Wednesday, November 20, 2013

បង​ធំ​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់


វា​ជា​ការ​រំឭក​ មួយ​ដល់​មេ​ដឹក​នាំ​ទាំង​អស់​ថា មាន​គេ​កំពុង​តែ​ឃ្លាំ​មើល ហើយ​ប្រសិន​បើ​នរណា​ធ្វើ​អ្វី​មិន​ល្អ គេ​អាច​នឹង​លាត​ត្រដាង ហើយ​រឿង​នោះ មិន​មែន​ជា​រឿង​អាក្រក់​ទេ៕ NR


ការិយាល័យ​កណ្តាល​ភ្នាក់​ងារ​សន្តិ​សុខ​ជាតិនៅ Fort Meade, Maryland​​ ក្នុង​ឆ្នាំ ២០១០។ រូបថត AFP

Roger Mitton ភ្នំពេញប៉ុស្តិ៍ 19 November 2013

អាមេរិក បាន​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ និង​លួច​មើល​សារ​អេឡិច​ត្រូនិក​របស់​មនុស្ស​គ្រប់ៗ​គ្នា​ក្នុង​តំបន់​។​មិន មាន​នរណា​ម្នាក់​អាច​រួច​ផុត​ទេ។ មិន​ថា​អ្នក មិន​ថា​ខ្ញុំ មិន​ថា​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ឬ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ទេ។


យើង ដឹង​វា ក៏​ដោយ​សារ​ការ​លាត​ត្រដាង​ដោយ​អតីត​អ្នក​ម៉ៅការ​ភ្នាក់ងារ​សន្តិសុខ ជាតិ (NSA) លោក Edward Snowden ដែល​ពេល​នេះ បាន​រស់​នៅ​និរទេស​នៅ​ក្រុង ម៉ូស្គូ។ កាសែត ញូវយ៉ក ថែម បាន​កត់​សម្គាល់​នៅ​ខែ​នេះ​ថា៖ «NSA បាន​ប្រតិបត្តិ​លើ​គោល​ការណ៍​ដែល​ថា ការ​លួច​ស្តាប់​អាច​កំណត់​លើ​គោលដៅ​បរទេស​នៃ​ប្រយោជន៍​ដែល​គេ​អាច​គិត​ទៅ​ដល់​ពេល​នេះ ឬ​នៅ​ពេល​ខាង​មុខ ដែល​គេ​គួរ​តែ​ធ្វើ»។

កាសែត​នេះ​បាន​ហៅ NSA ថា​ជា​ការ​ចាប់​យក​ព័ត៌មាន​ដែល​ឥត​រើស​មុខ តាម​រយៈ​ការ​លួច​យក​ឯកសារ​របស់​រដ្ឋាភិបាល​និង​ការ​កំណត់​គោល​ដៅ​ផ្សេង​ទៀត នៃ​រឿង​សម្ងាត់​របស់​ពួក​គេ»។

ក្នុង​របៀប​នេះ ក្រុង វ៉ាស៊ីនតោន បាន​តាម​ដាន​មិន​ត្រឹម​តែ​លើ​ប្រព័ន្ធ​គមនាគមន៍​នៃ​របប​ដែល​មាន​ល្បិចកល​ដូចជា ភូមា និង វៀតណាម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​ដូចជា ហ្វីលីពីន និង ថៃ ផង​ដែរ។

នៅ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ សេវា​ប្រមូល​ព័ត៌មាន​ពិសេស​របស់ NSA ប្រតិបត្តិការ​ចេញ​ពី​បន្ទប់​ដែល​គេ​ចាក់សោ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ធំ​ទូលាយ​ក្បែរ វត្តភ្នំ។

ដូច​លោក Peter Galbraith អតីត​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក បាន​សរសេរ​ក្នុង​កាសែត Guardian ដែល​មាន​ចំណង​ជើង​ថា «តើ​ការ​ជ្រៀត​ជ្រែក​ការ​សម្ងាត់​ជា​រឿង​ហ្មត់ចត់​ប៉ុនណា?»។ NSA អាច​ចាប់​យក​ទិន្នន័យ​ជាច្រើន ប៉ុន្តែ​វា មិន​មាន​ន័យ​ថា មាន​ប្រយោជន៍​នោះ​ទេ»។

លោក​បាន​អះអាង​បន្ត​ថា៖ «យើង​ភាគ​ច្រើន ដែល​មាន​ជីវិត​រស់​នៅ​មិន​មាន​ប្រយោជន៍​ដល់​ភ្នាក់ងារ​ចារកម្ម​ណា​មួយ​ទេ ហើយ​សូម្បី​តែ​សម្រាប់​មនុស្ស​ដែល​មាន​ប្រយោជន៍ ការ​សន្ទនា​ភាគ​ច្រើន និង​សារ​អេឡិច​ត្រូនិក មិន​មាន​តម្លៃ​ទេ​សម្រាប់​ចារកម្ម»។

ប៉ុន្តែ​យើង សូម​ផ្អាក​បន្តិច ហើយ​វាយតម្លៃ​ថា ខណៈ​ដែល​អ្វី​ដែល​លោក Galbraith បាន​និយាយ​គេ​អាច​យក​ជា​ការ​បាន​ខ្លះៗ ហើយ​គេ ក៏​មិន​អាច​បដិសេធ​ថា មិន​មាន​មនុស្ស​ជា​ច្រើន រស់​នៅ​ដោយ​គ្មាន​ប្រយោជន៍​ធំ​ធេង​នោះ​ទេ។

ថ្មីៗ​នេះ កាសែត បាងកក ប៉ុស្តិ៍ បាន​គិត​ពី​លទ្ធភាព ដែល​ក្រុង វ៉ាស៊ីនតោន អាច​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

កាសែត​នេះ​បាន​សន្និដ្ឋាន​ថា ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា អាច «ទទួល​បាន​ព័ត៌មាន​នៃ​ការ​សន្ទនា​សម្ងាត់​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស ថៃ កាល​ពី​ឆ្នាំ​មុន»។

អ្នក​អាច ​និយាយបាន​ថា វា​ជា​រឿង​សំខាន់​ប៉ុន្តែ​ចូរ​គិត​ម្តង​ទៀត ហើយ​បំភ្លេច​ចោល​នូវ​កិច្ច​ចរចា​គោល​នយោបាយ​ដែល​ធុញ​ទ្រាន់ ហើយ​គិត​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ដែល​សំខាន់​ជាង។

ឧទាហរណ៍ បន្ទាប់​ពី​ការ​លួច​ស្តាប់​លោក ហ៊ុន សែន និង​ក្រុម​រដ្ឋ​មន្រ្តី​របស់​លោក និង​មន្រ្តី​រៀបចំ​ការ​បោះឆ្នោត ព្រម​ទាំង​លោក សម រង្ស៊ី និង​កូន​ចៅ​របស់​លោក​រួច​មក អាមេរិក នឹង​ដឹង​ច្បាស់​ថា​តើ​លទ្ធផល​ការ​បោះឆ្នោត កាល​ពី​ខែ កក្កដា ត្រូវ​បាន​គេ​កំណត់​ជា​មុន​ឬ​យ៉ាង​ណា? គេ​ក៏​នឹង​ដឹង​ថា​តើ​រដ្ឋ​មន្រ្តី​ក្រសួង ការ​បរទេស​លោក ហោ ណាំហុង ពិត​ជា​បង្ហាញ​សេចក្តី​ព្រាង​ស្តី​ពី​សេចក្តី​ថ្លែង​ការណ៍ នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​អាស៊ាន​ដល់​ចិន ដើម្បី​អនុម័ត​កាល​ពី​ខែ កក្កដា ឆ្នាំ​មុន​ឬ​អត់?


លើស​ពី​នេះ ភ្នាក់ងារ​ចារកម្ម​អាមេរិក នឹង​ដឹង​ច្បាស់ ពី​របៀប​ដែល​នាយក​រដ្ឋ​មន្រ្តី ម៉ាឡេស៊ី លោក Najib Razak ពាក់​ព័ន្ធ​ជាមួយ​នារី​បង្ហាញ​ម៉ូដ​ជនជាតិ ម៉ុងហ្គោលី ដ៏​ស្រស់​ឆើត​ឆាយ Altantuya Shaaribuu ដែល​ក្រោយ​មក​ទៀត ត្រូវ​បាន​គេ​សម្លាប់។ តាម​ពិត ពួក​គេ ពិត​ជា​បាន​ដឹង ចំពោះ​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​មាន​ដូចជា​ថា តើ​ការ​ចែ​ចង់​លោក​ស្រី អ៊ុង សាន ស៊ូជី នៃ​ប្រទេស ភូមា មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សមាជិក​សភា​វ័យ​ក្មេង​លោក David Hla Myint ដែល​រឿង​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​យុទ្ធសាស្រ្ត​បក្ស​ដែល​គេ​គោរព លោក Kyi Maung លាលែង ហើយ​ពួក​គេ នឹង​ដឹង​ច្បាស់​ថា តើ​ការ​លួច​ធ្វើ​ឃាត​កាល​ពី​ឆ្នាំ ២០១០ ចំពោះ​ឧត្តម​សេនីយ៍​ផ្តាច់​ខ្លួន លោក Seh Daeng ដែល​គាំទ្រ​ការ​តវ៉ា​ក្រុម​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល ជា​ស្នាដៃ​របស់​អ្នក​លួច​បាញ់​ប្រហារ​នៅ​សណ្ឋាគារ Dusit Thani ឬ​យ៉ាង​ណា​? ព័ត៌មាន​បែប​នេះ​មិន​អាច​កាត់​ថ្លៃ​បាន​ទេ​សម្រាប់​ប្រទេស​មហា​អំណាច។

នៅ​ទីបញ្ចប់ វា​ជា​ការ​កំញើញ ហើយ​វា​ក៏​ជា​អ្នក​អនុវត្ត​ចុង​ក្រោយ​ផង​ដែរ មាន​ន័យ​ថា ចូរ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ប្រាប់ បើ​មិន​ដូច្នោះ​ទេ ត្រៀម​ខ្លួន​ទទួល​យក​ការ​លាត​ត្រដាង​ពី​រឿង​អាក្រក់។


ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​វា​មាន​ប្រសិទ្ធភាព​គឺ​ពេល​នេះ គេ​កំពុង​តែ​លាត​ត្រដាង​នៅ ហ្វីលីពីន អំពី​ឥស្សរជន​នយោបាយ​គ្រប់​រូប​ដែល​រួម​មាន​ប្រធាន​ព្រឹទ្ធសភា ជើង​ចាស់​លោក Juan Ponce Enrile ផង​ដែរ​។ នៅ​ពេល​នេះ​តែ​ម្តង ក្រុង វ៉ាស៊ីនតោន អន្ទះសា​ចង់​ដាក់​ទាហាន​របស់​ខ្លួន​ឲ្យ​ឈរ​ជើង​នៅ​ប្រទេស​នេះ​ជា​ថ្មី​រីឯ​លោក​ប្រធានាធិបតី Benigno Aquino គាំទ្រ​គំនិត​នេះ ប៉ុន្តែ​លោក Enrile មិន​គាំទ្រ​ទេ​។ ភ្លាមៗ​នោះ មាន​ការ​លាត​ត្រដាង​ជាច្រើន​ថា លោក Enrile បាន​លួច​មូលនិធិ​រដ្ឋ ហើយ​គាត់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ​។ តើ​ព័ត៌មាន​នេះ បាន​មក​ពី​ណា​? ហើយ​តើ​គេ នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ ប្រសិន​បើ​គាត់ ឈប់​ជំទាស់​នឹង​ការ​វិល​ត្រឡប់​មក​វិញ​របស់​ទាហាន​អាមេរិក?

វា​ជា​ការ​រំឭក​មួយ​ដល់​មេ​ដឹក​នាំ​ទាំង​អស់​ថា មាន​គេ​កំពុង​តែ​ឃ្លាំ​មើល ហើយ​ប្រសិន​បើ​នរណា​ធ្វើ​អ្វី​មិន​ល្អ គេ​អាច​នឹង​លាត​ត្រដាង ហើយ​រឿង​នោះ មិន​មែន​ជា​រឿង​អាក្រក់​ទេ៕ NR


1 comment:

Anonymous said...

I'm Cambodian American I agreed what I heard from it a good to know before something happen