Monday, October 07, 2013

លោក​ សម​ រង្ស៊ី ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​


លោក សម រង្ស៊ី និង លោក កឹម សុខា ​នៅទីលានប្រជាធិបតេយ្យ​ ក្នុងសមាជមហាជនថ្ងៃទី០៦​ តុលា ២០១៣ RFI/Siv Channa

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 07 តុលា 2013  ដោយ គឹម យុទ្ធណា rfi

ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ​ទៅកាន់​ប្រទេស​មួយចំនួន​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក។ ដំណើរ​ចាកចេញ​របស់​មេបក្ស​ប្រឆាំង​ទៅ​បរទេសពេលនេះ ​ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ពី​សហគម​ន៏​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​នៅក្រោយ​ការបោះឆ្នោត​កន្លងទៅថ្មីៗនេះ ដែល​​បក្ស​ប្រឆាំង​មិន​ទទួលស្គាល់ និង​ចូលរួមធ្វើការងារ​ជាមួយ​ក្នុង​​​រដ្ឋាភិបាល​។

ដូច​ការ​ថ្លែង​នៅក្នុង​អង្គសមាជ​មហាជន កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ទីលាន​ប្រជាធិបតេយ្យ លោក សម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង ​នឹង​អវត្តមាន​រយៈពេល​ពីរ​ស​ប្តា​ហ៏ នៅ​​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​ការគាំទ្រ​នៅឯ​ក្រៅប្រទេស។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ប្រធាន​សម រង្ស៊ី​ នឹង​បាត់​វត្តមាន​ពី​ប្រទេស​កម្ពុជា ​ចាប់ពី​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​តទៅ ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​មួយចំនួន ក្នុង​គោលបំណង​ដើម្បី​ជម្រុញ​ឲ្យ​សហគម​ន៏​អន្តរជាតិ ជួយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន ​ដែល​កំពុងមាន​ភាព​ចម្រូង​ចម្រាស។


គួរ​បញ្ជាក់ថា លោក សម រង្ស៊ី ដែល​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជាក់ថា លោក​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយចំនួន រួមមាន​សហរដ្ឋអាមេរិក បារាំង បែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ និង​អង្គការសហប្រជាជាតិ នៅ​​ក្រុង​ញូវយក រួមទាំង​ទីក្រុង​ព្រុចសែល​ ដើម្បី​ធ្វើ​នយោបាយ​ការទូត​ស្នើ​ឲ្យ​អន្តរជាតិ​មិន​ទទួលស្គាល់រ​ដ្ឋា​ភិ​បាល​កម្ពុជា​បច្ចុប្បន្ន ដែល​លោក​ចាត់ទុកថា ជា​រដ្ឋាភិបាល​ខុសច្បាប់ និង​ឯក​បក្ស​នោះ។

បើតាម​លោក យឹម សុវណ្ណ ការចេញ​ធ្វើ​នយោបាយ​ការទូត​របស់លោក​ប្រធាន សម រង្ស៊ី នៅក្រៅ​ប្រទេស​នោះ ​មាន​រយៈ​ពីរ​អាទិត្យ។ ហើយ​ថា លោក សម រង្ស៊ី នឹង​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ នៅមុន​ថ្ងៃទី២៣តុលា ដើម្បី​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស​ជា​បន្តទៀត។

បើទោះបីជា​អវត្តមាន​របស់​មេបក្ស​ប្រឆាំង​ពី​ប្រទេស​កម្ពុជា​ចំនួន​ពី​រស​ប្តា​ហ៏ ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​​ឃោសនា​នយោបាយ និង​ចលនា​ទាមទារផ្សេងៗ ព្រមទាំង​សកម្មភាព​មនុស្សធម៌ គឺ​តំណាងរាស្ត្រ​របស់​បក្សប្រឆាំង​មួយ​នេះ​នៅ​បន្តធ្វើ​ជាធម្មតា។

លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គម្រោង​រៀបចំ​ធ្វើ​មហា​បា​តុម្ម​នៅ​ទូទាំងប្រទេស យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ញត្តិ ដើម្បី​ដាក់​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុងប៉ារីស ព្រមទាំង​ការចុះ​ជួប​សកម្មជន និង​អ្នកគាំទ្រ​តាម​បណ្តា​ខេត្ត​នានា និង​ការចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ គឺជា​សកម្មភាព​ចាំបាច់ ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស ​ត្រូវ​បន្តធ្វើ​រហូតដល់​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​ មុន​ថ្ងៃ២៣តុលា ​ខាងមុខនេះ៕

No comments: