Wednesday, November 06, 2013

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ឡាវ​ឈប់​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង


សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង (Don Sahong) របស់​ប្រទេស​ឡាវ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៣។ RFA/Keo Nimol

 អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ដែល​មាន​ទន្លេ​មេគង្គ​ហូរ​កាត់ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​ទឹក​ទន្លេ​មេគង្គ និង​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​ប៉ះពាល់​ដល់​មច្ឆា​គ្រប់​ប្រភេទ និង​ជីវចម្រុះ​ដែល​រស់​នៅ​ពឹង​អាស្រ័យ​លើ​ទឹក​ទន្លេ​មេគង្គ។

ដោយ កែវ និមល RFA 2013-11-06

ប្រធាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឈ្មោះ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (The NGO Forum on Cambodia) លោក ឈិត សំអាត បាន​អំពាវនាវ​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ឲ្យ​ប្រទេស​ឡាវ បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង (Don Sahong) ដែល​អាច​ផលិត​អគ្គិសនី​បាន​ពី ២៤០ ទៅ ៣៦០ មេហ្គាវ៉ាត់ ក្នុង​តំបន់ ស៊ីផានដន (Si Phan Don) ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ជិត​ខ្សែ​ទឹក​ទន្លេ​មេគង្គ​ខាង​លើ​នៃ​ប្រទេស​កម្ពុជា។

លោក ឈិត សំអាត បញ្ជាក់​ថា ទំនប់​វារីអគ្គិសនី ដនសាហុង នៅ​តំបន់ ស៊ីផានដន ដែល​គេ​ស្គាល់​ថា ជា​ល្បាក់ខោន​នៅ​ជម្រៅ ២​គីឡូម៉ែត្រ ក្នុង​ប្រទេស​ឡាវ ជាប់​ព្រំដែន​កម្ពុជា អាច​ផ្ដល់​ផលវិបាក​ជា​ច្រើន ដូចជា​ប៉ះពាល់​ជម្រក​ត្រី និង​ផ្សោត។ បង្ក​ការ​លំបាក​ដល់​បម្លាស់ទី​ត្រី​ប្រចាំ​រដូវ​ដើម្បី​រក​ចំណី​និង​ពង។ ប៉ះពាល់​ដល់​ជីវភាព​មនុស្ស​រស់​នៅ​ប្រមាណ ៦០​លាន​នាក់ ក្នុង​នោះ ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ដែល​ពឹង​អាស្រ័យ​លើ​ទឹក​ទន្លេ​មេគង្គ។


លោក ឈិត សំអាត៖ «ដោយ​បាន​ឮ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ឡាវ លើ​ការ​សាងសង់​ទំនប់ ដនសាហុង នេះ គឺ​យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន។ ទំនប់​វារីអគ្គិសនី ដនសាហុង នេះ គឺ​នៅ​លើ​តួ​ទន្លេ​មេគង្គ។ នៅ​តំបន់ ស៊ីផានដន នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ នៅ​ជិត ២​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា។ តាម​ខ្ញុំ​ចាំ​តាំង​ពី​ឆ្នាំ​២០០៧ ម្ល៉េះ គឺ​មាន​ការ​ពិភាក្សា​ម្ដង​ហើយ ក៏​មាន​ការ​ស្ងាត់​ទៅ។ ហើយ​ឥឡូវ រដ្ឋាភិបាល​ឡាវ បាន​ប្រកាស​ម្ដង​ទៀត​ថា គាត់​កសាង​ទំនប់​ដនសាហុង​នេះ»។

លោក ឈិត សំអាត បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១ វិច្ឆិកា សមាជិក​អង្គការ​ការពារ​ទន្លេ​មេគង្គ​ទាំង​របស់​កម្ពុជា និង​ក្នុង​តំបន់​ចំនួន ១៩ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចំនួន ៤ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង ក្នុង​ប្រទេស​ឡាវ សុំ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង និង​ពន្យារ​ពេល​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត មុន​ពេល​មាន​ការ​អនុម័ត​យល់​ព្រម​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង នោះ។

លោក ឈិត សំអាត៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ណាស់​ចំពោះ​ការ​សាងសង់​នេះ។ គឺ​ប៉ះពាល់​ទៅ​លើ​ធនធាន​ធម្មជាតិ ប៉ះពាល់​ទៅ​លើ​ត្រី​ផ្សោត ប៉ះពាល់​ទៅ​លើ​ដី​សើម និង​ប៉ះពាល់​ទៅ​លើ​ជីវភាព​ប្រជាជន​ផ្សេងៗ។ នៅ​ក្នុង​សំបុត្រ​នោះ យើង​បាន​លើក​អនុសាសន៍​ចំនួន ៣​ធំៗ។ ទី​១ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​នោះ គោរព​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥។ គឺ​ត្រូវ​មាន​ការ​ពិគ្រោះ​ជាមុន​ជាមួយ​ប្រទេស​ទាំង​នៅ​លើ​ខ្សែ​ទឹក និង​ក្រោម​ខ្សែ​ទឹក។ ទី​២ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​ទាំង​៤ នោះ បញ្ឈប់​ជា​បន្ទាន់​ការ​សាងសង់​ទំនប់​ដនសាហុង​នោះ។ ទី​៣ គឺ​សុំ​ទុក​ពេល ១០​ឆ្នាំ ដើម្បី​សិក្សា​អំពី​ជីវចម្រុះ​នៅ​តំបន់​ទន្លេ​នោះ មុន​មាន​ការ​សម្រេច​ឲ្យ​សាងសង់»។

ទំនប់​វារីអគ្គិសនី ដនសាហុង ដែល​បម្រុង​សាងសង់​នោះ មាន​កម្ពស់​ពី ៣០ ទៅ ៣២​ម៉ែត្រ និង​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ នៅ​ចន្លោះ​កោះ​ធំៗ មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ក្នុង​ទឹក​ដី​ឡាវ ជាប់​ព្រំដែន​កម្ពុជា។ លទ្ធភាព​ផលិត​អគ្គិសនី​ចាប់​ពី ២៤០ ទៅ ៣៦០ មេហ្គាវ៉ាត់។ ក្រុមហ៊ុន​ដែល​ទទួល​សាងសង់​មក​ពី​ប្រទេស​ម៉ាឡេស៊ី។

ប្រតិកម្ម​ចំពោះ​ការ​សម្រេច​ចិត្ត​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង របស់​ប្រទេស​ឡាវ​នេះ លោក ស៊ិន នីនី អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ថា ភាគី​កម្ពុជា បាន​ជូន​ដំណឹង​តវ៉ា​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ហើយ៖ «ខ្មែរ​បាន​សរសេរ​សំបុត្រ​ទៅ​ឡាវ​ហើយ សុំ​ឲ្យ​ផ្អាក ហើយ​សុំ​ឲ្យ​យក​បញ្ហា​នោះ​ទៅ​ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​របស់ MRC (Mekong River Committee)»។

លោក ឈិត សំអាត ប្រធាន​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បាន​ឲ្យ​ដឹង​បន្ថែម​ថា ដើម្បី​ទប់ស្កាត់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ នឹង​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​សាងសង់​នេះ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់ (EIA= Environment Impact Assessment) នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង របស់​ភាគី​ឡាវ ដែល​និយាយ​ថា ការ​សាងសង់​នោះ មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ធនធាន​ធម្មជាតិ​មច្ឆាជាតិ និង​ជីវចម្រុះ​នោះ​ឡើយ។

លោក យុក សេងឡុង ប្រធាន​កម្មវិធី​របស់​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ដែល​ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​សន្និសីទ​កាសែត អំពី​ផលវិបាក​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​នឹង​រួម​ជាមួយ​អ្នក​ជំនាញ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​តំបន់​នឹង​ចុះ​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង នោះ ពន្យល់​ឲ្យ​ពួកគាត់​បាន​ដឹង​អំពី​ផល​ប៉ះពាល់​នានា ដែល​កើត​ឡើង​ពី​ការ​សាងសង់​នោះ។

កាល​ពី​ខែ​មេសា ឆ្នាំ​២០០៧ នៅ​ពេល​មាន​ព័ត៌មាន​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង ដំបូង​នោះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​ជំនាញ បាន​ទប់​ស្កាត់​ដោយ​ផ្ញើ​លិខិត​តវ៉ា​ទៅ​រដ្ឋាភិបាល​ឡាវ ម្ដង​រួច​ទៅ​ហើយ។ ឥឡូវ​នេះ អ្នក​ជំនាញ និង​មន្ត្រី​អង្គការ មិន​មែន​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា មាន​សកម្មភាព​រៀបចំ​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី ដនសាហុង នេះ ឡើង​វិញ​ទៀត​ហើយ៕

No comments: