អ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ ឌី ស៊ី (K D C) កំពុងតែមានជីវភាពដុនដាបខ្លាំង និងប្រឈមទៅនឹងការដាច់បាយ ខណៈដែលបញ្ហាដីធ្លីរបស់ពួកគាត់នៅមិនទាន់ដោះស្រាយចប់។
អ្នកស្រី អ៊ុន ទុំ ផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Chin Chhetha |
ដោយ ជិន ជេដ្ឋា RFA 2013-11-12
ក្រុមអ្នកភូមិអះអាងថា ពួកគាត់ខំប្រឹងរស់ទាំងត្រដរ ដោយដើរកាប់ជន្លេន ចាប់កូនកង្កែប និងដេរស្លឹកកណ្ដបលក់ ដើម្បីយកប្រាក់ទិញអង្កយកមកដាំបាយ ឬបបរហូបប្រចាំថ្ងៃ។
ប្រជាពលរដ្ឋរស់នៅភូមិឡពាងជាង១០គ្រួសារ ក្នុងចំណោម៥២គ្រួសារដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយនឹងក្រុមហ៊ុន ខេ ឌី ស៊ី របស់លោកជំទាវ ជា ខេង ភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល កំពុងស្រែករកជំនួយពីសប្បុរសជន និងអាជ្ញាធរពាក់ព័ន្ធ ឲ្យងាកមកគិតគូរពីរឿងជីវភាព និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ បើមិនដូច្នោះទេ ពួកគាត់នឹងស្លាប់ដោយសារដាច់បាយជាក់ជាមិនខាន។
រូបថត ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៣៖ អ្នកស្រី អ៊ុន ទុំ កំពង់ឈរនៅមាត់ទ្វារស្ថិត នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ |
អ្នកស្រី អ៊ុន ទុំ គឺជាប្រជាពលរដ្ឋមានបញ្ហាដីធ្លីម្នាក់នៅក្នុងចំណោម៥២ គ្រួសារ បានប្រាប់វិទ្យុអាស៊ីសេរីទាំងទឹកមុខក្រៀមក្រំថា ភាពឈឺចាប់ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់កាន់តែធ្លាក់ដុនដាបខ្លាំង ក្រោយពីអស់ដីស្រែចម្ការ ដែលធ្លាប់តែបង្កបង្កើនផល ត្រូវក្រុមហ៊ុនរំលោភយកនៅឆ្នាំ២០០៧៖ «អត់គ្រប់គ្រាន់ទេហូបតែបបររាល់ថ្ងៃ កូនវាដើរកាប់ជន្លេន ដេរស្លឹកបានទៅទិញអង្កយកមកបបរហូបបានហូបទៅ។ គ្រួសារខ្ញុំរឹតតែដុនទៅៗហើយខ្ញុំក៏គ្មានកម្លាំងអីតទៅទៀតដែរ ទៅនេះក៏គេអត់មានអើពើទៅនោះក៏អត់អើពើបាត់ទៅៗដូចជាស្ងាត់ទៅៗខ្ញុំចេះតែអស់សង្ឃឹមក្នុងខ្លួន»។
ចំណែកភរិយាលោក ស សុង ដែលត្រូវគេចាប់ដាក់ពន្ធនាគារដោយសារតែទំនាស់ដីធ្លីអ្នកស្រី ឈិត ខន បញ្ជាក់ថា កូនស្រីពៅរបស់គាត់ម្នាក់ត្រូវបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៦ ហើយរត់ទៅធ្វើការងាររោងចក្រ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីបន្តថា បើទោះបីជាអ្នកស្រី និងកូនស្រីខិតខំខ្នះខ្នែងរកប្រាក់គ្មានពេលឈប់សម្រាកយ៉ាងណាក្ដី ក៏នៅតែទ្រទ្រង់ជីវភាពគ្រួសារមិនរួច៖ «ជីវភាពរបស់ខ្ញុំរាល់ថ្ងៃខ្ញុំមិនអាចនិយាយបានទេវាខ្វះខាតណាស់ហើយ។ ខ្ញុំរាល់ថ្ងៃដេរស្លឹក កាប់ជន្លេនជួនកាលបាន១ថ្ងៃកន្លះគីឡូ ទិញស្លឹកគេហ្នឹងឲ្យដើមគេខ្លះទៅខ្ញុំឡើងកាប់ខ្លួនឯងយកមកដេរទៅបានផ្គត់ផ្គង់ជីវភាពទៅ ជួនកាលហូបបាយជួនកាលហូបបបរអីចឹងទេ។មូលហេតុគេយកដីយកធ្លីខ្ញុំអស់ទៅគេចាប់ប្ដីខ្ញុំដាក់គុកទៅវាអត់មានមេគ្រួសារ ហើយអត់មានដីធ្វើអីចឹងយើងខ្វះខាតជីវភាពណា៎ក្មួយ»។
រូបថតថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៣៖ ឪពុកម្ដាយរបស់អ្នកស្រី ឈិត ខន កំពុងដាំបបរហូបជំនួសអាហារថ្ងៃត្រង់ នៅក្នុងខ្ទមរបស់ពួកគាត់។ |
តំណាង និងក្រុមអ្នកភូមិឲ្យដឹងថា ក្រោយពីបាត់បង់ដីធ្លីមនុស្សពេញកម្លាំង បានធ្វើចំណាកស្រុកដើម្បីរកការងារធ្វើស្ទើរស្ងាត់ភូមិ ដោយឡែកមនុស្សចាស់ និងក្មេងៗមិនទាន់គ្រប់អាយុ ឬពេញកម្លាំងធ្វើការងារទាំងប្រុសស្រី បានដើរកាប់ជន្លេន និងចាប់កូនកង្កែបលក់យកប្រាក់ ទិញអង្កហូបប្រចាំថ្ងៃ ហើយភាគច្រើន នៃកុមារទាំងនោះមិនបានទៅរៀនសូត្រនឹងគេឡើយ។
ទាក់ទងនឹងបញ្ហានេះមេភូមិឡពាងលោក ផេង សុខឿន មានប្រសាសន៍ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកភាគច្រើនពិតជាមានជីវភាពទីទ័លក្រមែន ហើយតាមការធ្វើអត្តសញ្ញាណកម្មជនក្រីក្រកន្លងមកឃើញថា ក្រ១ មានចំនួន២៦គ្រួសារ និងក្រ២ មានចំនួន២៩គ្រួសារ ក្រៅពីនេះសុទ្ធតែគ្រួសារដែលមានលទ្ធភាពអាចទ្រទ្រង់ជីវភាពរបស់ខ្លួនបាន ពីព្រោះគ្រួសារទាំងនោះមានកម្លាំងពលកម្មរកប្រាក់ ដូចជាការងារកាប់គាស់ស៊ីឈ្នួលគេ ឬទៅធ្វើការងាររោងចក្រជាដើម៖ «ក្នុងនាមជាអាជ្ញាធរនិយាយរួមទៅគឺមានការដោះទុក្ខលំបាកវាទាល់តែមានពីលើមក ឧទាហរណ៍គាត់មរណៈភាពអីចឹងទៅក្នុងឃុំហ្នឹងគេអាចជួយបានអង្ក១បេ និងលុយប្រាំម៉ឺនរៀល។និយាយរួមទៅអាការជួយគាត់ដោយបញ្ហាមុនពេលដែលគាត់ស្លាប់ហ្នឹងវាដូចជាអត់មានគម្រោងអ្វីដែលថាអាចជួយបាន»។
អភិបាលស្រុកកំពង់ត្រឡាចលោក ហ៊ុល ចាន់ថូ មានប្រសាសន៍ថា លោកកំពុងតែសើរើ និងបញ្ជាក់ឡើងវិញនូវចំនួនគ្រួសារប៉ះពាល់ពិតប្រាកដ ដើម្បីយកទៅពិភាក្សាជាមួយភាគីក្រុមហ៊ុនជុំវិញបញ្ហានេះ៖ «រហូតមកដល់ថ្ងៃនេះយើងកំពុងតែដំណើរការសួរគាត់ពីបញ្ហាដី និងទំហំ ហើយនឹងចំនួនអ្នកមានពាក់ព័ន្ធច្បាស់លាស់ក្នុងបញ្ហាហ្នឹងដោយសារកន្លងទៅហ្នឹងយើងឃើញថាវាអត់ប្រាកដម្ដងយើងឃើញប៉ុណ្ណេះម្ដងប៉ុណ្ណោះអីចឹង»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តកំពង់ឆ្នាំងលោក សំ ចន្ទគា ថ្លែងថា រយៈពេលជាង១០ឆ្នាំដែលអ្នកភូមិឡពាងមានជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ ឌី ស៊ី ពុំដែលមានអាជ្ញាធរណាមកសួរនាំ ឬប្រឹក្សាយោបល់ជាមួយក្រុមប្រជាពលរដ្ឋនោះទេ ទើបតែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ខាងអាជ្ញាធរស្រុកកំពង់ត្រឡាចបានចុះមកសួរនាំពួកគាត់ទាក់ទងនឹងបញ្ហានេះ ហើយប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹង និងចំនួនគ្រួសារប៉ះពាល់សរុបចំនួន៥២គ្រួសារទៅឲ្យលោកអភិបាលស្រុកជួយដោះស្រាយនៅពេលនោះដែរ៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មីដែលប្រកាសកែទម្រង់ ហើយបើសិនជាការប្រកាសនេះជាការប្រកាសដ៏ពិតប្រាកដមិនមែនជារបៀបប្រកាសបូញមាត់បទដុំដៃទេខ្ញុំយល់ថានឹងមានការដោះស្រាយរឿងជម្លោះដីធ្លីនៅភូមិឡពាងនេះបានឆាប់ ហើយនឹងស្ដារជីវភាពពួកគាត់ឡើងវិញបាន»។
លោកសំ ចន្ទគា បន្តថា សមាគមអាហុក បានធ្វើការស៊ើបអង្កេត និងស្រង់ចំនួនគ្រួសារដែលរងផលពិតប្រាកដ តាំងពីដើមដំបូង នៃរឿងរ៉ាវដីធ្លីនៅក្នុងតំបន់នេះបានកើតឡើង ដោយនៅក្នុងឆ្នាំ២០០៦ ឃើញចំនួន១០៨គ្រួសារ នៅឆ្នាំ២០០៩ មានចំនួន៦៤គ្រួសារ និងបច្ចុប្បន្នមានចំនួន៥២គ្រួសារ។ លោកបញ្ជាក់ថា មូលហេតុពិតប្រាកដ នៃការថយចុះចំនួនគ្រួសារដែលរងផលប៉ះពាល់ គឺបណ្ដាលមកពីប្រជាពលរដ្ឋមានភាពភ័យខ្លាច និងបង្រួមគ្រួសារចូលគ្នា។
តំណាង និងក្រុមអ្នកភូមិឡពាង ធ្លាប់បានតស៊ូយ៉ាងស្វិតស្វាញក្នុងការទាមទារដីធ្លីរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុនមកវិញ ដោយមានតំណាងប្រជាពលរដ្ឋមួយចំនួនត្រូវគេគំរាមកំហែង និងប្ដឹងចាប់ដាក់ពន្ធនាគាររហូតមកដល់ពេលនេះនៅមិនទាន់ចេញនៅឡើយ។ ចំពោះបណ្ដឹងរបស់ក្រុមអ្នកភូមិចំនួន២១បណ្ដឹង ដែលតុលាការខេត្តកំពង់ឆ្នាំងបានទទួល ហើយចាត់ការបានតែ១បណ្ដឹង រួចផ្ទេរចូលទៅតុលាការរាជធានីភ្នំពេញវិញ ក៏ប៉ុន្តែបណ្ដឹងទាំងនោះមិនត្រូវបានតុលាការអើពើ ឬចាត់ការឡើយ រហូតមកដល់ពេលនេះ៕
1 comment:
ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
DO NOTHING...USELESS CNRP
** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។
Post a Comment