Wednesday, November 20, 2013

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រក​ឃើញ​ករណី​ពុករលួយ​​នៅ​​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រីសន្ធរ


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រក​ឃើញ​ករណី​ពុករលួយ​ក្នុង​ការិយាល័យ​សង្គមកិច្ច ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រុម​គ្រូបង្រៀន​ដែល​ចូល​និវត្តន៍​មួយ​ចំនួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដោយ​ប្ដឹង​ពី​ការ​បាត់​ប្រាក់​ខែ​សោធន​និវត្តន៍​របស់​ពួកគាត់​តាំង​ពី​ខែ​មីនា ឆ្នាំ២០១២។

ដោយ វណ្ណ វិចារ RFA 2013-11-19  

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អំពាវនាវ​ឲ្យ​និវត្តជន​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ទាំង​អស់ ដែល​បាត់​ប្រាក់ខែ ផ្ដល់​កិច្ចសហការ​និង​ប្ដឹង​ទៅ​អង្គភាព ដើម្បី​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​ករណី​ពុករលួយ​នេះ។ អង្គភាព​នេះ​បាន​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ដោយ​ប្រកាស​ថា ករណី​បាត់​ប្រាក់ខែ​របស់​គ្រូបង្រៀន​ដែល​ចូល​និវត្តន៍​មិន​ជាប់​ទាក់ទង​នឹង​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា ស្រុក​ស្រីសន្ធរ ឡើយ។ ប៉ុន្តែ​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រីសន្ធរ ជា​អ្នក​ប្រព្រឹត្ត​ពុករលួយ ដោយ​ពុំ​បាន​បើក​ប្រាក់ខែ​សោធន​និវត្តន៍​ឲ្យ​គ្រូបង្រៀន​ដែល​ចូល​និវត្តន៍​ទាំង​នោះ បន្លំ​ស្នាម​ខ្ចៅដៃ ដើម្បី​បើក​ប្រាក់​ជំនួស។

អង្គភាព​នេះ​ក៏​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រីសន្ធរ កាត់​ប្រាក់​បន្ថែម​ថ្លៃ​ជីវភាព​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​មន្ត្រី​រាជការ​ចំនួន ២​ម៉ឺន​ក្នុង​មួយ​ខែ​នោះ​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រីសន្ធរ និង​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ចាម ដើម្បី​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

យ៉ាង​ណា​ក៏ដោយ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ប៉ុន្តែ​អង្គភាព​នេះ​មិន​ចាំបាច់​អំពាវនាវ​ឲ្យ​និវត្តជន​ប្ដឹង​បន្ថែម​ឡើយ ហើយ​គួរ​ចុះ​ទៅ​ដល់​មូលដ្ឋាន​ស្រាវជ្រាវ​ស្វែង​រក​អ្នក​ដែល​ជួប​បញ្ហា​វិញ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​ទើប​ប្រសើរ​ជាង។

លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រូវ​ចាត់​វិធានការ​ឲ្យ​មាន​ចំពោះ​អំពើ​ពុករលួយ​នៅ​គ្រប់​ទីកន្លែង​មិន​ត្រូវ​ចាត់ការ​ចំពោះ​តែ​មន្ត្រី​តូចតាច​ទេ៖ «អង្គភាព​ហ្នឹង​ត្រូវ​មាន​វិធានការ​ច្បាស់​ជាក់លាក់ កុំ​មាន​ការ​យោគយល់​ទោះ​បី​មន្ត្រី​តូច​ធំ​ក្តី ត្រូវ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់»។

ទន្ទឹម​នឹង​នេះ ប្រធាន​បណ្ដាញ​រួបរួម​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ត្រូវ​ចេញ​មុខ​ទទួល​ខុស​ត្រូវ និង​សុំ​អភ័យទោស​ចំពោះ​និវត្តជន ហើយ​អនុវត្ត​ច្បាប់​ដោយ​មិន​រើស​មុខ​ចំពោះ​មន្ត្រី​ពុករលួយ។

លោក​បន្ត​ថា មន្ត្រី​ចូល​និវត្តន៍​ភាគ​ច្រើន​តែង​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ថ្ងៃ​ស្លាប់ ដោយសារ​តែ​បញ្ហា​កាត់​ប្រាក់​សោធន​និវត្តន៍​នេះ ហើយ​កន្លង​ទៅ​បញ្ហា​កើត​មាន​ដដែលៗ៖ «ព្រោះ​ពួក​គាត់​ចាស់​ហើយ ចាស់​ជរា​ហើយ គាត់​គ្មាន​អី​ទី​ពឹង​ទេ​ក្រៅ​ពី​បៀវត្សរ៍។ បន្ថែម​លើ​រឿង​ដែល​រឹតតែ​ឈឺ​ចាប់​ទៀត គឺ​ពួក​ជន​ពិការ​ទាំង​អស់​ដែល​ខំ​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ជាតិ ទី​បញ្ចប់​គឺ​គាត់​បាន​ទទួល​តែ​ភាព​អយុត្តិធម៌»។

រឿងរ៉ាវ​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​សង្គមកិច្ច​នេះ កាល​ពី​ឆ្នាំ​២០១១ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្លាប់​បាន​រក​ឃើញ​ថា ក្រសួង​សង្គមកិច្ច​ធ្វើ​ឲ្យ​បាត់​លុយ​ជាតិ​អស់​ជាង ៥​លាន​ដុល្លារ ហើយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រកាស​ទារ​លុយ​ទាំង​អស់​នេះ​ដាក់​ចូល​ថវិកា​ជាតិ​វិញ។ ប៉ុន្តែ​មិន​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​រឿង​នេះ​ដោយ​មិន​មាន​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​មន្ត្រី​ណា​ម្នាក់​ឡើយ។ ចំពោះ​ករណី​ពុករលួយ​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម វិញ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រកាស​ទទួល​ពាក្យ​បណ្ដឹង​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១២៨២ ឬ​លេខ ០២៣ ២២១ ៦៥៣ ឬ​មធ្យោបាយ​ផ្សេង​ទៀត​បើ​អាច​មាន។

ករណី​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​សង្គម​កិច្ច​ខេត្ត​កំពង់ចាម នេះ តុលាការ​ខេត្ត​កំពង់ចាម បាន​ចាប់​ខ្លួន​ប្រធាន​ការិយាល័យ​សង្គមកិច្ច​ស្រុក​ស្រីសន្ធរ លោក ម៉ាង យូស្រេង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា និង​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ចាម លោក នាង សាវ៉ាត មាន​ប្រសាសន៍​ថា ឪពុក​របស់ លោក ម៉ាង យូស្រេង បាន​ស្នើសុំ​អន្តរាគមន៍​ពី​សមាគម​អាដហុក ដើម្បី​រក​មេធាវី​ការពារ​ក្តី ប៉ុន្តែ​អាដហុក មិន​មាន​មេធាវី​ផ្តល់​ជូន​ទេ។

លោក នាង សាវ៉ាត បញ្ជាក់​ថា ករណី​ពុក​រលួយ​នេះ អាច​កើត​ឡើង​ជា​ប្រព័ន្ធ ព្រោះ​លោក​ទើប​ទទួល​ដំណឹង​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មន្ត្រី​សង្គម​កិច្ច​ស្រុក​ព្រៃឈរ ម្នាក់​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ៕

1 comment:

Anonymous said...

If you prosecute Om Yin Teang and few other in that agency than those corruption will be eliminated.