Friday, November 15, 2013

អាដហុក​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​ពី​ការ​បាត់​ដំណឹង​ពលករ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី


ឪពុក​របស់​ពលការិនី​ម្នាក់ រស់​នៅ​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង
លោក ឆាយ អូន ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា
ឆ្នាំ​២០១៣។ RFA/Chin Chetha
មន្ត្រី​សមាគម​អាដហុក (Adhoc) បាន​សង្កេត​ឃើញ​ថា ករណី​បាត់​ខ្លួន​របស់​ពលករ​ពលការិនី​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៣ នៅ​តែ​មាន​ចំនួន​ច្រើន។

ដោយ ជិន ជេដ្ឋា RFA 2013-11-15

ករណី​នេះ បាន​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពលករ ហើយ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ការងារ ពិនិត្យ​មើល​លើ​យន្តការ និង​លក្ខខណ្ឌ​ការងារ​នានា​របស់​ក្រុមហ៊ុន​បញ្ជូន​ពលករ មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

រយៈ​ពេល​ជាង១០​ខែ​ក្នុង​ឆ្នាំ​២០១៣ សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ពលករ​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ៣១​ករណី ក្នុង​នោះ​មាន ១២​ករណី​បាន​បាត់​ដំណឹង។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ចគា មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ជូន​ពលករ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ ថា​អាច​នឹង​ជួប​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ ខណៈ​ដែល​ពលករ​ពលការិនី​រងគ្រោះ​ជាច្រើន​នាក់ នៅ​មិន​ទាន់​រក​ឃើញ ឬ​ទទួល​បាន​រក​យុត្តិធម៌​នៅ​ឡើយ៖ «មាន​ពន្លឺ​តិចតួច​ណាស់ យើង​នៅ​ច្រើន​ទៀត​ដែល​នៅ​បន្ត​បាត់​ដំណឹង​ដដែល។ ខ្ញុំ​ព្រួយ​បារម្ភ​ថា បើ​មិន​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ការពារ​ពលករ​ហ្នឹង​ទេ អ្វី​ដែល​យើង​មាន​កន្លង​មក​ដូច​ជា​ការ​បាត់​ខ្លួន ធ្វើ​ទារុណកម្ម ឬ​រំលោភ​សេពសន្ថវៈ ឬ​ការ​បើក​ប្រាក់​ខែ​មិន​គ្រប់គ្រាន់​ឲ្យ​ពលករ ហើយ​ពេល​នេះ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ វា​នឹង​អាច​កើត​ឡើង​មក​វិញ»។

នៅ​ក្នុង​ឆ្នាំ​២០១២ សមាគម​នេះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន ៨២​ករណី ក្នុង​នោះ​មាន​ពលករ​ចំនួន ១៦​នាក់ បាន​បាត់​ដំណឹង ហើយ​ភាគ​ច្រើន​នៃ​ពលករ​ទាំង​នោះ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​អ្វី​នៅ​ឡើយ។

ឪពុក​របស់​ពលការិនី​ម្នាក់ រស់​នៅ​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង លោក ឆាយ អូន មាន​ប្រសាសន៍​ថា លោក​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ ឆាយ អ៊ីម បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន ថប មែនផោវ័រ (Top manpower) តាំង​ពី​ឆ្នាំ​២០០៩ ហើយ​បាត់​ដំណឹង​ជាង ៣​ឆ្នាំ​មក​ហើយ មិន​ដឹង​ថា​ស្លាប់ ឬ​រស់ ដោយ​បាន​ទុក​កូន​ឲ្យ​គាត់​នៅ​មើល​ជា​ច្រើន​នាក់៖ «ចាំ​មើល​កូន​របស់​ខ្ញុំ​ទាល់​តែ​ដល់​សព្វថ្ងៃ​នេះ ព្រោះ​សព្វថ្ងៃ​ចិញ្ចឹម​គ្រាន់​តែ​ចៅ​ទាំង​ពីរ​គ្រួសារ វា ៧​នាក់​ទៅ​ហើយ សព្វថ្ងៃ​ហ្នឹង​អត់​រក​ស៊ី​អី​ទេ រក​ត្បាញ​បង្គី​អី​បន្តិចៗ​ទៅ​គ្រាន់​បាន​អង្ក​អី​បន្តិចបន្តួច​អ៊ីចឹង​មក​ណា៎»។

ក្រុម​គ្រួសារ​របស់​ពលករ​ពលការិនី បាន​សំណូម​ពរ​ដល់​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​ស្រាវជ្រាវ និង​បញ្ជូន​កូន ឬ​សាច់​ញាតិ​របស់​ពួក​គាត់​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឲ្យ​បាន​ឆាប់។

ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ការ​ជួញ​ដូរ​មនុស្ស និង​យេនឌ័រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ប្រាក់ សៅនី មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ ពុំ​មាន​ពាក្យ​បណ្ដឹង ឬ​ករណី​បាត់​ខ្លួន​របស់​ពលករ​ច្រើន​ដូច​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​សមាគម​អាដហុក នោះ​ទេ ក៏ប៉ុន្តែ​អ្នកស្រី​មិន​អាច​បញ្ជាក់​អំពី​ចំនួន​ករណី​ច្បាស់​លាស់​បាន ដោយសារ​តែ​អ្នកស្រី​កំពុង​តែ​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​ផ្ទះ៖ «ពាក់ព័ន្ធ​នឹង​ករណី​ដែល​ថា​អង្គការ​អាដហុក បញ្ជូន​មក​ហ្នឹង ខ្ញុំ​បាន​ធ្វើ​តាម​នីតិវិធី។ ការ​ទទួល​ពាក្យ​បណ្ដឹង​ហ្នឹង ខ្ញុំ​បាន​ចាត់​ការ​ហើយ ខ្ញុំ​ធ្វើ​បូក​ជា​ឯកសារ​ហើយ ក៏​បញ្ជូន​សំណុំ​រឿង​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ យើង​មិន​អាច​លូក​ដៃ​ឆ្លង​ប្រទេស​បាន​ទេ នៅ​នាយកដ្ឋាន​គេ​ចាត់​ការ​បន្ត»។

មន្ត្រី​សិទ្ធិ​មនុស្ស បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទៅ​លើ​យន្តការ ឬ​លក្ខខណ្ឌ​ការងារ​របស់​ក្រុមហ៊ុន​បញ្ជូន​ពលករ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ផល​ប្រយោជន៍​របស់​ពលករ​ពលការិនី សម្រាប់​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ជូន​កម្លាំង​ពលកម្ម​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​នា​ថ្ងៃ​ខាង​មុខ៕

1 comment:

Anonymous said...

Cambodian maids are sent to Malaysia to die! To die as slave and to die as sex slave!