Wednesday, October 16, 2013

សមាគម​ខ្មែរ​ក្រោម​ពិចារណា​លើ​សំណើ​សុំ​ផ្អាក​ធ្វើ​បាតុកម្ម


សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ផ្អាក​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣។ សាលា​រាជធានី​ភ្នំពេញ សន្យា​ថា​នឹង​ជួប​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ម្ដង​ទៀត មុន​ថ្ងៃ​ទី​១៩ ខែ​តុលា ដើម្បី​ស្ដាប់​បញ្ហា​ផ្សេងៗ ដែល​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ។



 ដោយ យាង សុជាមេត្តា 2013-10-16

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ពិចារណា​លើ​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ស្នើ​ឲ្យ​ផ្អាក​ធ្វើ​បាតុកម្ម​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃ ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៧​នាក់​ផ្សេង​ទៀត។

ប្រធាន​ស្ដីទី​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅ​អធិការ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បាន​មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា ព្រះអង្គ​និង​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេង​ទៀត រង់​ចាំ​ជួប​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​មក​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មុន​ថ្ងៃ​ទី​១៩ តុលា មុន​នឹង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ ឬ​មិន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៩ តុលា ឬ​ក៏​យ៉ាង​ណា​នោះ។

ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា៖ «អភិបាល​ក្រុង​គេ​នឹង​ជួប​អង្គការ​សមាគម​ទាំង ១២ ហ្នឹង ដើម្បី​ចរចា​បញ្ហា​រឿង​សង្គម​ខ្មែរ​ក្រោម​ដើម្បី​ពិភាក្សា​គ្នា ដើម្បី​ក្រសួង​ការបរទេស​ខ្មែរ ដើម្បី​ជួយ​ទៅ​លើ​បញ្ហា​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​តាម​វិធី​សាស្ត្រ តាម​ផ្លូវ​ណា គេ​នឹង​ជួប​យើង​មុន​ថ្ងៃ​ទី​១៩ ហ្នឹង​ឯង»។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​គម្រោង​ដឹក​នាំ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ ២០០​អង្គ​និង​នាក់ ធ្វើ​បាតុកម្ម​ដង្ហែ​ញត្តិ​​ទៅ​កាន់​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​ព្រះសង្ឃ ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ៧​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​តុលាការ​វៀតណាម កាត់​ទោស​ឲ្យ​ជាប់​គុក និង​ទាមទារ​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម លូកដៃ​ចូល​ក្នុង​កិច្ចការ​ពុទ្ធ​សាសនា ព្រម​ទាំង​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។



ប៉ុន្តែ​គម្រោង​បាតុកម្ម​នោះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ទេ ដោយ​លើក​ហេតុផល​ថា ស្ថានទូត​បរទេស​មាន​លក្ខណៈ​អភ័យ​ឯកសិទ្ធិ​ពិសេស​ដែល​កម្ពុជា មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រទេស​ដែល​ជា​មិត្ត​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា បាន​ទេ ហើយ​បាន​បង្វែរ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។ តែ​ដោយសារ​នៅ​ថ្ងៃ​ទី​១៣ តុលា នោះ សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​របស់​លោក រ៉ុង ឈុន ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ ដូច្នេះ​គេ​មិន​អាច​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​បាតុកម្ម​បា​ន​នោះ​ទេ ហើយ​ក៏​បាន​ស្នើ​ឲ្យ​លើក​ទៅ​ថ្ងៃ​ក្រោយ​វិញ។

លោក សឺន ជុំជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​ជួប​អភិបាល​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​ទី​១៩ តុលា តាម​ការ​សន្យា​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ទេ​នោះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ច្បាស់​ជា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៩ តុលា មិន​ខាន។

លោក សឺន ជុំជួន៖ «អ្វី​ដែល​យើង​ចង់​ធ្វើ​សេចក្ដី​រាយការណ៍ ឬ​ក៏​និយាយ​អំពី​ស្ថានភាព​ខ្មែរ​នៅ​កម្ពុជា​ក្រោម​យ៉ាង​ណា​យ៉ាង​ណី​នោះ ឲ្យ​យើង​ធ្វើ​សេចក្ដី​រាយការណ៍​ទៅ​អង្គ​ប្រជុំ​ទៅ យើង​ធ្វើ​ជា​ញត្តិ​មួយ​ដើម្បី​អភិបាល​រាជធានី​ភ្នំពេញ គាត់​ទទួល​យក​ញត្តិ​របស់​យើង ហើយ​គាត់​ធ្វើ​ការ​នឹង​ក្រសួង​ការបរទេស»។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្លាប់​យក​ញត្តិ​ទៅ​ដាក់​ឲ្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា តែ​មន្ត្រី​ស្ថានទូត​វៀតណាម និយាយ​ថា វា​មិន​មែន​ជា​កិច្ចការ​របស់​គេ​ទេ ហើយ​បាន​បង្វែរ​ឲ្យ​យក​ញត្តិ​នោះ​ទៅ​ដាក់​នៅ​ក្រសួង​ការបរទេស​កម្ពុជា​វិញ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ទៅ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ដើម្បី​សុំ​ជួប​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម និង​អំពី​ករណី​តុលាការ​វៀតណាម ផ្ដន្ទាទោស​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង ៩​អង្គ​និង​រូប​នេះ។ តែ​មក​ដល់​ថ្ងៃ​ទី​១៦ តុលា នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​លោក ហោ ណាំហុង ឡើយ៕

No comments: