Wednesday, November 20, 2013

តារាមួយដួងដែលគេភ្លេច ដោយ អ៊ុម ហាក់



សូមសំរាកមួយភ្លែតទៀត
LET’S HAVE ANOTHER BREAK
ដោយ អ៊ុម ហាក់
អារម្ភកថា:
   សូមឧទ្ទិសសំណេរនេះជូនដល់ប្អូនៗតារាទាំងអស់ ជាពិសេស កញ្ញាដាឌីណា បូនីតា លោក
ហេងធារ៉ា នឹងលោកសុភណ្ឌ ឡារី ( បើសរសេរឈ្មោះខុសសូមមេត្តាអភ័យ ) ដែលបានទទួលការ
រើសអើងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនាៗមានទូរទស្សន៍ជាដើមឈប់ទទួលកញ្ញា និងអស់លោក
ចេញមុខលើឆាករបស់គេ ជាហេតុធ្វើឲ្យជីវភាពរបស់ប្អូនៗតឹងតែងជាងកាលដើម ដោយសារតែប្អូ
នៗបានធ្វើអំពើមនុស្សធម៌នៅទីកន្លែងដែលជនផ្តាច់ការមិនចូលចិត្ត។ ខ្ញុំសង្ឃឹមថាសំណេរនេះនឹង
បានទៅប៉ះដល់ចក្ខុរបស់ប្អូនៗគ្រាន់នឹងយកទៅពិចារណាលេង។ ដំណើរដើមទងមានដូចខាង
ក្រោមដែលខ្ញុំសូមអនុញ្ញាតិដាក់ចំណងជើងថា
តារាមួយដួងដែលគេភ្លេច
   « ថ្ងៃដែលខ្ញុំចេញពីគុកព្រៃស បើកុំតែបានម៉ៅ សារ៉េត យកខោមួយអាវមួយទៅឲ្យខ្ញុំៗមិនដឹងបា
នអ្វីស្លៀកពាក់ទេ »។ ជាចៃដន្យដែលខ្ញុំឮសំដីនេះ គ្រាខ្ញុំទៅលេងផ្ទះអតីតខ្មែរសេរីម្នាក់ វាក់អឺកណ្តា
លកិច្ចសន្ទនារបស់គេ ហើយជាលើកទីមួយហើយដែលខ្ញុំបានឃើញមុខម្ចាស់សំដីនេះ។ តួសំខាន់
ក្នុងអត្ថបទនេះគឺម្ចាស់សំដីខាងលើ តែគួរតែលើកឡើងដែរថានរណាជាម៉ៅ សារ៉េតនោះក្រែងមាន
ប្អូនៗជំនាន់ក្រោយខ្លះមិនបានស្គាល់ឬក៏ភ្លេចទៅហើយ។ អ្នកស្រីម៉ៅ សារ៉េត ជាសិល្បករចម្រៀង
ស្រ្តីជើងចាស់ក្នុងតន្រ្តីយោធាភិរម្យ ការិយាល័យទី៥នៃអគ្គសេនាធិការកងយោធពលខេមរភូមិន្រ្ទ។
អ្នកស្រីជារៀមច្បងលើអ្នកស្រីហួយ មាស អ្នកស្រីរស់ សេរីសុទ្ធា អ្នកស្រីប៉ែន រ៉ន ប៉ែន រ៉ម ក្នុងមុខ
របរជាអ្នកចម្រៀង។ បាត់ដំណឹងពីអ្នកស្រីចាប់ពីជំនាន់កម្ពុជាប្រជាធិបតេយ្យ។ អ្នកស្រីបានថត
ថាសចម្រៀងមួយចំនួន តែចម្រៀងល្អដាច់គេរបស់អ្នកស្រីនឹងមិនអាចរកនរណាធ្វើដូចបាននោះ
គឺបទ មេឃខ្មៅងងិត។ វិលមកម្ចាស់សំដីដែលបានពោលខាងលើវិញ។ ជាសិល្បករផ្នែកសរសេរ
បទភ្លេងនិងទំនុកច្រៀងជើងចាស់ជំនាន់លោកស៊ិន ស៊ីសាមុត លោកសុះ ម៉ាត់ លោកពៅស៊ីផូ។ល។
ឆ្នាំ១៩៥២លោកបានទៅបំរើ ប្រជាចលនាឥស្សរ:រួមខ្មែរបំរើជាតិ ដែលជាចលនាខ្មែរសេរី តស៊ូទាម
ទារឯករាជ្យពីអាណានិគមបារាំងសេសមានបញ្ជាការដ្ធាននៅភ្នំដងរែក ដឹកនាំដោយលោកសឺង
ង៉ុកថាញ់។ ក្រោយឯករាជ្យចលនានេះបានមកចុះចូលជាមួយនឹងរដ្ធាភិបាលខ្មែរក្រុងភ្នំពេញវិញ។
លោកយ៉ង់ ឈាងក៏បានត្រឡប់ចូលទៅបំរើក្នុងវង់តន្រ្តីក្រសួងឃោសនាការជាតិដូចដើមវិញដែរ។
មិនដឹងហេតុអ្វី ឬនៅពេលណាដែលនគរបាលសម្តេចសីហនុចាប់លោកយកទៅដាក់គុកព្រៃស
ខ្ញុំគ្រាន់តែចាំថាខ្ញុំបានជួបមុខលោកជាលើកដំបូងនៅដើមទស្សវត្សរ៍១៩៦០ឯលំនៅដ្ធាន អតីតខ្មែរ
សេរីម្នាក់បន្ទាប់ពីលោករួចទោសបន្តិចមក។ គឺនៅទីនោះហើយដែលលោករំលឹកគុណ អ្នកស្រីម៉ៅ
សារ៉េតដូចបានរៀបរាប់ខាងដើមនោះ។ ការសន្ទនារវាងមិត្តរួមអាវុធទាំងពីរបន្តទៅទៀតយ៉ាងវែង
តែខ្ញុំចាំបានតែចំណុចសំខាន់ពីរប៉ុននោះ។ ១- លោកយ៉ង់ ឈាងប្រាប់ថាកាលលោកជាប់គុក
លោកមិនជាអផ្សុកប៉ុន្មានទេ ព្រោះលោកបានសុំឲ្យមិត្តភ័ក្តិរកថ្នាំលាបមួយចំនួននឹងជក់មួយឲ្យ
លោក។ លោកបន្តថានៅលើជញ្ជាំងគុក លោកគូរតែបង្អួចមួយ ចាបមួយគូទំលើមែកឈើមួយទៅ
លោកចេញពីគុកបាត់ទៅហើយ។ ២- ក្រោយដែលបានទទួលសេរីភាព លោកបានទៅជួបមន្រ្តីក្រ
សួងឃោសនាការ សុំចូលបម្រើក្នុងវង់តន្រ្តីក្រសួងដូចដើមវិញ។ អ្នកទទួលខុសត្រូវក្រសួងមិន
យល់ទាស់ទេ តែគេតម្រូវឲ្យលោកសរសេរបទភ្លេងនឹងទំនុកច្រៀងពីរបទលើកដំកើងសម្តេចសីហ
នុ និងសង្គមរាស្រ្តនិយម។ លោកយ៉ង់ ឈាងតបថា នេះមិនមែនជាមនោសញ្ចេតនារបស់ខ្ញុំ
ខ្ញុំសរសេរមិនចេញទេ។ ដោយហេតុតែមនោសញ្ចេតនារបស់លោកមិនស្របនឹងនយោបាយ
សង្គមរាស្រ្តនិយមជំនាន់នោះ លោកយ៉ង់ ឈាងត្រូវបង្ខំចិត្តប្រកបអាជីពជាអ្នកចម្រៀងតាមរង្គ
សាលរកកម្រៃចិញ្ចិមជីវិត។ ជាការពិតណាស់ដែលលោកពុំបានចូលច្រៀងក្នុងតន្រ្តីឃោសនាការ
ជំនាន់នោះ តែបទភ្លេងនិងទំនុកច្រៀងរបស់លោកជាច្រើនបានត្រូវផ្សាយចេញតាមរយ:ក្រសួង
ឃោសនាការមិនសូវអាក់ខានឡើយ។ បទភ្លេងនឹងទំនុកច្រៀងដែលល្បីជាងគេរបស់លោក
កាលជំនាន់សង្គមរាស្រ្តនិយមគឺ « ខ្ញុំចង់តែជេរដល់ព្រហ្មលិខិត » ច្រៀងដោយលោកស៊ិន ស៊ីសា
មុត។ លោកបានត្រូវសម្តេចព្រះសង្ឃរាជ្យជួន-ណាត កោះហៅទៅស្តីបន្ទោសព្រោះតែលោកចង់
ជេរព្រហ្មលិខិតតនោះ។ លោកបានប្រកបអាជីពជាអ្នកចម្រៀងតាមរង្គសាលរហូតដល់ថ្ងៃទី១៨ខែ
មិនាឆ្នាំ១៩៧០ ដែលជាថ្ងៃរដ្ធប្រហារទម្លាក់សម្តេចសីហនុពីតំណែងប្រមុខរដ្ធ។ លោកចេញមុខ
ចូលច្រៀងមុនគេបង្អស់នៅក្រសួងឃោសនាការសម័យសាធារណរដ្ធខ្មែរ ម្តងនេះក្នុងនាមជា
សំនៀង ទ្ធី។ លោកសំនៀង ទ្ធីបានបំរើសាធារណរដ្ធខ្មែរលុះដង្ហើមចុងក្រោយបង្អស់ ក្នុងដំ
ណាក់កាលនោះ បទភ្លេងនឹងទំនុកច្រៀងមួយដែលលោកច្រៀងដោយខ្លួនឯង ហើយដែលគេពុំ
អាចបំភ្លេចបាននោះគឺ « សឹង្ហឯងសាសន៍អី »។ ខណ:នោះពាក្យថាសឹង្ហគឺលោកសំដៅទៅសម្តេច
សីហនុដែលបានទៅចូលដៃចូលជើងនឹងយួន ហៅពួកវាមកវ៉ៃកងទ័ពសាធារណរដ្ធខ្មែរដែលធ្លាប់
ជាកូនចៅទ្រង់ពីម្សិលមិញនោះសោះ។ លោកសំនៀង ទ្ធីក៏បានទទួលវាសនាអភ័ព្វកាលសម័យ
កម្ពុជាប្រជាធិបតេយ្យដូចលោកស៊ិន ស៊ីសាមុត លោកសុះ ម៉ាត់ អ្នកស្រីហួយ មាស អ្នកស្រីរស់
សេរីសិទ្ធា ។ល។នឹង។ល។ គួរឲ្យសោកស្តាយក្រៃលែង៕
អ៊ុម ហាក់                           ៨វិច្ឆិកា ២០១៣

No comments: