ផ្កានិងគ្រឿងបូជាដែលដាក់ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ លើស្ពានពេជ្រក្រោយកើតហេតុ។ រូបថត ហេង ជីវ័ន |
ភ្នំពេញៈ សមាជិកគណបក្សសង្គ្រោះជាតិប្រមាណជា ២០០ នាក់បានមកជួបជុំគ្នា ប្រារព្ធពិធីសូត្របុង្សកូល ឧទ្ទិសកុសល្យជូនអ្នកស្លាប់ដោយសាររត់ជាន់គ្នានៅលើស្ពានពេជ្រ នៅតំបន់កោះពេជ្រកាលពីយប់ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអ៊ុំទូក កាលពីឆ្នាំ២០១០។
ពិធីជួបជុំនោះធ្វើឡើងនៅស្តូបរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅកោះពេជ្រ នារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយគ្មានការរារាំងពីអាជ្ញាធរឡើយ។
លោក សម រង្ស៊ី និងលោក កឹម សុខា មិនបានមកចូលរួមដោយផ្ទាល់នៅក្នុងពិធីបុង្សកូលនេះទេ ខណៈពេលលោកទាំងពីរកំពុងនៅឯខេត្តស្វាយរៀង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងគៀងគរដើម្បីត្រៀមខ្លួនធ្វើមហាបាតុកម្មសារជាថ្មីទៀតនៅពេលខាងមុខ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមគ្រួសារជនរងគ្រោះនៅស្ពានកោះពេជ្រ ក៏បានរៀបចំឧទ្ទិសកុសលជូនដល់អ្នកដែលស្លាប់ក្នុង ហេតុការណ៍នេះ ខណៈពេលដែល សាលារាជធានីភ្នំពេញគ្រោងនឹងប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើស្ពាន ពេជ្រ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅថ្ងៃសុក្រ ទី២២ វិច្ឆិកា ស្អែកនេះផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីស្តីពីការប្រារព្ធពិធី បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុលើ ស្ពានពេជ្របានឲ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអភិបាល ប៉ា សុជាតិវង្ស និងមន្រ្តីជាច្រើននាក់ទៀត ដោយមានពិធីរាប់បាត្រប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ១០៨ អង្គផង ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះ។
គួររំឭកថា ហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្របណ្តាលឲ្យមានមនុស្ស ៣៥៣ នាក់ ស្លាប់និងរាប់រយនាក់ទៀតរងរបួស។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយរកមូលហេតុនៃការ រត់ជាន់គ្នានេះ ប៉ុន្តែ ជាការសន្និដ្ឋានក្រោយមក រាជរដ្ឋាភិបាលបានប្រកាសថាជាហេតុការណ៍ដែលកើតឡើងដោយចៃដន្យ តែប៉ុណ្ណោះ ហើយក៏គ្មានមន្រ្តីណាម្នាក់ត្រូវបានដាក់ទោសឬទទួលខុសត្រូវលើ រឿងនេះដែរ៕
No comments:
Post a Comment