Friday, October 11, 2013

CITA នឹងប្រារព្វទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យ ទោះបីអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើនៅទីនោះ

.............................................
ដោយ៖ ទ្បាយ សាមាន និង ដួង សុខា | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013, ម៉ោង 04:11 PM VOD
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) នឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដោយមានគ្រូបង្រៀនប្រមាណ៦០០នាក់ចូលរួម ទោះបីអាជ្ញាធរហាមឃាត់មិនឲ្យធ្វើនៅទីនោះក៏ដោយ។
សេចក្តីប្រកាសព័ត៌មានរបស់សមាគម ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ស្ថិតក្រោមប្រធានបទ “អំពាវនាវគ្រូបង្រៀន” ឲ្យយកចិត្តទុកដាក់ជាគំរូចំពោះគុណភាពអប់រំ។ សេចក្តីប្រកាសព័តមាន បន្តថា សមាគមនឹងដាក់ញត្តិជូនរដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងអប់រំ យុវជន និងកីទ្បា។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា សមាគមរៀបចំអនុសាសន៍ ដោយផ្តោតសំខាន់ទៅលើ៣ចំណុច។ ចំណុចទី១ គឺការទាមទារឲ្យមានការដំទ្បើងប្រាក់បៀវត្សរ៍អប្បបរមា១លានរៀល ក្នុងមួយខែជូនគ្រូបង្រៀន។ លោកបន្តថា ចំណុចទី២ ពាក់ព័ន្ធការផ្តល់សិទ្ធិសេរីភាពជូនគ្រូបង្រៀនឲ្យបានពេញលេញ និងបញ្ឈប់ការរើសអើងគ្រូបង្រៀននៅកន្លែងការងារ។ ចំណុចទី៣ គឺទាមទារឲ្យមានការវិនិយោគលើគ្រូបង្រៀនបន្ថែម ដើម្បីលើកកម្ពស់ការអប់រំនៅចំណេះទូទៅ និងឧត្តមសិក្សា។
ប៉ុន្តែកំណត់ហេតុប្រជុំ រវាងតំណាងសាលារាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងតំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះថ្ងៃទី៩ ខែតុលា ឲ្យដឹងថា សាលារាជធានីស្នើឲ្យសមាគមរៀបចំទិវានេះ នៅទីស្នាក់ការសមាគម ឬនៅកន្លែងឯកជនណាមួយវិញ។ ចំពោះការដាក់ញត្តិ សមាគមអាចចាត់តំណាង៥រូប ទៅប្រគល់ជូនស្ថាប័នពាក់ព័ន្ធ ឬប្រគល់ជូនមកសាលារាជធានី ដើម្បីចាត់ចែង។ កំណត់ហេតុប្រជុំ ព្រមានថា បើអ្នករៀបចំមិនគោរពតាមស្មារតីអង្គប្រជុំ សាលារាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទោះយ៉ាងណា លោក រ៉ុង ឈុន ប្រាប់VODថា សមាគមគនឹងប្រារព្ធទិវានេះ នៅទីលានប្រជាធិបតេយ្យ តាមការគ្រោងទុក ទោះបីជាសាលារាជធានីមិនអនុញ្ញាត្តក៏ដោយ ៖ "បើសិនជាអាជ្ញាធរក្រុងភ្នំពេញ មករារាំងហ្នឹងវាជារឿងមួយអាក្រក់សម្រាប់កម្ពុជាយើង ទាក់ទងទៅនឹងសេរីភាពក្នុងការប្រមូលផ្តុំ ហើយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនមែនឯកោតែម្នាក់ឯងទេ គឺជាសមាជិកអង្គការអប់រំអន្តរជាតិ ដែលមានសមាជិកជាង ៣០លាន ដែលគេកំពុងតែបើកភ្នែកផ្តោតអារម្មណ៍មកមើលគ្រូបង្រៀននៅកម្ពុជាយើង"។

VOD មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ទ្បុង ឌីម៉ង់ បាននៅទ្បើយទេ។ ចំណែក អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អះអាងថាលោកកំពុងជាប់រវល់។

ពាក់ព័ន្ធការទាមទារដំទ្បើងប្រាក់ខែគ្រូបង្រៀន គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ បានកំណត់ប្រាក់បៀវត្សរ៍គ្រូបង្រៀនទាបបំផុត ៣២ម៉ឺនរៀល ដែលត្រូវបានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០១៣ទៅ៕

សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

3 comments:

Anonymous said...

I appeal to all Cambodian, there all Cambodian, you must be brave like Mr Rong Chun, Kem Sokha, Sam Rain Sy and Mr Mom So Nong Do, if you all are brave like those people we can liberate our country from Vietcong and also from the Dictatorship leader HUN XE, please stand up joining together with the brave hard to liberate our country.

Anonymous said...

Believe me the Dictatorship Hun Xen will not kill us, if he uses forces to kill us, the UN will come to help us

Anonymous said...

ដាក់បណ្តាសាយ៉ាងនេះ វាសាហាវពេកណាស់។យន្តហោះមួយមិនមែនជិះតែម្នាក់ឯងទេ វាមានមនុស្សបីរយទៅបួនរយនាក់ជិះ តើអ្នកផ្សេងទៀតនោះ គេជាសត្រូវនឹងបក្សប្រជាជនដែរឬអី?