RFA/Vann Vichar |
ដោយ ដែន អយុធ្យា RFA 2013-11-22
ស្របពេលដែលម្ចាស់ជំនួយបរទេស ឬមូលនិធិសកល (Global Fund) បានរកឃើញថា មានស្ថាប័នចំនួនពីរ ស្ថិតក្រោមឱវាទក្រសួងសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាលមួយ បានលួចបន្លំកិបកេងប្រាក់ជំនួយរួចមក ក្រុមអង្គការសង្គមស៊ីវិល ឬអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ស្នើឲ្យរដ្ឋាភិបាលបង្ហាញឆន្ទៈ ឬអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួនដែលបានដាក់ចេញក្នុងអាណត្តិទី៥ នៃរដ្ឋសភា។
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ យល់ថា ល្មមដល់ពេលដែលរដ្ឋាភិបាលបង្ហាញផែនការធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងអាណត្តិទី៥ ដើម្បីបង្ហាញម្ចាស់ឆ្នោត។ លោកបន្តថា អំពើពុករលួយ ឬភាពមិនប្រក្រតីនៅក្រសួងសុខាភិបាល ឬស្ថាប័នផ្សេងៗដែលមានបញ្ហា រដ្ឋាភិបាលត្រូវបង្កើតស្ថាប័នឯករាជ្យ ដើម្បីស៊ើបអង្កេត និងនាំខ្លួនអ្នកប្រព្រឹត្តិ ឬថ្នាក់ដឹកនាំស្ថាប័នទាំងនោះមកផ្ដន្ទាទោស បើសិនរកឃើញកំហុស។
លោក សុខ ទូច ដែលជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមរៈ ផងនោះ ថ្លែងថា ដរាបណារដ្ឋាភិបាលគ្មានវិធានការក្តៅ ឬដាក់ទោសទណ្ឌទៅអ្នកប្រព្រឹត្តិកំហុសឆ្គងទេ កំណែទម្រង់ស៊ីជម្រៅដែលប្រមុខដឹកនាំដាក់ចេញក្នុងអាណត្តិទី៥ នឹងគ្មានប្រសិទ្ធភាពទេ។ ជាងនេះ រដ្ឋាភិបាលខ្លួនឯងក៏នឹងអាចបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ ឬម្ចាស់ឆ្នោតថែមទៀត។
ស្រដៀងគ្នាដែរ លោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ ឲ្យដឹងថា បញ្ហាក្តៅគគុកនៅក្រសួងសុខាភិបាល រដ្ឋាភិបាលគួរមានវិធានការជាបន្ទាន់ ដើម្បីជាការឆ្លើយតបនឹងកំណែទម្រង់របស់ខ្លួន។ ហើយថា រដ្ឋាភិបាលគួរលើកក្រសួងមួយ ឬពីរមកអនុវត្តរកឲ្យឃើញសខ្មៅជាគំរូ មុននឹងអនុវត្តទៅក្រសួងផ្សេងៗទៀត។
លោក កែម ឡី និយាយថា កំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលអាណត្តិទី៥ នឹងអាចមានប្រសិទ្ធភាពច្រើន បើរដ្ឋាភិបាលមានផែនការត្រឹមត្រូវ។ តែលោកថា នឹងមិនទទួលជោគជ័យទេ បើកំណែទម្រង់មានតែនៅលើក្រដាស ឬបបូរមាត់ថ្នាក់ដឹកនាំ ហើយគ្មានការអនុវត្តនោះ។ លោកថា កាលៈទេសៈនេះ រដ្ឋាភិបាលគួរលើកយកក្រសួងសុខាភិបាល មកបើកការស៊ើបអង្កេតជាគំរូ ដើម្បីឆ្លើយតបទៅម្ចាស់ជំនួយបរទេសផង ឬជាការឆ្លើយតបការធ្វើកំណែទម្រង់របស់ខ្លួន។
បញ្ហានៅក្រសួងសុខាភិបាល នេះដែរ បុគ្គលិកសុខាភិបាលមួយចំនួនដែលកំពុងបម្រើការងារក្នុងស្ថាប័ននេះ បានលើកយកបញ្ហាធំៗចំនួន ៣សំខាន់ ចោទ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី យក់ សម្បត្តិ ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល ថាបានឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយក្រុមហ៊ុនដេញថ្លៃផ្គត់ផ្គង់ឱសថបរិក្ខារពេទ្យ ដែលក្រសួងបានអនុវត្តនៅខែធ្នូ ជារៀងរាល់ឆ្នាំមានទឹកប្រាក់រាប់លានដុល្លារ។
ក្រុមបុគ្គលិកសុខាភិបាល ស្នើមិនបញ្ចេញឈ្មោះបានចាត់ទុកការដេញថ្លៃឱសថបរិក្ខារពេទ្យ តាមរបៀបចងមុង ឬមានក្រុមហ៊ុនតែមួយអាចដេញថ្លៃបានជារៀងរាល់ឆ្នាំ នាំឲ្យមានអំពើពុករលួយធ្ងន់ធ្ងរក្នុងស្ថាប័នសុខាភិបាល។
ប្រភពឲ្យដឹងថា ការដេញថ្លៃឱសថបរិក្ខារពេទ្យប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានតែក្រុមហ៊ុនរបស់យាយភូ មួយទេដែលអាចដេញថ្លៃបានទៅលើឱសថបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗប្រចាំឆ្នាំនៅក្រសួងសុខាភិបាល ហើយមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។
ជាងនេះ ក្រុមបុគ្គលិកសុខាភិបាល បានចោទថា នៅក្រសួងសុខាភិបាល ក៏មានករណីកេងប្រវ័ញ្ចប្រាក់បង់វិភាគទានប្រចាំខែរបស់សមាជិកគណបក្សនៅខណ្ឌសែនសុខ និងពុករលួយ ឬបក្ខពួកចំពោះការតែងតាំង ឬផ្លាស់ប្ដូរតួនាទីបុគ្គលិកសុខាភិបាល មិនយុត្តិធម៌ និងខុសច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការជាដើម។
បុគ្គលិកសុខាភិបាល បញ្ជាក់ថា អំពើពុករលួយ ឬគ្រួសារនិយមដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបក្ខពួក បានប្រព្រឹត្តក្នុងអាណត្តិលោក ជាដើមហេតុនាំឲ្យបុគ្គលិកសុខាភិបាលថ្នាក់ក្រោមមិនពេញចិត្ត និងទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ជូនពួកគេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីបំភ្លឺចំពោះការចោទប្រកាន់របស់បុគ្គលិកខ្លួនបានទេតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។
ចំណែកលោកបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់ធ្វើអត្ថាធិប្បាយចំពោះបញ្ហាកើតមាននៅក្រសួងសុខាភិបាល នេះទេ។ ប៉ុន្តែ កន្លងមក លោកធ្លាប់បានស្នើដល់ប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធដែលមានបញ្ហាឲ្យដាក់ពាក្យបណ្ដឹងប្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតនឹងឈានដល់មានវិធានការតាមផ្លូវច្បាប់។
ទោះជាបែបណា ក្រុមបុគ្គលិកក្រសួងសុខាភិបាល បានទទូចដល់អង្គភាពប្រឆាំងអំពើពុករលួយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតចំពោះអំពើពុករលួយនៅក្រសួងសុខាភិបាល ឲ្យបានឆាប់។
លោក ភួង សុវណ្ណ ទីប្រឹក្សាសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងជាប្រធានសហជីពសេវាកម្មអាស៊ានប្រចាំប្រទេសកម្ពុជា ក៏បានទទូចដល់រដ្ឋាភិបាល ត្រូវបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតអំពើពុករលួយនៅក្រសួងសុខាភិបាល ជាបន្ទាន់។ លោកថា បើរកឃើញកំហុសឆ្គងដូចការចោទប្រកាន់មែននោះ ត្រូវមានវិធានការចំពោះអ្នកទទួលខុសត្រូវស្ថាប័ននេះតាមផ្លូវច្បាប់។
ចំណែក លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏ចង់ឃើញធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលនៅតាមក្រសួងនានា ដែលមានបញ្ហាពុករលួយ ឬបក្ខពួកនិយម ដែល លោក ហ៊ុន សែន ដាក់ចេញនេះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៥ បានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅនៅតាមក្រសួង ឬស្ថាប័នរដ្ឋនានា ដែលមានកំហុសឆ្គង។ ក្នុងនោះ ប្រមុខដឹកនាំក៏បានព្រមានចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទនៅតាមក្រសួងទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ឬក្រសួងបក្ខពួក ឬគ្រួសារនិយមជាដើម។
កំណែទម្រង់នេះសម្រាប់មន្ត្រីសង្គមស៊ីវិល មួយចំនួន ដែលកំពុងតាមដានទៅលើសកម្មភាពធ្វើកំណែទម្រង់របស់ប្រមុខរដ្ឋាភិបាល បានបង្ហាញជំនឿថា អាចនឹងមានផលវិជ្ជមានច្រើន។
ក្រុមអង្គការសង្គមស៊ីវិលខ្លះមើលឃើញថា រដ្ឋាភិបាលអាណត្តិទី៥នេះ បានចាប់ផ្ដើមអនុវត្តកំណែទម្រង់របស់ខ្លួនជាបណ្ដើរៗហើយ ហើយពួកគេមានជំនឿថា កំណែទម្រង់ស៊ីជម្រៅដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចេញ ទំនងជាអាចមានផលវិជ្ជមានច្រើន៕
4 comments:
Dear brothers and sisters, who you would pick. The international court of justice in Cambodia at this time has brought the Khmer Rouge to justice because their responsibilities in genocide case that Kieu Samplan, Nuon Chea and other cadres have denied time and time that they did NOT commit any crime against humanity. Why should Cambodia put Mr. Mam BuhHeng the head of the Heath Department to trial. Think about it. Who is his supervisor. Guest what. He is the responsible party. Don't you think so. Please speak louder.
Mr. Mam Bun Heng is not corrupted. Because he needs to make a living. His standard is higher than us. Eat the fruit must think about the tree planter if not tree must be removed. You ain't no fruit to eat any more. That's Cambodian system; Cambodian rules, corruption doesn't count at all. Don't bring that up any more; who care? n
Cheam yeap est un criminel qu il a eu l intention de tuer les populations khmers sans crainte de loi du pays, car au cambodge pour quelqu un a le pourvoi comme ce minable, la justique khmer doit le cédé, voila la loi de la gouvernement d esclavage youn.
Strong man shows his muscle! Maybe he forgot what he talked caused he used to....
Post a Comment