Wednesday, November 20, 2013

កម្មករ​រោងចក្រ Alim ហែរ​ក្បួន​តវ៉ា​មក​សាលា​រាជធានី​​សុំ​អន្តរា​គមន៍


20 November 2013 មុំ គន្ធាភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កម្មករ​មក​ពី​រោង​ចក្រ​ Alim (Cambodia) ប្រមាណ​ជា​ ១០០ នាក់​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​​ រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារាជ​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​នេះ​ដើម្បី​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៌​ដល់​ពួក​គេ​។

លោក យ៉ាំ ថៃសាន មន្រ្តី​ផ្នែក​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ដែល​បាន​ដឹក​នាំ​កម្មករ​ធ្វើ​ការ​តវ៉ា​ជាង​១​សប្តាហ៌​មក​ហើយ​បាន​និយាយ​កាល​ពី​ព្រឹក​មិញ​នេះ​ថា កម្មករ​បាន​ធ្វើ​ការ​ដង្ហែ​ក្បួន​ដោយ​ការ​ជិះ​ឡាន​ធំ​ចំនួន​២​គ្រឿង​ និង​ម៉ូតូ​ជាង​ ១០ ​គ្រឿង។

លោក​បាន​ថ្លែង​ថា៖ «កម្មករ​មិន​បាន​ហែក្បួន​ដោយ​ថ្មើរជើង​នោះ​ទេ យើង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ និង​ម៉ូតូ»។

កម្មករ​រោង​ចក្រ​Alim (Cambodia) ជាង​ ៥០០ ​នាក់​បាន​ធ្វើ​ការ​តវ៉ា​ដោយ​មាន​ទាំង​ការ​បិទផ្លូវ​ជាង​មួយ​សប្តាហ៌​មក​ហើយ ដោយ​ទាម​ទារ​នូវ​លក្ខខណ្ឌ​ចំនួន​ ៦​ចំនុច​ដោយ​ឲ្យ​រោង​ចក្រ​ដក​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក​គ្រប់​គ្រង​ ដក​អ្នក​គ្រប់​គ្រង​ជន​ជាតិ​ចិន សុំ​លុយ​បាយ​បន្ថែម​ ២០០០​រៀល លុយ​បាយ​ថ្ងៃ​ត្រង់​ ៤០០០​រៀល​ និង​សុំ​ឲ្យ​រោង​ចក្រ​ផ្តល់​ប្រាក់​ស្មើ​គ្នា​ចំពោះ​កម្មករ​ចាស់ និង​កម្មករ​ថ្មី។

No comments: