Wednesday, November 20, 2013

របាយការណ៍៖ ឧកញ៉ា ទ្រី ភាព បង់លុយប្រចាំខែមួយលានដុល្លារឲ្យគ្រួសារនាយករដ្ឋមន្ត្រី

ការពិត ទ្រី ភាព គ្រាន់តែជាអ្នកកាប់ឈើលក់យកលុយឲ្យ ហ៊ុន សែន ហើយ ទ្រី ភាព បានទទួលតែប្រាក់កំរ៉ៃការងារ ក្នុងមួយខែពី មួយលាន ទៅបីលានដុល្លារ ប៉ុណ្ណោះ ចំណែកលុយរាប់សិបលានដុល្លារក្នុងមួយខែៗ គឺគ្រួសារ ហ៊ុន សែន ជាអ្នកយក !


ក្រុមហ៊ុនលោកទ្រីភាពនៅពោធិសាត់ (រូបថតពីរបាយការណ៍ស៊ើបអង្កេត) ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 04:02 PM VOD
របាយការណ៍ស៊ើបអង្កេតថ្មីមួយ បង្ហាញថា ឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារ បង់ឲ្យក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាម ឬ ចិន។
ការអះអាងនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ក្រោមចំណងជើងថា ឃ្លាំមើលធុរៈកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ អំពីក្រុមហ៊ុន ទ្រី ភាព (នយោបាយប្រមូលឈើឲ្យអស់ពីស្រុកខ្មែរ) ដែលចេញផ្សាយនៅថ្ងៃនេះ ដោយក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា។


របាយការណ៍ជិត៥០ទំព័រ ដោយភ្ជាប់លេខទូរស័ព្ទប្រភព ដែលផ្តល់ព័ត៌មានរសើបទាំងនោះ ក៏បានបង្ហាញពីប្រវត្តិ ឧកញ៉ា ទ្រី ភាព ថា ជាអតីតព្រូឡានរត់តាក់ស៊ី និងជាកម្មករសំណង់។ ប៉ុន្តែក្រោយមកបានរៀបការជាមួយស្ត្រីមេម៉ាយកូនមួយ ឈ្មោះ ម៉ៅ ម៉ុម ដែលមានកំណើតមកពីប្រទេសវៀតណាម និងត្រូវបានឧត្តមសេនីយ៍ម្នាក់នាំទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយត្រូវបានលោកនាយករដ្ឋមន្ត្រីអាណិតស្រលាញ់។

របាយការណ៍ដែលមានការសហការផ្តល់ព័ត៌មានដោយអាជ្ញាធរតាមមូលដ្ឋានផងនោះ បានឲ្យដឹងទៀតថា ឧកញ៉ា ទ្រី ភាព បានទទួលដីសម្បទានពីរដ្ឋាភិបាលជិត៧ម៉ឺនហិកតា តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុនតូចៗ ហើយធ្វើសកម្មភាព គឺកាប់ឈើ។ របាយការណ៍ក៏បង្ហាញរូបភាពនៃភូមិគ្រឹះច្រើនកន្លែងរបស់ឧកញ៉ានេះ ដែលសង់ឡើងដោយមានរចនាដោយឈើប្រណិតដែលថ្លៃៗ តម្លៃរាប់លានដុល្លារ។

របាយការណ៍នេះ ឲ្យដឹងទៀតថា ឧកញ៉ាស្និទនឹងនាយករដ្ឋមន្ត្រីនេះ មានក្រុមហ៊ុនយ៉ាងតិច១៥ និងបានកាន់កាប់តំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅជាប់ព្រំដែនថៃ និងវៀតណាម។

តែទោះជាយ៉ាងណា នេះជាការអះអាងរបស់របាយការណ៍ស៊ើបអង្កេតនេះទេ ដោយVODមិនទាន់អាចសុំការឆ្លើយបំភ្លឹពីតំណាងឧកញ៉ា ទ្រី ភាព បាននៅឡើយទេ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍នេះ មិនផ្លូវការទេ៕

សេចក្ដីប្រកាសព័ត៌មាន ៖ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា

ទាញយករបាយការណ៍ ៖ ឃ្លាំមើលធុរៈកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ អំពីក្រុមហ៊ុន ទ្រី ភាព



សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

No comments: