Sunday, November 10, 2013

នយោបាយ​ជាប់​គាំង​ជះ​ឥទ្ធិពល​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់


ស្ថាន​ភាព​រស់នៅ​របស់​ពលរដ្ឋ​​រងគ្រោះ​ដោយ​ទឹក​ជំនន់​ នៅភូមិ​ព្រែក​តូច ឃុំ​ទន្លេបិទ ស្រុក​ត្បួងឃ្មុំ
 ​ខេត្ត​កំពង់ចាម ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៣។ RFA/Saut Sok Prathna

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ មក​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ ទោះ​បី​ជា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្យាយាម​រក​ដំណោះស្រាយ ដោយ​ធ្វើ​ការ​ចរចា​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ជាច្រើន​លើក​មក​ហើយ​ក្ដី តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-09

ភាព​ជាប់​គាំង​នយោបាយ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​ហាក់​មិន​បាន​គិតគូរ​អំពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ធំ​ទេ អ្នក​នយោបាយ​គិត​តែ​ពី​រឿង​យក​ឈ្នះ​ចាញ់​ជា​រឿង​ចាំបាច់​ជាង។ ផ្ទុយ​ទៅ​វិញ ស្ថានភាព​ប្រជាពលរដ្ឋ​ជាង ១​លាន​គ្រួសារ​កំពុង​ជំពាក់​បំណុល​ធនាគារ និង​គ្មាន​លទ្ធភាព​សង​វិញ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​ជាប់​គាំង និង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ផង​នោះ។

ស្ថានភាព​នយោបាយ​ជាប់​គាំង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​អស់​រយៈពេល​ជាង ៣​ខែ​មក​នេះ គួប​ផ្សំ​នឹង​ប្រជាពលរដ្ឋ​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ និង​គ្រោះ​ទឹក​ជំនន់​ផង ជា​ឧបសគ្គ​ដ៏​ចម្បង​ចំពោះ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស។


បញ្ហា​ដ៏​ចម្បង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​ជា​បញ្ហា​ជំពាក់​បំណុល​ធនាគារ និង​ជំពាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ បន្ទាប់​ពី​ទឹក​ជន់​លិច​ដំណាំ​កសិផល ឬ​មិន​អាច​ប្រកប​អាជីវកម្ម​បាន​នោះ។

រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ទាំងអស់ ពន្យារ​ពេល​សង​បំណុល និង​អនុគ្រោះ​មិន​ផាក​ពិន័យ​ដល់​ប្រជាពលរដ្ឋ​ជា​កូន​បំណុល នៅ​ក្រោយ​ពេល​កម្ពុជា បាន​ជួប​ប្រទះ​គ្រោះ​ធម្មជាតិ និង​ទឹក​ជំនន់​នោះ ដែល​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ។

សេចក្ដី​អំពាវនាវ​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៣ បាន​ស្នើ​បី​ចំណុច​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ គឺ​ទី​១ ចំពោះ​ប្រជាពលរដ្ឋ​កំពុង​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ទឹក​ជំនន់ គ្រោះ​ធម្មជាតិ គ្មាន​លទ្ធភាព​សង​នោះ កុំ​បង្ខំ​ឲ្យ​ពួក​គាត់​លក់​ផ្ទះ ដីធ្លី ដែល​ជា​ទ្រព្យ​បញ្ចាំ​នោះ។ ទី​២ ចំពោះ​ឥណទាន​ដល់​កាល​កំណត់​សង សូម​ពិនិត្យ​លទ្ធភាព​ពន្យារ​ពេល​សង និង​អនុគ្រោះ​ការ​ផាក​ពិន័យ​មិន​យក​ការ​ប្រាក់ ឬ​យក​ការ​ប្រាក់​ទាប ដែល​អាច​ធ្វើ​ទៅ​បាន។ ទី​៣ សូម​ពិនិត្យ​ឥណទាន​បន្ថែម​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ អាច​ស្ដារ​ជីវភាព​ឡើង​វិញ តាម​រយៈ​ធ្វើ​ស្រូវ​ប្រាំង ស្រូវ​ប្រដេញ​ទឹក ការ​ដាំ​ដុះ​ដំណាំ និង​អាជីវកម្ម​ផ្សេងៗ។

ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​៧ វិច្ឆិកា ទាមទារ​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​បី​ចំណុច មាន​ខ្លឹមសារ​ប្រហាក់​ប្រហែល​គ្នា ដែល​សុំ​អនុគ្រោះ​ឲ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​នោះ។

បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដោយសារ​គ្រោះ​ធម្មជាតិ និង​ទឹក​ជំនន់​នេះ បាន​កើត​មាន​ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ។ អ្នកស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ត្រៀម​កញ្ចប់​ថវិកា​ជាតិ​ដើម្បី​ជួយ​ដល់​អ្នក​រងគ្រោះ​ទាំង​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​ថា បញ្ហា​ទាំង​នេះ​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយ ត្រូវ​តែ​ទុក​ឲ្យ​វិស័យ​ឯកជន​ជា​អ្នក​សម្រេច។ លោក​បន្ថែម​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មាន​ចក្ខុវិស័យ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​រីក​ចម្រើន​នៅ​ក្រោយ​ពេល​ខ្ចី​ប្រាក់​ឥណទាន​យក​ទៅ​ធ្វើ​អាជីវកម្ម​នោះ ហើយ​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​ក៏​ជា​ជោគជ័យ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សេដ្ឋកិច្ច​ទីផ្សារ​សេរី គឺ​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​សេរី ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល ឬ​ស្ថាប័ន​ណា​មួយ​នោះ​ឡើយ។ ប៉ុន្តែ នៅ​ពេល​វិស័យ​ឯកជន​មាន​វិបត្តិ​អ្វី​មួយ​កើត​ឡើង ស្ថាប័ន​ឯកជន​ទាំង​នោះ​ជា​អ្នក​ដោះស្រាយ​ដោយ​ខ្លួន​ឯង។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​មាន​តួនាទី​ត្រឹម​តែ​ជា​អ្នក​សម្រប​សម្រួល ឬ​ឧបត្ថម្ភ​ធន​ទៅ​វិស័យ​ឯកជន ឬ​ទៅ​អ្នក​រងគ្រោះ​ដោយ​ផ្ទាល់។

អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​ពន្យល់​ថា ដើម្បី​ឲ្យ​ផ្នែក​ឯកជន​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច និង​ជា​អ្នក​បង្កើត​ការងារ រដ្ឋ​ចាំបាច់​ត្រូវ​បង្កើត​ឡើង​នូវ​ក្របខ័ណ្ឌ​បទដ្ឋាន និង​ក្របខ័ណ្ឌ​ស្ថាប័ន​មួយ​សមស្រប ដែល​វិនិយោគិន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មាន​ជំនឿ​សម្រាប់​កិច្ចការ​វិនិយោគ​របស់​គេ។

ប្រធាន​សមាគម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី បាន​បន្ថែម​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ព្យាយាម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ឲ្យ​ទាប​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ក៏ប៉ុន្តែ ប្រតិបត្តិ​ករ​ក៏​គិតគូរ​ពី​ម្ចាស់​ទុន ដែល​បាន​ឲ្យ​ខ្ចី​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​ខ្ចី​នោះ បើ​សិន​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បន្ទាប​ការ​ប្រាក់​ខ្លាំង​ដល់​អតិថិជន នៅ​ពេល​នោះ ស្ថាប័ន​ហិរញ្ញវត្ថុ​នឹង​ប្រឈម​នឹង​ការ​ហានិភ័យ​ជា​ម្ចាស់​ទុន​នៅ​បរទេស​ឲ្យ​មក​វិនិយោគ​នោះ។

លើស​ពី​នេះ​ទៀត នៅ​ក្នុង​បរិបទ​ស្ថានភាព​នយោបាយ​ជាប់​គាំង​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​បាន​លើក​ឡើង​ថា ក៏​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ដែរ ពីព្រោះ​ថា តំណាង​រាស្ត្រ​ទាំងអស់​ដែល​ជាប់​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​មិន​មាន​ពេល​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​គ្រប់គ្រាន់ និង​ធ្វើ​គោល​នយោបាយ​ទៅ​រដ្ឋាភិបាល ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ ដូច​ជា ការ​បង្កើត​ទីផ្សារ​កាន់​តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ ការ​កៀងគរ​អ្នក​វិនិយោគ​មក​កាន់​តែ​ច្រើន​ជាដើម។ ផ្ទុយ​ទៅ​វិញ អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​វិនិយោគ​បន្ថែម​ទៀត​ទេ ដោយសារ​តែ​ស្ថានភាព​នយោបាយ​មិន​ល្អ​នៅ​កម្ពុជា បែប​នេះ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នៅ​ក្នុង​ស្ថាប័ន​នយោបាយ​បច្ចុប្បន្ន​នេះ ស​ឲ្យ​ឃើញ​ថា អ្នក​នយោបាយ​មិន​បាន​គិត​ពី​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ​ទេ ពីព្រោះ​ថា អ្នក​នយោបាយ​មិន​បាន​បង្រួប​បង្រួម​ជាតិ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។ លោក​បញ្ជាក់​ទៀត​ថា សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋ​មាន​កង្វល់​ខ្លាំង​អំពី​ជីវភាព ហើយ​អ្នក​សេដ្ឋកិច្ច​កង្វល់​អំពី​គ្មាន​អ្នក​វិនិយោគ​ចូល​មក​វិនិយោគ​បន្ថែម។ល។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង។

ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះ​ថ្នាក់​ធម្មជាតិ​ផ្សេងៗ។

ប្រធាន​សមាគម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ប៊ុន មុនី អះអាង​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​ទុន​ជាង ១.២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ជាង ១​លាន ៤​សែន​នាក់​នៅ​ទូទាំង​ប្រទេស។ ប្រជាពលរដ្ឋ​ម្នាក់​ខ្ចី​គិត​ជា​មធ្យម​ប្រមាណ ៨០០​ដុល្លារ។ ចំពោះ​ការ​ប្រាក់​អាស្រ័យ​លើ​ការ​ខ្ចី​ច្រើន ឬ​តិច គឺ​ចន្លោះ​ពី ១% ទៅ ២,៥% ក្នុង​មួយ​ខែ៕

2 comments:

Anonymous said...

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...!!!
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Where are អា សម រង្សី ,អារន្ទះបាញ់
អា កឹម សុខា អាមេបោកប្រាស់ អាជញ្ជក់ឈាមខ្មែរ!
អាសម រង្ស៊ី AH KBOT CHEAT DOCH OV VEA.

-អាមាន់ស្ងោរជ្រក់ ហ៊ុន រង្សី
-អាការីស្វា ហ៊ុន សុខា

-បោះឆ្នោតចាញ់បង្រ្គប់កិច្ច ជាអាមួយចោរយួន!
-សង្គ្រោះខ្មែរក្លែងក្លាយ-សង្គ្រោះកៅអី​​​​ចោរ!
-ជួយសង្រ្គោះអាយួន៦-៧លាន!

-អាហ៊ុន រង្សី,ហ៊ុន សុខា ប្រជាធិបតេយ្យយ៉ាងខ្វៀន
-អាសមរង្សីអួតខ្លួនឈ្នៈ,ញ៉មចរចាអាអ្នកចាញ់

Anonymous said...

We lived day by day!