Wednesday, October 30, 2013

មនុស្ស​១៦៨​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​ទូទាំង​ប្រទេស


រហូត​មក​ដល់​ថ្ងៃ​នេះ ទឹក​ជំនន់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា បាន​ស្រក​ហើយ នៅ​សល់​តែ​ខេត្ត​ទំនាប​មួយ​ចំនួន រួម​មាន​ខេត្ត​ព្រៃវែង ខេត្ត​កណ្ដាល និង​ឃុំ​ខ្លះ​នៅ​ជាប់​តាម​បឹង​ទន្លេសាប ដែល​នៅ​បន្ត​ជន់​លិច​នៅ​ឡើយ។

ទឹក​ជន់​លិច​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ នៅ​ចំណុច​អូរចេង ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី
កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ RFA/Ratha Visal


ដោយ ទេព សុរ៉ាវី RFA 2013-10-30

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ ប្រកាស​ថា ឆ្នាំ​នេះ​មាន​មនុស្ស ១៦៨​នាក់​ស្លាប់ ដំណាំ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​មាន​ជាង ៣០​ម៉ឺន​ហិកតារ ខូចខាត​ជា​បណ្ដោះ​អាសន្ន​ចំនួន ៣​ម៉ឺន​ហិកតារ និង​ប៉ះពាល់​ដល់​ដំណាំ​រួម​ផ្សំ រួម​មាន​ពោត សណ្ដែក ដំឡូងមី​ជាង ៥​សែន​ហិកតារ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រកាស​គោល​នយោបាយ​ផ្តល់​ប្រាក់​ម្នាក់ ១​លាន​រៀល ដល់​គ្រួសារ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់។

ទឹក​ជំនន់​បាន​ជន់​លិច​ស្ទើរ​តែ​គ្រប់​ខេត្ត និង​បាន​សម្លាប់​មនុស្ស​ចំនួន ១៦៨​នាក់។ កាល​ពី​ឆ្នាំ​២០១២ ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស ១៤​នាក់ ហើយ​ឆ្នាំ​២០១១ ទឹក​ជំនន់​ក៏​បាន​សម្លាប់​មនុស្ស​អស់​ចំនួន ២៥០​នាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​អស់​រាប់​លាន​ដុល្លារ។


អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ បាន​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ការ​ស្ដារ និង​ការ​បង្កបង្កើនផល​ឡើង​វិញ តាម​យុទ្ធសាស្ត្រ​ដំណាំ​បណ្ដេញ​ទឹក។ លោក​បន្ត​ថា ចំពោះ​ផ្លូវ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់ និង​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ដែល​រងគ្រោះ ខាង​ក្រសួង​ជំនាញ​កំពុង​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​នៃ​ផល​ប៉ះពាល់។

លោក ញឹម វណ្ណដា បញ្ជាក់​ថា ក្រសួង​សេដ្ឋកិច្ច​នឹង​ផ្តល់​ប្រាក់​សរុប​ចំនួន ១៦៨​លាន​រៀល ដល់​គ្រួសារ​ជន​រងគ្រោះ ១៦៨​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ៖ «សម្ដេច​គាត់​បាន​ធ្វើ​គោល​នយោបាយ​ម្នាក់​មួយ​លាន​រៀល ដើម្បី​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ទេរ​លុយ​នេះ​ទៅ​រតនាគារ​ខេត្ត ដើម្បី​ដោះស្រាយ​ទៅ​ដល់​គ្រួសារ​សព​ធ្វើ​បុណ្យ​ធ្វើ​ទាន»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រូប​នេះ នៅ​មិន​ទាន់​សរុប​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ស្នើ​ថវិកា​ប្រមាណ ២៣០​ពាន់​លាន​រៀល ឬ​ប្រហាក់​ប្រហែល ៥​លាន​ដុល្លារ សម្រាប់​ស្ដារ​ឡើង​វិញ​ក្រោយ​ទឹក​ជំនន់​បាន​ស្រក។ យ៉ាង​ណា ក្រសួង​ផ្សេង​ទៀត រួម​ទាំង​ក្រសួង​សាធារណការ ដឹក​ជញ្ជូន នៅ​មិន​ទាន់​វាយ​តម្លៃ​នៃ​ទំហំ​ផ្លូវ​ដែល​បាន​ខូចខាត​នៅ​ឡើយ។

យ៉ាង​ណា លោក ញឹម វណ្ណដា ធ្លាប់​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​ប្រទេស​ជប៉ុន កាល​ពី​សប្ដាហ៍​មុន​ថា រដ្ឋាភិបាល​ប៉ាន់​ប្រមាណ​តម្លៃ​នៃ​ការ​ខូចខាត​ទឹក​ជំនន់​ឆ្នាំ​នេះ​ទំហំ​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ថា នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង មាន​ទំហំ​ប៉ះពាល់​ដល់​ទៅ​ជាង ៥០០​លាន​ដុល្លារ។

នាយក​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក យ៉ង់ សាំងកុមារ យល់​ឃើញ​ថា ស្រូវ​ដែល​ខូចខាត​ទាំង​ស្រុង​ហើយ​នោះ មិន​អាច​ស្ដារ​ឡើង​វិញ​បាន។ រីឯ​ស្រូវ​ដែល​លិច​ទឹក​ក្នុង​រយៈពេល​ខ្លី វា​អាច​លូតលាស់​បាន​ល្អ​ឡើង​វិញ។

លោក យ៉ង់ សាំងកុមារ បាន​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ដែល​រងគ្រោះ​ស្រូវ​ខូចខាត​ទាំង​ស្រុង បន្ត​ដាំ​ស្រូវ​មិន​ប្រកាន់​រដូវ ដែល​ត្រូវ​ការ​ពេល​ខ្លី និង​ឆាប់​ប្រមូល​ផល ឬ​ងាក​ទៅ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ ដែល​ត្រូវ​ការ​ដើម​ទុន​តិច ដើម្បី​យក​ថវិកា​មក​ផ្គត់ផ្គង់​គ្រួសារ៖ «ទី​មួយ យើង​អាច​ពិនិត្យ​មើល បើ​មាន​ទឹក​គ្រប់គ្រាន់​អ៊ីចឹង យើង​អាច​ធ្វើ​ស្រូវ​ឡើង​វិញ មិន​ប្រកាន់​រដូវ រយៈពេល​ខ្លី ១០០​ថ្ងៃ ឬ​ជាង ១០០​ថ្ងៃ។ ទី​២ ប្រសិន​បើ​យើង​អត់​មាន​ទឹក​គ្រប់គ្រាន់ យើង​ងាក​មក ជាពិសេស​ពពួក​សណ្ដែក សណ្តែកបាយ សណ្ដែក​ខៀវ សណ្ដែក​គ្រាប់​ក្រហម សណ្ដែក​គ្រាប់​ស វា​មាន​រយៈពេល​ខ្លី ហើយ​និង​ត្រសក់​ល្ពៅ ដំឡូងជ្វា»។

ការ​សិក្សា​របស់ លោក យ៉ង់ សាំងកុមារ បង្ហាញ​ថា កម្ពុជា រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ​មាន​២ គឺ​ការ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​ទន្លេ​មេគង្គ និង​ការ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង ដែល​កើត​មាន​ខ្លាំង​នៅ​ខេត្ត​សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង។ លោក​បញ្ជាក់​ថា កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​ប្រព្រឹត្តិ ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ ការ​បណ្តោយ​ឲ្យ​ស្ទឹង​អូរ​រាក់​មិន​ស្ដារ និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ ប៉ុន្តែ​គ្មាន​ការ​រៀប​ចំ​ប្រព័ន្ធ​លូ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក រួម​មាន​អាង​ទឹក​កំពីងពួយ មិន​បាន​ល្អ រហូត​បាក់​ហៀរ​ទឹក​ចេញ​ក្រៅ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ​រឹត​ធ្ងន់ធ្ងរ ជាង​កាល​ពី​ទឹក​ជំនន់​ឆ្នាំ​២០១១។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​បញ្ហា​ទាំង​នោះ ដើម្បី​រក​វិធីសាស្ត្រ​បង្ការ ឬ​សម្រាល​កុំ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​ពេល​មាន​ទឹក​ជំនន់​លើក​ក្រោយ​ទៀត៕

1 comment:

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!