Wednesday, November 06, 2013

សាលា​ក្រុង​បន្ត​ចុះ​វាស់​ដី​ផ្ដល់​កម្មសិទ្ធិ​ជូន​អ្នក​បឹងកក់

ក្រុម​មន្ត្រី​សុរិយោ​ដី​វាស់​ស្ទុង​ដី​អ្នក​ភូមិ​បឹងកក់ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Vohar Cheath


អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​វាស់វែង​ដី​ជូន​អ្នក​ភូមិ​បឹងកក់ ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រៀប​ចំ​ឯកសារ​កាន់​កាប់​ដី​ស្រប​ច្បាប់​ជូន​ពួក​គាត់ តាម​ការ​ទាមទារ​យ៉ាង​ក្រាញ​ននៀល​របស់​អ្នក​ភូមិ​បឹងកក់ អស់​ជាង ១០​ឆ្នាំ​មក​ហើយ ពី​ការ​រំលោភ​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន ស៊ូកាគូ (Shukaku)។ តែ​សកម្មភាព​ចុះ​វាស់​ដី​នេះ ត្រូវ​បាន​អ្នក​ភូមិ​បឹងកក់ ខ្លះ​នៅ​មិន​ទាន់​មាន​ជំនឿ​លើ​អាជ្ញាធរ​នៅ​ឡើយ នៅ​ពេល​អ្នក​ភូមិ​ជាច្រើន​ទៀត​អបអរ​ចំពោះ​ការ​សម្រេច​នេះ។

ដោយ វោហារ ជាតិ RFA 2013-11-06


ជា​ថ្មី​ម្ដង​ទៀត មន្ត្រី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​វាស់វែង​ដី​អ្នក​ភូមិ​បឹងកក់ ចំនួន​ជាង ៣០​គ្រួសារ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ដើម្បី​បន្ត​គម្រោង​ផ្ដល់​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់​ជូន​អ្នក​ភូមិ​បឹងកក់ ដែល​នៅ​សេសសល់​សរុប ៧៦​គ្រួសារ ដែល​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​សម្រេច​កន្លង​ទៅ។

ការ​ចុះ​វាស់វែង​ដី​លើក​នេះ ត្រូវ​បាន​អ្នក​ភូមិ​បឹងកក់ ជា​ច្រើន​សាទរ ក៏ប៉ុន្តែ​មាន​អ្នក​ភូមិ​ខ្លះ​នៅ​មិន​ទាន់​ទុក​ចិត្ត​អាជ្ញាធរ​នៅ​ឡើយ៖ «សំឡេង​អ្នក​ភូមិ»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៣ លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស បាន​សម្រេច​ឲ្យ​ក្រុម​មន្ត្រី​ចុះ​វាស់វែង​ដី​ក្នុង​ទីតាំង​បឹងកក់ ទំហំ ១២,៤៤​ហិកតារ ជូន​អ្នក​ភូមិ​គ្រប់​គ្នា​ចំនួន ៧៦​គ្រួសារ រួម​ទាំង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់​ជូន​ពួក​គាត់​គ្រប់ៗ​គ្នា​ទៀត​ផង។ ក៏ប៉ុន្តែ ជំហាន​ដំបូង ក្រុម​មន្ត្រី​ត្រូវ​វាស់​ដី​ជូន​ជាង ៣០​គ្រួសារ​សិន។ ហើយ​នៅ​ថ្ងៃ​ទី​២៣ តុលា ក្រុម​មន្ត្រី​ក៏​បាន​ចុះ​ទៅ​វាស់វែង​ដី​ជូន​អ្នក​បឹងកក់ ដូច​សន្យា​មែន។ តែ​សកម្មភាព​នេះ ត្រូវ​បាន​ផ្អាក​វិញ​បន្ទាប់​ពី​បាន​អនុវត្ត​បាន​តែ​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ខ្លះ​មិន​ទុក​ចិត្ត ហើយ​គិត​ថា អាជ្ញាធរ​អាច​មាន​ល្បិចកល​អ្វី​ម្យ៉ាង។ រហូត​ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា ទើប​លេច​មុខ​ក្រុម​មន្ត្រី​ចុះ​វាស់​ដី​បន្ត​ទៀត។


ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ការ​អាក់ខាន​កន្លង​មក ដោយសារ​តែ​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម។ លោក​បន្ត​ថា អ្នក​ភូមិ​បឹងកក់ មិន​គួរ​ព្រួយ​ទៀត​ទេ ព្រោះ​ថា សាលា​រាជធានី​នៅ​តែ​គោរព​ពាក្យ​សន្យា​ដែល​បាន​ប្រកាស កាល​ពី​ថ្ងៃ​ទី​២២ តុលា ចំពោះ​មុខ​អ្នក​ភូមិ​បឹងកក់ ជាង ៣០​គ្រួសារ នោះ​ដដែល៖ «អត់​មាន​អី​បែង​ចែក​រើសអើង​អី​ទេ។ សំខាន់ គឺ​គោលការណ៍​សាលា​រាជធានី​ភ្នំពេញ គោលការណ៍​រាជ​រដ្ឋាភិបាល គឺ​យើង​ជា​អាជ្ញាធរ​ដែន​ដី យើង​ធ្វើ​រៀប​ចំ​នីតិវិធី​បែប​បទ​ជូន​បង​ប្អូន​ទាំងអស់ ដែល​ស្នាក់​នៅ​ហ្នឹង ដែល​យើង​បាន​ប្រកាស​ជូន​ពួក​គាត់​ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សលាកបត្រ​ត្រឹមត្រូវ ដែល​នឹង​ត្រូវ​ទទួល​បាន​កម្មសិទ្ធិ​ហ្នឹង គឺ​យើង​ធ្វើ​ដោយ​មិន​មាន​ការ​រើសអើង​និន្នាការ​អ្វី​ទាំងអស់ គឺ​ថា​យើង​បម្រើ​ជូន​បង​ប្អូន​ទាំងអស់»។

កាល​ពី​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ វិនិយោគ​បឹងកក់ ចំនួន ៧៩​លាន​ដុល្លារ រយៈពេល ៩៩​ឆ្នាំ​លើ​ដី ១៣៣​ហិកតារ ដែល​កាល​នោះ​មាន​ប្រជាពលរដ្ឋ​ជាង ៤.២០០​គ្រួសារ រស់​នៅ​លើ​បឹង​នេះ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នានា ថ្លែង​ថា ប្រជាពលរដ្ឋ​បឹងកក់ ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ ដោយ​ទទួល​សំណង​មិន​សមរម្យ ហើយ​នៅ​សល់​ជាង ៧០​គ្រួសារ បាន​តស៊ូ​ក្រាញ​ននៀល​មិន​ព្រម​ចាក​ចេញ​មក​ទល់​សព្វថ្ងៃ​នេះ៕

No comments: