រូបថតថ្ងៃទី១៥ មេសា ឆ្នាំ២០១៣។ RFA/Chun Chanboth |
ដោយ វោហារ ជាតិ RFA, 2013-11-20
អគ្គលេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានបញ្ជាក់ថា ក្រុមអ្នកច្បាប់ថៃ បានពិភាក្សាគ្នាអំពីសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ ត្រង់វាក្យខណ្ឌ៩៨ និង ៩៩ ទាក់ទងនឹងតំបន់ទ្រនាប់មួយចំនួនក្បែរប្រាសាទព្រះវិហារ និងភ្នំទ្រព្យ។
តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី១១ វិច្ឆិកា បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ស្ដីពីជម្លោះប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ ដោយបានសម្រេចថា តំបន់ទ្រនាប់ទំហំ ៤,៦គីឡូម៉ែត្រក្រឡា ដែលថៃ ទាមទារ ស្ថិតក្នុងបូរណភាពដែនដីកម្ពុជា ហើយបានបញ្ជាឲ្យថៃ ដកកងទ័ព កងប៉ូលិស ឬឆ្មាំនៅក្នុងតំបន់នេះចេញឲ្យអស់។ ក៏ប៉ុន្តែ អ្នកនយោបាយ និងប្រជាពលរដ្ឋថៃ មួយចំនួន នៅតែមិនអស់ចិត្តចំពោះសាលដីកានេះ។
លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវបានកាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី២០ វិច្ឆិកា ថា តុលាការយុត្តិធម៌អន្តរជាតិ មានហេតុផលថា តំបន់ទ្រនាប់ក្បែរប្រាសាទព្រះវិហារ និងភ្នំទ្រព្យ វាមានភូមិសាស្ត្រពាក់ព័ន្ធគ្នា ហើយផ្នែកលើផែនទីឧបសម្ពន្ធ១ គឺភ្នំទ្រព្យគួរស្ថិតដាច់ដោយឡែក មិនគួរស្ថិតក្នុងតំបន់ជម្លោះដូចតំបន់ទ្រនាប់ក្បែរប្រាសាទព្រះវិហារ ទេ។
ទាក់ទងនឹងការអះអាងរបស់អ្នកច្បាប់ថៃ រួមទាំងការសិក្សាស្រាវជ្រាវសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ របស់ថៃ នេះ លោកបណ្ឌិត ស៊ន សំណាង បញ្ជាក់នៅថ្ងៃទី២០ វិច្ឆិកា ថា ការលើកឡើងបែបនេះវាយឺតពេលទៅហើយ ព្រោះថា ភាគីថៃ បានតវ៉ា និងលើកយកផែនទីដោយឯកតោភាគីដូច្នេះតាំងពីឆ្នាំ១៩៦១ មក គឺមុនពេលតុលាការយុត្តិធម៌សហប្រជាជាតិ បានកាត់ក្ដីឲ្យភាគីកម្ពុជា ឈ្នះក្ដីប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៦២ មកម្ល៉េះ ហើយត្រូវតុលាការទាត់ចោល។
ចំពោះការបកស្រាយផែនទីឧបសម្ពន្ធ១វិញ លោកបណ្ឌិត ស៊ន សំណាង បានបញ្ជាក់ថា ភូមិសាស្ត្រផែនទីឧបសម្ពន្ធ១ មិនមានតំបន់ទ្រនាប់ ឬតំបន់ ៤,៦គីឡូម៉ែត្រក្រឡាទេ ហើយភ្នំទ្រព្យ ក៏ស្ថិតក្នុងបូរណភាពកម្ពុជា ទាំងស្រុងដែរ៖ «ផែនទីដែលយើងដាក់ទៅឆ្នាំ១៩៥៩ ហ្នឹងគឺភ្នំទ្រព្យ ក្នុងដីខ្មែរទាំងស្រុង ហើយគ្មានតំបន់ណាតំបន់ទ្រនាប់ទេ ថាមានតែព្រំដែនរួមតែមួយដែលស្ថិតនៅប្រហែលចម្ងាយ ៥០០ម៉ែត្រ ពីកាំជណ្ដើរទី១ នៃប្រាសាទព្រះវិហារ។ ជាខ្សែព្រំដែនរួម អត់មានតំបន់ណាជាតំបន់ទ្រនាប់ទេ យើងមិនដែលទទួលស្គាល់តំបន់ទ្រនាប់ទេ ពីព្រោះថៃ គូរផែនទីហ្នឹងឆ្នាំ១៩៦១»។
មកទល់ពេលនេះ ភាគីថៃ នៅមិនទាន់បានអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ នៅឡើយទេ ចាប់តាំងពីតុលាការនេះបានសម្រេចឲ្យភាគីថៃ ដកកងទ័ពប្រដាប់អាវុធចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៣ មក។
លោកបណ្ឌិត ស៊ន សំណាង ដែលជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា ដែរនោះ បញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា និងថៃ មានកាតព្វកិច្ចអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រង់មាត្រា៩៤ ដែលត្រូវអនុវត្តសាលដីកាតុលាការនេះ។ បើមិនដូច្នោះទេ ភាគីមិនសុខចិត្តណាមួយមានសិទ្ធិប្ដឹងបន្តទៅក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដើម្បីបង្ខំឲ្យភាគីមិនអនុវត្តសាលដីកានេះ ឲ្យអនុវត្តសាលដីកា ឬសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ នេះឲ្យបាន។
ទាក់ទងរឿងសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ អំពីជម្លោះតំបន់ក្បែរប្រាសាទព្រះវិហារ នេះដែរ កាសែតថៃ ឌឹ ណេសិន (The Nation) ចុះផ្សាយកាលពីថ្ងៃទី១៩ វិច្ឆិកា ក៏បានស្រង់សម្ដីអ្នកច្បាប់ និងអ្នកប្រវត្តិសាស្ត្រថៃ អំពីជំហររបស់ខ្លួនប្រហាក់ប្រហែលគ្នានេះដែរ ហើយបានសុំឲ្យដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌសម្រាប់តំបន់អាស៊ាន ជំនួសសម្បត្តិបេតិកភណ្ឌពិភពលោកវិញ។
No comments:
Post a Comment