ឈើ​ឈ្មោះ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt=MJP) ប្រតិកម្ម​ជំទាស់ ដោយ​ចាត់​ទុក​ថា គម្រោង​នេះ​នឹង​នាំ​ទៅ​រក​ការ​បំផ្លាញ​ព្រៃ​ធម្មជាតិ និង​អាច​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក សួន សុផលមុន្នី អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ជួប​សម្ភាស​ជាមួយ​អគ្គនាយក​នៃ​អង្គការ​នេះ គឺ​លោក ស្តេហ្វាន បក់ណា (Stephan Bognar)៖

សំណួរ៖ បាទ! ជម្រាប​សួរ លោក ស្តេហ្វាន បក់ណា! អង្គការ MJP បាន​ទទួល​លិខិត​មួយ​ច្បាប់​ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន។ តើ​លិខិត​នោះ​ លោក​បាន​អាន​ហើយ​មាន​ខ្លឹម​សារ​ដូច​ម្ដេច​ដែរ?

ចម្លើយ៖ បាទ! យើង​បាន​ទទួល​លិខិត​នោះ ហើយ​ក្រុម​ការងារ​របស់​អង្គការ MJP បាន​អាន​ឲ្យ​ខ្ញុំ​ស្ដាប់។ ពេល​ដែល​ខ្ញុំ​ស្ដាប់​ទៅ​មាន​ការ​ច្របូក​ច្របល់​អត់​យល់​តែម្ដង។ លិខិត​ដែល​យើង​បាន​ទទួល​នោះ គឺ​យោង​ទៅ​លើ​លិខិត​មួយ​ផ្សេង​ទៀត​កាល​ពី ៧​ឆ្នាំ​មុន។ លិខិត​តាំង​ពី​ឆ្នាំ​២០០៦ នោះ មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ឬ​ក្រសួង​បរិស្ថាន​នោះ​ទេ។


យើង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ហើយ​ថា តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ដែល​ហៅ​ថា តំបន់​ការពារ​សំឡូត​នេះ គឺ​ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មាន​ព្រះ​រាជក្រឹត្យ​ត្រឹមត្រូវ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ច្រឡំ​មិន​យល់​ទាល់តែ​សោះ​នោះ​ គឺ​ថា លិខិត​នោះ​មាន​ខ្លឹមសារ​ប្រាសចាក​ពី​តំបន់​ការពារ​ព្រៃ​ឈើ។

អង្គការ MJP តែងតែ​ឈរ​លើ​គោលការណ៍​រីក​ចម្រើន និង​គាំទ្រ​​ការ​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច ប៉ុន្តែ​ពួកគេ​បែរ​ជា​សុំ​បង្កើត​សួន​សត្វ និង​​ថ្នាល​បណ្ដុះ​កូន​ឈើ​ទៅ​វិញ។ យើង​ដឹង​ហើយ​ថា កន្លែង​​នោះ​ឋិត​នៅ​តំបន់​ដែល​ជា​បេះ​ដូង​ការពារ​ព្រៃ​ឈើ​តែ​ម្ដង។ បញ្ហា​នេះ​វា​មិន​សម​ទៅ​នឹង​អត្ថន័យ​នៃ​តំបន់​ការពារ​ធម្មជាតិ​ទេ។

៣០-តុលា-២០១៣៖ អគ្គនាយក​នៃ​អង្គការ​អភិរក្ស​ព្រៃ​ឈើ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt) លោក ស្តេហ្វាន បក់ណា (Stephan Bognar) លើក​បង្ហាញ​ឈើ​ដែល​គេ​កាប់​នៅ​​ក្នុង​តំបន់​ព្រៃឈើ​ការពារ​សំឡូត ខេត្ត​ប៉ៃលិន។ MJP Photo


ម្យ៉ាង​វិញ​ទៀត តាម​លក្ខខណ្ឌ​បច្ចេកទេស​ គឺ​ត្រូវ​ការ​ធនធាន​ច្រើន​ណាស់ ត្រូវ​មាន​​អ្នក​បច្ចេកទេស​ ថ្នាំសង្កូវ​ក្នុង​ការ​ចិញ្ចឹម​សត្វ ត្រូវ​មាន​អ្នក​ជំនាញ​ច្បាស់លាស់។ ខ្ញុំ​យល់​ថា រដ្ឋ​អំណាច​ខេត្ត​ប៉ៃលិន ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង និង​បង្កើត​កម្មវិធី​នេះ​ទេ។ បញ្ហា​ហួស​ចិត្ត​មួយ​ទៀត ត្រង់​ថា តើ​ហេតុ​អ្វី​បាន​ជា​គេ​ទៅ​កាប់​ឈើ​នៅ​តំបន់​ព្រៃឈើ​ដែល​មាន​ព្រះ​រាជក្រឹត្យ​ការពារ​នោះ ទៅ​បង្កើត​ថ្នាល​បណ្ដុះ​កូន​ឈើ? ហេតុ​អី​បាន​ជា​គេ​ចង់​បង្កើត​កន្លែង​កសិកម្ម​នៅ​ក្នុង​ព្រៃ​ដែល​ជា​កន្លែង​ពិបាក​ឆ្លង​កាត់​ធ្វើ​ដំណើរ​ទៅ? តើ​ពួកគេ​បាន​សិក្សា​លំអិត​ហើយ​ឬ​នៅ ថា​ត្រូវ​ធ្វើ​ផែនការ​ដូច​ម្ដេច? មាន​ប្លង់​បច្ចេកទេស​យ៉ាង​ម៉េច? មាន​ជំនួយ គាំទ្រ​ពី​សកលវិទ្យាល័យ​ណា​មួយ និង​ពុំ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​តាម​ស្តង់ដារ។
សំណួរ៖ ក្រោយ​ពី​ដឹង​ថា មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ស្នើ​សុំ​ដី ៣០​ហិកតារ ដើម្បី​បង្កើត​ថ្នាល​បណ្ដុះ​កូន​ឈើ​ និង​សួន​សត្វ​នៅ​ទី​នោះ តើ​រូប​លោក និង​ក្រុម​ការងារ​របស់​អង្គការ MJP មាន​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​មាន​សកម្មភាព​អ្វី​ខ្លះ​ទាក់ទិន​ទៅ​នឹង​ការ​កាប់​ព្រៃ​នៅ​តំបន់​ការពារ​សំឡូត​នោះ?

ចម្លើយ៖ បាទ! ខ្ញុំ​បាន​ចុះ​ទៅ​មើល​នៅ​តំបន់​នោះ មើល​ផ្ទាល់​ភ្នែក ឃើញ​កម្មករ​ទាំង​អស់​ប្រព្រឹត្ត​បទល្មើស ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​ថែម​ទៀត។ នៅ​កន្លែង​ដែល​ពួក​គេ​កំពុង​កាប់​ព្រៃ ខ្ញុំ​បាន​ឃើញ​សត្វ​ស្លាប​ជាប់​អន្ទាក់​ ហើយ​ខ្ញុំ​និង​ក្រុម​ការងារ​បាន​ចូល​ទៅ​ដោះ​លែង​សត្វ​នោះ​​ចេញ​ពី​អន្ទាក់​សំណាញ់។ នៅ​ទី​នោះ​ជា​តំបន់​ការពារ​ព្រៃ​ធម្មជាតិ ហេតុ​អី​បាន​គេ​កាប់​ព្រៃ​ធម្មជាតិ​យក​ដី​ទៅ​បង្កើត​ជា​ថ្នាល​បណ្ដុះ​កូន​ឈើ និង​ធ្វើ​សួន​ចិញ្ចឹម​សត្វ ព្រោះ​តំបន់​ព្រៃ​នោះ​ ជា​តំបន់​​មាន​សត្វ​ព្រៃ​ស្រាប់​ទៅ​ហើយ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​ជួប​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​ឈប់​ការ​កាប់​ព្រៃ​នោះ​ជា​បន្ត​ទៀត។ ខ្ញុំ​បាន​សុំ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ​បើក​សិក្ខាសាលា​មួយ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​បញ្ហា​នេះ។ ខ្ញុំ​យល់​ថា រដ្ឋ​អំណាច​មូលដ្ឋាន ពួកគេ​ពុំ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ តំបន់​ដែល​គេ​អភិវឌ្ឍន៍​នោះ​ទេ។

ឈរ​លើ​ស្មារតី​នៃ​កិច្ច​ប្រជុំ​មួយ​រវាង​រូប​ខ្ញុំ​និង​មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន គឺ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ​នោះ ហើយ​ងាក​ទៅ​ធ្វើ​បទ​បង្ហាញ​ជា​លក្ខណៈ​ផ្លូវ​ការ ដើម្បី​ឲ្យ​ដឹង​ថា ការងារ​នោះ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​កាប់​ព្រៃ​ឈើ​នៅ​ទី​នោះ​ដដែល។ រូប​ខ្ញុំ​ផ្ទាល់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ថ្នាក់​លើ​ក្រសួង​បរិស្ថាន ខ្ញុំ​នឹង​យក​បញ្ហា​នេះ​ទៅ​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​រឿង​នេះ ដើម្បី​ យក​កន្លែង​ដែល​ពួកគេ​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​ការពារ​នេះ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​សំឡូត។

កន្លង​មក​នេះ​ខ្ញុំ​ធ្លាប់​បាន​ដឹង​ថា ឯក​ឧត្ដម ស ខេង លោក​បាន​ជួយ​ទៅ​ដល់​សកល​វិទ្យាល័យ​បាត់ដំបង បង្កើត​មន្ទីរ​ពិសោធន៍​លើ​ការងារ​កសិកម្ម។ ពួកគេ​ធ្វើ​បាន​ល្អ​ណាស់! ហើយ​ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ទេ​ ព្រោះ​គេ​ធ្វើ​កសិកម្ម​នៅ​តំបន់​ផ្សេង​ដែល​ពុំ​មែន​ជា​តំបន់​ព្រៃ​ការពារ។ អង្គការ MJP តែង​តែ​មាន​ផែន​ការ​ក្នុង​ការ​ជួយ​ខាង​ទឹក​ដី​ខេត្ត​ប៉ៃលិន ក្នុង​ការ​បង្កើត​តំបន់​កសិកម្ម​នេះ។

សំណួរ៖ តាម​ការ​ដឹង​ឮ​ចំពោះ​លិខិត​ស្នើ​សុំ​ដី ៣០​ហិកតារ របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​នេះ តើ​រូប​លោក ក៏​ដូច​ជា MJP មាន​បាន​ផ្ដល់​ដំណឹង​ទៅ​ខាង​រដ្ឋមន្ត្រី​បរិស្ថាន​ហើយ​ឬ​នៅ? បើ​បាន​ផ្ដល់​ហើយ តើ​ខាង​ក្រសួង​បរិស្ថាន​មាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉េច​ដែរ?

ចម្លើយ៖ ប្រាកដ​ណាស់! តាំង​ពី​ខ្ញុំ​ទទួល​បាន​លិខិត​នោះ​មក ខ្ញុំ​បាន​ទាក់ទង​ទៅ​លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ភ្លាមៗ​នៅ​ពេល​នោះ។ លោក ម៉ុក ម៉ារ៉េត បាន​ឆ្លើយ​តប​ថា ក្រសួង​បរិស្ថាន​ពុំ​ទាន់​បាន​ផ្ដល់​ការ​យល់​ព្រម​លើ​គម្រោង​នោះ​ទេ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​គួរ​តែ​មក​ជួប​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

សំណួរ៖ ដោយ​ឡែក​ខាង​អង្គការ MJP វិញ រហូត​មក​ដល់​ពេល​នេះ តើ​មាន​គម្រោង​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ម៉េច​ដែរ?

ចម្លើយ៖ បាទ! បញ្ហា​នេះ MJP មាន​ដំណើរការ​ហើយ។ ទី​១ យើង​នឹង​អញ្ជើញ​ខាង​មន្ត្រី​បច្ចេកទេស​ក្រសួង​បរិស្ថាន ចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​តំបន់​នោះ បន្ទាប់​មក​អាច​ជជែក​គ្នា​ជា​បច្ចេកទេស ថា​តើ​យើង​ត្រូវ​ជួយ​រំដោះ​កម្មវិធី​ដែល​ធ្វើ​នៅ​ក្នុង​តំបន់​ការពារ​នោះ​ចេញ​ពី​តំបន់​ការពារ​យ៉ាង​ម៉េច? ពី​ព្រោះ​យើង​ដឹង​ថា មាន​តំបន់​ជា​ច្រើន​ទៀត​ក្រៅ​ពី​តំបន់​ព្រៃ​ការពារ​ដែល​គេ​អាច​ផ្លាស់ប្ដូរ​ទៅ​ទី​នោះ​បាន។

យើង​ដឹង​ស្រាប់​ហើយ ខេត្ត​ប៉ៃលិន​ មាន​តែ​ព្រៃ​ឈើ ឋិត​នៅ​តំបន់​ការពារ​សំឡូត​ហ្នឹង​ប៉ុណ្ណោះ តែ​បើ​អស់​ព្រៃ​ហ្នឹង ខេត្ត​ប៉ៃលិន​ពុំ​សល់​ព្រៃ​ទៀត​ទេ។ ដូច្នេះ​យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​រំដោះ​គម្រោង​នេះ​អោយ​ចេញ​ផុត​ពី​ព្រៃ​ការពារ។ អង្គការ MJP បាន​ធ្វើ​ការ​អភិរក្ស​ព្រៃ​ឈើ​នេះ ១០​ឆ្នាំ​មក​ហើយ ដូច្នេះ​យើង​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ទាក់​ទង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ យើង​អាច​មាន​ជំនួយ​បច្ចេកទេស​ជួយ​ដល់​ពួកគេ​ជុំវិញ​បញ្ហា​នេះ។

សំណួរ៖ ខាង​អង្គការ MJP ចង់​ឲ្យ​មាន​ការ​ផ្លាស់​ទី​តាំង​គម្រោង​ទៅ​កន្លែង​ផ្សេង ចុះ​បើ​សិន​ពុំ​អាច​រក​ទីតាំង​ថ្មី​នោះ​បាន ហើយ​ខាង​មន្ទីរ​បរិស្ថាន​នៅ​តែ​ជម្នះ​យក​ដី ៣០​ហិកតារ​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​នោះ​ដដែល តើ​អង្គការ​អាច​បញ្ឈប់​គម្រោង​នេះ ឬ​នៅ​បន្ត?

ចម្លើយ៖ សំណួរ​នេះ​ជា​សំណួរ​ដ៏​ល្អ​មួយ។ ខ្ញុំ​គិត​ថា បើ​សិន​គេ​នៅ​តែ​ធ្វើ​នៅ​តំបន់​ហ្នឹង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ពិត​ជា​បាន​ធ្វើ​នូវ​គម្រោង​មួយ​ដែល​ប្រកប​ទៅ​ដោយ​ការ​បំផ្លាញ​បរិស្ថាន ពីព្រោះ​សកម្មភាព​ទាំង​នោះ​ផ្ទុយ​ទៅ​នឹង​ច្បាប់​បរិស្ថាន ហើយ​ខុស​ទីតាំង​ទាំង​ស្រុង។ ព្រៃ​មួយ​ចំនួន​តួច​ដែល​នៅ​សល់​ហ្នឹង​ហើយ​ដែល​ជា​តំបន់​ព្រៃ​ការពារ ជា​ទ្រព្យ​សម្បត្តិ​ព្រៃ​ឈើ​ចុង​ក្រោយ​របស់​ខេត្ត​​ប៉ៃលិន។ ខ្ញុំ​បាន​ដឹង​ថា នៅ​មាន​តំបន់​ដែល​អស់​ព្រៃ​ជា​ច្រើន​ទៀត​ ឋិត​នៅ​ក្រៅ​តំបន់​ការពារ​ដែល​គេ​អាច​អនុវត្ត​គម្រោង​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ជឿជាក់​នៅ​ពេល​ដែល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មក​ជួបជុំ​ធ្វើ​ការ​ជាមួយ​គ្នា ទៅ​ពិនិត្យ​ដល់​កន្លែង។ ខ្ញុំ​គិត​ថា ដំណោះស្រាយ​ដ៏​ល្អ​មួយ​នឹង​កើត​មាន​ឡើង៕

4 comments:

Anonymous said...

All Khmer for the democracy must also be firm along with the leaders, in order for overcoming the aggression of the today unfair society, that's formed organized by the lawlessness colonized government!

Stimulated ourselves, as we all Khmer!
Stay firm!
Stand firm!
Stick with our goal!
Start with our present and future plan!
Stage by stage performing, the new constitutional disposal move nearer!
Strike by strike for our achievement!

Anonymous said...

បងប្អូនរួមឈាមខ្មែរ 
បើអស់ព្រៃឈើ យើងអាចដាំវិញបាន ។ ប៉ុន្តែ បើអស់ដី
គ្នានកន្លែងដាំទៀតទេ ។ គួរឈឺចាប់ : ហុ៊ន សែន សុីញ៉េឲ
ដីក្រុមហុ៊នយួន១ នៅក្នុងខេត្តកំពង់ធំ ។ យួនបានដឺកប្រជាជន
រាប់ពាន់នាក់មកធ្វើការ ហើយដាក់ឈ្មោះថា តាន់ បៀន ឬ
ព្រំដែនថ្មី ។ ឥឡូវនេះ ព្រំដែនខ្មែរ យួនថ្មីគឺ ស្ទឹងជីនិត កំពង់ធំ
មិនមែននៅក្នុងខេត្តមណ្ឌលគីរីទេ ?  តាំងពីសម័យស្តេចតា
សីហនុមកម្លេះ យួនបានភ្ជាប់ផ្លូវលំហូជីមិញមកខេត្តកំពង់ធំ តាមព្រៃឡង់ ។ នៅក្នុងឆ្នាំ 1970 លោកលន់ នល់ដេញយួនយៀកកុងឲចេញពីដីខ្មែរ យួនក៏បានបោកស្តេចតា
ថាជួយកំចាត់លន់ នល់យករាជប្ល័ងឲ ។ យួនចាប់ផ្តើមវាយពី
តាំងគោក កំពង់ធំ ខ្លាំងណាស់ ។ ក្រោយឆ្នាំ 1979 យួន
ពង្រីកផ្លូវលំ ទៅជាផ្លូវឡានធំ ដាក់ឈ្មោះថា ផ្លូវ84 ។ យួនដាំ
កៅសូ៊ផង បង្កើតមូលដ្ឋានទ័ពផង នៅក្នុងព្រៃឡង់ សម្រាប់
ត្របាក់ខ្មែរ ។ 

Anonymous said...

ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

please love khmer animals and wildlife and forests. help save and protect them for future generation of cambodia. thank you.