Friday, November 15, 2013

ពលរដ្ឋ​ខេត្ត​ក្រចេះ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ឈប់​ប្រើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី


Adhoc Photo
ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហើយ​បាន​ប្រើ​អំពើ​ហិង្សា​បាញ់​គំរាម​កាប់​បំផ្លាញ​ផល​ដំណាំ និង​ឈូស​ឆាយ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ នៅ​តែ​បន្ត​កើត​មាន និង​មិន​មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​នៅ​ឡើយ។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​វិច្ឆិកា ក្រុម​សហគមន៍​មក​ពី​បណ្ដា​ក្រុង​ស្រុក​នានា​ក្នុង​ខេត្ត បាន​ជួប​ជុំ​គ្នា​លើក​ឡើង​ពី​បញ្ហា​ទាំងអស់​នេះ។

ដោយ រដ្ឋា វិសាល RFA 2013-11-15

ប្រជា​សហគមន៍​រស់​នៅ​ខេត្ត​ក្រចេះ បាន​លើក​ឡើង​ពី​បញ្ហា​អសកម្ម​ទាក់ទិន​បញ្ហា​ដីធ្លី​ព្រៃ​ឈើ​ចំនួន ៥​ចំណុច ជា​សារ​ផ្ញើ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី និង​មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​បញ្ហា​នេះ។

សារ​ទាំង ៥​ចំណុច រួម​មាន សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ពី​គោល​នយោបាយ​វាស់​វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​កាន់​កាប់​ជាក់ស្តែង ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិន​បាន​ធ្វើ​ត្រឹមត្រូវ​តាម​គោលការណ៍​នេះ សុំ​ឲ្យ​លុប​ចោល​អាជ្ញា​ប័ណ្ណ​សម្បទាន​សេដ្ឋកិច្ច​មាន​ទំហំ​ដី​លើស​ពី ១​ម៉ឺន​ហិកតារ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ដល់​ប្រជាពលរដ្ឋ ទាក់ទិន​ការ​ផ្តល់​ដី​សម្បទាន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធានា​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ក្រុមហ៊ុន ហើយ​រំលោភ​សិទ្ធិ​ដីធ្លី​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត ត្រូវ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ខុស​គោលការណ៍​ផ្តល់​ដី​សម្បទាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​រក្សា​ដី​សម្រាប់​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​បង្កើន​ប្រាក់​ពន្ធ​លើ​ដី​បន្ថែម​ទៀត​សម្រាប់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា ដែល​កន្លង​ទៅ​នេះ​ការ​កំណត់​ប្រាក់​ពន្ធ​ដី​មាន​ចំនួន​ទាប​ពេក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រជាពលរដ្ឋ ១៥​សហគមន៍ មាន​គ្នា ៨០​នាក់ រួម​ទាំង​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ស្ថាប័ន​តុលាការ បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​សិក្ខា​សាលា​ស្ដីពី​សិទ្ធិ​ដីធ្លី​នេះ​នៅ​ក្រុង​ក្រចេះ រៀប​ចំ​ឡើង​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC)។

ប្រធាន​ផ្នែក​កម្មវិធី​ដី និង​ធនធាន​ធម្មជាតិ​សមាគម​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ខកខាន​ដោះស្រាយ​ទំនាស់ និង​ការ​រំលោភ​នានា​ដែល​នៅ​តែ​បន្ត​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ គឺ​ជា​ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​រងគ្រោះ​ធ្វើ​ការ​តវ៉ា​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា មន្ត្រី​សមាគម​អាដហុក បាន​អង្កេត​ករណី​ជាច្រើន​ទាក់ទិន​ទៅ​នឹង​បណ្ដឹង​របស់​សហគមន៍​នានា​នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត​នេះ ហើយ​ចាត់​ទុក​ករណី​ទាំងអស់​នេះ គឺ​ជា​ហេតុផល​សំខាន់​ដែល​សមាគម​រៀប​ចំ​សិក្ខា​សាលា​នេះ​ឡើង ដើម្បី​ផ្តល់​ឱកាស​ជូន​សហគមន៍ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជួប​ពិភាក្សា​ស្វែង​យល់​គ្នា និង​រួម​គ្នា​ដោះស្រាយ​បញ្ហា។

លោក ឡាត់ គី៖ «ជា​ទូទៅ ដោយសារ​តែ​បញ្ហា​វិវាទ​នេះ​ជា​វិវាទ​មួយ​ដែល​វា​កើត​ឡើង​ក្នុង​រយៈពេល​យូរ​ឆ្នាំ​ហើយ។ ខ្ញុំ​កត់​សម្គាល់​ឃើញ​តាម​រយៈ​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាល​រង​ខេត្ត លោក​ហាក់​បី​ដូច​ជា​និយាយ​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ទៅ​លើ​ជំហរ​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​លទ្ធផល​សង្ឃឹម​ប៉ុន្មាន យើង​ខ្ញុំ​នឹង​ជំរុញ​ក្នុង​ការ​ដាក់​ករណី​ទាំងអស់​នោះ ដើម្បី​បើក​វិធាន​ការ​ស៊ើប​អង្កេត​ជាមួយ​អាជ្ញាធរ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ទៀត»។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​សំខាន់ៗ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ខេត្ត​នេះ ហើយ​មិន​ទាន់​ដោះស្រាយ​មាន ៤​ករណី ពាក់ព័ន្ធ​ក្រុមហ៊ុន​សម្បទាន សុវណ្ណ រាជសី ក្រុមហ៊ុន សុវណ្ណឫទ្ធី ក្រុមហ៊ុន ប៊ិញភឿក​២ និង​ក្រុមហ៊ុន សំណាង អង្គរ។

ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​សំរោងស្រែស្រាយ ឃុំ​ខ្សឹម ស្រុក​ស្នួល លោក ម៉ម សាវ៉ាត មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​រង​ភាព​អយុត្តិធម៌​ទាក់ទិន​ការ​វាស់​វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ដែល​ពលរដ្ឋ​បាន​កាន់​កាប់​ជាក់ស្តែង ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ លោក​បន្ត​ថា អ្នក​ភូមិ ១៣​គ្រួសារ បាន​ទទួល​ការ​វាស់​វែង​ដី​ពី​ក្រុម​និស្សិត ប៉ុន្តែ​មិន​បាន​ទទួល​ប័ណ្ណ​នោះ​ទេ ក៏ប៉ុន្តែ​ក្រុម​ជំនាញ​បាន​វាស់​វែង​ចេញ​ប័ណ្ណ​ទៅ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ជា​អ្នក​រំលោភ​ដី​ប្រជាពលរដ្ឋ​វិញ៖ «ដី​កម្មសិទ្ធិ​កាប់​គាស់​ដោយ​ខ្លួន​ឯង ក្រុមហ៊ុន​រំលោភ​យក ហើយ​មាន​សន្តិសុខ​ក្រុមហ៊ុន សុវណ្ណឫទ្ធី មក​ឈូស​ឆាយ​ដី​ប្រជាពលរដ្ឋ ហើយ​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង។ ក្រុម​ប្រជាពលរដ្ឋ ១៣​គ្រួសារ បាន​ក្រុម​និស្សិត​វាស់​វែង​រួច​ហើយ ឥឡូវ​សន្តិសុខ​ក្រុមហ៊ុន​អត់​វាស់វែង​ផង​ចេញ​ប្លង់​ឲ្យ»។

ចំណែក​ប្រជា​សហគមន៍​ឃុំ​ពីរធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ អ្នកស្រី ឈុត ឡាក់ អាយុ ៥០​ឆ្នាំ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្ដី​អ្នកស្រី​មាន​ឈ្មោះ ជីន ចះ បាន​ក្លាយ​ជា​មនុស្ស​បាក់​ស្មារតី​ភ័យ​ខ្លាច ខណៈ​ក្រុម​កង​រាជ​អាវុធហត្ថ​ការពារ​ក្រុមហ៊ុន សំណាង អង្គរ បាន​ព្យាយាម​ដេញ​បាញ់​ដើម្បី​ចាប់​ខ្លួន​គាត់ ដោយសារ​តែ​គាត់​បាន​តវ៉ា​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដី​កាល​ពី​ដើម​ឆ្នាំ​២០១៣។

អ្នកស្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា មាន​រឿង​ឈឺ​ចាប់​ដែល​គ្រួសារ​អ្នកស្រី​ទទួល​បាន គឺ​ក្រុមហ៊ុន​សម្បទាន​បន្សល់​ឲ្យ​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ៖ «គេ​ធ្វើ​បាប​មក​ហ្នឹង ឈូស​ឆាយ​ដំឡូង​ដល់​ផ្ទះ ហើយ​យក​ប៉េអិម​ដេញ​គំរាម​កំហែង។ ក្រុមហ៊ុន​ហ្នឹង​វា​យក​ថ្នាំ​បាញ់​ដាក់​ខ្ញុំ និង​កូន​ខ្ញុំ​ចៅ​ខ្ញុំ សម្លាប់​ចោល​ទៀត ខ្ញុំ​ហ្នឹង​រត់​ចេញ​ទាំង​ម៉ែ​ទាំង​កូន​ខ្ញុំ ឈឺ​បី​ថ្ងៃ អត់​ទាន់​អស់​ជាតិ​ថ្នាំ បាញ់​ថ្នាំ​ដាក់​ផ្ទះ​ហ្នឹង។ ខ្ញុំ​ទៅ​ជម្រាប​ប៉ុស្តិ៍​ប៉ូលិស​កត់​កំណត់​ហេតុ ហើយ​បាន​បី​ថ្ងៃ ខ្ញុំ​ទូរស័ព្ទ​សួរ​គាត់​ថា រវល់​ណាស់​មិន​ទាន់​បាន​ដោះស្រាយ​ទេ រហូត​ដល់​ឥឡូវ​ហ្នឹង។ ខ្ញុំ​ឡើង​ទៅ​ឃុំៗ​ថា​ចាំ​ថ្ងៃ​អាទិត្យ បាត់​ឈឹង​ទៀត​ទល់​ឥឡូវ​ហ្នឹង​ណា!»។

អភិបាល​រង​ខេត្ត​ក្រចេះ លោក អឿ ស៊ីយ៉ែម មាន​ប្រសាសន៍​កត់​សម្គាល់​ថា អ្វី​ជា​ការ​លើក​ឡើង និង​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ទទួល​យក និង​ត្រួត​ពិនិត្យ​ឡើង​វិញ។ លោក​បញ្ជាក់​ថា គោល​នយោបាយ​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ធ្វើ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ ហេតុ​នេះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ៖ «យើង​ទទួល​យក​សំណូម​ពរ​គាត់​ទាំងអស់​យក​មក​ពិនិត្យ​ពិចារណា​ឡើង​វិញ ឲ្យ​ស្រប​តាម​គោល​នយោបាយ​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល ពិសេស​យើង​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​លេខ​០០១ យើង​នៅ​រង់ចាំ​ពេល​វេលា​បន្តិច ដើម្បី​ពិភាក្សា​គ្រប់​ភាគី​ពាក់ព័ន្ធ​អ៊ីចឹង​ណា!»។

សេចក្តី​រាយការណ៍​របស់​មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត រួម​ទាំង​ប្រជាពលរដ្ឋ ៥​នាក់​ផ្សេង​ទៀត កំពុង​ប្រឈម​មុខ​នឹង​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ដោយសារ​ការ​តវ៉ា​បញ្ហា​ដីធ្លី​នៅ​ខេត្ត​នេះ៕

No comments: