Thursday, October 17, 2013

អ្នក​សេដ្ឋកិច្ច​រក​មធ្យោបាយ​ឲ្យ​កម្ពុជា​ចាក​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប​កម្រិត​មធ្យម


ស្ថាប័ន​ស្រាវជ្រាវ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល បាន​នាំ​គ្នា​ស្វែង​រក​ឫស​គល់​នៃ​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​ជាប់​គាំង​ក្នុង​កម្រិត​ប្រទេស​ដែល​មាន​ចំណូល​ទាប។ ក្រុម​អ្នក​សេដ្ឋកិច្ច​​បាន​នាំ​គ្នា​រិះរក​មធ្យោបាយ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា រួច​ផុត​ពី​អន្ទាក់​ប្រទេស​ចំណូល​ទាប​កម្រិត​មធ្យម​​នៅ​លើ​ពិភពលោក។

ទីប្រឹក្សា​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក​បណ្ឌិត ម៉ៃ កល្យាណ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៣។ RFA/An Sithav


ដោយ អាន ស៊ីថាវ 2013-10-17

វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍ​​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៣ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ តុលា បាន​ផ្ដោត​សំខាន់​លើ​យន្តការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​​បាន​យ៉ាង​ឆាប់​រហ័ស។ បទពិសោធន៍​ជាក់​ស្ដែង​ដែល​បាន​បង្ហាញ​នៅ​លើ​ពិភពលោក​ថា ប្រទេស​ដែល​ប្រែក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍ គឺ​ពិបាក​ណាស់ ប៉ុន្តែ​ប្រទេស​នោះ ងាយ​​នឹង​ធ្លាក់​ចូល​ក្នុង​ប្រទេស​ដែល​មាន​កំណើន​យឺតៗ ហើយ​ស្ថិត​នៅ​ក្នុង​បណ្ដា​ប្រទេស​ចំណូល​ទាប​កម្រិត​មធ្យម​លើ​ពិភពលោក។

កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ព្យាករ​កើន​ប្រមាណ ៧% និង​ចំណូល​របស់​ប្រជាពលរដ្ឋ​ជា​មធ្យម​បាន​ហក់​ឡើង​ដល់ ១​ពាន់​ដុល្លារ ដែល​​កំណើន​​នេះ នឹង​ធ្វើ​ស្ថានភាព​អភិវឌ្ឍ​របស់​កម្ពុជា រួច​ចាក​ពី​ប្រទេស​ក្រីក្រ ហើយ​ក្លាយ​ជា​ប្រទេស​ចំណូល​ទាប​កម្រិត​មធ្យម​នៅ​​​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក​​ប្រចាំ​កម្ពុជា លោក អ៊ិនរិច ការូល (Enrique Aldaz-Caroll) មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍ​ឆ្នាំ​២០១៣ ថា បណ្ដា​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ បាន​​មូលដ្ឋាន​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ខ្លាំង ដោយសារ​តែ​កត្តា​សំខាន់​ពីរ គឺ​កម្លាំង​ពលកម្ម​​មាន​តម្លៃ​ទាប និង​ធនធាន​ធម្មជាតិ​នៅ​ទំនេរ និង​ភាព​អំណោយ​ផល​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ ​ដែល​ធ្វើ​ឲ្យ​ចំណូល​មធ្យម​​របស់​ប្រជាពលរដ្ឋ​នៃ​​​ប្រទេស​នោះ​ ក្លាយ​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​បាន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ បន្ទាប់​ពី​​ប្រជាពលរដ្ឋ​ទទួល​​បាន​​ចំណូល​ដល់​​កម្រិត​មធ្យម​​រួច​ហើយ ប្រទេស​នោះ​មិន​អាច​ក្លាយ​ជា​ប្រទេស​​ចំណូល​ខ្ពស់​បាន​ឡើយ។



ទីប្រឹក្សា​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក​បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​ថា​ បទពិសោធន៍​កន្លង​មក​បាន​បង្ហាញ​ថា​ ការ​ហក់​​ឡើង​ក្លាយ​ជា​ប្រទេស​អ្នក​មាន គឺ​ពិបាក​ណាស់។ លោក​បញ្ជាក់​ថា ការ​ជួបជុំ​គ្នា​​រវាង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍ​នេះ គឺ​ស្វែង​រក​ឱកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​រាំង​ស្ទះ ទាំង​ឡាយ​ដែល​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា ប្រែក្លាយ​ជា​ប្រទេស​ជឿន​លឿន​​បាន​នោះ។

លោក​បណ្ឌិត ម៉ៃ កល្យាណ៖ «គឺ​ថា​​នាំ​គ្នា​គិត​​យ៉ាង​ម៉េច​ ដើម្បី​ឲ្យ​ខ្មែរ​យើង​ជៀសវាង​បញ្ហា​ហ្នឹង។ អត់​មាន​ចម្លើយ​ណា​ស្រួល ក្នុង​ជីវិត​មាន​តែ​រឿង​លំបាក។ ប៉ុន្តែ​កត្តា​សំខាន់​ឲ្យ​យើង​មាន​ខួរ​ក្បាល ដឹង​មុខ​ថា បញ្ហា​ហ្នឹង​ស្អី ហើយ​ដោះស្រាយ​របៀប​ម៉េច។ ដូច​ខ្ញុំ​ជម្រាប​ហើយ​ យើង​ដោះ​ស្រាយ​បញ្ហា​ធនធាន​មនុស្ស​ បើ​យើង​ពង្រឹង​ធនធាន​មនុស្ស​​ ទាំង​យើង​ទាំង​គេ​គឺ​ខំ។ ទី​ពីរ គឺ​ម៉េច​ឲ្យ​សេដ្ឋកិច្ច​យើង​ទៅ​មុខ​ទៀត​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ គឺ​ត្រូវ​ធ្វើ​ប្រទេស​យើង​មាន​ស្ថិរភាព»។

លោក​បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​​បន្ថែម​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជា​ប្រទេស​ចំណូល​​មធ្យម​បាន​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ត្រូវ​​មាន​ស្ថិរភាព​នយោបាយ។

បន្ថែម​លើ​បញ្ហា​នេះ អ្នក​ឯកទេស​វិស័យ​សាធារណៈ និង​គ្រប់​គ្រង​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក លី សូដេត បាន​អះអាង​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ មិន​មាន​សញ្ញា​អវិជ្ជមាន​ណា​មួយ​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​ឡើយ។ ធនាគារ​ពិភពលោក​បាន​​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ក្នុង​២០១៣ សម្រេច​បាន ៧%។

ទោះ​ជា​យ៉ាង​ណា​ ការ​ព្រួយ​បារម្ភ​របស់​អ្នក​សេដ្ឋកិច្ច​កម្ពុជា អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ជាប់​ក្នុង​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ​ហើយ​កំពុង​​កើត​​នៅ​ប្រទេស​ហ្វីលីពីន។ មាន​ន័យ​ថា​ ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ ប៉ុន្តែ​កំណើន​នេះ​មិន​អាច​ហក់​ឡើង​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​បាន​ឡើយ​នៅ​រយៈ​​ពេល​ប្រមាណ​ជាង ៣០​ឆ្នាំ​មក​ហើយ។ ផ្ទុយ​ទៅ​វិញ សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ធ្លាប់​អន់ខ្សោយ​ជា​ប្រទេស​ហ្វីលីពីន​នោះ​ បាន​ក្លាយ​​ជា​ប្រទេស​អភិវឌ្ឍ​ខ្លាំង​លើ​សកលលោក​​នា​ពេល​បច្ចុប្បន្ន។

ឯកសារ​​អំពី​គោលការណ៍​​អភិវឌ្ឍ​បាន​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​ត្រូវ​ឆ្លង​កាត់​តាម​ដំណាក់ៗ ​គឺ​ពី​វិស័យ​កសិកម្ម​ទៅ​ឧស្សាហកម្ម និង​ទៅ​សេវាកម្ម ហើយ​ការ​ចាប់​យក​​វិស័យ​ណា​មួយ​ ​ជា​មូលដ្ឋាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ត្រូវ​ឆ្លើយ​តប​នឹង​សមត្ថភាព​ប្រជាពលរដ្ឋ និង​​រៀប​ចំ​ច្បាប់​ជួយ​លើក​ស្ទួយ​វិស័យ​នោះ។ ការ​អភិវឌ្ឍ​ប្រទេស​ដែល​ប្រាក​ចាក​ពី​គោលការណ៍​​អភិវឌ្ឍ​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​នោះ​ជាប់​ក្នុង​អន្ទាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​លើ​ពិភពលោក​ជា​រៀង​រហូត៕

1 comment:

Anonymous said...

ECONOMY IS HEAD BODY HANDS AND FOOT!