សមាជិកព្រឹទ្ធសភាកម្ពុជាពិនិត្យច្បាប់ក្នុងអំឡុងកិច្ចប្រជុំនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៤។ |
ភ្នំពេញ — សមាជិកព្រឹទ្ធសភាខាងគណបក្សប្រឆាំងនៅថ្ងៃពុធនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាមួយបដិសេធមិនចូលរួមសម័យប្រជុំព្រឹទ្ធសភាដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាគ្នាលើគម្រោងថវិកាឆ្នាំ២០១៤ដោយចាត់ទុកថា បានធ្វើឡើងដោយឯកបក្សមិនមានលក្ខណៈប្រជាធិបតេយ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាទាំង១១រូបមកពីគណបក្សសម រង្ស៊ី បានចាត់ទុកថា ការអនុម័តថវិកាឆ្នាំ២០១៤របស់រដ្ឋសភាដែលមានតែគណបក្សប្រជាជនកម្ពុជាគឺមិនមានធម្មនុញ្ញភាពឡើយ។
លោក ទា វណ្ណុល សមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ីបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៤គឺសម្រេចដោយសភាឯកបក្សដោយគណបក្សប្រជាជនកម្ពុជាអនុម័តតែឯងដោយគ្មានការចូលរួមពីសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ។
លោកបានឱ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសកាន់របបប្រជាធិបតេយ្យហេតុដូច្នេះហើយសមាជិកព្រឹទ្ធសភាខាងគណបក្សសម រង្ស៊ី ក៏មិនអាចគាំទ្រសភាឯកបក្សនេះបានដែរ។
លោកនិយាយថា៖ «ព្រឹទ្ធសភាតំណាងឱ្យប្រជារាស្ត្រខ្មែរហើយដែលជាប្រទេសអ្នកកាន់លទ្ធិប្រជាធិបតេយ្យយើងមិនអាចគាំទ្រនូវថវិកាហ្នឹងបានទេ។ អញ្ចឹងបានន័យថាអ្វីដែលគណបក្សប្រជាជនបានសម្រេចនៅក្នុងថវិកាហ្នឹងគឺសម្រេចដោយខ្លួនឯងគ្មានការយល់ស្របពីគណបក្សសង្គ្រោះជាតិ»។
សមាជិកព្រឹទ្ធសភាសរុបទាំងអស់មានចំនួន៦១រូបក្នុងនោះសមាជិកព្រឹទ្ធសភាមកពីគណបក្សគណបក្សសម រង្ស៊ីមានចំនួន១១រូប។
ការអនុម័តលើសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានបញ្ជូនមកឱ្យព្រឹទ្ធសភាត្រូវការសំឡេង២ភាគ៣ដូច្នេះបើគិតចំនួនអាសនៈនៅក្នុងព្រឹទ្ធសភាគណបក្សសម រង្ស៊ីមិនអាចរារាំងដល់ការអនុម័តលើសេចក្តីព្រាងច្បាប់នេះបានទេ។
លោក សាយ ឈុំ អនុប្រធានរដ្ឋសភាមិនអាចស្នើសុំដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
សមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១២ខែវិច្ឆិកាកន្លងទៅនេះបានសម្រេចជាឯកច្ឆ័ន្ទអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៤ដោយគ្មានវត្តមានពីសមាជិកសភាខាងគណបក្សសង្គ្រោះជាតិចូលរួម។
ការអនុម័តសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤នេះបានធ្វើឡើងដោយលើកដៃមិនបានពិភាក្សាសួរដេញដោលគ្នាទេ ទាំងអត្ថន័យនិងខ្លឹមសារសូម្បីតែមួយតួអក្សរក៏មិនបានកែប្រែដែរ។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤នេះមានចំនួនសរុបជាង៣.៤០០លានដុល្លារសហរដ្ឋអាមេរិកគឺបានកើនឡើងប្រមាណ១៣,១ភាគរយ គឺស្មើនឹងប្រមាណជាង៤០០លានដុល្លារបើប្រៀបធៀបនឹងថវិកាជាតិឆ្នាំ២០១៣ដែលមានចំនួនតែ៣.១០០លានដុល្លារតែប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិបានរិះគន់ថា ការអនុម័តសេចក្តីព្រាងច្បាប់នេះមិនធ្វើតាមទម្រង់ច្បាប់និងបានរំលោភទៅនឹងរដ្ឋធម្មនុញ្ញដោយសារតែមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តព្រៃវែងនៅថ្ងៃពុធនេះបានហៅរដ្ឋាភិបាលបច្ចុប្បន្ននេះថាបានកំពុងធ្លាក់ខ្លួនឈឺនិងព្យួរសេរ៉ូមហើយនៅពេលខាងមុខដ៏ខ្លីនឹងស្លាប់ជាពុំខាន។
លោកបានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិនឹងធ្វើចលនាមហាជនគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេសដើម្បីប្រឆាំងនឹងរដ្ឋាភិបាលខុសច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
1 comment:
Hun Sen never need them...No problem...Lol.
Post a Comment