Tuesday, November 26, 2013

រដ្ឋាភិបាល​ត្រៀម​ធ្វើ​សិក្ខា​សាលា​ជាតិ​ជំរុញ​កំណែ​ទម្រង់​បោះ​ឆ្នោត​នៅ​ចុង​ខែ​ធ្នូ


រជាពលរដ្ឋ​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ នាំ​គ្នា​តម្រង់​ជួរ​រង់ចាំ​
ចូល​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ RFA/Sek Bandith
រាជ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ឲ្យ​គណបក្ស​នយោបាយ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ ចូល​រួម​សិក្ខា​សាលា​ជាតិ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ ឬ​ចង់​កែ​ទម្រង់​បោះ​ឆ្នោត​ពិត​ប្រាកដ​ទេ គឺ​​ធ្វើ​សកម្មភាព​ដើម្បី​ចង់​បាន​ជំនួយ​បរទេស​ប៉ុណ្ណោះ។

ដោយ ដែន អយុធ្យា RFA 2013-11-26

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា រាជ​រដ្ឋាភិបាល​ត្រៀម​ធ្វើ​សិក្ខា​សាលា​ជាតិ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ ឬ​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត។

​លោក ស ខេង ឲ្យ​ដឹង​ដូច្នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ក្នុង​ឱកាស​លោក​ចូល​រួម​បិទ​បញ្ចប់​សន្និបាត​បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើស​​តាំង​​​តំណាង​រាស្ត្រ នីតិកាល​ទី​៥ រៀប​ចំ​ដោយ គ.ជ.ប នៅ​ខេត្ត​ព្រះសីហនុ។

សិក្ខា​សាលា​ជាតិ​កែ​ទម្រង់​បោះ​ឆ្នោត​នេះ លោក ស ខេង បាន​ស្នើ​ដល់​គណបក្ស​នយោបាយ សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ផ្នែក​ពាក់ព័ន្ធ ឲ្យ​ចូល​រួម​ពិភាក្សា​ឲ្យ​បាន​ស្រុះស្រួល​គ្នា ដើម្បី​ឈាន​ដល់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។
យ៉ាង​នេះ​ក្តី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់ និង​ចាត់​ទុក​គម្រោង​រៀប​ចំ​សិក្ខា​សាលា​ជាតិ កែ​ទម្រង់​បោះ​ឆ្នោត​របស់​រដ្ឋាភិបាល​ពេល​នេះ ថា​គ្រាន់​តែ​ចង់​បាន​ជំនួយ​បរទេស​ប៉ុណ្ណោះ៖ «សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ គេ​បាន​ឲ្យ​អនុសាសន៍​រួច​ហើយ។ ខាង​សហគមន៍​អឺរ៉ុប បាន​ឲ្យ​អនុសាសន៍​ជុំវិញ​ការ​កែ​ទម្រង់​បោះ​ឆ្នោត​ហើយ។ អង្គការ​សហប្រជាជាតិ ឲ្យ​បាន​ផ្តល់​អនុសាសន៍​ជុំវិញ​ការ​កែ​ទម្រង់​រួច​ហើយ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ទទួល​យក​​ផង​ហ្នឹង។ ដូច្នេះ​ហើយ ទោះ​បី​គាត់​កែ​ឥឡូវ​ក៏ដោយ តែ​គាត់​អត់​យក​ទៅ​អនុវត្ត​ផង​ហ្នឹង គ្រាន់​តែ​កែ​បន្លំ​ភ្នែក ដើម្បី​ចង់​បាន​ជំនួយ​បរទេស​តែ​ប៉ុណ្ណឹង​ទេ»។

លោក​ថ្លែង​ថា បើ​សិន​ជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​កែ​ទម្រង់​បោះ​ឆ្នោត​ពិត​ប្រាកដ​មែន​នោះ ត្រូវ​ទទួល​យក​អនុសាសន៍​ដែល​បក្ស​ប្រឆាំង ឬ​អង្គការ​សង្គម​ស៊ីវិល ពិសេស​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ផ្តល់​ជូន​រដ្ឋាភិបាល​កន្លង​មក ដាក់​បញ្ចូល​ទៅ​ក្នុង​កំណែ​ទម្រង់​នេះ៖ «ដូច្នេះ​ហើយ មិន​បាច់​ខំ​ទៅ​ធ្វើ​សិក្ខា​សាលា​អី​ទេ យក​តែ​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប យក​តែ​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ យក​តែ​អនុសាសន៍​ខាង​អង្គការ​ខុមហ្វ្រែល (Comfrel) ឬ​អនុសាសន៍​ខាង​អង្គការ​អិន.ឌី.អាយ (NDI) និង​អង្គការ​ផ្សេងៗ យក​មក​ធ្វើ​កំណែ​ទម្រង់​ទៅ​បាន​ហើយ។ ដូច្នេះ​ហើយ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​ការ​កែ​ទម្រង់​ពិត​ប្រាកដ​មែន យើង​មាន​អនុសាសន៍​ទាំងអស់​ហ្នឹង​យក​មក​សិក្សា​ទាំងអស់​គ្នា ប៉ុន្តែ​មិន​មែន​កែ​ទម្រង់​សម្រាប់​ទៅ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ទេ។ កែ​ទម្រង់​ហើយ​បោះ​ឆ្នោត​ភ្លាម ព្រោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ គឺ​អត់​ត្រឹមត្រូវ។ អ៊ីចឹង សុំ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​មុន​អាណត្តិ»។

​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់ លោក កឹម សុខា ដែរ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (Nicfec) មាន​ប្រសាសន៍​ថា បើ​មាន​តែ​កំណែ​ទម្រង់ ប៉ុន្តែ​គ្មាន​ការ​អនុវត្ត ក៏​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គ្មាន​ប្រសិទ្ធភាព​ដែរ។ លោក​សាទរ​រដ្ឋាភិបាល​ដែល​ចង់​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ដាក់​បញ្ជូន​ទៅ​ក្នុង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ឲ្យ​បាន​ច្រើន និង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៖ «បញ្ហា​សំខាន់ គឺ​ថា​តើ​អ្វី​ដែល​ជា​មតិ​យោបល់​របស់​អង្គ​សិក្ខា​សាលា​ហ្នឹង ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​សំខាន់ៗ​យក​ទៅ​ពិចារណា​ដែរ​ឬ​ទេ? នេះ​គឺ​ជា​ចំណុច​គន្លឹះ​ដែល​ខ្ញុំ​គិត​ថា ប្រសិទ្ធភាព​នៃ​សិក្ខា​សាលា ឬ​វេទិកា​សាធារណៈ គឺ​ផ្អែក​ទៅ​លើ​ការ​ទទួល​ស្គាល់ ឬ​ទទួល​យក​ដោយ​អ្នក​នយោបាយ​សំខាន់ៗ​របស់​ជាតិ​ហ្នឹង​ដែរ​ឬ​ទេ»។

​ទាក់ទិន​បញ្ហា​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​ថា ស្ថាប័ន​ខ្លួន​ក៏​បាន​ត្រៀម​សហការ និង​ចូល​រួម​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ប្រសើរ។ លោក​បន្ត​ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ម្តងៗ គ.ជ.ប បាន​បើក​ធ្វើ​សន្និបាត​ការងារ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ឈាន​ដល់​ធ្វើ​កំណែ​ទម្រង់​បោះ​​​ឆ្នោត​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត៖ «ព្រោះ​ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ ភាគី​សំខាន់ៗ​ទាំង​រាជ​រដ្ឋាភិបាល ទាំង​គណបក្ស​នយោបាយ ក៏​ដូច​ជា​អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន បាន​លើក​ឡើង​ពី​ឱកាស​កែ​ទម្រង់ កែលំអ​ការ​បោះ​ឆ្នោត។ អ៊ីចឹង តាម​ការ​បោះ​ឆ្នោត​កន្លង​មក ដែល​ពេល​យើង​ធ្វើ​ការ​កែលំអ ឬ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ហ្នឹង រាជ​រដ្ឋាភិបាល​តែង​ធ្វើ​ការ​ប្រជុំ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្រង់​មតិ​យោបល់ ហើយ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត។ រួម​មក​វិញ​នេះ ជា​ឱកាស​ល្អ​សម្រាប់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូល​រួម​ផ្តល់​យោបល់ ដើម្បី​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត​នេះ»។

​ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល គ្មាន​ជំនឿ​ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​រដ្ឋាភិបាល នឹង​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អនុសាសន៍​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​គណបក្ស​​ប្រឆាំង ដែល​បាន​ផ្តល់​ជូន​កន្លង​ទៅ ត្រូវ​រដ្ឋាភិបាល​ទាត់​ចោល៕

4 comments:

Anonymous said...

does this shit thief government doesn't know how to implement the free and fair election.

Anonymous said...

they know very well how to steal and manipulate all the times ...event shamelessly declared baseless 2 digits victory (68)

Anonymous said...

it is another tricky scenario, ...they pretend to be unintentional cheating and manipulation

Anonymous said...

ម​ធ្វើ​សិក្ខា​សាលា​ AH CHOY MRAY KBOT CHEAT.