Sunday, November 24, 2013

ស្ថាប័ន​តុលាការ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រង​ការ​រិះគន់​ថា​មិន​ឯករាជ្យ


ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ
 កែវបណ្ឌិត (ស្ដាំ) ធ្វើ​ការ​ពន្យល់ លោក អ៊ូ ជឿន បន្ទាប់​ពី​លោក​
សម្រេច​ផ្អាក​ការ​ដឹក​នាំ​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន
 ដើម្បី​រុះរើ​រោង​របស់ លោក អ៊ូ ជឿន លើ​ដី​ទំនាស់ កាល​ពី​
ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Hang Savyouth
ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​កំណែ​ទម្រង់​វិស័យ​ជាច្រើន​នោះ គេ​បាន​សម្លឹង​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក៏​កំពុង​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​ដែរ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​រក​ឃើញ​ថា បច្ចុប្បន្ន ស្ថាប័ន​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​មាន​ការ​អនុវត្ដ​ច្បាប់​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​នៅ​មិន​ទាន់​ទទួល​បាន​ភាព​យុត្តិធម៌​ពិត​ប្រាកដ​ទេ។

ដោយ ហង្ស សាវយុត RFA 2013-11-23

តើ​នៅ​មាន​បញ្ហា​អ្វី​ខ្លះ​ដែល​ជា​ភាព​អយុត្តិធម៌ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​នោះ?

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​រស់​នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ស្រែក​ទ្រហោ​យំ ហើយ​រត់​ទៅ​ដេក​នៅ​កណ្ដាល​ទ្រូង​ផ្លូវ​លែង​ចង់​រស់ ដោយសារ​តែ​គាត់​យល់​ថា ប្រព័ន្ធ​តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ទេ។

«សំឡេង»

ការ​ព្យាយាម​រត់​ទៅ​ដេក​លើ​ទ្រូង​ផ្លូវ បំណង​ឱ្យ​រថយន្ត​កិន​សម្លាប់​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​គាត់​បាន​ឱ្យ​ដី​ទៅ​ស្ត្រី​មេម៉ាយ​ម្នាក់​រស់​នៅ​រយៈពេល ៣០​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​នៅ​ទី​បំផុត គឺ​កូនៗ​របស់​ស្ត្រី​មេម៉ាយ​នោះ​ក្ដី​ក្ដាំ​យក​ដី និង​ផ្លូវ​ចេញ​ចូល​របស់​គាត់។
ប្ដី​របស់​ស្ត្រី​ដែល​ព្យាយាម​រត់​ចូល​ឡាន​នោះ គឺ​លោក អ៊ូ ជឿន។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​កាន់​កាប់​ដី​ផ្ទះ​លេខ​១១៩ នៅ​ភូមិ​ស្លក្រាម ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៨៣ មក។ បុរស​ដដែល​បាន​បញ្ជាក់​ថា ប្រហែល​ជា ២-៣​ឆ្នាំ​ក្រោយ​មក មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ មាស អាត់ បាន​ទៅ​សុំ​ដី​រស់​នៅ ហើយ​លោក​ក៏​អនុញ្ញាត ក៏ប៉ុន្តែ​បន្ទាប់​ពី​ស្ត្រី​នោះ​ស្លាប់ គឺ​កូនៗ​របស់​ស្ត្រី​នោះ​បាន​ចាប់​ផ្ដើម​ធ្វើ​ប័ណ្ណ​កាន់​កាប់​ដីធ្លី ព្រម​ទាំង​យក​ផ្លូវ​ចេញ​ចូល​នៃ​ផ្ទះ​របស់​លោក​ធ្វើ​ជា​ដី​របស់​ពួក​គេ​ទៀត​ផង។

លោក អ៊ូ ជឿន បាន​បញ្ជាក់​ថា ក្នុង​រឿង​ជម្លោះ​ដីធ្លី​នោះ គឺ​ភាគី​ម្ខាង​មាន​ប្រៀប​លើ​គ្រួសារ​របស់​លោក​ទាំង​ការ​សម្រប​សម្រួល​នៅ​មូលដ្ឋាន និង​ការ​ក្ដី​ក្ដាំ​នៅ​តុលាការ៖ «ខ្ញុំ​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៣ មក ខ្ញុំ​ដើរ​ចេញ​ចូល​តែ​ផ្លូវ​នេះ ហើយ​អាស្រ័យ​ផល​នៅ​លើ​តែ​ដី​នេះ ហើយ​ប្រពន្ធ លោក ទី សុផាត គឺ​អ្នកគ្រូ ដេត នឿម បាន​មក​សុំ​ឱ្យ​បង​ថ្លៃ​គាត់​ឈ្មោះ មាស អាត់ នេះ​ឯង​នៅ។ ខ្ញុំ​ក៏​ចែក​គាត់​នៅ​ទៅ។ រហូត​មក​ដល់​បច្ចុប្បន្ន ឆ្នាំ​២០១៣ គេ​ក៏​ធ្វើ​សំបុត្រ​ដី​ជាមួយ​ប្រធាន​ភូមិ ទើប​តែ​បាន ៦-៧​ខែ គេ​ក៏​យក​មក​ឱ្យ​ខ្ញុំ​មើល ហើយ​គេ​ថា នឹង​រើ​ផ្លូវ​របស់​ខ្ញុំ​ចេញ។ មិន​ឱ្យ​គេ​រុះរើ ក៏​គេ​នៅ​ចចេស​ថា​នឹង​រុះរើ ហើយ​ប្រពន្ធ​កូន​ខ្ញុំ​យំ​ពេញ​តែ​ផ្ទះ ហើយ​គេ​ឈរ​សើច»។

ទោះ​យ៉ាង​ណា ភាគី​ជម្លោះ​ម្ខាង​ទៀត​នៅ​តែ​អះអាង​ថា គេ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ផង និង​ប្ដឹង​តុលាការ​ផង ដើម្បី​ការពារ​ដីធ្លី​របស់​ម្ដាយ​ដែល​បាន​ប្រគល់​ឱ្យ​កូនៗ​កាន់​កាប់​បន្ត​នៅ​មុន​ពេល​ដែល​គាត់​ស្លាប់។

ស្ត្រី​ឈ្មោះ ស៊ឹង សុធី ជា​តំណាង​ឱ្យ​ភាគី​ដែល​ប្ដឹង​ទៅ​តុលាការ ដើម្បី​សុំ​ដីកា​រក្សា​ការពារ​លើ​ដី​ច្រក​ផ្លូវ​ចេញ​ចូល​នោះ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ម្ដាយ​ក្មេក​របស់​អ្នកស្រី​ឈ្មោះ មាស អាត់ បាន​ទៅ​រស់​នៅ​លើ​ដី​ទំហំ ១០​គុណ​នឹង ១៥​ម៉ែត្រ ដែល​កំពុង​មាន​ទំនាស់​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៥-១៩៨៦។ អ្នកស្រី ស៊ឹង សុធី បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៩ គឺ​ម្ដាយ​ក្មេក​របស់​អ្នកស្រី​បាន​ទៅ​ធ្វើ​បង្កាន់​ដៃ​កាន់​កាប់​ដី​នោះ។ អ្នកស្រី​យល់​ថា កាល​ពី​សម័យ​រដ្ឋ​កម្ពុជា បើ​អ្នក​ណា​រស់​នៅ​លើ​ដី​ណា ហើយ​មាន​បង្កាន់​ដៃ គឺ​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដី​នោះ៖ «បើ​គាត់​នៅ​រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង។ ពេល​ដែល​គាត់​ស្លាប់​ទៅ ស្រាប់​តែ​មាន​អ្នក​នៅ​ខាង​ក្រោយ គាត់​យក​រោង​យក​អី​មក​ធ្វើ​លើ​ដី​យើង​កាត់​ពាក់​កណ្ដាល​ហ្នឹង​ទៅ។ ហើយ​ខ្ញុំ​ក៏​ហៅ​គាត់​ទៅ​ភូមិ​ឃុំ ប្រាប់​គាត់​ឱ្យ​រើ​ដែរ តែ​គាត់​មិន​រើ រហូត​ដល់​គេ​ហៅ​គាត់​ទៅ​សម្រួល​ចុង​ក្រោយ​ហ្នឹង គឺ​គាត់​អត់​ព្រម។ ដល់​គាត់​អត់​ព្រម​រើ​ហើយ គឺ​គាត់​ដាក់​ពាក្យ​ប្ដឹង​ខ្ញុំ​ទៀត។ ដល់​អ៊ីចឹង ខ្ញុំ​ទៅ​សួរ​តុលាការ​ទៅ​ក៏​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ថា​គាត់​បាន​ធ្វើ​លើ​ដី​យើង»។

ទោះ​យ៉ាង​ណា សាក្សី​ខ្លះ​បាន​សុខ​ចិត្ត​ចេញ​មុខ​សម្ដែង​ការ​អាណិត​អាសូរ​ដល់​គ្រួសារ លោក អ៊ូ ជឿន ដោយ​ចាត់​ទុក​ជា​អ្នក​រងគ្រោះ ពីព្រោះ​តែ​ចិត្ត​ល្អ និង​យក​អាសា​អ្នក​ដទៃ។

អ្នក​ជិត​ខាង លោក អ៊ូ ជឿន ជា​យូរ​មក​ហើយ គឺ​អ្នកស្រី ពេជ្រ ណារិន បាន​មាន​ប្រសាសន៍​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ បើ​តាម​អ្នកស្រី​ដឹង គឺ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ូ ជឿន ដែល​កាន់​កាប់​ដោយ​សុចរិត​ជា​យូរ​មក​ហើយ៖ «ឈ្មោះ ជឿន នេះ គេ​នៅ​មុន​គេ តែ​ក្រោយ​មក​បាន​ឃើញ​យាយ អាត់ មក​នៅ​ត្រង់​ហ្នឹង ដែល​យើង​ស្គាល់​គ្នា ជា​ជាង​នេះ​ទៅ​បាន​អ៊ូអរ​ជា​ញាតិ ជា​មិត្ត​អី​អ៊ីចឹង។ វា​មិន​យុត្តិធម៌​ទេ គឺ​សំឡេង និង​សម្រែក​យំ​ឱ្យ​រក​យុត្តិធម៌​នេះ គឺ​វា​ច្រើន​តែ​ខុស​ថា​ត្រូវ ឯ​ត្រូវ​ថា ខុស! ពិបាក​អ៊ីចឹង ហើយ​គ្នា​អ្នក​ក្រីក្រ​អ្នក​ទន់​ទាប គ្នា​មាន​អ្វី? យ៉ាប់​ណាស់! សម័យ​នេះ ក៏ប៉ុន្តែ​សម្ដេច​តេជោ ក៏​គាត់​កំពុង​តែ​រក​មុខ​ដែរ»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា កន្លង​ទៅ ភាគី អ្នកស្រី ស៊ឹង សុធី ធ្លាប់​បាន​ប្រើ​អំណាច​ខ្លួន​ឯង ដោយ​នាំ​កម្មករ​ចំនួន ២០​នាក់ ប្រដាប់​ដោយ​ពូថៅ ញញួរ និង​ដែកគាស់ ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​របស់ លោក អ៊ូ ជឿន ដើម្បី​រុះរើ​របា​របង​ដែល​កំណត់​ព្រំដែន​នៃ​ផ្លូវ​ចេញ​ចូល​នោះ​ម្ដង​មក​ហើយ។

ក្រុម​គ្រួសារ លោក អ៊ូ ជឿន និង​សាក្សី​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ចំពោះ​ការ​ប្រើ​អំណាច​ទៅ​រុះរើ​របង​កំណត់​ព្រំដែន​ផ្លូវ​ចេញ​ចូល​នោះ គឺ​គេ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ម្ដង​មក​ហើយ តែ​គេ​មិន​ឃើញ​តុលាការ​មាន​ចំណាត់​ការ​អ្វី​នៅ​ឡើយ។ ដោយ​ឡែក ចំពោះ​ភាគី អ្នកស្រី ស៊ឹង សុធី និង​ប្ដី​ឈ្មោះ ហង្ស សុវណ្ណា ដែល​ដាក់​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ដីកា​រក្សា​ការពារ​ដី​នោះ​វិញ គឺ​តុលាការ​បែរ​ជា​មាន​ចំណាត់​ការ​ឆាប់​រហ័ស។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា កន្លង​ទៅ ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ឈុន ច័ន្ទសីហា បាន​ចេញ​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​មួយ ដោយ​សម្រេច​ឱ្យ ឈ្មោះ អ៊ូ ជឿន រុះរើ​របង​ឈើ​ក្រាក់ និង​រោង​ប្រក់​ស័ង្កសី ដែល​មាន​ទីតាំង​នៅ​ចន្លោះ​កណ្ដាល​ដី​ឡូត៍​ចេញ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន ដើម្បី​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នោះ ក៏ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​បន្ទាប់​ពី​សមាជិក​ក្រុម​គ្រួសារ​របស់ លោក អ៊ូ ជឿន ជាច្រើន​បាន​ប្រតិកម្ម ព្រម​ទាំង​មាន​ស្ត្រី​ខ្លះ​បម្រុង​គាំង​បេះដូង​សន្លប់​ផង​នោះ។

«សំឡេង»

ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត បាន​មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​ផ្អាក​ការ​អនុវត្ត​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នេះ ដោយ​យោល​ទៅ​លើ​ភាគី​ម្ខាង​ទើប​តែ​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​តែ ១​ថ្ងៃ នៅ​មុន​ពេល​អនុវត្ត។

ចំណែក​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​ហៅ​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​តុលាការ​នោះ​ថា មាន​ភាព​មិន​ប្រក្រតី។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា តុលាការ​ដែល​ចេញ​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន​នេះ គឺ​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ ដោយសារ​ការ​ចេញ​ដីកា​មាន​លក្ខណៈ​រហ័ស​ពេក គឺ​យក​ទៅ​ឱ្យ​ភាគី​ម្ខាង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ហើយ​ចុះ​ទៅ​អនុវត្ត​នៅ​ថ្ងៃ​ទី​២២។ លោក សួស ណារិន បាន​រិះគន់​ថា តុលាការ​គួរ​តែ​កែប្រែ​នីតិវិធី​របៀប​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​អនុវត្ត​ដូច្នេះ​នៅ​ទូទាំង​ប្រទេស៖ «ជា​អង្គការ​សង្គម​ស៊ីវិល ខ្ញុំ​គិត​ថា គួរ​តែ​ចៅក្រម​ដែល​កាន់​រឿង​ក្តី​រដ្ឋប្បវេណី​ហ្នឹង​ឈាន​ទៅ​ដល់​អង្គ​សេចក្តី ដែល​ចេញ​ជា​សាលក្រម​រក​ឱ្យ​ឃើញ​ថា នរណា​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​សិន ចាំ​អនុវត្ត​ទៅ​លើ​សាលក្រម​រុះរើ ដើម្បី​ប្រគល់​ឱ្យ​ទៅ​ភាគី​ណា​មួយ។ តែ​រឿង​នេះ​អត់​ទាន់​មាន​សវនាការ​ទេ គ្រាន់​តែ​បាន​កោះ​ហៅ​គាត់​ទៅ​សាកសួរ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នេះ ហើយ​ក៏​ចេញ​ដីកា​សម្រេច​ចាត់​ចែង​ជា​បណ្ដោះ​អាសន្ន ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ក្នុង​ការ​អនុវត្ត​ដីកា​បណ្ដោះ​អាសន្ន​នេះ»។

អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា នេះ​ជា​កំហុស​នីតិវិធី​របស់​តុលាការ ហើយ​គេ​នឹង​ផ្ដល់​មេធាវី​ដើម្បី​ជួយ​ការពារ​ផ្លូវ​ច្បាប់​ដល់​ក្រុម​គ្រួសារ លោក អ៊ូ ជឿន ជុំវិញ​រឿង​ទំនាស់​ដីធ្លី​នោះ៕

2 comments:

Anonymous said...

If all khmer want to have justice, democracy, independent, freedom and prosperity, all khmer must stand up overthrow HUN SEN from the power now

Anonymous said...

Do not cry foul about the Court system in Cambodia, all of you know so well; how corrupted they are. Do not let pigs treat you like animal. You can do a lot of things to hurt them such as burn their court house, kill all people in there. Exercise your rights to live in the corrupted regime. Be strong and tough as steel to deal with these leeches to our society. Don't cry for help, you got to help yourself first before God help you.