Monday, November 25, 2013

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រឹប​អូស​សត្វ​ក្របី​ពលរដ្ឋ​ខុស​នីតិវិធី


ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ជំនួញ​សត្វ​ក្របី ចោទ​ប្រកាន់​កង​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ថា​បាន​រឹប​អូស​ក្របី ហើយ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខុស​នីតិវិធី រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ។

ដោយ រដ្ឋា វិសាល RFA 2013-11-24

ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​រស់​នៅ​ភូមិ​ថាឡាបរិវ៉ាត់ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថាឡាបរិវ៉ាត់ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​វិច្ឆិកា អំពាវនាវ​សុំ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់ ដោយសារ​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​បាន​បំពេញ​ភារកិច្ច​ខុស​នីតិវិធី រំលោភ​សិទ្ធិ​ពលរដ្ឋ និង​រំលោភ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​បទ​ល្មើស។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​មួយ​ក្រុម កាល​ពី​វេលា​ម៉ោង ៦ និង ៣០​នាទី យប់​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៣ បាន​ចាប់​យក​ក្របី ៤​ក្បាល របស់​ពួក​គាត់ ក្នុង​បទ​ចោទ​ថា ពួក​គាត់​ជា​អ្នក​ទទួល​ផល​ចោរកម្ម។ ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក សមត្ថកិច្ច​ដដែល​បាន​ចូល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ រឹប​អូស​គោយន្ត​មួយ​គ្រឿង ក្របី ២៣​ក្បាល​ទៀត ដោយ​គ្មាន​ដីកា​របស់​តុលាការ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ រួម​ទាំង​តាម​រក​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់​ផ្សេង​ទៀត។
ជន​ជាប់​ចោទ​ឈ្មោះ ស្វាយ សាវឿ មាន​ប្រសាសន៍​បញ្ជាក់​ថា គាត់ និង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សួង លីសិត ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចាប់​ឃុំ​ខ្លួន ខណៈ​ពួក​គាត់​បាន​យក​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ក្របី ដែល​អ្នក​ភូមិ​បាន​លក់ និង​មាន​អាជ្ញាធរ​ភូមិ​ឃុំ​បញ្ជាក់​ទទួល​ស្គាល់​ការ​លក់​ក្របី​នេះ ជូន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ។ លោក​បន្ត​ថា សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ បាន​ឃុំ​ខ្លួន​លោក និង​អ្នក​ភូមិ​ម្នាក់​ទៀត ជាង ៥​ថ្ងៃ ទើប​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត៖ «គេ​រំលោភ​គេ​ដាក់​យើង​ពី​បទ​លួច។ គេ​សួរ​ចម្លើយ​ក្របី​ទិញ​ពី​ឈ្មោះ​អ្វីៗ ទិញ​ក្របី​មួយ​តម្លៃ​ប៉ុន្មានៗ ខ្ញុំ​ប្រាប់​តម្លៃ​គេ​ទាំងអស់ ទូទៅ​ខ្ញុំ​មក​ទិញ​ក្របី​ស្នាក់​នៅ​ផ្ទះ​ប៉ូលិស មិន​ដាក់​ចោល​តាម​ព្រៃ​តាម​ផ្សៃ​ទេ»។

ចំណែក​ស្ត្រី​ឈ្មោះ ប៊ុន ចន្ធូ ជា​ភរិយា​ជន​ជាប់​ចោទ​ឈ្មោះ កែវ រស់ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្ដី​របស់​គាត់​ជា​អ្នក​ប្រមូល​ទិញ​ក្របី​មួយ​រូប​ក្នុង​ចំណោម​គ្នា​បី​នាក់ គឺ​មាន​ការ​អនុញ្ញាត​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន។ ចំណែក​ក្របី​ដែល​ប្ដី​អ្នកស្រី​ទិញ គឺ​មាន​ម្ចាស់​ក្របី​ទទួល​ស្គាល់​ត្រឹមត្រូវ ក៏ប៉ុន្តែ​ក្រុម​កង​រាជ​អាវុធហត្ថ បាន​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់​គំរាម​កំហែង​ប្រើ​អំណាច​រឹប​អូស​យក​ក្របី​ដោយ​បង្ខំ៖ «គេ​ហៅ​ទៅ​កន្លែង​ប៉េអិម ថា​ឲ្យ​យក​សំបុត្រ​ទៅ​មើល​ទៅ​ដល់​គេ​ដាក់​ខ្នោះ​យក យក​ទៅ​ផ្ទះ ប៉ុន្តែ​យក​ដូច​ប្លន់​អ៊ីចឹង មក​គំរាម​កំហែង»។

ឆ្លើយ​តប​ការ​ចោទ​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត លោក ទៀង វ៉ាន់ឌី បាន​បដិសេធ​ថា សមត្ថកិច្ច​អាវុធហត្ថ​មិន​បាន​រំលោភ​នីតិវិធី​បង្ក្រាប​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​បង្ក្រាប​លើក​ទី​មួយ ជា​បទ​ល្មើស​ជាក់ស្តែង ហើយ​សកម្មភាព​បង្ក្រាប​លើក​ទី​ពីរ សមត្ថកិច្ច​មាន​បទ​បញ្ជា​ពី​មន្ត្រី​អយ្យការ​មុន​ម៉ោង ៦​រសៀល៖ «លើក​ទី​១ ឡើង​ពី​កំពង់ដ ក្នុង​ពេល​នោះ​វា​យប់​ហើយ ដោយសារ​មាន​បណ្ដឹង​ពី​ពលរដ្ឋ​បទ​ល្មើស​ជាក់ស្តែង ព្រះរាជ​អាជ្ញា​គាត់​បាន​បញ្ជា​ឲ្យ​ខ្ញុំ​ទៅ»។

របាយការណ៍​របស់​អធិការ​ប៉ូលិស​ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ីវ លឿ ជម្រាប​ជូន​អភិបាល​ខេត្ត​ស្ទឹងត្រែង ជួយ​រក​យុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បញ្ជាក់​ថា ក្រុម​កង​រាជ​អាវុធហត្ថ​ពិត​ជា​បាន​គំរាម​កំហែង​ប្រជាពលរដ្ឋ និង​ចាប់​រឹប​អូស​ក្របី និង​គ្រឿងយន្ត​ប្រជាពលរដ្ឋ ដែល​មាន​លិខិត និង​មាន​ម្ចាស់​បញ្ជាក់​ថា បាន​លក់​ក្របី​មែន។

ទោះ​ជា​យ៉ាង​នេះ​ក្តី មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ លោក ម៉ៅ សារី មាន​ប្រសាសន៍​បញ្ជាក់​ថា ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក សា សារុន កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​វិច្ឆិកា បាន​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ​ជា​ជន​ជាប់​ចោទ ២​នាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន និង​រៀប​ចំ​ប្រគល់​ក្របី​ចំនួន បី​ក្បាល​ទៅ​ឱ្យ​ជន​ជាប់​ចោទ​ឈ្មោះ ស្វាយ សាវឿ នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ។ លោក​បន្ត​ថា ចំណែក​ក្របី ២៤​ក្បាល​ទៀត ចៅក្រម​រង់ចាំ​អ្នក​ទិញ​ក្របី​ម្នាក់​ទៀត​ឈ្មោះ កែវ រស់ ចូល​ខ្លួន​មក​បំភ្លឺ​ពាក់ព័ន្ធ​ការ​ទិញ​ក្របី​នេះ៖ «ទស្សនៈ​ខ្ញុំ​ជា​មេធាវី តាម​ផ្លូវ​ច្បាប់​យល់​ឃើញ​ថា វា​មិន​គប្បី​ទៅ​យក​ទេ ទាល់​តែ​មាន​សិទ្ធិ​ស្នើ​ពី​តុលាការ​ត្រឹមត្រូវ។ ការ​ទៅ​យក​បែប​នេះ ហាក់​បី​ដូច​រំលោភ​សិទ្ធិ​ពលរដ្ឋ​តាម​ផ្លូវ​ច្បាប់»។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា សកម្មភាព​រឹប​អូស​ទ្រព្យ​សម្បត្តិ ឬ​វត្ថុ​តាង​បទ​ល្មើស ត្រូវ​មាន​ដីកា​របស់​តុលាការ៕

3 comments:

Anonymous said...

2...it right answer?

Anonymous said...

Try agian..lol

Anonymous said...

Sorry...Maybe 3...Hmmm?