Tuesday, November 19, 2013

គម្រោង​អភិវឌ្ឍន៍​តំបន់​ភ្នំ​នាង​កង្រី​ ជា​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ ​


មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង​ មាន​គម្រោង​អភិវឌ្ឍន៍​ និង​កែលម្អ​សោភ័ណភាព​តំបន់​ភ្នំ​នាង​កង្រី​ ឲ្យ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ គម្រោង​អភិវឌ្ឍន៍​នេះ​ នឹង​អាច​ចាប់​ផ្ដើម​ពី​ចុងឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៨​ នៃ​អាណត្តិ​របស់​រដ្ឋាភិបាល​នីតិ​កាល​ទី​៥​។ តើ​គម្រោង​នេះ​នឹង​អាច​ជួយ​អ្វី​បាន​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ ក្នុង​តំបន់​នោះ?

ជណ្ដើរឡើងភ្នំក្បែរអាស្រមជុកនាងកង្រី ដើម្បីមើលទេសភាពភ្នំនាងកង្រី (រូបថត ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៣)។
RFA/Chin Chhetha


ដោយ ជិន ជេដ្ឋា RFA 2013-11-18

នំ​នាង​កង្រី​ គឺ​ជា​ភ្នំ​មួយ​ ដែល​ទាក់​ទង​​​​ទៅ​នឹង​រឿង​ព្រេង​បុរាណ​ខ្មែរ​ «ពុទ្ធិ​​​សែន​នាង​កង្រី» ឬ​ រឿង​«នាង​១២»​។ នៅ​ក្នុង​ចំណោម​រមណីយដ្ឋាន​ ឬ​តំបន់​ទេសចរណ៍​ចំនួន​២៣​កន្លែង​ នៅ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំង ​តំបន់ភ្នំ​នាង​កង្រី​ នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​គួរ​សម​ ចូល​ទៅ​ទស្សនា​ដោយ​ផ្ទាល់ ឬ​ទស្សនា​ពី​ត្រើយ​ម្ខាង​នៃ​មាត់​ទន្លេ​ផ្សារ​ក្រោម។ ស្រប​ពេល​គ្នា​នេះ​ក៏​មាន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ក្រោយ​ពី​ត្រឡប់​មក​ពី​កម្សាន្ត​នៅ​តំបន់​នោះ​វិញ​ ដោយ​ពួកគាត់​បញ្ជាក់​ថា ពុំ​មាន​ការ​អភិវឌ្ឍន៍ ឬ​សេវាកម្ម​ទេសចរ​អ្វី​ សម្រាប់​ថ្ពក់​ចិត្ត​ភ្ញៀវ​ទេសចរ​ ដែល​បាន​ទៅ​កម្សាន្ដ​នៅ​ទី​នោះ​ឡើយ​។

ភ្ញៀវ​ទេសចរ​ជាតិ​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែង​លោក​ ញ៉ែម​ សុខុម​ មាន​ប្រសាសន៍​ថា​ លោក​ និង​ភ្ញៀវ​ទេសចរ​ចំនួន​១៥​នាក់​ផ្សេង​ទៀត បាន​ចំណាយ​ប្រាក់​៣០​ដុល្លារ ដើម្បី​ជួល​ទូកដ​ជិះ​ទៅ​ទស្សនា​ដល់​ភ្នំ​នាង​កង្រី​ផ្ទាល់។ លោក​បន្ត​ថា នៅ​ទី​នោះ លោក​ពុំ​ឃើញ​មាន​អ្នក​លក់ដូរ​ម្ហូប​អាហារ​ ឬ​ទឹក​សុទ្ធ​សម្រាប់​ភ្ញៀវ​ទេសចរ​ឡើយ​ ហើយ​លោក​ឃើញ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​រយ​គ្រួសារ​រស់​នៅ​ក្បែរ​នោះ​ ភាគ​ច្រើន​មាន​ជីវភាព​ក្រ​លំបាក​៖ «...​សម្រេច​ចិត្ត​ព្រោះ​ថា​ភ្នំ​នេះ​វា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ហើយ​ យើង​ចង់​ដឹង​ថា​នៅ​លើ​ហ្នឹង​វា​មាន​អ្វី​ខ្លះ​ដល់​ពេល​ទៅ​ហ្នឹង​វា​មាន​ស្អី ​មាន​តែ​ព្រៃ​ហើយ​រូប​សំណាក​គេ​ធ្វើ​តំណាង​បន្តិច​បន្តួច​ហ្នឹង​ណា​មិន​ ច្រើន​ទេ។ តាម​កត់​សម្គាល់​យើង​ឡើង​តាម​គណៈកម្មការ​គេ​នាំ​ឡើង​ទៅ​ដល់​លើ​ដល់​ពេល​ទៅ​ ដល់​វា​មាន​រូប​សំណាក​ធ្វើ​អំពី​ស៊ីម៉ងត៍​ទេ​ហើយ​នាង​កង្រី​ហ្នឹង​ដេក​តាម​ ដំណើរ​អីចឹង​តាម​ដំណើរ​ភ្នំ​នោះ​ណា​ដេក​ផ្អៀង​អីចឹង​ទៅ​ជើង​អង្កុញ​ ម្ខាង...»។

ភ្នំនាងកង្រី មើលពីចម្ងាយ ស្ថិតនៅភូមិ​សំរោង ឃុំ​ពោធិ៍ និង​ភូមិ​ត្របែក នៃ​ឃុំ​ត្រងិល ស្រុក​កំពង់លែង
ខេ្តកំពង់ឆ្នាំង (រូបថត ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៣)។ RFA/Chin Chhetha




ចំណែក​ភ្ញៀវ​ទេសចរ​ម្នាក់​ទៀត​អ្នក​ស្រី​ ឃី​ សុគន្ធ​ ថ្លែង​ថា​ អ្នក​ស្រី​ និង​អ្នក​ស្រុក​ព្រៃ​វែង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ហែ​អង្គ​កឋិន​ទាន​នៅ​វត្ត​ស្វាយ​ដូន​កែវ ខេត្ត​ពោធិ៍សាត់​ ក៏​ប៉ុន្តែ​ដោយ​ភាព​ល្បីល្បាញ​ និង​ចង់​ឃើញ​ភ្នំ​នាង​កង្រី​ផង​នោះ ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ឆៀង​ចូល​មក​ទស្សនា​តែ​ម្ដង​។ អ្នក​ស្រី​បន្ត​ថា បើ​ទោះ​បី​ជា​អ្នក​ស្រី​មិន​បាន​ជិះ​ទូកដ​ទៅ​ដល់​ភ្នំ​នាង​កង្រី​ផ្ទាល់​ ក៏​ប៉ុន្តែ​អ្នក​ស្រី​បាន​អង្គុយ​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម​ ហើយ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​ជួរ​ភ្នំ​ ដែល​មាន​រាង​ស្រដៀង​មនុស្ស​ដេក​ស្លាប់​ ដូច​ជារឿង​ព្រេងនិទាន​បានតំណាល​ពិតមែន​។

ភ្នំ​នាង​កង្រី លាត​សន្ធឹង​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច​ប្រវែង​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ និង​មាន​កម្ពស់​ប្រហែល​៦​រយ​ម៉ែត្រ ស្ថិត​នៅ​ជាប់​ភូមិ​សំរោង ឃុំ​ពោធិ៍ និង​ភូមិ​ត្របែក នៃ​ឃុំ​ត្រងិល ស្រុក​កំពង់លែង ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​១៤ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង។ ភ្ញៀវ​ទេសចរ ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​តំបន់​ភ្នំ​នាង​កង្រី ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា​កន្លះ​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​តាម​កាណូត ឬ​ទូកដ​ដែល​ចត​នៅ​កំពង់ផែ​ផ្សារក្រោម​រង់រង់ចាំ​ដឹក​ភ្ញៀវ​ទេសចរ ដែល​មាន​តម្លៃ​ចាប់​ពី​៣០ ទៅ​៤០​ដុល្លារ ក្នុង​តម្លៃ​ចរចា​ត្រូវរ៉ូវ​គ្នា។

និម្មិតសញ្ញាពុទ្ធិសែន នាងកង្រី នៅលើសួនច្បារក្បែរវិមានឯករាជ្យក្រុងកំពង់ឆ្នាំង (រូបថត ថ្ងៃទី​១៥ ខែវិច្ឆិកា
ឆ្នាំ២០១៣)។ RFA/Chin Chhetha



បច្ចុប្បន្ន​តំបន់​ភ្នំ​នាង​កង្រី មាន​ចំណុច​ពិសេស​ចំនួន​ពីរ គឺ​ការ​ទស្សនា​រូប​ចម្លាក់​ថ្ម​ទាក់ទង​ទៅនឹង​រឿង​ព្រេង ពុទ្ធិ​សែន​នាង​កង្រី នៅ​វត្ត​គិរី​ភក្ដី និង​ការ​ទស្សនា​ព្រៃ​ធម្មជាតិ​នៅ​តាម​ជួរភ្នំ ឬ​នៅ​អាស្រម​ជប​នាង​កង្រី ស្ថិត​នៅ​ភូមិ​ត្របែក នៃ​ឃុំ​ត្រងិល។

មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​អះអាង​ថា គេ​នឹង​យក​តំបន់​ភ្នំ​នាង​កង្រី​ធ្វើ​ជា​តំបន់​ទេសចរ​ធម្មជាតិ ក្រោយ​ពី​ស្ពាន​តភ្ជាប់​ពី​ខេត្ត​កំពង់​ឆ្នាំង ទៅ​ខេត្ត​កំពង់​ធំ​ដែល​មាន​ចម្ងាយ​ជាង​១៤ គីឡូម៉ែត្រ ត្រូវ​បាន​តភ្ជាប់ នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ។

អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង​លោក ផេង សាលី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​បាន​ចេញ​ផែន​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរ​នៅ​តំបន់​ភ្នំ​នាង​ កង្រី​នេះ​ហើយ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន ឬ​អ្នកដែល​មាន​ធនធាន​ណា​ច្បាស់​លាស់​ចូល​មក​វិនិយោគ​នៅ​ឡើយ។ លោក​មាន​ជំនឿ​ថា ក្រោយ​ពី​មាន​ការ​អភិវឌ្ឍន៍​តំបន់​នេះ ឲ្យ​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​នឹង​មាន​ភ្ញៀវ​ទេសចរ​កាន់​តែ​ ច្រើន​ឡើង​ចូល​មក​ទស្សនា ហើយ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ពី​ការ​ អភិវឌ្ឍន៍​នេះ៖ «មាន​ផែន​ការ​នឹង​បង្កើត​រមណីយដ្ឋាន​មួយ​គឺ​តំបន់​រមណីយដ្ឋាន​ជុំ​វិញ​ភ្នំ​ នាង​កង្រី​ហ្នឹង​គឺ​ថា​ការ​រៀបចំ​ជា​ផ្លូវ​ធ្វើ​ដំណើរ​រៀបចំ​ជា​រោង​លំហែ​ រៀបចំ​ជា​ទីកន្លែង​ផ្ញើ​យានយន្ត​គ្រប់​ប្រភេទ កន្លែង​លក់ដូរ ហើយ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ឲ្យ​ចេះ​ធ្វើ​នំ ឬ​ឲ្យ​ចេះ​រក​របរ​អ្វី​ដែល​ទាក់ទង​នឹង​ការ​ទិញ​របស់​ភ្ញៀវ​ទេសចរ​ហ្នឹង​គឺ​ ថា​ឲ្យ​គាត់​ផលិត ព្រោះ​ថា​កំណើន​ចំណូល​ថវិកា​រដ្ឋ​ក៏​ដូច​ជា​កំណើន នៃ​កម្រិត​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​នេះ​គឺ​កើត​ចេញ​ពី​វិស័យ​ ទេសចរ​ដែល​មាន​ភាគរយ​ច្រើន​គួរសម​ដែរ »។

ខ្ទមសុំសិល្បរបស់យាយជី នៅលើអាស្រម «ជុកនាងកង្រី» នៅភ្នំនាងកង្រី (រូបថត ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៣)។
RFA/Chin Chhetha


លោក​បញ្ជាក់​ថា កំណើន​ភ្ញៀវ​ទេសចរ​នៅ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំង មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​បន្ដថា​ រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​២០១៣ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​មានជាង ​១​ម៉ឺន​៨​ពាន់​នាក់ (១៨.៥៥១​នាក់) និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​២​ពាន់​៧​រយ​៤៤​នាក់(២.៧៤៤)។ តាម​តួលេខ​នេះ​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​ច្រើន បើ​ប្រៀបធៀប​នឹង​រយៈ​ពេលដូចគ្នាទៅនឹង​៩ខែ​ដើម​ឆ្នាំ​២០១២ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​បាន​កើន​ឡើង​ចំនួន​ជាង ៨​ពាន់​នាក់ និង​ភ្ញៀវ​អន្តជាតិ​មាន​ចំនួន​ជាង​១​រយ​នាក់។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មាន​ភាព​ភ័យ​ខ្លាច​នឹង គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន​ទៅ​លើ​ទីតាំង​ណា​មួយ ដោយ​សារ​តែ​កន្លង​មក​គេ​មើល​ឃើញ​ថា បញ្ហា ឬ​ជម្លោះ​ដីធ្លី​បាន​កើត​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​របស់​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង មាន​ជំនឿ​ថា ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរ​នេះ​នឹង​មិន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​អ្នកភូមិ​នៅ​តំបន់​នោះ​មាន​មុខ​របរ​ច្បាស់លាស់​ និង​ជីវភាព​កាន់តែ​ធូរធារ​ទៀត​ផង។

និម្មិតសញ្ញាពុទ្ធិសែន នាងកង្រី នៅលើសួនច្បារក្បែរវិមានឯករាជ្យក្រុងកំពង់ឆ្នាំង (រូបថត ថ្ងៃទី​១៥ ខែវិច្ឆិកា
ឆ្នាំ២០១៣)។ RFA/Chin Chhetha

មេ​ឃុំ​ពោធិ៍​លោក អឿ សេង​ហុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពិត​ជា​មាន​ការ​សប្បាយ​ចិត្ត និង​ចង់​ឃើញ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​ជាង​២​រយ​គ្រួសារ រស់នៅ​ភូមិ​សំរោង នៃ​ឃុំ​ពោធិ៍​ជាប់​ភ្នំ​នាង​កង្រី នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន ប្រសិន​បើ​គម្រោង​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​គេ​ដំណើរការ​ពិន​មែន៖ «ញុំ​តែង​តែ​ឮ​សូរ​គម្រោង​ខាង​លើ​ៗ​ហ្នឹង​ទី​១​ គឺ​គេ​រៀបចំ​ផ្លូវ ទី​២​គឺ​ខ្ញុំ​បាន​លឺ​សូរ​ថា​ខាង​ឧកញ៉ា​ អ៊ឹង ប៊ុនហូវ គឺ​លោក​នឹង​រៀបចំ​ទី​កន្លែង​ត្រង់​ហ្នឹង​ឲ្យ​ទៅ​ជា​តំបន់​ទេសចរ»។

ទាក់ទង​នឹង​រឿង​ពុទ្ធិ​សែន​នាង​កង្រី អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង ដែល​កាលនោះ​ដឹក​នាំ​ដោយ​លោក ភោគ សាមឿន ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ បាន​កសាង​រូប​សំណាក​ពុទ្ធិ​សែន​នាង​កង្រី​ដ៏​ធំ​មួយ​នៅ​លើ​សួនច្បារ​ផ្សារ​ក្រោម។ លុះ​មក​ដល់​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៣ ដែល​ដឹក​នាំ​ដោយ​លោក ស៊ូ ភារិន្ទ បានផ្លាស់​ប្ដូរ​ទីតាំង​រូប​សំណាក​នោះ​ពី​ផ្សារ​ក្រោម​មក​នៅ​លើ​សួនច្បារ​ក្បែរ​វិមាន​ឯករាជ​វិញ៕

1 comment:

Anonymous said...

to get a nice view of phnom neang kongrey, look from kompong chhnang town. cambodia is a land of waters!