Thursday, November 14, 2013
អាជ្ញាធរឃុំនៅកំពង់ឆ្នាំងរងការចោទថាបង្ខំឲ្យពលរដ្ឋដែលរើសថ្មពីផ្លូវបង់ប្រាក់
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចោទប្រកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេការក្រុមហ៊ុនសាងសង់ផ្លូវលំចម្ងាយជាង ៣០គីឡូម៉ែត្រ ពីចំណុចរារថភ្លើងនៃឃុំក្រាំងស្គា ឆ្ពោះទៅផ្សារពង្រ ថាបានគំរាម និងបង្ខំឲ្យប្រជាពលរដ្ឋបង់ប្រាក់ចាប់ពី ១លាន ទៅ ២លានរៀល ចំពោះគ្រួសារណាដែលបានរើសថ្មពីចិញ្ចើមផ្លូវរបស់ក្រុមហ៊ុនដែលកំពុងសាងសង់នោះ។
ដោយ ជិន ជេដ្ឋា RFA 2013-11-14
ក្រុមប្រជាពលរដ្ឋបានបញ្ជាក់នៅថ្ងៃទី១៣ ខែវិច្ឆិកា ថា បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ២គ្រួសារ បានបង់ប្រាក់ទៅឲ្យក្រុមហ៊ុនក្នុង ១គ្រួសារ ចំនួន ១លានរៀល និងមានគ្រួសារជាច្រើនទៀតកំពុងតែប្រឈមនឹងបញ្ហានេះ។
ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយឈ្មោះ ខេមបូឌា អ៊ីនជើនារីង គ្រូប (Cambodia engineering group) បានប្ដឹងប្រជាពលរដ្ឋជាច្រើនគ្រួសារ ទៅប៉ុស្តិ៍នគរបាលឃុំក្រាំងស្គា ពីបទលួចថ្មភ្នំដែលខ្លួនបានគរទុកសម្រាប់ចាក់គ្រឹះធ្វើផ្លូវមួយខ្សែពីឃុំក្រាំងស្គា ទៅផ្សារពង្រ។ ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យមេការក្រុមហ៊ុន និងអាជ្ញាធរ ជួយសម្រួលឲ្យពួកគាត់ត្រឹមតែសងថ្មវិញ ឬព្រមានជាលាយលក្ខណ៍អក្សរ ត្បិតពួកគាត់បានរើសថ្មទាំងនោះពីតាមចិញ្ចើមផ្លូវដែលគ្រឿងចក្របានឈូសឆាយ ហើយរមៀលធ្លាក់ពីលើផ្លូវ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិទួលសំរោង ឃុំក្រាំងស្គា លោក សុខ សាធ មានប្រសាសន៍ថា ទាំងប៉ូលិស និងមេការក្រុមហ៊ុន បានប្រើពាក្យអសុរោះ និងជំរិតទារប្រាក់ពីគាត់ ដោយចោទគាត់ថាជាចោរលួចថ្មរបស់ក្រុមហ៊ុន ត្រូវមានទោសជាប់ពន្ធនាគារទៀតផង ប្រសិនបើមិនព្រមបង់ប្រាក់ទៅឲ្យក្រុមហ៊ុនតាមការទាមទារទេនោះ។ លោកបន្តថា លោកមិនទាន់បង់ប្រាក់ឲ្យទៅក្រុមហ៊ុននៅឡើយ ក៏ប៉ុន្តែលោកត្រូវបានប៉ូលិសកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលឃុំក្រាំងស្គា ចំនួន ២លើករួចមកហើយ៖ «ថ្មហ្នឹងវាផុយៗទេ ថ្មគេកាប់ពីភ្នំមក គេនិយាយយើងខុសច្បាប់ទៅរើសថ្មគេមិនទាន់ចោល គេថាត្រូវជាប់គុក បើអត់មានលុយ គេបញ្ជូនទៅលើទៀត។ គេទារ ២លានរៀល»។
ចំណែកប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀតដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា គ្រួសាររបស់គាត់បានរត់ទៅចងការប្រាក់ឯកជនចំនួន ១លានរៀល ដែលមានការប្រាក់ ២០ម៉ឺនរៀលក្នុង១ខែ យកទៅបង់ឲ្យមេការក្រុមហ៊ុន ដើម្បីបញ្ចប់បញ្ហាដែលបានកើតឡើង៖ «ខ្ញុំអត់ដឹងផង ខ្ញុំឃើញរើសលាន់ៗដែរ ខ្ញុំទៅរើសក្រោយគេ ទៅគេថាមានទោសពី ៦ខែរហូតដល់ ៣ឆ្នាំជាប់គុក។ គេថាយើងយកថ្មលើថ្នល់គេអីហ្នឹង គេថាយើងលួចជាតិ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេការក្រុមហ៊ុន ខេមបូឌា អ៊ីនជើនារីង គ្រូប លោក នៅ សំអ៊ូច ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែវិច្ឆិកា។
យ៉ាងណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងស្គា លោក ប៊ុន ស៊ឺន ថ្លែងថា តំណាងក្រុមហ៊ុនបានប្ដឹងប្រជាពលរដ្ឋនៅភូមិទួលសំរោង តែ ៣គ្រួសារប៉ុណ្ណោះ ដែលបានប្រើគោយន្ត និងជួលក្មេងឲ្យរើសថ្មឲ្យខ្លួន ក៏ប៉ុន្តែលោកនៅមិនទាន់អាចបញ្ជាក់ថា ជាគ្រួសារណានៅឡើយទេ៖ «មានករណី២ ខ្ញុំកំពុងតែសិក្សាស្រាវជ្រាវ តើគាត់រើសនៅតាមថ្លុកប្រឡាយទឹកដែលគេឈូសឆាយ អាហ្នឹងគាត់អាចរើសបាន តែបើលើពំនូកនៅលើថ្នល់ក្រុមហ៊ុន មិនអាចឲ្យរើសបានទេ។ ប៉ុន្មានៗនោះមិនមានទេ គ្រាន់តែជាការគំរាមកំហែងដើម្បីបំបាក់កុំឲ្យប្រជាពលរដ្ឋបង្ករឿងហេតុថែមទៀត តែលុយកាក់អត់មានទេ»។
ជំទប់ទី១ ឃុំក្រាំងស្គា នៃគណបក្ស សម រង្ស៊ី អ្នកស្រី ជួប សុខភឺន មានប្រសាសន៍ថា អ្នកស្រីកំពុងតែតាមដានបញ្ហានេះ ហើយអ្នកស្រីបានទទួលព័ត៌មានថា មានប្រជាពលរដ្ឋជិត ២០គ្រួសារ មកពីភូមិត្រពាំងម្លូ និងភូមិទួលសំរោង នៃឃុំក្រាំងស្គា និងភូមិជន្លៀវ ស្ថិតក្នុងឃុំប្រស្និប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែប្រឈមជាមួយក្រុមហ៊ុនទាក់ទងនឹងបញ្ហានេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ឲ្យដឹងថា មេការ និងកម្មករក្រុមហ៊ុនបានឃើញសកម្មភាពរើសថ្មរបស់ប្រជាពលរដ្ឋស្ទើររាល់ថ្ងៃ ក៏ប៉ុន្តែមិនបានហាម ឬចាត់វិធានការអ្វីនោះទេ ទើបដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្រាប់តែមានការប្ដឹងផ្ដល់ទៅលើប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានរើសថ្មតាមចិញ្ចើមផ្លូវនៅតាមបណ្ដោយផ្លូវនោះតែម្ដង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment