Monday, October 28, 2013
គណបក្សសង្គ្រោះជាតិ ធ្វើកឋិនទៅកាន់វត្តមួយចំនួននៅជាប់ព្រំដែនកម្ពុជា-វៀតណាម
(ថ្ងៃទី 28 តុលា 2013, ម៉ោង 04:31:PM) | ដោយ: មុនីរាជCEN
ភ្នំពេញ: លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសពីគំរោងធ្វើបុណ្យកឋិនទាន ហែរទៅកាន់វត្តមួយចំនួន នៅតាមព្រំប្រទល់ដែនប្រទេសកម្ពុជា-វៀតណាម ដោយសារតែបញ្ហាព្រំដែន នៅតំបន់ទាំងនោះ មិនទាន់បានដោះស្រាយចប់នៅឡើយ។ លោក សម រង្ស៊ី បានថ្លែងក្នុងពិធីបុណ្យកឋិននៅវត្តសាមគ្គីរង្សី កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ថា លោកនឹងហែរកឋិនទាន ទៅកាន់វត្តមួយ នៅក្នុងខេត្តកំពង់ចាម តាកែវ ស្វាយរៀង និងខេត្តមួយចំនួនទៀត នៅជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម ដោយសារតែវៀតណាម ចេះតែបង្ខិតព្រំដែនចូល។ បើយើងមិនទៅការពារទេ គេយកអស់ហើយ។
តាមគំរោងកម្មវិធីបុណ្យកឋិនដែលនឹងត្រូវដង្ហែររួមមាន៖
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងដឹកនាំហែរកឋិនទៅភ្នំដារ ស្រុកអង្គរបុរី ខេត្តតាកែវ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ហែរទៅកាន់វត្តក្រាំងចាស់ ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅស្រុកមេមត់ ខេត្តកំពង់ចាម និងតាមបណ្តាខេត្តមួយចំនួនទៀត។
សូមរម្លឹកថា លោក សម រង្ស៊ី កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ បានហែរកឋិនចូលទៅកាន់មួយ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម។ នៅពេលនោះ លោក សម រង្ស៊ី បានទៅដកតម្រុយបង្គោលព្រំដែន ចេញពីលើដីស្រែប្រជាពលរដ្ឋ។
ក្រោយមក លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាល ប្តឹងទៅតុលាការ ពីបទបំផ្លិចបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ លោក សម រង្ស៊ី និងពិន័យជាប្រាក់រាប់សិបលានរៀល។
ចាប់តាំងពីពេលនោះមក លោក សម រង្ស៊ី បាននិរទេសខ្លួន ដោយខ្លួនឯង ចេញទៅក្រៅប្រទេស រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ លោក វិលត្រលប់មកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ក្រោយពីមានការសម្របសម្រួលផ្នែកនយោបាយ ជាមួយសម្តេច ហ៊ុនសែន៕
Subscribe to:
Post Comments (Atom)
1 comment:
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
Post a Comment