ក្រុមតំណាងអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង កំពុងអង្គុយពិភាក្សាគ្នានៅផ្ទះ អ្នកស្រី អ៊ុំ សុភី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Chin Chetha |
តំណាងអ្នកភូមិឡពាង ចំនួន ៤រូប មានគម្រោងឡើងទៅជួបមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សារឿងលិខិតអនាមិកគំរាមសម្លាប់ ខណៈដែលពួកគាត់ទន្ទឹងរង់ចាំមើលចំណាត់ការរបស់តុលាការ។ តំណាងអ្នកភូមិបានបញ្ជាក់នៅថ្ងៃទី១០ ខែវិច្ឆិកា ថា រយៈពេលជាង ១ខែ ក្រោយពីដាក់ពាក្យបណ្ដឹងចូលដល់សាលាដំបូងខេត្តកំពង់ឆ្នាំង ពួកគាត់មិនដែលបានទទួលព័ត៌មានត្រឡប់ ឬពន្លឺអ្វីទាក់ទងទៅនឹងការវែកមុខរកជនល្មើសនោះឡើយ។
ដោយ ជិន ជេដ្ឋា RFA, 2013-11-10
សកម្មជនដីធ្លី និងជាអ្នកដែលទទួលរងនូវការគំរាមសម្លាប់ទាំង ៤នាក់ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងតែព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងបានស្នើសុំឲ្យរដ្ឋាភិបាល និងតុលាការពន្លឿននីតិវិធី ក្នុងការស្វែងរកចាប់ខ្លួនជនអនាមិកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីឲ្យពួកគាត់អស់ក្ដីបារម្ភ។
តំណាងអ្នកភូមិម្នាក់ក្នុងចំណោម ៤នាក់ អ្នកស្រី អ៊ុំ សុភី មានប្រសាសន៍ថា អ្នកស្រី និងតំណាងអ្នកភូមិផ្សេងទៀត នឹងទៅជួបមន្ត្រីសិទ្ធិមនុស្សក្នុងពេលឆាប់ៗខាងមុខ បើទោះបីជាជីវភាពរបស់ពួកគាត់កំពុងតែជួបប្រទះនឹងការលំបាកខ្លាំងក្ដី៖ «យើងនឹងទៅគិតគូរជាមួយអង្គការសង្គមស៊ីវិល ដើម្បីថាយើងគួរធ្វើយ៉ាងម៉េចបន្តទៀត។ ពួកខ្ញុំរស់នៅសព្វថ្ងៃហ្នឹង មានការព្រួយបារម្ភគ្រប់សព្វបែបយ៉ាង ណាមួយរឿងក្រុមហ៊ុន ណាមួយរឿងសំបុត្រអនាមិកនេះ ក៏យើងភ័យខ្លាចសុវត្ថិភាពពេលយប់ស្ងាត់ យើងមិនមានអីជាពឹងបង្អែក»។
ចំណែក លោក ផេង រ៉ុម ដែលជាអ្នករងការគំរាមសម្លាប់ដែរនោះ បញ្ជាក់ថា គម្រោងដែលពួកគាត់ទៅជួបមន្ត្រីសិទ្ធិមនុស្សលើកនេះ គឺចង់ប្រឹក្សាផ្លូវច្បាប់ ថាតើពួកគាត់ត្រូវធ្វើយ៉ាងណាបន្តទៀត ក្នុងករណីដែលតុលាការយឺតយ៉ាវក្នុងការចាត់ការលើបណ្ដឹងរបស់ពួកគាត់៖ «បើរដ្ឋាភិបាលគាត់មានចេតនាថានឹងបោសសម្អាតនូវជនអនាមិកអីបែបនេះឲ្យវាស្អាតក្នុងសង្គម អាហ្នឹងគួរតែរដ្ឋាភិបាលចាត់វិធានការឲ្យឆាប់ទៅ ពីព្រោះប្រជាពលរដ្ឋពឹងផ្អែកទៅលើផ្លូវច្បាប់ ទៅលើអាជ្ញាធរដែលជាអ្នកការពារ។ បើអាជ្ញាធរ និងរដ្ឋាភិបាលមិនការពាររាស្ដ្រតូចតាច ដែលត្រូវគេគំរាមកំហែងទេ អ៊ីចឹងប្រជាពលរដ្ឋរស់នៅដោយគ្មានទីពឹង ហើយក៏ពិបាករស់នៅ»។
សកម្មជនដីធ្លីទាំង ៤រូប រួមមាន អ្នកស្រី អ៊ុំ សុំភី លោក ផេង រ៉ុម លោក រាជ សីម៉ា និងលោក ញឹម ញឿន បានរងនូវការជេរប្រមាថ និងគំរាមកំហែងអាយុជីវិត តាមរយៈលិខិតអនាមិកដែលគេប្រទះឃើញនៅខាងមុខផ្ទះរបស់អ្នកស្រី អ៊ុំ សុភី កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ។ នៅក្នុងលិខិតអនាមិកនោះ ក៏បានសរសេរគំរាមមិនឲ្យតំណាងអ្នកភូមិទាំង ៤នាក់ ដឹកនាំមនុស្សទៅចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយមានគូសភ្ជាប់នូវរូបខ្នោះដៃ និងកាំភ្លើងខ្លីទៀតផង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល ដើម្បីជម្រាបសួរអំពីនីតិវិធី និងដំណើរការស៊ើបអង្កេតជុំវិញករណីនេះបានទេ នៅថ្ងៃទី១០ ខែវិច្ឆិកា។
យ៉ាងណា នាយកក្រឡាបញ្ជីអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហ៊ឹម ពុទ្ធាសុរយៈ ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ខាងលោកបានទទួលបណ្ដឹងនេះ និងបានបញ្ជូនទៅព្រះរាជអាជ្ញារួចហើយ ក៏ប៉ុន្តែលោកមិនដឹងច្បាស់ថា សំណុំរឿងនេះកំពុងតែស្ថិតនៅក្នុងដៃរបស់ព្រះរាជអាជ្ញាណាមួយនោះទេ។ តុលាការខេត្តកំពង់ឆ្នាំង មានព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងចំនួន ៤នាក់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា មានប្រសាសន៍ថា ប្រសិនបើតំណាងប្រជាពលរដ្ឋទាំង ៤រូប ឡើងមកដល់ទីស្នាក់ការសមាគមអាដហុក លោកនឹងប្រឹក្សាយោបល់តាមអ្វីដែលលោកយល់ ឬអាចឲ្យពួកគាត់ជួបជាមួយមេធាវីផ្ទាល់តែម្ដង៖ «ករណីគំរាមកំហែងនេះ យើងឃើញថា អាជ្ញាធរជំនាញហាក់ដូចមិនចាប់អារម្មណ៍ ឬបង្ហាញភាពចាត់ការឲ្យមានការទុកចិត្តពីប្រជាពលរដ្ឋទេ»។
តំណាង និងប្រជាពលរដ្ឋរស់នៅភូមិឡពាង ធ្លាប់ទទួលរងនូវការគំរាមកំហែងទាំងផ្ទាល់ និងប្រយោល តាមរយៈរូបភាពផ្សេងៗជាច្រើនលើករួចមកហើយ ចាប់តាំងពីមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់លោកជំទាវ ជា ខេង ភរិយាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅឆ្នាំ២០០៧។ បច្ចុប្បន្នមានប្រជាពលរដ្ឋក្នុងភូមិចំនួន ៥២គ្រួសារទៀត កំពុងតែមានជម្លោះជាមួយក្រុមហ៊ុន និងដោះស្រាយមិនទាន់ចប់នៅឡើយ៕
No comments:
Post a Comment