Sunday, November 10, 2013
មូលហេតុក្រុមយុវជនភាគច្រើនចាប់អារម្មណ៍ទៅនឹងរឿងនយោបាយ
យុវជន គឺជាកម្លាំងស្នូលមួយនៅក្នុងសង្គម ដែលគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ទៅលើពួកគាត់។ ក្រុមអ្នកនយោបាយមានទស្សនៈវិស័យថា កាលណាអូសទាញយុវជនភាគច្រើនបាននោះ នឹងធ្វើឲ្យមានកម្លាំងគាំទ្រកាន់តែខ្លាំងឡើង ឈានទៅរកការផ្លាស់ប្ដូរអ្វីមួយបាន។
ដោយ ខែ សុណង RFA 2013-11-09
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនភាគច្រើនបានចាប់អារម្មណ៍ទៅនឹងរឿងនយោបាយ។ ប៉ុន្តែ បញ្ហានេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយបានពន្យល់ថា យុវជនត្រូវតែសិក្សាឲ្យបានស៊ីជម្រៅអំពីគោលនយោបាយរបស់គណបក្សនីមួយៗជាមុនសិន។
នៅក្នុងស្ថានភាពនយោបាយកំពុងមានភាពស្រពិចស្រពិលនៅឡើយនោះ ក្រុមយុវជនបានជំរុញឲ្យអ្នកនយោបាយធំៗចំនួន២ គឺមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សសង្គ្រោះជាតិ សម្រុះសម្រួលគ្នា ដើម្បីស្វែងរកផលប្រយោជន៍ជាតិពិតប្រាកដ។
យុវជនមកពីសាកលវិទ្យាល័យមួយចំនួន បានមកជួបជុំគ្នានៅសាកលវិទ្យាល័យ ខេមរៈ ជាង ១០០នាក់ នៅក្នុងសិក្ខាសាលាយុវជន ស្ដីពីការស្វែងយល់អំពីផលវិបាកបច្ចុប្បន្នភាពនយោបាយកម្ពុជា និងលទ្ធភាពដោះស្រាយបញ្ហាជាប់គាំងនយោបាយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា រៀបចំដោយក្លឹបសំឡេងយុវជនខ្មែរអន្តរជាតិ និងអង្គការសភាយុវជនខ្មែរ។
យុវជន ហែម មករា ជានិស្សិតផ្នែកនីតិសាស្ត្រឆ្នាំទី២ នៃសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានថ្លែងថា រូបគេចង់ដឹងពីទិដ្ឋភាពទូទៅ និងបច្ចុប្បន្នភាពនយោបាយកម្ពុជា ថាតើដល់ណា? ហើយថា តើអ្នកនយោបាយនៃគណបក្សទាំងពីរដោះស្រាយដោយរបៀបម៉េច? យុវជនដដែលចង់ឲ្យគណបក្សទាំងនេះ ធ្វើការសម្របសម្រួលគ្នា ដោយផ្អែកទៅលើច្បាប់ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ចំណែកយុវតី ងួន គឹមណេង ជានិស្សិតផ្នែកធនាគារ និងហិរញ្ញវត្ថុឆ្នាំទី២ នៃសាកលវិទ្យាល័យ ខេមរៈ ក៏បានស្នើឲ្យបក្សនយោបាយទាំងពីរ ដែលមានគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ធ្វើការរួមគ្នាដើម្បីប្រយោជន៍ជាតិ ជាជាងការចរចាមួយដែលគេសង្ស័យថា ដើម្បីតែអំណាចនោះ។
មតិយុវជនទាំងនេះបានលើកឡើងនៅបន្ទាប់ពីពួកគេបានស្ដាប់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ថ្លែងអំពីប្រវត្តិ និងវិបត្តិជាប់គាំងនយោបាយពីមួយជំនាន់ទៅមួយជំនាន់ៗនោះ។
នៅបន្ទាប់ពីការបោះឆ្នោតជាតិអាណត្តិទី៥ មានភាពមិនប្រក្រតីធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោត ហើយគណបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលឆ្នោត មិនតែប៉ុណ្ណោះពួកគេបានទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យមួយ ដើម្បីផ្ដល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត។ ប៉ុន្តែពុំមានការយកចរចាត្រូវរ៉ូវគ្នានៅឡើយ ហើយគណបក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋាភិបាលដោយឯកបក្ស។
ប្រធានអង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន មានមតិថា លោកចង់ឲ្យយុវជនខ្មែរបានចូលរួមស្ដាប់ និងគិតពីការវិភាគរបស់អ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និងសង្គម។ ថ្វីត្បិតតែកន្លងមក យុវជនបានដឹងពីជំហរនយោបាយរបស់គណបក្សដែលជាតួឯកសំខាន់ទាំងពីរហើយក្ដី។ ប៉ុន្តែដោយសារសំឡេងយុវជនដែលមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ដែលមានចំនួនប្រមាណ ៤លាន ទៅ ៥លាននាក់ ហាក់ដូចជាកប់បាត់នោះ លោកថា ការគូសវាសវាសនាប្រទេសជាតិមិនអាស្រ័យទៅលើកណ្ដាប់ដៃរបស់អ្នកនយោបាយនោះទេ។
ទាក់ទងបញ្ហានេះ លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ដែលបានទៅចែករំលែកព័ត៌មាន និងការវិភាគដល់ក្រុមនិស្សិត។ លោកបានលើកយកចំណុចសំខាន់ចំនួន៣ គឺប្រវត្តិ មូលហេតុ និងដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយ។ លោកមានប្រសាសន៍ថា ការលើកយកបញ្ហានេះមកប្រាប់យុវជន មានបំណងតែ១គត់ ធ្វើយ៉ាងណាឲ្យយុវជននាំការពិតទៅដល់មូលដ្ឋានរបស់ពួកគេ។
លោកបណ្ឌិត សុខ ទូច បានចាត់ទុកយុវជន គឺជាសក្ដានុពលសម្រាប់កសាងប្រទេសជាតិទៅថ្ងៃអនាគត ហើយពួកគេនឹងក្លាយទៅជាមេដឹកនាំនៅពេលខាងមុខ និងជាបញ្ញវន្តដែលជាសសរទ្រូងក្នុងការអភិវឌ្ឍប្រទេសជាតិឈរនៅលើចំណេះដឹង។
ក្លឹបសំឡេងយុវជនខ្មែរអន្តរជាតិ ដែលជាបណ្ដាញរបស់អង្គការសភាយុវជនខ្មែរ គ្រោងនឹងរៀបចំឲ្យយុវជនជួបជុំគ្នារបៀបនេះម្ដងទៀត នៅសាកលវិទ្យាល័យ ខេមរៈ ស្ដីអំពីការពិនិត្យមើលថវិកាជាតិឆ្នាំ២០១៤៕
Subscribe to:
Post Comments (Atom)
2 comments:
3 laziest monkskerteers. free food, free rent, free internet surfing, so now let pretending to play politic. please go get a job to support your family instead of escaping the family for a easy life.
3 trongols ott sel.
Post a Comment