Thursday, October 31, 2013

អនុ​ភូមិ​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​ចែក​អំណោយ​ប្រកាន់​បក្ស​នយោបាយ


ទឹក​ជំនន់​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ខែ​សីហា ឆ្នាំ​២០០២។
AFP PHOTO
ប្រជាពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ភូមិ​នៅ​ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង បាន​នាំ​អំណោយ​សប្បុរសធម៌​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ប្រមាណ ៥៣​គ្រួសារ ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ក្នុង​ពេល​ចែក​អំណោយ កាល​ពី​ថ្ងៃ​ទី​២៩ តុលា។ ប៉ុន្តែ អនុប្រធាន​ភូមិ​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​នេះ។

ដោយ ហ៊ុំ ចំរើន RFA 2013-10-31

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ទទួល​បាន​អំណោយ​សប្បុរសធម៌ ដែល​អនុ​ប្រធាន​ភូមិ​នាំ​ទៅ​ចែក ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​មក​ពី​គណបក្ស​កាន់​អំណាច និង​ជាប់​សែស្រឡាយ​សាច់ញាតិ​សន្ដាន​របស់​ខ្លួន។

ប្រជាពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​ត្នោត ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ តុលា ថា អនុ​ប្រធាន​ភូមិ​អាង​ខ្លួន​មាន​អំណាច បាន​នាំ​អំណោយ​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដោយ​គ្មាន​ភាព​យុត្តិធម៌​ឡើយ៖ «អ៊ីចឹង ខ្សែ​គណបក្ស​ប្រជាជន ហ្នឹង សុទ្ធតែ​អ្នក​មាន អា​ខ្លះ​កូន​ឡើង​ទៅ​កូរ៉េ លុយ​រាប់​ពាន់​ហើយ ក៏​ចែក​ឲ្យ អា​ខ្លះ​គ្នា​ក្រ​អត់​ឲ្យ ឲ្យ​អ្នក​ក្រ​ហ្នឹង​ប្រហែល​ជា​ពីរ​បី​នាក់​ទេ រួច​ពី​ហ្នឹង សុទ្ធតែ​អ្នក​ធូរធារ។ ហើយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ណេះ អត់​មាន​បាន។ តែ​ចំពោះ​អ្នក​ក្រ ខ្ញុំ​អត់​តូច​ចិត្ត​ទេ គណបក្ស​ប្រជាជន ក៏ដោយ»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អនុ​ប្រធាន​ភូមិ​ត្នោត លោក អ៊ុំ ឡូញ ឲ្យ​ដឹង​ថា ការ​ចែក​អំណោយ គឺ​ចែក​ទៅ​តាម​ភាព​ពិត​ជាក់ស្ដែង ពុំ​បាន​ប្រកាន់​បក្ខពួក​រើសអើង​និន្នាការ​នយោបាយ ក្នុង​ការ​ចែក​អំណោយ​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ក្នុង​ការ​បែង​ចែក​ហ្នឹង ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដែល​គ្នា​ខ្សត់​ខ្សោយ​អ៊ីចឹង​ទៅ ហើយ​ខ្ញុំ​មិន​ប្រកាន់​បក្ស​នយោបាយ​ទេ។ អ្នក​ដែល​ថា​ហ្នឹង គឺ​ជា​រឿង​មិន​ពិត​ទេ ព្រោះ​ការ​ដែល​ធ្វើ​ហ្នឹង សុទ្ធតែ​មាន​ជំនុំ​អ្នក​ទាំង​បី​នាក់ គ្នា​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ណា​ដែល​អត់​អ៊ីចឹង ឲ្យ​គេ​មុន​ទៅ ព្រោះ​របស់​វា​តិច។ បើ​របស់ ព្រោះ​អ្នក​អត់ៗ​ដូច​តែ​គ្នា ព្រោះ​ប្រជាពលរដ្ឋ​ដល់​ទៅ​ជិត ៥០០​គ្រួសារ​ណោះ ឲ្យ​តែ ៥០​មក​ចែក​ហ្នឹង»។


អំណោយ​សប្បុរសធម៌​ទាំង​នោះ​ជា​ជំនួយ​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដែល​ជួយ​តាម​រយៈ​គណៈកម្មការ​គ្រោះ​មហន្តរាយ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​នាំ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ និង​មាន​ជីវភាព​ក្រីក្រ ជន​ពិការ កុមារ​កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង។ អំណោយ​ទាំង​នោះ រួម​មាន អង្ករ ២៥​គីឡូក្រាម មី ១​កេះ ត្រី​ខ ១​កំប៉ុង និង​ប្រេង​កូឡា​មួយ​ប្រអប់ ចែក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ។

ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​នៅ​ឃុំ​កំពង់ឫស្សី មាន​ប្រមាណ​ជាង ២០០​គ្រួសារ និង ៦​ភូមិ។ ហើយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្នោត ដែល​បាន​ទទួល​អំណោយ​មាន​ចំនួន ៥៣​គ្រួសារ។ ប្រជាពលរដ្ឋ​ទទូច​សុំ​ឲ្យ​ម្ចាស់​ជំនួយ និង​អាជ្ញាធរ​ដែល​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​តាម​ដាន និង​នាំ​អំណោយ​ទាំង​នោះ​ទៅ​ចែក​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទទួល​រង​ទុក្ខ​លំបាក​ដោយ​គ្រោះ​ទឹក​ជំនន់​ពិត​ប្រាកដ៕

3 comments:

Anonymous said...

Rainsy broken promise, feel sory for the poor khmer who belive in him.

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!

Anonymous said...

ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!