Friday, November 15, 2013

តុលាការ​​សម្រេច​ចោទ​ប្រកាន់​មនុស្ស​២​នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​នៅ​ស្ទឹងមានជ័យ


RFA/Morm Moniroth
ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ប្រឆាំង​មនុស្ស ២​នាក់ ជា​ផ្លូវ​ការ​ហើយ​ពី​បទ​ថា បាន​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​ក្នុង​ហេតុការណ៍​ផ្ទុះ​ហិង្សា​រវាង​កម្មករ​រោងចក្រ អែស.អិល (SL) និង​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។ ភ្លាមៗ​ក្រោយ​ពី​ការ​ចោទ​ប្រកាន់ ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​វិញ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ។

ដោយ ម៉ម មុនីរតន៍ RFA 2013-11-14

មេធាវី​របស់​អង្គការ​លីកាដូ (Licadho) ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ និយាយ​ថា បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ប្រឆាំង​អ្នក​ទាំង​ពីរ ដោយ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ដោយ​ហិង្សា​ប្រឆាំង​សមត្ថកិច្ច​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​ក្ដី ក៏​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​ឃុំ​ខ្លួន​ដែរ។

លោក ជិន លីដា មេធាវី​ដែល​ការពារ​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា នៅ​ពេល​នេះ​ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​វិញ​ហើយ ក្រោយ​ពី​សាកសួរ។ បើ​ទោះ​ជា​បែប​ណា លោក​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា ​តើ​តុលាការ​អាច​នឹង​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​បន្ទាប់​ពី​ចោទ​ប្រកាន់​រួច ឬ​យ៉ាង​ណា? លោក ជិន លីដា បញ្ជាក់​ថា បើ​ដូច​អ្វី​ដែល​កូន​ក្ដី​របស់​លោក​អះអាង គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ឡើយ៖ «ការ​សម្រេច​ក្នុង​ការ​ចោទ​ប្រកាន់​ក្នុង​ការ​ឃុំ​ខ្លួន អា​ហ្នឹង​តុលាការ​គាត់​នឹង​សម្រេច​ទៀត។ ហើយ​យើង​បន្ទាប់​ពី​គាត់​សម្រេច​យ៉ាង​ម៉េចៗ ទើប​យើង​អាច​មាន​យោបល់​យ៉ាង​ម៉េច​ហើយ​ទៅ​លើ​សម្រេច​របស់​គាត់»។

ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​បណ្ដាល​ឲ្យ​ស្ត្រី​លក់​បាយ​ម្នាក់​វ័យ​ជាង ៤០​ឆ្នាំ នៅ​តាម​ចិញ្ចឹម​ផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ នៅ​ពេល​មាន​ការ​បាញ់​បង្ក្រាប​របស់​សមត្ថកិច្ច​ប្រឆាំង​ក្រុម​បាតុករ។ ហេតុការណ៍​នៅ​គ្រា​នោះ ក៏​បាន​បណ្ដាល​ឲ្យ​មាន​របួស​ទាំង​សង្ខាង គឺ​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល និង​ពលរដ្ឋ​ទៀត​ផង។

ចំណែក​មនុស្ស​ស្ថិត​ក្នុង​ហេតុ​ការណ៍​ចំនួន ៣១​នាក់ និង​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ចំនួន ៧​អង្គ​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា ជា​ក្រុម​បាតុករ​របស់​រោងចក្រ អែស.អិល។ ក្នុង​នោះ ព្រះសង្ឃ​ចំនួន ៧​អង្គ ដែល​បាន​ចាប់​ខ្លួន បាន​ដោះ​លែង​វិញ​ក្នុង​ថ្ងៃ​តែ​មួយ។ ដោយ​ឡែក ពលរដ្ឋ ២៩​នាក់​ទៀត ដោះ​លែង​ក្រោយ​ពី​ឃុំ​បាន​មួយ​យប់​នៅ​ស្នងការ​រាជធានី​ភ្នំពេញ។

ទន្ទឹម​នឹង​នេះ យុវជន ២​នាក់ ដែល​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ បន្ទាប់​ពី​ចាប់​ខ្លួន​រួច។ ក្នុង​នោះ​ម្នាក់ ឈ្មោះ វណ្នី វណ្ណន អាយុ ១៧​ឆ្នាំ មុខ​របរ​ដឹក​ខ្សាច់ និង​ម្នាក់​ទៀត​ឈ្មោះ មាស នន់ អាយុ ១៥​ឆ្នាំ មុខរបរ​រើស​អេតចាយ។

លោកស្រី អួន ពៅ ដែល​ត្រូវ​ជា​ម្ដាយ​របស់ មាស នន់ បាន​ដួល​ភ្លាមៗ​នៅ​មុខ​របង​ស្នងការ​រាជធានី​ភ្នំពេញ ក្រោយ​ពី​ដឹង​ថា កូន​របស់​លោកស្រី​ត្រូវ​ប៉ូលិស​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​បន្ត។ លោកស្រី​ថ្លែង​ថា កូន​របស់​លោកស្រី​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ប្រកាន់​ទេ៖ «អូយ! ខ្ញុំ​ស្ទះ​ងាប់​ហើយ លោក​អើយ​មិន​ដឹង​គេ​ដាក់​ទៅ​ណា។ អូយ! លោក​អើយ​លោក​ប្ដី​ស្លាប់​មិន​ទាន់​បាន​ប៉ុន្មាន ពី​ណា​ជំពាក់​គេ ឥឡូវ​កូន​ជាប់​ទៀត ខ្ញុំ​ធ្វើ​អី​រក​ស៊ី​អី»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គឹម រដ្ឋណារិទ្ធ នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា។

ប៉ុន្តែ លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ អះអាង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ពន្លឿន​កិច្ចការ​នេះ ដើម្បី​រក​ភស្តុតាង​មក​បញ្ជាក់​ហើយ៖ «នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​ធំៗ​ក៏​មាន​បទ​ឧក្រិដ្ឋ​ជាច្រើន​ដែល​គេ​រក​ឥត​ឃើញ​ដែរ។ អ៊ីចឹង​កិច្ចការ​ហ្នឹង​ទុក​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ផង»។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ គិត​ថា ការ​ចាប់​ខ្លួន​គួរ​ធ្វើ​ឡើង​ដោយ​មាន​វត្ថុ​តាង​ជាក់​លាក់៕

2 comments:

Anonymous said...

We are outside coutry so proud of polices did to own people like Yuon at kampuchear Krom or we are now?Hun Sen is a hero of Yuon Hanoi????Happy to kill KHMER?

Anonymous said...

Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?