Wednesday, October 16, 2013

យុវជន​នឹង​ដង្ហែ​ក្បួន​ទាមទារ​ឲ្យ​ចាប់​ខ្មាន់​កាំភ្លើង​មក​ផ្តន្ទាទោស


នគរ​បាល​បាញ់​ទៅ​លើ​អ្នក​តវ៉ា នៅ​ម្តុំ​ស្ពាន​អា​កាស​ក្បាល​ថ្នល់​​យប់​ថ្ងៃ​១៥​កញ្ញា។ រូបថត លីណា

មុំ គន្ធា ភ្នំពេញប៉ុស្តិ៍ Wednesday, 16 October 2013

ភ្នំពេញៈ យុវជន​ស្ម័គ្រ​ចិត្ត​ជាង ៣០០ នាក់​នឹង​ដើរ​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ខ្មាន់​កាំភ្លើង ដែល​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ក្នុង​យប់ ដំបូង​នៃ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល ៣ថ្ងៃ របស់​គណបក្ស​ប្រឆាំង កាល​ពី​ពាក់​កណ្តាល​ខែ កញ្ញា។

លោក ម៉េង ហេង អាយុ ២៣ ឆ្នាំ​តំណាង​ឲ្យ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា យុវជន​ដែល​នឹង​មក​ចូល​រួម​ដង្ហែ​ក្បួន មាន​និស្សិត​សាកល​វិទ្យាល័យ សិស្ស​វិទ្យាល័យ ក្លិប​យុវជន សង្គម​ស៊ីវិល និង​យុវជន​មក​ពី​តាម​បណ្តា​ខេត្ត​។ យុវជន​ទាំង​នេះ នឹង​ប្រមូល​ផ្តុំ​គ្នា​ដោយ​ចាប់ផ្តើម​ធ្វើ​ការ​ដង្ហែ​ពី វត្តភ្នំ ទៅ​សាលា​រាជធានី និង​តុលាការ​ក្រុង។ យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នេះ បាន​ប្រមូល​ស្នាម​មេដៃ​របស់​យុវជន​ដែល​ចូល​រួម​ចំនួន ៣៥០ នាក់ ហើយ​ដែល​ស្នាម​មេដៃ​នេះ​នឹង​ដាក់​ជាមួយ​លិខិត​ស្នើ​សុំ​ធ្វើ​ការ​ហែ​ក្បួន ទៅ​កាន់​សាលា​រាជធានី​នៅ​ថ្ងៃ​នេះ។ លោក ម៉េង ហេង បាន​បន្ត​ថា យុវជន​ចង់​ជំរុញ​ឲ្យ​សមត្ថកិច្ច និង​មន្រ្តី​ពាក់​ព័ន្ធ​ស្វែង​រក​ជន​ល្មើស​ពិត​ប្រាកដ ដែល​បាន​បាញ់​សម្លាប់​លោក ម៉ៅ សុខចាន់ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។

លោក ម៉ៅ សុខចាន់ អាយុ ២៩ ឆ្នាំ ជា​កម្មករ​សំណង់ និង​ជា​ឪពុក​កូន​បួន​នាក់ ត្រូវ​បាន​គេ​បាញ់​ចំ​ក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ខណៈ​ពេល​កំពុង​ព្យាយាម​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​អំឡុង​ពេល​យប់​ដែល​បាតុកម្ម​បាន​ក្លាយ​ជា​អំពើ​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ហើយ​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។ លោក ឃឹម ផន អាយុ ២៨ ឆ្នាំ ត្រូវ​ជា​ពូ​របស់​ម៉ៅ សុខចាន់ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា លោក​នឹង​មក​ចូល​រួម​ក្នុ​ងការ​ដង្ហែ​ក្បួន​នេះ​ជាមួយ​នឹង​ក្រុម​យុវជន។ លោក ឃឹម ផន បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ចូល​រួម​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខិតខំ​ធ្វើ​ការ​បន្ថែម​ទៀត ដើម្បី​រក​យុតិ្តធម៌​ជូន ម៉ៅ សុខចាន់»។ លោក​បន្ថែម​ថា លោក​មិន​បាន​ឮ​ដំណឹង​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​បាញ់​សម្លាប់ ម៉ៅ សុខចាន់ យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី ភ្នំពេញ និង​លោក ជួន ណារិន្ទ ស្នងការ​រង​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។

មនុស្ស ៦ នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ហេតុ​ការណ៍​ហិង្សា​នោះ​ត្រូវ​បាន​បង្រ្កាប ហើយ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​ការ​បង្ក​ការ​ខូច​ខាត​ដល់​ទ្រព្យ​សម្បតិ្ត​សាធារណៈ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ ព្រៃ​ស។ បួន​នាក់​ក្នុង​ចំណោម​ជន៦ នាក់​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​ពីរ​នាក់​ទៀត​កំពុង​ជាប់​ឃុំ​រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ថ្លែង​ថា តុលាការ​គួរ​ដោះលែង​ពួក​គេ​ទាំង​អស់​គ្នា ព្រោះ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ជាមួយ​គ្នា​។ លោក​បន្ត​ថា៖ «មេធាវី​របស់​ជន​ត្រូវ​ចោទ​ពីរ​នាក់ បាន​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​រួច​ហើយ កាល​ពី​ថ្ងៃ​ម្សិលមិញ»៕ TK

1 comment:

Anonymous said...

They are so arrogant with only with their people .because
They has no gun like to shout them back.