Tuesday, November 19, 2013

អ្នក​មាន​ជម្លោះ​ដី​គ្រោង​ដើរ​ហែ​ក្បួន​ព័ទ្ធ​ជុំវិញ​តុលាការ​កំពូល​នៅ​ថ្ងៃ​១៩ វិច្ឆិកា


RFA/Mom Sophon
ដោយ ទេព សុរ៉ាវី, RFA 2013-11-18

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ថ្មគោល ប្រមាណ ២០០​នាក់ គ្រោង​ជួបជុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល​នៅ​រសៀល​ម៉ោង ៣ ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ដើម្បី​ប្រារព្ធ​ពិធី​ដើរ​ប្រទក្សិណ ៣​ជុំ រំដោះ​គ្រោះ​ឲ្យ​លោកស្រី យ៉ោម បុប្ឆា។

ក្នុង​ពិធី​បួង​សួង​នោះ តំណាង​សហគមន៍ ១០​នាក់ ស្លៀក​ពាក់​ស មាន​ចង​ក្បិន​ដើរ​ជើង​ទទេ និង​មាន​កាន់​បាយសី ១២​ថ្នាក់ ដាក់​សណ្ដែក ល្ង ស្រូវ ពោត ដើរ​ជុំវិញ​តុលាការ ដោយ​មាន​ព្រះសង្ឃ​សូត្រ​ធម៌ និង​ទូង​ស្គរ​បួង​សួង​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទាំង​អស់​ដែល​ស្រលាញ់​យុត្តិធម៌ ឲ្យ​ជួយ​បន្ទន់​ចិត្ត​តុលាការ​កំពូល​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ឆា។

លោកស្រី ទេព វន្នី៖ «ចំណែក​ពលរដ្ឋ​ដែល​គាត់​អត់​កាន់​បាយសី ស្រូវ ល្ង ពោត​ហ្នឹង គឺ​ដៃ​ម្ខាង​គាត់​កាន់​ផ្កាឈូក ដៃ​ម្ខាង​ទៀត​គាត់​កាន់​ពាក្យ​បណ្ដឹង​ដែល​ខាង​ក្រុម​ម៉ូតូ​ឌុប​ប្ដឹង​ទៅ​លើ​អ្នកស្រី យ៉ោម បុប្ឆា ដែល​ថា គាត់​និង​ស្វាមី​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​ក្រុម​ម៉ូតូ​ឌុប អ៊ីចឹង​យើង​យក​ឯកសារ​ហ្នឹង​កូពី (ថត​ចម្លង) ក្នុង​ម្នាក់​កាន់ ៣​សន្លឹកៗ ក្នុង​មួយ​ជុំ​គាត់​ដុត​ចោល​មួយ​សន្លឹក អ៊ីចឹង ៣​ជុំ ដុត ៣​សន្លឹក ក្នុង​ម្នាក់។ អ្នក​អង្គុយ​ចាំ​នៅ​មុខ​ភ្លើង​ហ្នឹង​គឺ លូ លីហួរ កូន​ប្រុស​លោកស្រី យ៉ោម បុប្ឆា»។

>អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ជាប់​ពន្ធនាគារ​បាន១​ឆ្នាំ​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស ៣​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​អោយ​មក​ជាប់​ទោស ២​ឆ្នាំ​វិញ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ។

តុលាការ​កំពូល​សម្រេច​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ខាង​មុខ​តាម​ការ​ទាមទារ​របស់​សហគមន៍​បឹងកក់។ សហគមន៍​បឹងកក់ បុរីកីឡា និង​ថ្មគោល ជឿ​ថា​ការ​ធ្វើ​ពិធី​រំដោះគ្រោះ​ឲ្យ​លោកស្រី យ៉ោម បុប្ឆា មុន​ពេល​ដែល​លោកស្រី​ឡើង​តុលាការ​នេះ អាច​ជួយ​ជំរុញ​ឲ្យ​តុលាការ​ពិចារណា​និង​ស្វែង​រក​យុត្តិធម៌ និង​ដោះលែង​លោកស្រី​ចេញ​ពី​ពន្ធនាគារ៕

1 comment:

Anonymous said...

that should be included a curse ceremony to those bad court and government hun sen