Tuesday, October 08, 2013

រដ្ឋាភិបាលរលូត (by Um Hak)



រដ្ឋាភិបាលរលូត
ABORTED GOVERNMENT
ដោយ អ៊ុម​ហាក់ ថ្ងៃទី៧ តុលា ២០១៣
   ការបោះឆ្នោតជ្រើសតាំងអ្វីគេហៅថាតំណាងរាស្រ្ត កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣
បានកន្លងផុតទៅជាងពីរខែមកហើយ។ មតិអន្តរជាតិជាពិសេសខាងពិភពលោកសេរីបាន
ឲ្យតម្លៃថា បានប្រព្រឹត្តទៅទៅដោយរលូនព្រោះមិនមានការបង្ហូរឈាមដូចពេលមុនៗ តែក៏
មិនមានប្រទេសណាមួយបានទទួលស្គាល់ថាបានប្រព្រឹត្តទៅដោយមានតម្លាភាព ដោយ
សេរី នឹងយុត្តិធម៌សោះឡើយ។
   មិនទាន់ទាំងបានរាប់សន្លឹកឆ្នោតរួចរាល់ផង គណបក្សធំជាងគេទាំងពីរបានប្រកាសថា
បក្សខ្លួនឈ្នះរៀងៗខ្លួន។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផល
បណ្តោះអាសន្នតាមអ្វីដែលអ្នកនាំពាក្យរដ្ធាភិបាលបានប្រកាសរួចហើយថា បក្សប្រជាជន
ឈ្នះដោយបានទទួលអាសន:សភាចំនួន៦៨ រីឯបក្សសង្រ្គោះជាតិបានអាសន:តែ៥៥។
បក្សសង្រ្គោះជាតិប្រឆាំងនឹងលទ្ធផលបណ្តោះអាសន្ននេះ ប្រមូលអ្នកគាំទ្របានរាប់សែន
នាក់ធ្វើបាតុកម្មទាមទារឲ្យរាប់សន្លឹកឆ្នោតនៅមណ្ឌលជាច្រើន។ ស្តេចខ្មែរស្រាប់តែនឹកភ្នក
ថាដល់ពេលឆែកសុខភាព ក៏បបួលស្តេចម៉ែទៅពិនិត្យព្រះរោគព្ធដ៏ក្រុងរាជគ្រឹស្តបាត់ទៅ។
ក្រុមប្រិក្សាធម្មនុញ្ញអនុញ្ញាតិឲ្យបើកប្រអប់(អ)សុវត្តិភាពមួយចំនួនតូចពិនិត្យសន្លឹកឆ្នោត
ឡើងវិញ។ ទោះជាបានឃើញច្បាស់ថាមានអំពើមិនប្រក្រតីមួយចំនួនយ៉ាងណាក៏ដោយក៏
ក្រុមប្រិក្សាធម្មនុញ្ញមិនអនុញ្ញាតិឲ្យបើកកញ្ចប់ដទៃទៀតតាមសេចក្តីសុំរបស់បក្សសង្រ្គោះ
ជាតិឡើយ ដោយអះអាងថាទោះជាបើកមើលទៀតក៏វាមិនអាចផ្លាស់ប្តូរលទ្ធផលការបោះ
ឆ្នោតឡើយ។ ក្រុមប្រិក្សាធម្មនុញ្ញសំរេចឲ្យគ.ជ.ប.ប្រកាសលទ្ធផលជាផ្លូវការ បិទផ្លូវតវ៉ា។
លទ្ធផលផ្លូវការវាដូចតែគ្នានឹងលទ្ធផល ដែលក្រសួងឃោសនាការបានប្រកាសតាំងតែរាប់
សន្លឹកឆ្នោតមិនទាន់ចប់ដដែល។ ស្តេចម៉ែ ស្តេចកូន ពិនិត្យព្រះសុខភាពចប់សព្វគ្រប់ ចាក
ចេញពីនគររាជគ្រឹស្ត យាងចូលព្រះរាជាណាចក្រអច្ឆរិយ:ដោយសុវត្ថិភាព។ បក្សសង្រ្គោះ
ជាតិនៅតែមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដដែល។ ស្តេចចេញព្រះរាជ
សារកោះហៅគណបក្សជាប់ឆ្នោតទាំងពីរទៅពិភក្សាគ្នានៅក្នុងវាំងក្រោមអធិតីភាពព្រះ
អង្គ។
 តាមរូបភាព បក្សសង្គ្រោះជាតិទំនងជាបានរៀបចំឯកសារភស្តុតាងមួយចំនួនដើមបីថ្វាយ
ស្តេចទតហើយមើលទៅព្រោះឃើញយួរកាបូបទៅជាមួយ។ មិនដឹងថាត្រូវសើចឬត្រូវយំ
ផងទេ ឯកសារទាំងនោះក្លាយទៅជា « អាចម៍ក្រសារ » នៅដេកតែក្នុងកាបូបនោះដដែល។
គណប្រតិភូទាំងពីរបក្សអង្គុយស៊ុបហើយ ស្តេចហូតក្រដាស់មួយសន្លឹកមកអានទាំងលំ
បាករកថាមិនត្រូវ ( សូមព្រះករុណាត្រាប្រណីផង ទូលបង្គំគ្មានបំណងប៉ះពាល់ព្រះចេស្តា
ដល់តិចតួចឡើយ។ ទូលបង្គំដឹងថាព្រះអង្គស្ទាត់ជំនាញភាសាបារាំង អង់គ្លេស៍ ឆេកូ តែ
ព្រះអង្គមិនមានឧិកាសអំណោយផលសិក្សាភាសាជាតិទេ )។ បន្ទាប់មកដូចជាមិនឃើញ
ស្តេចដឹកនាំអង្គប្រជុំដូចអ្នកផងប៉ាន់ស្មានទេ តែបែរជាឃើញទ្រង់លើកជើងពានពីរមកជូន
មូយជូនទៅលោកហ៊ុន-សែន ហើយមួយទៀតជូនទៅលោកសម-រ្ស៊ី អង្គប្រជុំក៏ចប់សព្វ
គ្រប់ ឯវំ កាលនោះទៅ។ ខ្ញុំស្មានថាស្តេចប្រទាន (ឲ្យ) កាដូលើកទឹកចិត្តដល់វរជនទាំង
ពីរខាងដែលសុខចិត្តមករួមប្រជុំពេលនោះ។ ដឹងអីថានោះជាលក្ខិតអញ្ជើញទៅរួមប្រជុំ
សភាលើកដំបូងថ្ងៃទី២៣កញ្ញា២០១៣ឯណោះសោះ ក្នុងកញ្ចប់នោះមានលិក្ខិត៦៨ ជូន
បក្សប្រជាជន នឹង៥៥ទៀតជូនបក្សសង្រ្គោះជាតិ មានឈ្មោះដូចដែលគណកម្មការរៀបចំ
ការបោះឆ្នោតគ.ជ.ប.បានប្រកាសជាផ្លូវការរួចមកហើយ។ តើមានអ្វីច្បាស់ជាងនេះទៀត?
។ ស្តេចខ្មែរបានទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលគ.ជ.ប.បានប្រកាសជាផ្លូវការ
រួចស្រេចទៅហើយ។ បិទផ្លូវតវ៉ាម្តងទៀត។ វិបត្តិនៅតែបន្ត បើនឹងលើកមកបកស្រាយ
ពេលនេះ មិនដឹងជានឹងរកទីបញ្ចប់នៅទីណាឡើយ។ ទោះបីបក្សសង្រ្គោះជាតិថ្វាយដំណឹ
ងថានឹងមិនចូលរួមប្រជុំសភាលើកដំបូងនេះ នឹងសូមព្រះអង្គពន្យាពេលយ៉ាងណាក៏ដោយ
ក៏ម្ចាស់ផែនដីខ្មែរនៅតែស្តេចយាងទៅបើកសម័យប្រជុំនោះតាមតាមកំណត់ទុក ដោយ
ទ្រង់ព្រះតម្រិះថាគោរពតាមរដ្ធធម្មនុញ្ញមាត្រា៨២ដែលចែងថា « រដ្ធសភាបើកសម័យប្រជុំ
ដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ »
។ ដោយសារតែគោរពនូវមាត្រានេះ ព្រះអង្គបានទ្រង់យាងទៅធ្វើជាវេជ្ជបណ្ឌិតពន្លូតបាន
សភាមួយ ដែលជាសភារលូត ( អ្នកខ្លះដាក់នាមថាជាសភាចោរ សភាមិនគ្រប់ទឹក សភាអ
ធម្មនុញ្ញ ។ល។ )។ ដើមបីងាយស្រួលក្នុងការវិភាគទៅមុខខ្ញុំសូមអនុញ្ញាតិខ្ចីពាក្យ « រលូត »
នេះប្រើសិន។ សភានិតិកាលទី៥បានរលូតចេញមកហើយដោយមានតំណាងបក្សចំនួន
៦៨រូបទាំងអស់មកពីគណបក្សប្រជាជន ដោយស្នាព្រះហស្ថស្តេចខ្មែរ។ សភារលូតនេះក៏
បានពន្លូតបាននូវបេក្ខជននាយករដ្ធមន្រ្តីរលូតមួយនៅថ្ងៃដដែល។ បេក្ខជននាយករដ្ធមន្រ្តី
រលូតនោះ ទោះស្វាចុងឫស្សីក៏ដឹងថាជាបុរសខ្លាំងនៅឯព្រះរាជាណាចក្រអច្ឆរិយ: គឺថាអា
ដែងន្ហែក ន្ហែក គឺថាសម្តេចតេជាហ៊ុន-សែនហ្នឹងឯង។ ព្រះមហាក្សត្រខ្មែរទ្រង់ពុំបានបង្អែ
បង្អង់ឡើយ ចេញព្រះរាជក្រិត្យថ្ងៃដដែល តែងតាំងលោកហ៊ុន-សែនជានាយករដ្ធមន្រ្តីឲ្យ
លោករៀបចំអាដែងន្ហែក ន្ហែក គណរដ្ធមន្រ្តី ដើមបីន្ហែក ន្ហែក ដាក់ថ្វាយសុំអាដែងសេចក្តី
យល់ព្រមពីព្រះអង្គ។ រហ័សដូចរន្ទះ អ្វីៗក៏បានសម្រេចដូចបំណង អាដែងន្ហែក ន្ហែក ព្រះ
រាជក្រិត្យតែងតាំងសមាសភាពគណរដ្ធមន្រ្តីទាំងមូល គឺថាបានរបូតរលូតនាថ្ងៃដដែលគឺ
ថាថ្ងៃ២៣កញ្ញាឆ្នាំ២០១៣។ អ្វីៗទាំងអស់រលូតចេញមកយ៉ាងរលូនប្រៀបបានទេពនិម្មិត។
អាដែងន្ហែក ន្ហែក អង្គប្រជុំលើកទីមួយនៃគឺថាគណរដ្ធមន្រ្តីក៏បានរលូតទៅនៅឯវិមានសន្កិ
ភាពថ្ងៃ២៤កញ្ញាឆ្នាំ២០១៣យ៉ាងរលូនផងដែរ។ គួររំលឹកផងដែរថាទាំងនៅឯវិមានសភា
ទាំងនៅឯវិមានសន្តិភាព ទាំងថ្ងៃ២៣ទាំងថ្ងៃ២៤កញ្ញាឆ្នាំ២០១៣ គេឃើញតែបរិយាកាស
ស្រងេះស្រងោចហាក់ដូចជាគេទៅរួមប្រជុំបុណ្យឈាបនកិច្ចបុគ្គលជាទីគោរពស្រឡាញ់
មិនសមជាអង្គប្រជុំអបអរសាទរជ័យជំនះទាល់តែសោះ។ ទាំងអស់គ្នាមានទឹកមុខមាំគ្មាន
នរណាញញឹមទាល់តែសោះ។ ហេតុអ្វី?
   ណ្ហើយវិលត្រឡប់ទៅរឿងបោះឆ្នោតសកលជ្រើសតាំងអ្វីដែលគេហៅថាតំណាងរាស្រ្ត
អាណត្តិទី៥  ក្រោយថ្ងៃបោះឆ្នោតថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ល្បងមើល។ អ្វីដែលបានកើត
ឡើងមិនជាខុសឆ្ងាយអំពីអ្វីដែលបានរៀបរាប់ខាងដើមនោះឡើយ។ ជុំវិញរឿងបោះឆ្នោត
លើកនេះ បណ្ឌិតច្បាប់ទាំងឡាយហាក់មានយោបល់ផ្លែកៗពីគ្នា ជាហេតុនាំឲ្យអ្នកតាម
ដានវង្វេងវង្វាន់។ សូមបណ្ឌិតទាំងឡាយអភ័យទោសផង ខ្ញុំមិនដឹងថាច្បាប់គេសរសេរ
នឹងអក្សរអ្វីទេ តែក្នុងរឿងបោះឆ្នោតអាណត្តិទី៥នេះ ខ្ញុំសង្កេតឃើញថាបណ្ឌិតច្បាប់ដែល
លេចធ្លោនៅស្រុកខ្មែរអាចបំបែកបានជាបីក្រុម។ បណ្ឌិតពីរក្រុមហាក់ត្រិមតែដើរតួជាមេ
ធាវីការពារក្តីឲ្យគណបក្សដែលមានបេក្ខជនបានជាប់ឆ្នោតតែប៉ុននោះ។ មួយក្រុមអះអាង
ថាទាល់តែមានតំណាងរាស្រ្តយ៉ាងតិចចំនួន១២០នាក់ទៅរួមប្រជុំលើកទីមួយនោះទើបស
ភានោះស្របច្បាប់ យោងតាមមាត្រានេះនៃច្បាប់នោះ។ល។ ក្រុមនេះមើលទៅដូចជាមេធា
វីគណបក្សសង្រ្គោះជាតិ។ មួយក្រុមទៀតថាមិនចាំបាច់មានវត្តមានតំណាងរាស្រ្តដល់ទៅ
១២០នាក់មករួមប្រជុំក៏វាស្របច្បាប់ដែរឲ្យតែមានសមាជិក៥០%បូកមួយរួមហើយមាន
ស្តេចមកបើកសម័យប្រជុំ។ល។ ក្រុមនេះដូចជាដើរតួជាមេធាវិគណបក្សប្រជាជន។ ក្រុម
មួយទៀតស្តីបន្ទោសថាបក្សទាំងពីរគឺបក្សបជាជន នឹងបក្សសង្រ្គោះជាតិមិនទាន់មានចំ
ណាស់នយោបាយ មិនចេះចរចាគ្នា មិនចេះដាក់របៀបវារ:ឲ្យបានច្រើននឹងចរចាគ្នា ថាបើ
និយាយគ្នារឿងណាមួយមិនកើត និយាយគ្នារឿងផ្សេងវិញទៅ។ល។ ជាការពិតគណបក្ស
សង្រ្គោះជាតិមិនបានដាក់របៀបវារ:មែន តែបើរាប់សំណើរចរចាម្តងមួយៗនោះ បញ្ជីរឿងក៏
មិនជាខ្លី រីឯប្រតិកម្មពីបក្សម្ខាងទៀតក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលដែរ។ ខុសពីអ្នកច្បាប់ ខ្ញុំ
សូមអនុញ្ញាតិលើកយកព្រឹត្តិការណ៍ថ្ងៃ២៣កញ្ញាឆ្នាំ២០១៣ នឹងផលវិបាករបស់វាមកពិភ
ក្សាតាមបែបគណិតសាស្រ្ត នឹងវិទ្យាសាស្រ្តកំរិតបថមសិក្សា ក្រែងងាយយល់។
   ផ្អែកលើគ្រឹះដ៏រឹងមាំថា១- រដ្ធធម្មនុញ្ញជាច្បាប់កំពូល២- ច្បាប់ដទៃឯណាដែលមិនស្រប
នឹងរដ្ធធម្មនុញ្ញត្រូវទុកជាមោឃ: ខ្ញុំអាចបកស្រាយដូចតទៅ។ សន្មត់ថាសភាអាណត្តិទី៥
នោះវាស្របច្បាប់ទៅចុះព្រោះព្រះមហាក្សត្របានយាងទៅបើកសម័យប្រជុំលើកដំបូង។
សភារលូតនោះមានសមាជិកទាំងមូល១២៣នាក់។ មាត្រា៨៨នៃរដ្ធធម្មនុញ្ញចែងថា
«  ការប្រជុំរដ្ធសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិក
រដ្ធសភាទាំងមូល »​ ។ ប្រាំពីរភាគដប់នៃ១២៣រូបគឺ ៨៦.១រូប មិនមែន៦៨រូបទេ។ ដូចនេះ
អ្វីៗដែលកើតមានឡើងបន្ទាប់ពីស្តេចខ្មែរចាកចេញពីវិមានសភាមក គ្មានអ្វីស្របនឹងមាត្រា
៨៨នៃរដ្ធធម្មនុញ្ញសោះទេ អីចឹងត្រូវតែទុកជាមោឃ:ទាំងអស់។ គេបានបោះឆ្នោតជ្រើស
រើសបានប្រធានសភាមោឃ: បានអនុប្រធានមោឃ: បានគណកម្មការអចិន្រ្តៃយមោឃ:
នឹងបានវិន័យផ្ទៃក្នុងមោឃ:ផងដែរ។ លើសពីនេះទៅទៀត លោកប្រធានសភាមោឃ:
ដោយមានឯកភាពពីអនុប្រធានមោឃ:ផង បានស្នើបេក្ខភាពនាយករដ្ធមន្រ្តីមោឃ:ដាក់
ថ្វាយព្រះមហាក្សត្រចាត់តាំង។ នាយករដ្ធមន្រ្តីមោឃ:ពន្លូតបានគណរដ្ធមន្រ្តីមោឃ:។ល។
នឹង។ល។ ជាអវសានទាំងនិតិបញ្ញត្តិតាំងនិតិប្រតិបត្តិក្លាយទៅជាអង្គការមោឃ:ទាំងអស់
គឺជាអង្គការខ្យល់។ បើលោកហ៊ុន-សែននឹងបក្សប្រជាជនមិនអៀនខ្មាស់មានះចាប់ផ្តើម
គ្រប់គ្រងប្រទេសដោយយកលេសទាំងទទឹងទឹសថាខ្លួនឈ្នះឆ្នោតនោះ ខ្ញុំយល់ថាអស់
លោកបានធ្វើរដ្ធប្រហាររដ្ធធម្មនុញ្ញដោយប្រើកម្លាំងអាវុធហើយ។ អស់លោក ជាពិសេស
លោកហ៊ុន-សែនតែម្តង អស់លោកជ្រាបទេថាអស់លោកកំពុងលេងភ្លើង? អ្នកលេងភ្លើង
គេចមិនរួចពីការរលាកឡើយ បើមិនធ្ងន់ក៏ស្រាលដែរ។ អស់លោកជ្រាបទេថាអស់លោក
កំពុងប្រឆាំងឆន្ទ:ប្រជាពលរដ្ធខ្មែរជាងមួយចំហៀងនគរ? ទោះបីមិនចង់បង្រៀនក្រពើឲ្យ
ហែលទឹកយ៉ាងណាក៏ដោយ ខ្ញុំសុំអនុញ្ញាតិអញ្ជើញអស់លោកងាកទៅមើលទំព័រប្រវត្តិ
សាស្រ្តមួយនៃប្រទេសប៉ូឡូញ ( POLAND ) នាសម័យសង្រ្គាមត្រជាក់ចុងទស្សវត្សរ៍ឆ្នាំ
១៩៨០។ និយាយឲ្យខ្លីទៅគឺនៅប្រទេសប៉ូឡូញកាលនោះមានចលនាអហឹង្សារើបម្រាស
ចេញពីការជិះជាន់ផ្តាច់ការនៃរបបកុម្មុយនិស្ត ដឹកនាំដោយប្រធានសហជីពកម្មករម្នាក់
ឈ្មោះ ឡេឆ វ៉ាឡេសា​ (​​ LECH WALESA ) ជាជាងភ្លើងអគ្គីសនីនៅកំពង់ផែរសាងសង់
នាវា។ ឧិកាសមួយនោះសម្តេចព្រះសង្ឃរាជកាតូលិកក្រុងវ៉ាទីកង់ព្រះនាម ជន ផលទី២
( JOHN PAUL II  ) ដែលមានសញ្ជាតិប៉ូឡូញដែរនោះ ទ្រង់បានយាងទៅទស្សនាស្រុក
កំណើតរបស់ព្រះអង្គបានជួបនឹងលោក ឡេឆ វ៉ាឡេសា។ គ្រានោះទ្រង់បានផ្តាំលោក
ឡេឆ វ៉ាឡេសាមានន័យជាអាទិ៍ថា « មិនមានអាវុធឯណាក្នុងលោកនេះដែលអាច
យកជ័យជំនះលើក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ធបានឡើយ​»។ ក្រោយនោះបន្តិច
សហភាពសូវៀតរលំទៅ ទាញទាំងបក្សកុម្មុយនិស្តប៉ូឡូញទៅជាមួយផង។ ប្រទេសប៉ូឡូ
ញរៀបចំការបោះឆ្នោតដោយសេរី លោកវ៉ា ឡេសាបានជាប់ជាប្រធានាធិបតីបានមួយអា
ណត្តិ៕
កំណត់សំគាល់:​ រដ្ធាភិបាលរលូតរបស់លោកហ៊ុន-សែនបានត្រូវប្រទេសយួនអបអរសា
ទរទទួលស្គាល់មុនគេ។ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេពីព្រោះផលប្រយោជន៍របស់យួនដែល
ចំរាញ់យកបានពីស្រុកខ្មែរធំធេងណាស់តាមរយ:បក្សកុម្មុយនិស្តខ្មែរអាយ៉ងវានេះ។
បន្ទាប់មកចិនក៏បានអបអរសាទរបន្ទាប់មកដែរព្រោះចិនឈរលំដាប់លេខពីរដែរក្នុងការ
ចំរាញ់យកចំណេញពីខ្មែរ។ ប្រទេសដែលនឹងអាចទទួលស្គាល់រដ្ធាភិបាលរលូតនេះតទៅ
ថ្ងៃមុខវានឹងមកតាមតែលំដាប់លំដោយនៃផលប្រយោជន៍របស់គេតែប៉ុននោះ កុំឆ្ងល់។
ស្វាគមន៍ការរិះគន់គ្រប់យ៉ាង៕
អ៊ុម-ហាក់     ៨តុលាឆ្នាំ២០១៣


No comments: