http://www.youtube.com/watch?v=sEiHSNGNs2k&feature=youtu.be
.................................................
ដោយ៖ ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន | ថ្ងៃអង្គារ៍ ទី26 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 03:47 PM VOD“អើ ចំណុចដែលខ្ញុំដក់ក្នុងអារម្មណ៍ហើយឈឺចាប់ខ្លាំង គឺដំបូងបង្អស់ដែលខ្ញុំចូលទៅដល់ពន្ធនាគារព្រៃសចា ខ្ញុំចូលទៅដល់មន្ដ្រីក្នុងហ្នឹងគេធ្វើកំណត់ហេតុគេសួរថា ខ្ញុំទោសអី ហើយខ្ញុំអត់ដឹងថា គេចាប់ខ្ញុំមកទោសអីទេពេលភ្លាមហ្នឹង ខ្ញុំអត់ទាន់ដឹងហើយគេមិនទាន់ឲ្យមេធាវី ឫក្រុមគ្រួសារទៅជួប ហើយគេបោះអាវខៀវ អាវខៀវមួយកំប្លេ” ។
បង់កក្រម៉ា រាងកាយស្លេកស្លាំង អារម្មណ៍ភ្លេចភ្លាំង នោះគឺជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលទើបតែចេញពីពន្ធនាគារកាលពីចុងសប្តាហ៍មុន។ អ្នកស្រី យ៉ោម បុប្ផា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានVOD ទាំងទឹកភ្នែក អំពីជីវិតក្នុងពន្ធនាគារ តាំងពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ ៖ “អនិច្ចាវាសនាបុប្ផាកំសត់ រស់ឆ្ងាយខ្ចាតព្រាត់ជាប់ក្នុងទ្រុងដែក ពេលនឹកបុត្រភ្ងា ខំយំខំស្រែក តឹងទ្រូងស្ទើបែកទ្រុងដែកចង្រៃ អនិច្ចាវាសនាបុប្ផាជាប់ចោទ អាជ្ញាធរបញ្ឆោតភូតបោកចាប់ទៅ[ចំរៀង]” ។
នៅពេលសួរថា តើអ្វីដែលដក់ជាប់ក្នុងចិត្តរបស់អ្នកស្រីខ្លាំងជាងគេ ពេលកំពុងរស់នៅក្នុងពន្ធនាគារជាង១ឆ្នាំមកនេះ?
អ្នកស្រី យ៉ោម បុប្ផា បានហៅស្ថានភាពរស់នៅក្នុងពន្ធនាគារព្រៃសរ ថា ជាភពងងឹតសម្រាប់អ្នកដែលគ្មានកំហុស តែត្រូវកាត់ទោសដោយអយុតិ្ដធម៌។ បើតាមអ្នកស្រី អ្នកទោសជាច្រើននាក់ទៀត ដែលអ្នកជួបពួកគេទាំងនោះ ទ្រាំរស់ទាំងការឈឺចាប់ ដោយសារពួកគាត់ត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ ហើយអ្នកខ្លះឈានដល់វិកលចរិត ឬធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ក្នុងពន្ធនាគារក៏មាន ៖ “ខ្ញុំហៅថា ជាមានភ័ព្វសំណាងជាងគេបន្ដិចហើយដោយសារថា មានសហគមន៍ជាតិ អន្ដរជាតិ បងប្អូនសហគមន៍ផ្សេងៗ ហើយក៏មានអ្នកកាសែតឯករាជ្យ ជាតិ អន្ដរជាតិអីគាត់ជួយឃ្លាំមើលជួយទាមទារជួយរកយុត្ដិធម៌ជួយផ្សាយឲ្យនោះណាស់ ប៉ុន្ដែជាអកុសលចំពោះអ្នកផ្សេងៗដែលគាត់គ្មានសំណាងរកយុត្ដិធម៌គាត់ត្រូវគេងឈឺចាប់នៅក្នុងគុកអស់មួយជីវិតដោយ ភាពអយុត្ដិធម៌របស់សង្គម របស់រដ្ឋាភិបាលហ្នឹងចា” ។
សកម្មជនដីធ្លី វ័យ៣០ឆ្នាំ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនប្រុសស្រី៤នាក់នេះ ត្រូវបានឃុំក្នុងបន្ទប់ប្រមាណ៥គុណ និងជិត២០ម៉ែត្រ ដែលមានអ្នកទោសប្រមាណ១០០នាក់។ ពួកគាត់ត្រូវដេកប្រជ្រៀតបគ្នា ស្ទើរតែប្រែខ្លួនមិនរួច។ អ្នកស្រីបន្តថា រីឯការបរិភោគវិញ ពេលខ្លះបាយឆៅ ពេលខ្លះបាយខ្លោច តែគាត់មានវាសនាល្អជាងអ្នកទោសក្រីក្រនៅទីនោះ ដោយសារមានអង្គការ និងបងប្អូនសហគមន៍បឹងកក់ជួយឧបត្ថម្ភ ទើបគាត់អាចមានថវិកាខ្លះក្នុងការទិញបាយ ទឹក សម្រាប់បរិភោគ ៖ “ញ៉ាំបាយរបបហ្នឹងអត់មានរស់ជាតិអីទាំងអស់បើអ្នកដែលមានលុយគេអាចឲ្យប៉ូលិសហ្នឹងទៅទិញ បើនៅព្រៃសគេមានកន្លែងលក់ទំនិញគេនៅក្នុងហ្នឹង ប៉ុន្ដែវាថ្លៃ តម្លៃនៅក្នុងហ្នឹងវាថ្លៃ អីក៏ថ្លៃ ហើយបើយើងចង់បានអីវាបានប៉ុន្ដែយើងត្រូវប្រើប៉ូលិសឲ្យថ្លៃឈ្នួលប៉ូលិសហ្នឹងទៅទិញឲ្យយើង” ។
បន្ទាប់ពីសកម្មជនដីធ្លីរូបនេះជាប់ពន្ធនាគារ កូនប្រុសរបស់អ្នកស្រី យ៉ោម បុប្ផា ឈ្មោះ លីហួរ អាយុ៩ឆ្នាំ បានចេញមុខដើស្រែកស្ទើរគ្រប់ទីកន្លែង ស្វែងរកការដោះលែងម្តាយគេ។ ចំណែកការសិក្សា មិនបានទៀងទាត់ឡើយ។
អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់ថា នៅក្នុងពន្ធនាគារមិនមានវិន័យនោះទេ ហើយអ្នកទោសទាំងនោះមិនបានទទួលការអប់រំឲ្យពួកគេក្លាយជាពលរដ្ឋល្អពេលចេញពីពន្ធនាគារវិញដែរ។ អ្នកស្រីថា អ្នកមានលុយអាចមានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន តែអ្នកក្រវិញត្រូវរស់នៅយ៉ាងវេទនា ក្នុងពន្ធនាគារខ្វះអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ធ្វើឲ្យអ្នកទោសជាច្រើននាក់ធ្លាក់ខ្លួនឈឺ ៖ "មិនសូវមានគោរពវិន័យអ្វីត្រឹមត្រូវទេ ហើយពេលខ្លះមានមន្ត្រីពន្ធនាគារ យកតាំងពីគ្រឿងខុសច្បាប់ មានស្រា មានបារី មានជួនកាលដល់គ្រឿងញៀនទៀតចូលទៅក្នុងនោះ ហើយអ្នកដែលជាប់ឃុំខ្លះនោះ មាននៅសេពគ្រឿងញៀននៅខាងក្នុងនោះទៀត ហើយខ្ញុំឃើញទិដ្ឋភាពនៅក្នុងនោះ វាមិនមែនជាកន្លែងកែប្រែទេ"។
សកម្មជនដីធ្លី រូបនេះឲ្យដឹងទៀតថា តែគាត់បានធូរស្បើយ នៅពេលដែលគាត់ត្រូវបានផ្លាស់មកឃុំនៅ ពន្ធនាគារ PJ ក្នុងស្នងការនគរបាលរាជធានីភ្នំពេញ ព្រោះនៅទីនោះមិនសូវចង្អៀត និងមានទឹកស្អាតប្រើប្រាស់។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន មានប្រសាសន៍យ៉ាងខ្លីថា កាលពីមុនពន្ធនាគារព្រៃសរ ពិតជាចង្អៀតណែនមែន តែនៅឆ្នាំ២០១៣នេះ ខាងពន្ធនាគារបានពង្រីកបន្ទប់បន្ថែមជិត២០០បន្ទប់ទៀត។
មន្ត្រីទំនាក់ទំនងពន្ធនាគាររបស់អង្គការ លីកាដូ កញ្ញា ង៉ែត សុគន្ធ មានប្រសាសន៍ថា ក្នុងពន្ធនាគារព្រៃសរ មានអ្នកទោសជិត៧០០នាក់ កំពុងជាប់ឃុំខ្លួនគិតត្រឹមខែតុលា ក្នុងនោះមានទាំងអ្នកទោសកម្រិតស្រាល ជនសង្ស័យ និងអ្នកដែលឃុំខ្លួនដោយមិនទាន់ចេញសាលដីការ ឬដីការជាស្ថាពរមានចំនួនច្រើន ដែលធ្វើឲ្យពន្ធនាគារបន្តចង្អៀត។ កញ្ញាថា រហូតមកដល់ពេលនេះពន្ធនាគារ PJ ដែលធ្លាប់តែទូលាយក៏ក្លាយជាចង្អៀតណែនដែរ ធ្វើឲ្យអ្នកជាប់ឃុំមានសុខភាពមិនសូវល្អ ខណៈពេទ្យមានតិចតួចមិនអាចបំពេញតម្រូវការអ្នកទោសដ៏ច្រើននេះ ៖ "គាត់មិនមានខ្យល់អាកាសចេញចូល បានគ្រប់គ្រាន់ទេ អញ្ជឹងធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើម មិនត្រឹមប៉ុណ្ណឹង នៅពេលដែលហប់ ធ្វើឲ្យកើតរមាស់ កើតអ្វីផ្សេងៗ ហើយក៏មានរាគរូស"។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ការផ្តន្ទាទោសអ្នកស្រី យ៉ោម បុប្ផា ធ្វើឡើងបន្ទាប់ពីគាត់ចេញមុខដឹកនាំសហគមន៍ស្វែងរកអន្តរាគមន៍គ្រប់ទិសទី ដើម្បីឲ្យដោះលែងតំណាងរបស់គាត់នៅតំបន់បឹងកក់ចំនួន១៥នាក់ ដែលអាជ្ញាធរចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ក្នុងរឿងដីធ្លី។
ក្រោយមកសាលាឧទ្ទណ៍ប្តូរបទចោទអ្នកស្រីទៅជាបទផ្តួចផ្តើមឲ្យមានហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់២០លានរៀល។ ប៉ុន្តែអ្នកសង្កេតការណ៍ផ្នែកសិទ្ធិមនុស្ស អះអាងថា ការកាត់ទោសនោះ គ្រាន់តែចង់បំបាក់ស្មារតីសកម្មជនដីធ្លី។
៤៤៥ថ្ងៃ កន្លងផុតទៅទើបតុលាការកំពូលសម្រេចឲ្យអ្នកស្រីយ៉ោម បុប្ផា នៅក្រៅឃុំ បណ្តោះអាសន្ន ដោយសាររកឃើញថា ការផ្តន្ទាទោសរបស់សាលាឧទ្ធរណ៍នៅមានភាពខ្វះចន្លោះ និងបង្វិលសំណុំរឿងនេះឲ្យឧទ្ធរណ៍ស៊ើបអង្កេតឡើងវិញ ៖ "ខ្ញុំយល់ថា គង់មានថ្ងៃណាមួយ ខ្ញុំនឹងទទួលបានភាពយុត្តិធម៌មិនខាន"។
យ៉ាងនេះក្តី ម្តាយរបស់អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី សាបូ សុត វ័យ៦០ឆ្នាំ មានប្រសាសន៍ថា ការចាប់កូនស្រីរបស់គាត់ពិតជាអយុតិ្ដធម៌បំផុត ព្រោះកូនរបស់គាត់ជាមនុស្សស្រីទន់ខ្សោយ មិនអាចទៅវាយធ្វើបាបគេនោះទេ។ អ្នកស្រីថា គាត់នៅតែព្រួយបារម្ភ ព្រោះខ្លាចករណីកូនស្រីរបស់គាត់ ដូចករណី ប៊ន សំណាង និង សុខ សំអឿន ៖ "ខ្ញុំកំពុងតែព្រួយបារម្ភពេលតុលាការ ដែលមិនទាន់បានលើកលែងទោស កូនស្រីខ្ញុំឲ្យទៅតុលាការឧទ្ធរណ៍ ខ្ញុំកំពុងតែព្រួយបារម្ភដូច ប៊ន សំណាង នោះទៀត។ គាត់តុលាការកំពូល គាត់ចាប់លើកលែងហើយ គាត់ឲ្យទៅឧទ្ធរណ៍វិញហើយ បើមានអ្វីគេចាប់យកទៅដាក់ពន្ធនាគារវិញ"។
បើទោះជាសុខភាពមិនទាន់ល្អប្រសើរដូចមុនក្តី អ្នកស្រី យ៉ោម បុប្ផា បានប្រកាសថា គាត់មានថ្ងៃនេះដោយសារ សហគមន៍ជាតិ និងអន្តរជាតិ និងប្រជាសហគមន៍ជួយគាត់ ដូច្នេះគាត់នឹងបន្តសកម្មភាពចេញមុខជួយតវ៉ាឲ្យប្រជាពលរដ្ឋដែលរងការរំលោភបំពានដីធ្លី នៅទូទាំងប្រទេសបន្តទៀត៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
2 comments:
In Cambodia,the high rank and the rich people sit on the law and the poor sit under the law.
Stand up and find the justice, so we need to change this communist system.
She must stop calling Hun Sen samdach.
Loak is Ok.
Post a Comment