Thursday, November 28, 2013

សង្គម​ស៊ីវិល៖ ការ​បោះឆ្នោត​ជាតិ កាល​ពី​ខែ​កក្កដា ពិត​ជា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​


សិក្ខាសាលា បង្ហាញ​​របាយការណ៍ ស្តីពី​ភាពមិនប្រក្រតី​នៃ​ដំណើរការ​

រៀបចំ​ការបោះ​ឆ្នោតជាតិ RFI/Siv Channa
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 27 វិច្ឆិកា 2013
ដោយ លី ម៉េងហួរ rfi

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM បាន​បង្ហាញ​នូវ​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី នៃ​ដំណើរការ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨​កក្កដា​កន្លង​មក។ ភាព​មិន​ប្រក្រតី​ទាំង​នោះ រួម​មាន៖ ការ​ដឹកជញ្ជូន​អ្នក​បោះឆ្នោត ពី​កន្លែង​មួយ ទៅ​បោះឆ្នោត​នៅ​កន្លែង​មួយ​ផ្សេង​ទៀត និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ មិន​ត្រឹមត្រូវ​ជា​ដើម។ ប៉ុន្តែ​ការ​រកឃើញ​ភាព​មិន​ប្រក្រតី​ធំ​ជាងគេ គឺ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា ជំទាស់​ពី​បក្ស​ប្រឆាំង ពិត​ប្រាកដ​មែន។

របាយការណ៍ ស្តីពី ភាពមិនប្រក្រតី នៃ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោតជាតិ កាលពី​ខែកក្កដា ត្រូវបាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានប្រកាស​ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី២៧វិច្ឆិកា​នេះ នៅ​ទីក្រុង​ភ្នំពេញ។ កិច្ច​ប្រជុំ​នោះ ក៏មាន​ការ​ចូលរួម​បកស្រាយ​បន្ថែម​ពី​វាគ្មិន មកពី​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និក​ហ្វិក និង​អង្គការ​ខុមហ្វ្រែល ជា​ដើម។

អនុសាសន៍​ច្រើន​ចំនុច ដែល​រួមមាន៖ ការចេញ​អត្តសញ្ញាណប័ណ្ណ​ដល់​ពល​រដ្ឋ​ខ្មែរ​គ្រប់​អាយុ ១៨ ឆ្នាំ សម្រាប់​កាន់​ទៅ​បោះឆ្នោត និង​ឈប់​ឲ្យ​មាន​លិខិតបញ្ជាក់​អត្តសញ្ញាណ​ជាដើម នឹង​ត្រូវបាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បញ្ជូន​ទៅកាន់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប នៅពេលឆាប់ៗនេះ ក្នុង​បំណង​កែលម្អ​ការបោះឆ្នោត លើកក្រោយៗ ឲ្យ​ត្រឹមត្រូវ និង​យុត្តិធម៌។
របាយការណ៍​ស៊ើបអង្កេត​ពីរ ដែល​បាន​រកឃើញ​នូវ​ភាពមិនប្រក្រតី ជុំវិញ​ការបោះឆ្នោតជាតិ កាលពី​ថ្ងៃទី២៨កក្កដា ក៏ត្រូវ​បានបង្ហាញ​នៅ​ព្រឹក​មិញ។ នោះ​គឺ​ការដឹកជញ្ជូន​អ្នកបោះឆ្នោត ពី​តំបន់​មួយ ឲ្យ​ទៅ​បោះឆ្នោត នៅ​តំបន់​មួយទៀត។ ហេតុការណ៍​នេះ កើតឡើង​នៅ​ខេត្តស្វាយរៀង និង​របាយការណ៍​មួយទៀត បញ្ជាក់​ពី​ការចេញលិខិត​បញ្ជាក់​អត្តសញ្ញាណ ដល់​អ្នកបោះឆ្នោត មិន​ត្រឹមត្រូវ ដែល​កើតឡើង​នៅ​ខេត្តបាត់ដំបង។

ការលើកឡើង​ពី​ការលួចបន្លំ​សន្លឹកឆ្នោត ដែល​នាំ​ឲ្យ​បក្សប្រឆាំង ជំទាស់​តវ៉ា​ទៅនឹង​លទ្ធផល​បោះឆ្នោត ក៏ត្រូវ​បាន លោក ណុប វី ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុ​ជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​បញ្ជាក់ថា ក៏មាន​លើកឡើង​ក្នុង​របាយការណ៍ ដែល​បង្ហាញ​នៅពេលនេះ​ផងដែរ។ តាម​លោក ណុប វី ការស្រាវជ្រាវ​ពិតជា​រកឃើញថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត ដូច​ការលើកឡើង​ពិតប្រាកដ​មែន។

ដោយ​ចាត់ទុក​សង្គម​ស៊ីវិល ដែល​ចេញ​របាយការណ៍​បោះឆ្នោត​ខាងលើ ថា​មិនដែល​និយាយ​ល្អ​ពី​ការបោះឆ្នោត លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប បាន​ស្វាគមន៍​នូវ​ការលើកឡើង​នោះ។ ប៉ុន្តែ​លោក​ថា គ.ជ.ប បាន​ដោះស្រាយ​តាមច្បាប់​រួច​អស់ហើយ លើ​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោតជាតិ កាលពី​ថ្ងៃ២៨កក្កដា។ ការបោះឆ្នោត​នោះ ក៏ត្រូវ​បាន​គ.ជ.ប ប្រជុំ​បូកសរុប ហើយ​រដ្ឋាភិបាល ក៏បាន​ប្រកាសថា នឹង​បើក​សិក្ខាសាលា​នៅពេលឆាប់ៗខាងមុខ ដើម្បី​ធ្វើ កំណែទម្រង់៕

No comments: