អគ្គនាយកក្រុមហ៊ុន យូខែនវីន គ្រូប (You Can Win Group) លោក អួន សារ៉ាត់ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Yeang Socheametta |
ដោយ យាង សុជាមេត្តា RFA 2013-11-16
ប្រជាពលរដ្ឋដែលបានបង់ប្រាក់អោយក្រុមហ៊ុន យូខែនវីន គ្រូប ក្នុងម្នាក់ៗចំនួន ៣ពាន់ដុល្លារ ជាថ្នូរនឹងក្រុមហ៊ុនបញ្ជូនទៅធ្វើការនៅប្រទេសកូរ៉េ កំពុងតែព្រួយបារម្ភពីការបាត់បង់ប្រាក់របស់ពួកគេ បន្ទាប់ពីក្រុមហ៊ុនមិនអាចបញ្ជូនទៅកូរ៉េ តាមការសន្យា។
បុរសម្នាក់ឈ្មោះ ណុប ចន្ធូ ដែលកំពុងឈរតវ៉ានៅមុខក្រុមហ៊ុន បានអោយដឹងថា គាត់បានទៅចងការប្រាក់ពីអ្នកដទៃ ដើម្បីយកប្រាក់ចំនួន ៣ពាន់ដុល្លារ នេះមកអោយក្រុមហ៊ុន ដោយសង្ឃឹមថា ក្រុមហ៊ុននឹងបញ្ជូនគាត់ទៅធ្វើជាពលករនៅប្រទេសកូរ៉េ ក្រោយពីក្រុមហ៊ុនផ្តល់ការបណ្តុះបណ្ដាលចំនួន ៣សប្តាហ៍។ លោកថា ក្រុមហ៊ុនបានសន្យាជាបន្តបន្ទាប់ តែនៅទីបំផុតគ្មានអ្នកណាម្នាក់បានចេញនោះទេ។
លោក ណុប ចន្ធូ៖ «មុនដំបូងខ្ញុំបានដាក់ពាក្យទៅកូរ៉េ នៅហ្នឹង ដល់ពេលបង្កើតវគ្គ វី.អាយ.ភី (VIP) ថាបីអាទិត្យបានចេញថ្លៃឯកសារថ្លៃប៉ាសស្ព័រ (Passport) វាប្រហែលជា ៦ ទៅ ៧០០ សុំលុយដល់ដៃ ៣ពាន់ដុល្លារ។ ពេលហ្នឹង គឺខ្ញុំក្រណាស់ រកតែអង្ករហូបមិនបានផង ប្រសិនបើ ៣អាទិត្យបានចេញមែន ខ្ញុំទៅចងការគេ បុគ្គលិកធានាថា ហ៊ានកាត់ក្បាលដូរ ធានាទាំងស្រុងថាបីអាទិត្យបានចេញ។ ខ្ញុំថាបើបីអាទិត្យបានចេញមែន ខ្ញុំទៅចងការគេដល់ ១០% ឯណោះ បង់អោយគាត់ ៣ពាន់ ថ្លៃឯកសារទៀត ជិត ៤ពាន់ ខ្ញុំបង់ខែទី១ ទី២ រហូតដល់គាត់ពន្យារពេលរយៈពេលដែលគាត់សន្យា គឺសន្យាលើខ្យល់ទាំងអស់»។
អគ្គនាយកក្រុមហ៊ុន យូខែនវីន គ្រូប លោក អួន សារ៉ាត់ ដែលសព្វថ្ងៃកំពុងស្ថិតក្រោមការឃុំខ្លួនស៊ើបអង្កេតរបស់តុលាការពីករណីឆបោក មួយករណីផ្សេងទៀតនោះបាននិយាយពេលដែលលោកកំពុងសម្រាកនៅមន្ទីរពេទ្យថា តាមពិតលោកគ្មានគំនិតឆបោកប្រជាពលរដ្ឋនោះទេ តែលោកខ្លួនឯងក៏បានចាញ់បោកបុគ្គលម្នាក់ផ្សេងទៀតឈ្មោះ ធឿន សំណាង ដែលជាប្រធានអង្គការមិត្តយើង។ លោកថា លោក ធឿន សំណាង បានយកលុយពីក្រុមហ៊ុនលោក ដែលប្រមូលបានពីប្រជាពលរដ្ឋប្រមាណជាង ៦សែន ២ម៉ឺនដុល្លារ រត់គេចខ្លួនបាត់។ លោក សារ៉ាត់ ថា គឺប្រធានអង្គការមិត្តយើង លោក ធឿន សំណាង នេះឯងដែលជាអ្នកមកណែនាំលោកអោយបើកការបណ្ដុះបណ្ដាល ដើម្បីនាំយកពលករទៅប្រទេសកូរ៉េ។
លោក អួន សារ៉ាត់៖ «ធឿន សំណាង ធានាអះអាងថា នាំទៅកូរ៉េ បានពិតប្រាកដ ដោយគាត់ស្គាល់ក្រុមហ៊ុនទៅប្រទេសកូរ៉េ ១៥០ក្រុមហ៊ុន ជាក្រុមហ៊ុនរបស់គាត់ដែលមានភាគហ៊ុននៅក្នុងនោះទៀត ហើយគាត់ថែមទាំងនាំកូនសិស្សកូរ៉េ មកជួបសិស្សសាលារបស់ខ្ញុំ គាត់បាននិយាយឃោសនាសិស្សសាលាអោយជឿលើគាត់ដែរ។ អ៊ីចឹងការទាមទាររបស់សិស្សនៅពេលនេះដែលផ្ដោតមកលើខ្ញុំហ្នឹង ការពិតណាស់អ្នកទាំងអស់គ្នានោះមិនមែនតែអ្នកដទៃទេ ក្មួយខ្ញុំ បងប្អូនខ្ញុំ អ្នកភូមិរបស់ខ្ញុំ ក៏គាត់បានដាក់ទៅកូរ៉េ ដែរ បើគាត់មានសេចក្តីក្លាហានពិតប្រាកដ។ គាត់មិនត្រូវបោកប្រាស់ប្រជាពលរដ្ឋទេ គាត់ត្រូវយកលុយមកសងប្រជាពលរដ្ឋវិញ ចំណែកលុយដែលនៅហ្នឹងខ្ញុំ ខ្ញុំបានសងប្រជាពលរដ្ឋអស់ហើយ»។
លោក អួន សារ៉ាត់ បានអោយដឹងទៀតថា លោកនឹងមិនរត់ចោលសិស្សរបស់លោកឡើយ ហើយលោកនឹងរកដំណោះស្រាយអោយពួកគេ បន្ទាប់ពីលោកបានរួចផុតពីករណីអង្កេតរបស់តុលាការ។ លោកសន្យាថា ក្រុមហ៊ុនលោកនឹងទូទាត់សងសិស្សទាំងនោះបន្តិចម្តងៗ នៅពេលលោកបានរួចខ្លួនពីការចោទប្រកាន់។ លោកថា ក្រុមការងាររបស់លោកបានរៀបចំពាក្យបណ្ដឹងដាក់ប្ដឹង លោក ធឿន សំណាង រួចហើយ។ លោកថា សូម្បីតែករណីបណ្ដឹងដែលលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការនៅពេលនេះ ក៏ជាល្បិចកលរបស់ លោក ធឿន សំណាង ដែរ ព្រោះថា ប្រសិនបើលោករួចខ្លួន លោក ធឿន សំណាង នឹងត្រូវតតាំងជាមួយលោកតាមផ្លូវតុលាការ។
លោក អួន សារ៉ាត់៖ «នៅពេលដែលគេចាប់ខ្ញុំចូលក្នុងឃុំឃាំងភ្លាម លោក ធឿន សំណាង បានទៅសន្យាជាមួយសិស្សថា ២ខែទៀតគាត់នឹងនាំទៅប្រទេសកូរ៉េ អោយបាន ហើយក្នុងរយៈពេលហ្នឹង ប្រសិនជាបងប្អូនណាត្រូវការលុយអាចដក ១ខែ ២០០សិន ឬដក ៥០% ក៏បាន ឬដក ១០០% ក៏បាន អ៊ីចឹងលុយនៅនឹងខ្ញុំពាក់កណ្ដាលនោះ ត្រូវបានសិស្សដក។ អ៊ីចឹង សិស្សដែលនៅនោះគាត់ត្រូវមករកលុយគាត់ទៀត ហើយយើងក៏បានទូរស័ព្ទទៅ ធឿន សំណាង ធឿន សំណាង ក៏បានបិទទូរស័ព្ទ ក៏បានរើផ្ទះ ហើយយើងប្រកាសហៅយ៉ាងណារកយ៉ាងណា ក៏អត់មកឆ្លើយតបជាមួយសិស្សទេ គោលជំហររបស់ខ្ញុំ គឺខ្ញុំទទួលខុសត្រូវចំពោះការខាតបង់របស់ប្រជាពលរដ្ឋ របស់សិស្ស ក្រោយពីខ្ញុំសុំពាក្យសុំនៅក្រៅឃុំ ខ្ញុំនឹងធ្វើការទូទាត់ សងសិស្សទៅតាមដំណាក់កាល ខ្ញុំអត់មានលទ្ធភាពសងទាំងអស់ទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គការមិត្តយើង លោក ធឿន សំណាង និងភរិយារបស់លោក គឺអ្នកស្រី សុខ ស័កនិកា ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់របស់ប្រធានក្រុមហ៊ុន យូខែនវីន គ្រូប បានទេនៅថ្ងៃទី១៥ វិច្ឆិកា។
ឆ្លើយតបនឹងការលើកឡើងរបស់ លោក អួន សារ៉ាត់ ដែលថាលោកនឹងរកដំណោះស្រាយអោយពលរដ្ឋទាំងនោះវិញ ក្រោយពេលលោកត្រូវបានរួចពីការឃុំខ្លួន លោក ឆាយ ដារិទ្ធិ ជាជនរងគ្រោះដែលបានទៅតវ៉ាទាមទារលុយរបស់គាត់ដែរនោះ បាននិយាយថា គាត់មិនអាចរង់ចាំបានទេ។ លោកថា មិនដឹងជាពេលណាទើប លោក អួន សារ៉ាត់ នឹងត្រូវបានដោះលែងនោះទេ។
លោក ឆាយ ដារិទ្ធិ៖ «គាត់និយាយអ៊ីចឹងក៏បានដែរ តែចំពោះខ្ញុំអោយខ្ញុំរង់ចាំលោកអគ្គនាយក អួន សារ៉ាត់ អោយចេញពីមន្ទីរឃុំឃាំងវិញ ខ្ញុំមិនអាចទទួលយកបានទេ ព្រោះខ្ញុំអត់ដឹងថា គាត់ចេញថ្ងៃណា ថ្ងៃណា ខ្ញុំអត់ដឹង ចុះឧបមាបីបួនឆ្នាំទៀតចេញ ១ឆ្នាំទៀតចេញ ហើយខ្ញុំខ្ចីលុយគេ ចងការគេ ហើយរឿងអីក៏ដោយ ខ្ញុំមិនងាប់ទេ កូនចៅខ្ញុំ ប្រពន្ធខ្ញុំបានអីស៊ី បើថាអោយលុយខ្ញុំក្នុង១ខែ ខែ១១ហ្នឹង ៥០០ ខែ១២ ទៀត ៥០០ ១ខែៗអោយ៥០០ លុយរបស់ខ្ញុំហ្នឹង ខ្ញុំអាចទទួលយកបាន តែបើអោយខ្ញុំថា ចាំ លោក អួន សារ៉ាត់ ចេញមកវិញ ខ្ញុំអត់យកសំណើហ្នឹងទេ»។
ប្រជាពលរដ្ឋតវ៉ាទាំងអស់នោះ អោយដឹងថា ពួកគេនឹងតវ៉ាទាមទារប្រាក់មកវិញជាបន្តបន្ទាប់ លុះត្រាតែមានដំណោះស្រាយមួយ។ ពួកគេក៏បានសម្ដែងការបារម្ភខ្លាចក្រែងក្រុមហ៊ុនហ្នឹងបិទទ្វារ មិនសងប្រាក់អោយពួកគេវិញនៅថ្ងៃណាមួយ។ តែ លោក អួន សារ៉ាត់ អគ្គនាយកក្រុមហ៊ុននិយាយថា លោកនឹងមិនរត់ចោលប្រជាពលរដ្ឋទាំងនោះឡើយ៕
1 comment:
ពួកអាចោរហន្ទយុងនេះ ចំជាធ្វើស្រែលើក្នងរាស្ត្រមែន។
Post a Comment