ទ្រី ភាព ជាប្អូនធម៌ ប៊ុន រ៉ានី ហ៊ុន សែន បើចង់រកមុខឃាតករ សម្លាប់ លោក ឈុត វុទ្ធី ទៅសួរ ប៊ុន រ៉ានី និង ទ្រី ភាព ទៅដឹងហើយ !
Wednesday, 20 November 2013 ម៉ៃ ទិត្យថារ៉ា PPP
ផ្នែកខ្លះនៃដីព្រៃសម្បទានដែលត្រូវបានកាប់ ឈូសឆាយ ដោយក្រុមហ៊ុន ទ្រី ភាព នៅក្នុងខេត្តកំពង់ធំ។ រូបថត សហការី
ភ្នំពេញៈ អង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយ ដោយអះអាងថា ក្រុមហ៊ុនរបស់លោក ឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ជិត ៧ ម៉ឺនហិកតា តាមរយៈការបំបែកក្រុមហ៊ុនតូចៗចំនួន ១៥ គឺជាក្រុមហ៊ុន ដែលរកស៊ីនាំឈើទៅក្រៅប្រទេសជាជាងការវិនិយោគនៅលើដីសម្បទាន ដែលទទួលបានពីរដ្ឋាភិបាល។
នៅក្នុងរបាយការណ៍កម្រាស់ ៥២ ទំព័រ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃនេះ ហើយភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ មានទាំងរូបភាពបញ្ជាក់អំពីសកម្មភាពប្រមូលទិញឈើ និងដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព ដោយភ្ជាប់ស្លាកសញ្ញារបស់ក្រុមហ៊ុន និងលេខសំគាល់នៅក្បាលរថយន្តផ្នែកខាងលើ ១១៦៨។ របាយការណ៍នេះ អះអាងថា ក្រុមហ៊ុន លោក ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើទូទាំងប្រទេសដោយសារក្រុមហ៊ុននេះ មានទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងមានសម័្ពន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀង ស្តីពីការចងសម័្ពន្ធមេត្រីភាពរវាងក្រុមហ៊ុនមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធចុះថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១០។
របាយការណ៍បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវបានរដ្ឋាភិបាល ផ្តល់អាជ្ញាប័ណ្ណ ប្រមូលទិញឈើពីគ្រប់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមាន ២៧ តំបន់នៃខេត្តចំនួន ១២ ដែលគ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ និងគម្រោងសម្បទានសេដ្ឋកិច្ច។ គម្រោងអភិវឌ្ឍន៍ដូចជា ឧទ្យានជាតិ រាម ខេត្ត ព្រះសីហនុ ព្រៃខៀវ ស្ថិតនៅក្នុងស្រុក បី នៃខេត្ត ក្រចេះ រតនគិរី តំបន់ ឧទ្យានជាតិ វីរជ័យ ស្ថិតនៅក្នុងស្រុក វ៉ឺនសៃ ស្រុក លំផាត់ ស្រុក អណ្តូងមាស និងស្រុក កូនមុំ។ តំបន់ ច្រប ខេត្ត ស្ទឹងត្រែង មណ្ឌលគិរី នៅស្រុក កែវសីមា និងស្រុក កោះញែក។ កំពង់ធំ ព្រៃឡង់ ព្រះវិហារ ស្រុក ឆែប ស្រុក ជ័យសែន ស្រុក រវៀង និងដែនជម្រកសត្វព្រៃ បឹងពែរ។ ខេត្ត កោះកុងតំបន់ភ្នំ សំកុស ក្នុងស្រុក បុទុមសាគរ។ ខេត្ត ពោធិ៍សាត់ ស្រុក ភ្នំក្រវាញ ស្រុក វាលវែង និងស្រុក ថ្មដា។ ខេត្ត សៀមរាប ឧទ្យានជាតិភ្នំ គូលែន ខេត្ត ឧត្តរមានជ័យ ស្រុក អន្លង់វែង ព្រៃ ស្អាក តំបន់សង្ឃរុក្ខាវ័ន្ត ត្រពាំងប្រាសាទ និងតំបន់ភ្នំ ដងរ៉ែក។ ខេត្ត កំពង់ស្ពឺ ឧទ្យានជាតិ ភ្នំឱរ៉ាល់ និងខេត្ត កំពត ឧទ្យានជាតិភ្នំ បូកគោ។ ក្រៅអំពីតំបន់ផ្តាច់មុខទាំងនេះ គឺមានឃ្លាំងស្តុកឈើធំៗចំនួន ១៤ កន្លែងផ្សេងទៀត។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ក្រុមហ៊ុន ទ្រី ភាព បានទទួលដីសម្បាទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦៨ ០៨៨ ហិកតានៅក្នុងខេត្តចំនួន ១២ តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុន តូចៗ ដោយក្រុមហ៊ុនខ្លះ បានយកឈ្មោះអ្នកស្រី ម៉ៅ ម៉ុម ដែលជាភរិយារបស់លោក ទី្រ ភាព មកឈរឈ្មោះ។ ដីទាំងនោះ មានដូចជានៅតំបន់សេដ្ឋកិច្ចពិសេស អូរយ៉ាដាវ ខេត្ត រតនគិរី ចំនួន ១៣៦ ហិកតា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ចំនួន ៦៤៣៦ ហិកតា ឧទ្យានជាតិ វីរជ័យ ស្ថិតក្នុងខេត្ត រតនគិរី ១៨ ៨៥៥ ហិកតា ដែនជម្រកសត្វព្រៃ បឹងពែរ ខេត្ត ព្រះវិហារ ៩ ៩១៦ ហិកតា ភ្នំ សំកុស ខេត្ត ពោធិ៍សាត់ ១០ ៧៧៤ ហិកតា សិទ្ធសំអាត តំបន់អាងទឹកទំនប់វារីអគ្គិសនីស្ទឹង តាតៃ ខេត្ត កោះកុង ៦ ៧៧១ ហិកតា សម្បទានរ៉ែ ស្ទឹងត្រែង ១៥ ០០០ ហិកតាដីកោះ ទន្សាយ ខេត្ត កំពត ២០០ ហិកតា។
របាយការណ៍នេះបានឲ្យដឹងទៀតថា៖ «មូលហេតុដែលយើងធ្វើរបាយការណ៍ផ្តោតទៅលើក្រុមហ៊ុន ទ្រី ភាព តែមួយ គឺដើម្បីធ្វើសេចក្តីរាយការណ៍ ទៅរដ្ឋាភិបាលឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់ និងបង្ហាញការពិត ទៅដល់ប្រជាជនកម្ពុជាឲ្យដឹងថា តើព្រៃឈើបាត់បង់ដោយសារអ្នកណា? តើការបាត់បង់ព្រៃឈើបណ្តាលឲ្យមានបម្រែបម្រួលអាកាសធាតុយ៉ាងណាខ្លះ»។
លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ក្រុមហ៊ុន ទ្រី ភាព ពុំបានប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម ដូចជាដាំកៅស៊ូ និងដំណាំម្រេចទៅតាមគម្រោងផែនការរបស់ខ្លួននោះទេ ដោយគ្រាន់តែដាំតិចតួចបំផុត ហើយក្រុមហ៊ុនបានយកដី ដែលបានផ្តល់ដោយអនុក្រឹត្យពីរដ្ឋាភិបាល និងរឹបអូសយកដីពីប្រជាជន ដើម្បីធ្វើឃ្លាំងស្តុកឈើសម្រាប់នាំចេញទៅប្រទេស វៀតណាម តែ ប៉ុណ្ណោះ។
លោកបានថ្លែងទៀតថា៖ «មុខរបរចម្បងបំផុត និងជានយោបាយរបស់ឧកញ៉ា ទ្រី ភាព គឺរកស៊ីឈើ ដោយប្រើរូបភាពជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច គឺប្រើរូបភាពគ្រប់បែបយ៉ាង ដើម្បីប្រមូលដឹកឈើដោយចំហពីកម្ពុជា ទៅប្រទេស វៀតណាម»។
លោកឲ្យដឹងទៀតថា សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីកាប់ដើមឈើអស់ ក្រុមហ៊ុននេះ បានជីកកកាយយកឫសឈើមានតម្លៃពីតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលខ្លួនកាន់កាប់ និងតំបន់ដែលក្រុមហ៊ុននេះ ទិញផ្តាច់មុខ។ លើសពីនេះ ក្រុមហ៊ុន ទ្រី ភាព បានឈ្លានពានចូលតំបន់ព្រៃការពារ និងព្រៃសហគមន៍ និងបានដើរប្រមូលទិញឈើពីប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តទាំង ១២ ដែលដឹកតាមរទេះគោ និងទិញឈើពីប្រជាពលរដ្ឋ ដែលឆ្លងដែនចូលទៅកាប់គ្រញូងតាមព្រំដែន ថៃ។ ក្រុមហ៊ុននេះ បានចាត់តាំងមេការតាមទិសដៅ រង់ចាំទិញនិងប្រមូលដឹកយកឈើទៅស្តុកទុក នៅក្នុងឃ្លាំងតាមទិសដៅនីមួយៗ បន្ទាប់មកដឹកទៅប្រទេស វៀតណាម ដែលភាគច្រើនដឹកចេញតាមច្រកសំខាន់ៗមួយចំនួន ដូចជា តាមខេត្ត មណ្ឌលគិរី ច្រក អូយ៉ាដាវ រតនគិរី ច្រក ស្នួល ខេត្ត ក្រចេះ ច្រក អន្លង់ជ្រៃ ខេត្ត ព្រៃវែង ច្រក កំពង់ផែ ព្រះសីហនុ ច្រក កំពង់ផែ រាម ច្រកសមុទ្រខេត្ត កំពត ច្រក ដូង ៧ ដើម ច្រក របៀងលេខ ១៩ ខាងក្រោយកាស៊ីណូឧកញ៉ា ទ្រី ភាព។
លោក អ៊ូច ឡេង បានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុននេះ បានចិញ្ចឹម និងជួយឧបត្ថម្ភកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ នៅក្នុងតំបន់ដីសម្បទានរបស់ខ្លួន ដោយជួយឧត្ថម្ភសាងសង់អគាររដ្ឋបាល មន្ទីរ ការិយាល័យគណបក្សប្រជាជន ប៉ុន្តែពុំបានជួយធ្វើការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាល់តែសោះ»។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ក្រុមហ៊ុន ទី្រ ភាព មិនបានអនុវត្តតាមខ្លឹមសាររបស់អនុក្រឹត្យ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ចនោះទេ ទើបធ្វើឲ្យប៉ះពាល់ដល់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ដែលយ៉ាងហោចណាស់មានប្រជាពលរដ្ឋ ១៤៤៥ គ្រួសារបានទទួលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដោយគ្មានសំណងទាល់តែសោះ។
របាយការណ៍បន្តថា៖ «ដោយសារតែក្រុមហ៊ុន ទ្រី ភាព បានកាប់បំផ្លាញព្រៃឈើយ៉ាងច្រើន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ដោយសារតែមានការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមាននូវគ្រោះមហន្តរាយបង្កឲ្យខាតបង់ទ្រព្យសម្បត្តិប្រមាណជា ៨០០ លានដុល្លារក្នុងមួយឆ្នាំ និងបណ្តាលឲ្យប្រជាជនប្រមាណ ១៦៨ នាក់បានស្លាប់និងប្រជាពលរដ្ឋ ១,៨ លាននាក់ បានរងនូវផលប៉ះពាល់។ ដូច្នេះក្រុមហ៊ុននេះត្រូវតែទទួលខុសត្រូវ ចំពោះគ្រោះមហន្តរាយ ពីព្រោះក្រុមហ៊ុននេះ ជាអ្នកកាប់បំផ្លាញព្រៃឈើ»។
លោក ឧកញ៉ា ទ្រី ភាព ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។ ប៉ុន្តែតំណាងរបស់លោក ឧកញ៉ា ទ្រី ភាព ប្រចាំនៅខេត្ត ព្រះវិហារ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិប្រមូលទិញឈើ តែនៅក្នុងខេត្តចំនួន ៨ ប៉ុណ្ណោះ មិនមែននៅក្នុងខេត្តចំនួន ១២ ដូចដែលរបាយការណ៍បានលើកឡើងនោះទេ ។
លោកថ្លែងថា៖ «ខាងក្រុមហ៊ុនយើង ពុំបានកាប់ឈើនោះទេ គឺយើងប្រមូលទិញតែឈើដែលអាជ្ញាធរចាប់បានប៉ុណ្ណោះ ហើយយើងបានដេញថ្លៃបង់ពន្ធជូនរដ្ឋរួចហើយ។ ឈើទាំងនោះ យើងពុំបាននាំយកទៅក្រៅប្រទេសនោះទេ គឺយើងដឹកមកកែច្នៃនៅទីក្រុង ភ្នំពេញ ដូចជាគ្រឿងសង្ហារិមជាដើម»។
លោកបានបន្តថា លើសពីនេះ ក្រុមហ៊ុនពុំបានទៅយកដីពីប្រជាពលរដ្ឋនោះទេ ពីព្រោះមុននឹងទទួលបានដីសម្បទានពីរដ្ឋាភិបាល គឺក្រសួង កសិកម្ម បានចុះទៅធ្វើការវាយតម្លៃអំពីផលប៉ះពាល់ ហើយបានកាត់ដីទុកឲ្យប្រជាពលរដ្ឋ។ លោកគូសបញ្ជាក់ថា៖ «សូមកុំជឿតែតាមអង្គការ ដែលគេចេះតែចោទប្រកាន់យើងនោះ»។
លោក ថន សារ៉ាត ប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជាទូទៅ ច្បាប់បានកំណត់ឲ្យក្រុមហ៊ុន ឯកជនមួយ អាចទទួលបានដីធ្វើការវិនិយោគក្រោម ១ ម៉ឺនហិកតា ប៉ុន្តែលោកពុំដឹងថា ក្រុមហ៊ុនមេមួយ អាចបំបែកជាក្រុមហ៊ុនតូចៗទៀត ដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចបន្ថែមនោះ ជារឿងខុសច្បាប់ឬក៏ត្រូវច្បាប់នោះទេ ដោយត្រូវពិនិត្យទៅលើច្បាប់បន្ថែមទៀត។
លោកបានថ្លែងថា៖ «កន្លងមកនៅពេលក្រុមហ៊ុនចុះទៅអនុវត្តទៅតាមដីដែលទទួលបាននោះ គឺតែងតែមានបញ្ហាជាមួយប្រជាពលរដ្ឋ ដូច្នេះយើងត្រូវចុះមើលបន្ថែមទៀត ដោយសារការចុះសិក្សា អំពីផលប៉ះពាល់ពីមុនមានរយៈពេលខ្លី»។
យោងតាមច្បាប់ ភូមិបាល ត្រង់មាត្រា ៥៩ បានចែងថា សម្បទានដីសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនមួយ មានទំហំច្រើនបំផុតត្រឹមតែ មួយម៉ឺនហិកតា ប៉ុណ្ណោះ។ សម្បទានដីដែលសំរេចផ្តល់ឲ្យរួចហើយហើយមានទំហំលើសពីទំហំ កំណត់ខាងលើជាកម្មវត្ថុនៃការកាត់បន្ថយ។ ប៉ុន្តែប្រសិនបើការកាត់បន្ថយនេះ មានឥទ្ធិពល ធ្វើឱ្យខូចប្រយោជន៍ អាជីវកម្ម ដែលកំពុងមានដំណើរការ សម្បទានិក អាចនឹងទទួលបានការលើកលែងជាពិសេស។
ច្បាប់នេះ បានគូសបញ្ជាក់ទៀតថា ត្រូវបានហាមឃាត់ ការចេញលិខិតសម្បទានដីច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់នៅវាក្យខ័ណ្ឌខាងលើ៕
No comments:
Post a Comment