http://www.youtube.com/watch?v=MtQCQlDIzL0&feature=youtu.be
ពលរដ្ឋពីរនាក់នៅខេត្តកណ្ដាល
ត្រូវបានតុលាការកោះហៅតាមបណ្ដឹងរបស់ឧកញ៉ាដែលស្និទ្ធនឹងគណបក្ស
កាន់អំណាច លោក ទ្រី ភាព។ ពាក្យបណ្ដឹងនេះ
ធ្វើឡើងបន្ទាប់ពីអង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា
បានចេញរបាយការណ៍ស៊ើបអង្កេតមួយដែលនិយាយពីការឃ្លាំមើលវិនិយោគ
និងធុរកិច្ចនៅកម្ពុជា និងសិក្សាលម្អិតទៅលើសាវតាររបស់ក្រុមហ៊ុន
ទ្រី ភាព ហើយបានរកឃើញថា ក្រុមហ៊ុនមួយនេះប្រកបរបរធំគឺជួញឈើ។
ដោយ វណ្ណ វិចារ2013-11-25 RFA
ប្រជាពលរដ្ឋពីរនាក់រស់នៅភូមិជន្លង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល ដែលត្រូវសង្គមស៊ីវិលសម្ភាសន៍អំពីសាវតាររបស់លោក ទ្រី
ភាព កំពុងមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
បន្ទាប់ពីបានទទួលដីកាកោះហៅពីតុលាការខេត្តកណ្ដាល។
ពលរដ្ឋទាំងនោះត្រូវបានតុលាការខេត្តកណ្ដាល
កោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣។
ពលរដ្ឋដែលត្រូវគេប្ដឹង
និងជាប្រធានគណបក្សសង្គ្រោះជាតិឃុំត្បែង លោក សេន សាន នៅថ្ងៃទី២៥
ខែវិច្ឆិកា ឲ្យដឹងថា រូបលោកបានទទួលដីកាពីសាលាដំបូងខេត្តកណ្តាល
កាលពីថ្ងៃទី២២ ខែវិច្ឆិកា តាមបណ្ដឹងរបស់ឧកញ៉ា ទ្រី ភាព
ក្នុងបទបរិហារកេរ្តិ៍។ លោកបន្ថែមថា
លោកពិតជាធ្លាប់បាននិយាយប្រាប់មន្ត្រីអង្គការសង្គមស៊ីវិលថា
ឃើញឧកញ៉ា ទ្រី ភាព រកស៊ីមានបានដោយសារមុខរបរជួញឈើពិតមែន
ប៉ុន្តែឈើនោះយកមកពីណាទៅលក់នៅឯណា លោកមិនបានដឹងឡើយ។
លោកបន្តថា ក្រុមគ្រួសាររបស់លោកកំពុងមានការបារម្ភពីសុវត្ថិភាព
បន្ទាប់ពីរបាយការណ៍សង្គមស៊ីវិលត្រូវបានគេផ្សព្វផ្សាយ។
ចំណែកពលរដ្ឋម្នាក់ទៀតដែលជាប់បណ្ដឹងទៅតុលាការដូចគ្នានោះ
លោកស្រី អ៊ុក សំបូរ មិនហ៊ានចេញមុខជួបអ្នកកាសែតទេ
បន្ទាប់ពីគាត់ទទួលដីកាកោះពីតុលាការ។ អ្នកភូមិជន្លង ឲ្យដឹងថា
លោកស្រី អ៊ុក សំបូរ ត្រូវបានអាជ្ញាធរស្រុកកណ្ដាលស្ទឹង
ហៅទៅធ្វើកិច្ចសន្យា និងគំរាមឲ្យផ្តិតមេដៃលើឯកសារមួយច្បាប់
ប៉ុន្តែមិនបានដឹងថា ឯកសារនោះនិយាយពីអ្វីឡើយ។
ស្ត្រីក្រីក្ររូបនេះ កំពុងតែដេកយំព្រោះព្រួយចិត្តពីបញ្ហានេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
កណ្ដាល លោក សំម ឫទ្ធីវាសនា និងលោក ទ្រី ភាព
ដើម្បីបំភ្លឺបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា
ឆ្នាំ២០១៣។
របាយការណ៍របស់ក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា
ត្រង់ទំព័រទី៣៣ បានស្រង់សម្ដីអ្នកភូមិ លោក សេន សាន ដែលលើកឡើងថា
អ្នកភូមិសង្កេតឃើញថា លោកទ្រី ភាព
មានជីវភាពរុងរឿងដោយសារតែរកស៊ីឈើ
ជួនកាលឈើដឹកចូលលាក់ទុកក្នុងភូមិជន្លង់
ជួនកាលយកលាក់ទុកនៅវត្តអង្គតាព្រោជ។
របាយការណ៍នោះក៏បានស្រង់សម្ដីអ្នកភូមិទៀតថា លោក ទ្រី ភាព
តែងធ្វើល្អជាមួយអ្នកជិតខាង
ប៉ុន្តែនៅឃ្លាចុងក្រោយនៃកិច្ចសម្ភាសន៍នោះ ក៏បានសរសេរថា ទ្រី ភាព
បានបង់ប្រាក់ឲ្យទៅគ្រួសារលោកនាយករដ្ឋមន្ត្រី ក្នុងមួយខែ
១លានដុល្លារ ជាថ្លៃដឹកឈើចេញទៅវៀតណាម និងទៅប្រទេសចិន។
ត្រង់ចំណុចនេះ នាយកអង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា
លោក អ៊ូច ឡេង បញ្ជាក់ថា លោក សេន សាន មិនបាននិយាយថា លោក ទ្រី ភាព
បង់លុយឲ្យលោក ហ៊ុន សែន ទេ
ប៉ុន្តែអ្នកផ្សេងទៀតបានប្រាប់រឿងនេះទៅអង្គការរបស់លោក។
ចំណែកឯលោកស្រី អ៊ុក សំបូរ ដែលលោក ទ្រី ភាព ប្ដឹងដែរនោះ
មិនត្រូវបានសង្គមស៊ីវិលស្រង់សម្ដីទាក់ទងនឹងមុខរបររកស៊ីឡើយ
សម្ដីទាំងអស់របស់គាត់គឺនិយាយពីពូជពង្ស ឈ្មោះកូនប្រពន្ធរបស់លោក
ទ្រី ភាព ប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ
នាយកអង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង
មានប្រសាសន៍ថា បណ្ដឹងប្រឆាំងនឹងពលរដ្ឋទាំងពីរនាក់នេះ
គឺជាករណីប្រើប្រាស់ប្រព័ន្ធតុលាការបំបិទសេរីភាពបញ្ចេញមតិ
និងជាការគំរាមកំហែងសុវត្ថិភាពរបស់មនុស្សណាដែលហ៊ាននិយាយពាក្យ
ពិត។
លោកបន្តថា
សង្គមស៊ីវិលនឹងចាត់ចែងឲ្យមានមេធាវីការពារក្តីជូនប្រជាពលរដ្ឋ
ទាំងនេះ
ហើយលោកអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការចំពោះអ្នករកស៊ី
បំផ្លាញជាតិជាជាងធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង់។
របាយការណ៍ស៊ើបអង្កេតកម្រាស់ជិត
៥០ទំព័ររបស់អង្គការក្រុមការងារពិសេសសិទ្ធិមនុស្សកម្ពុជា
បានរកឃើញថា លោក ទ្រី ភាព និងប្រពន្ធឈ្មោះ ម៉ៅ មុម មានក្រុមហ៊ុនចំនួន
១៥ ដែលរកស៊ីដាំដំណាំកសិ-ឧស្សាហកម្ម
ហើយភាគច្រើនបានទទួលដីសម្បទានពីរាជរដ្ឋាភិបាល
និងជាអ្នកម៉ៅទិញព្រៃឈើដែលស្ថិតក្នុងដីសម្បទានទាំងអស់ទូទាំង
ស្រុកខ្មែរ។
របាយការណ៍បានអង្កេតលម្អិតតាមក្រុមហ៊ុននីមួយៗ និងបានបញ្ជាក់ថា
លោក ទ្រី ភាព ជាអ្នកមេឈ្មួញជួញឈើទាំងស្របច្បាប់ និងខុសច្បាប់
ដ៏ធំនៅស្រុកខ្មែរសម្រាប់ដឹកយកទៅលក់នៅប្រទេសវៀតណាម និងចិន៕
1 comment:
CNRP MUST REACT TO THIS CASE.
Post a Comment