Friday, November 15, 2013

ស្ថានភាព​នៅ​តំបន់​ព្រំដែន​ខ្មែរ​ថៃ​ជាប់​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា


ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។ RFA/Soun Sophalmony
នៅ​តំបន់​ព្រំដែន​ខ្មែរ-ថៃ ជាប់​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា ស្ថានភាព​ជា​ទូទៅ​មាន​លក្ខណៈ​ល្អ​ជា​ធម្មតា។ កងទ័ព​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា។ អ្នក​ខ្លះ​ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ពេល​ព្រឹក ត្រឡប់​មក​វិញ​នៅ​ពេល​ល្ងាច។ ចំណែក​ឯ​សាលា​រៀន​ជា​ច្រើន​ខ្នង​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ នៅ​តែ​បន្ត​បើក​ទ្វារ​បង្រៀន​សិស្ស​ដូច​សព្វ​មួយ​ដង។

ដោយ សួន សុផលមុន្នី RFA 2013-11-15

ការ​រក្សា​ទំនាក់ទំនង​ល្អ​ដើម្បី​ពង្រឹង​សុខ​សន្តិភាព ស្ថិរភាព នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-ថៃ កំពុង​ទទួល​បាន​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​ប្រជាជាតិ​ទាំង​ពីរ ជាពិសេស គឺ​ក្រុម​អ្នក​ភូមិ​ដែល​មាន​លំនៅឋាន​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ។

អ្នក​ភូមិ​ទាំង​នោះ ពួក​គាត់​ម្នាក់ៗ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បកស្រាយ​សាលក្រម​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​១៩៦២ នោះ ត្រូវ​បាន​ប្រកាស​ឲ្យ​គេ​ដឹង​ឮ​ជា​សកល​ហើយ។ ប៉ុន្តែ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-ថៃ ពុំ​ទាន់​មាន​ការ​ផ្ទុះ​អាវុធ​ច្បាំង​គ្នា​បង្ហូរ​ឈាម​ដូច​កាល​ពី​លើក​មុន​នោះ​ទេ៖ «ប្រជាជន​ចេញ​ចូល​ជា​ធម្មតា បើក​ផ្សារ​បើក​អី​ឲ្យ​ចេញ​ចូល​ជា​ធម្មតា។ ថ្ងៃ​ច័ន្ទ វា​បើក​ផ្សារ ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ ថ្ងៃ​សុក្រ មួយ​អាទិត្យ​វា​បើក​បី​ថ្ងៃ បើក​ឲ្យ​ចូល​ទៅ​ទិញ​អី ហើយ​ប្រជាជន​ខ្មែរ​យើង​អាច​ចូល​ដូច​ជា​មាន​ម៉ូតូ​កង់ គោយន្ត​អី​មក​ធម្មតា ហើយ​សព្វ​ថ្ងៃ​ប្រជាជន​កំពុង​ច្រូត​នៅ​ក្នុង​ស្រុក​ថៃ គេ​យក​ឡាន​មក​ទទួល​ព្រឹក​ទៅ​ល្ងាច​មក​រាល់​ថ្ងៃ​បណ្ដោយ»។

ទិដ្ឋភាព​ជា​ទូទៅ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ នា​ពេល​នេះ ខុស​ដាច់​គ្នា​ឆ្ងាយ​កាល​ពី​លើក​មុន។ ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​របៀង​នានា​ស្ថិត​នៅ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ បាន​បើក​ទ្វារ​ចំហ។ សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម ការ​ចេញ​ចូល​ឆ្លង​ដែន​ប្រកប​អាជីវកម្ម ការងារ​ផ្សេងៗ​របស់​ប្រជាជាតិ​ទាំង​ពីរ កំពុង​មាន​និរន្តរភាព។

ក្រៅ​ពី​ក្រុម​អ្នក​ភូមិ​ដែល​ជា​ជន​ស៊ីវិល នៅ​មាន​កង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ ជា​ច្រើន​ម៉ឺន​នាក់ កំពុង​បំពេញ​កាតព្វកិច្ច​ឈរ​ជើង​ការពារ​បូរណភាព​ទឹក​ដី​នៅ​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​រៀងៗ​ខ្លួន។ ទាហាន​ខ្មែរ និង​ទាហាន​ថៃ ដែល​ធ្លាប់​ប្រើ​កាំភ្លើង​បាញ់​បង្ហូរ​ឈាម​សម្លាប់​គ្នា​កាល​ពី​លើក​មុន ឥឡូវ​នេះ​បាន​ងាក​មក​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ឡើង​វិញ។

កង​ទាហាន​ការពារ​ព្រំដែន​ទាំង​នោះ​បញ្ជាក់​ថា សង្គ្រាម​ក្នុង​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ កាល​ពី​លើក​មុន​បាន​បណ្ដាល​កងទ័ព និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ ស្លាប់ និង​រង​របួស​ទាំង​សង​ខាង។ ក្រៅ​ពី​ស្លាប់ និង​របួស ការ​ផ្ទះ​អាវុធ​នៅ​គ្រា​នោះ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភូមិឋាន បណ្ដាល​ឲ្យ​ដាច់​ស្បៀង​ដាច់​បាយ​ដាច់​ទឹក និង​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។ ទាហាន​រូប​នេះ​បន្ត​ថា ប៉ុន្តែ​លើក​នេះ ស្ថានការណ៍​ទូទៅ​ខុស​ពី​លើក​មុន៖ «ខ្មែរ​យើង​ដាក់​កម្លាំង​ការពារ​តាម​ក្រវាត់​ព្រំដែន​តាំង​ពី​ព្រំ​ប្រទល់​ខេត្ត​ឧត្តរមានជ័យ មក​រហូត មក​ដល់​បឹង​ត្រកួន អត់​មាន​ព្រំដែន​នៅ​ខាង​បឹង​ត្រកួន នៅ​ធម្មតា​អត់​មាន​អី​ទេ គ្រប់​ជ្រុង​ជ្រោយ ខ្ញុំ​ដើរ​ម្សិលមិញ​ពីរ​ថ្ងៃ​ជាប់​ហើយ អត់​មាន​ទេ»។

ប្រភព​ពី​គ្រូ​បង្រៀន​នៅ​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ អោយ​ដឹង​ថា សង្គ្រាម​នៅ​ពេល​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ក្មេងៗ​តូចៗ និង​សិស្ស​សាលា​ជា​ច្រើន​ម៉ឺន​នាក់​ផ្សេង​ទៀត បាត់​បង់ និង​បោះ​បង់​ចោល​ការ​រៀន​សូត្រ។ ក្មេង​ទាំង​នោះ​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ទៅ​តាម​ក្រុម​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ខែ ទម្រាំ​បាន​វិល​ត្រឡប់​ចូល​លំនៅឋាន និង​បាន​រៀន​សូត្រ​ដូច​ដើម​នៅ​តាម​តំបន់​ជាយ​ដែន​វិញ។ ក្មេងៗ​ភៀស​សឹក​ទាំង​នោះ បាន​ប៉ះពាល់​ដល់​ការ​រៀន​សូត្រ និង​បាក់​ស្លុត​អារម្មណ៍​នៅ​ពេល​មាន​សង្គ្រាម​ម្ដងៗ។

ប្រភព​ពី​គ្រូ​បង្រៀន​ដដែល បញ្ជាក់​ថា ពួក​គាត់​នៅ​ពេល​នេះ​ពុំ​មាន​អារម្មណ៍​តក់​ស្លុត​ដូច​លើក​មុន​នោះ​ទេ៖ «រឿង​លោកគ្រូ​អ្នកគ្រូ​នៅ​នេះ​មិន​មាន​បញ្ហា​អី​ទេ ប្រកាស​ទៅ​ស្ងាត់​ច្រៀប។ កាល​ពី​មិន​ទាន់​ប្រកាស ដូច​ជា​មាន​ការ​ចាំ​ស្ដាប់​រៀង​ខ្លួន​ដែរ អ្នក​ចេះ​ចាំ​មើល​ថា អ៊ីចេះ​អ៊ីចុះ​អី​ទៅ ដល់​ប្រកាស​ទៅ​អត់​ឃើញ​មាន​អី​ផង ស្ងាត់​ច្រៀប ចេះ​តែ​ភ័យ​រៀង​ខ្លួន​ខ្លាច​នេះ​មិន​សុខ​ចិត្ត នុះ​មិន​សុខ​ចិត្ត ដល់​ប្រកាស​ចេញ​មក​ដូច​មិន​មាន​បញ្ហា​អី​ផង។ ពី​ដើម​ចេះ​តែ​នាំ​គ្នា​និយាយ​ចាំ​មើល ដល់​ឥឡូវ​នេះ​មិន​មាន​អ្នក​ណា​គេ​និយាយ​អី​ទេ បើ​រឿង​អ្នក​ស្រុក​ចេះ​តែ​ចង់​បាន​សន្តិភាព»។

នៅ​មុន​ថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ប្រកាស​ជំហរ​រួម​គ្នា​ក្នុង​ការ​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ។ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អះអាង​ថា ទោះ​បី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រកាស​សាលក្រម​ពី​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ មាន​លទ្ធផល​បែប​ណា​ក៏ដោយ តែ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​រួម​គ្នា ដោយ​ផ្ដោត​ជា​សំខាន់​លើ​ស្ថិរភាព និង​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ រវាង​ប្រទេស​ទាំង​ពីរ៕

No comments: