វាគ្មិនកិត្តិយសដែលចូលរួមក្នុងកម្មវិធីវេទិកា អ្នកស្ដាប់វិទ្យុអាស៊ីសេរី (ពីស្ដាំ) លោក អាត់ ធន់ និងលោក ជាតិ ខេមរា។ Photo: RFA |
មេដឹកនាំកម្មករ បង្ហាញជំហរ និងការអំពាវនាវទៅដល់កម្មករផ្ទុយគ្នា ពាក់ព័ន្ធនឹងការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ ជាលើកទី៣ ដែលចាប់ផ្ដើមពីថ្ងៃពុធ ទី២៣ ដល់ថ្ងៃសុក្រ ទី២៥ តុលា។ មន្ត្រីសមាគមរោងចក្រកាត់ដេរ បារម្ភចំពោះដំណើរការផលិត ដែលអាចប៉ះពាល់ដល់គម្រោងបញ្ជាទិញដោយសារបាតុកម្មនេះ។ ទន្ទឹមគ្នានេះ ក៏មានការអំពាវនាវសុំឲ្យកម្មករពិចារណាចំពោះការចូលរួមសកម្មភាពតវ៉ាណាមួយ ដែលនាំឲ្យប៉ះពាល់ប្រយោជន៍កម្មករ។
មេដឹកនាំសហភាពសហជីពកម្ពុជា បានអំពាវនាវទៅដល់សមាជិកនៅគ្រប់វិស័យទាំងអស់ ឲ្យមកចូលរួមមហាបាតុកម្មអហិង្សា ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ ចំនួនបីថ្ងៃជាប់ៗគ្នា ដែលចាប់ផ្ដើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ តុលា។
លោក រ៉ុង ឈុន ជាមេដឹកនាំសហភាពសហជីពនេះ បានអំពាវនាវជាចំហសុំឲ្យកម្មករ គ្រូបង្រៀន សិស្សនិស្សិត និងសមាជិកនៅតាមស្ថាប័នផ្សេងៗទៀត ឲ្យចូលរួមតវ៉ាទាមទារសុំឲ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ជួយអន្តរាគមន៍ដោះស្រាយវិបត្តិនៅកម្ពុជា ជាពិសេសទាក់ទងនឹងការជាប់គាំងនយោបាយក្រោយការបោះឆ្នោត ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងប្រឆាំងនឹងការគ្រប់គ្រងរដ្ឋាភិបាលសព្វថ្ងៃ ដែលកំពុងដឹកនាំប្រាសចាកពីសន្ធិសញ្ញាអន្តរជាតិ។
លោកអំពាវនាវទៀតថា សុំឲ្យបញ្ញវន្ត គ្រូបង្រៀន កម្មករទាំងអស់ បើសិនមិនបានមកចូលរួមនៅទីលានប្រជាធិបតេយ្យទេ សូមឲ្យធ្វើកូដកម្មនៅកន្លែងការងារ ឬធ្វើពហិការមិនចូលធ្វើការតែម្តង ដើម្បីសម្ដែងពីឆន្ទៈរបស់ខ្លួន។
ផ្ទុយពីសហភាពសហជីពរបស់ លោក រ៉ុង ឈុន មេដឹកនាំក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺលោក សោម អូន បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សប្រឆាំង ព្រមទាំងអំពាវនាវសុំកុំឲ្យកម្មករចូលរួមបាតុកម្ម។ លោកបានហៅការចូលរួមធ្វើបាតុកម្មនោះ ជាការចាញ់បោកអ្នកនយោបាយ។
ក្រៅពីសហជីពទាំងពីរនេះ គឺសហភាពសហជីពកម្ពុជា របស់ លោក រ៉ុង ឈុន និងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា របស់ លោក សោម អូន ដែលមាននិន្នាការប្រកាន់គោលជំហរលើគណបក្សផ្សេងគ្នានេះ ក៏នៅមានមេដឹកនាំកម្មករផ្សេងទៀត រហូតមកដល់ពេលនេះ នៅប្រកាន់ជំហរកណ្ដាល ដោយមិនចេញសេចក្តីថ្លែងការណ៍ណែនាំដល់កម្មករ ពាក់ព័ន្ធនឹងការរៀបចំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នោះឡើយ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោកសុំទុកសិទ្ធិឲ្យកម្មករធ្វើការស្វែងយល់ដោយខ្លួនឯង ចេះប្រើប្រាស់សំឡេង និងសិទ្ធិរបស់ខ្លួន ដែលគេយល់ថាអ្វីដែលពួកគេកំពុងធ្វើនោះ បានបម្រើដល់ផលប្រយោជន៍យូរអង្វែងសម្រាប់ខ្លួនឯង និងអ្នកនៅវិញ ឬក៏យ៉ាងណា។
ទោះយ៉ាងណា លោកបានគាំទ្រលើគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលទាមទារឲ្យដំឡើងប្រាក់ខែដល់កម្មករ ទៅតាមការស្នើសុំរបស់កម្មករ និងតាមស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងមានគោលនយោបាយលើកកម្ពស់សិទ្ធិកម្មករ។
លោក អាត់ ធន់ ជឿថា កម្មករនឹងចូលរួមធ្វើបាតុកម្មច្រើន បើទោះជាពុំមានការអំពាវនាវពីមេដឹកនាំកម្មករផ្សេងៗទៀតឲ្យចូលរួម ឬមានការអំពាវនាវកុំឲ្យចូលរួមបាតុកម្មនោះយ៉ាងណាក្តី។
ដូច្នេះហើយ បានជាលោកមានគម្រោងដាក់កម្លាំងឃ្លាំមើល ឬសង្កេតការណ៍ប្រមាណ ១០០នាក់ ដើម្បីជួយកម្មករ ឬអ្នកចូលរួមដទៃទៀត បើសិនជាកើតមានបញ្ហាអ្វីមួយ។
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍ថា កាលណាមានបាតុកម្មតែងតែមានកម្មករចូលរួម ហើយលោកតែងតែព្រួយបារម្ភចំពោះផលប៉ះពាល់ដល់ដំណើរការផលិត ដែលអាចមិនទាន់ទៅតាមការកំណត់របស់ក្រុមអ្នកបញ្ជាទិញ ដោយសារខ្វះកម្លាំងកម្មករ ប៉ុន្តែលោកថា កន្លងមកមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ បើសិនជាបាតុកម្មនោះធ្វើចំថ្ងៃឈប់សម្រាក។
កម្មករដែលកំពុងបម្រើក្នុងវិស័យវាយនភណ្ឌកាត់ដេរសព្វថ្ងៃ មានប្រមាណ ៧០ម៉ឺននាក់ ក្នុងចំណោមក្រុមហ៊ុនប្រមាណ ៨០០ ដែលកំពុងដំណើរការ។
អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា កម្មករជាកម្លាំងចលករដ៏ធំមួយ និងមានឥទ្ធិពលក្នុងការចូលរួមតវ៉ា តស៊ូមតិទាមទារឲ្យមានការផ្លាស់ប្ដូរសង្គម ប៉ុន្តែសម្រាប់ពេលនេះ លោកមើលឃើញថា ការចូលរួមរបស់កម្មករគ្រប់វិស័យ ហាក់នៅមានការស្ទាក់ស្ទើរនៅឡើយ។ ការស្ទាក់ស្ទើរនេះ ដោយសារមានកត្តារារាំងមួយចំនួន ជាពិសេសការដាក់សម្ពាធពីស្ថាប័ន ការអូសទាញពីក្រុមដែលមាននិន្នាការនយោបាយផ្សេងគ្នា និងបញ្ហាជីវភាពគ្រួសារជាដើម។
ថ្វីត្បិតតែការធ្វើបាតុកម្មរបស់បក្សប្រឆាំងចំនួនពីរលើកមកហើយ មានកម្មករចូលរួម ប៉ុន្តែពុំទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា មានកម្មករប៉ុន្មានចូលរួមនោះទេ ដោយសារកម្មករខ្លះមកចូលរួមដោយប្រាប់អត្តសញ្ញាណ ខ្លះទៀតមិនបានប្រាប់នោះទេ៕
No comments:
Post a Comment