Wednesday, November 27, 2013

EU calles on members to stop buying fish production from Cambodia






http://www.youtube.com/watch?v=kX1egRwcUNE

គណៈកម្មការ​ស្នើ​រដ្ឋាភិបាល​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​កម្ពុជា​ពាក់ព័ន្ធ​ការ​នេសាទ​ខុស​ច្បាប់
(ដោយ តាំង សារ៉ាដា, 2013-11-26)




គណៈកម្មការ​អឺរ៉ុប បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប ដាក់​ទណ្ឌកម្ម​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​នាំ​ត្រី​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ដោយសារ​ត្រី​ទាំង​នោះ​បាន​មក​ពី​ការ​នេសាទ​ខុស​ច្បាប់។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា គ្មាន​បទ​ល្មើស​នេសាទ​នោះ​ឡើយ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​ក្នុង​ស្រុក បញ្ជាក់​ថា បទ​ល្មើស​នេសាទ​នៅ​កម្ពុជា ឋិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។


គណៈកម្មការ​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្នុង​បណ្ដា​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប ទាំងអស់ ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ដល់​បណ្ដា​ប្រទេស​ចំនួន​បី ដែល​នាំ​ផលិត​ផល​ត្រី​ពី​ការ​នេសាទ​ខុស​ច្បាប់​ទៅ​លក់​នៅ​ទី​នោះ។
ប្រទេស​ទាំង​បី​នោះ​រួម​មាន កម្ពុជា ហ្គីននី (Guinea) និង​ប្រទេស​ប៊ែលលីស (Belize)។

គណៈកម្មការ​សហភាព​អឺរ៉ុប ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​ដល់​ប្រទេស​កូរ៉េ​ខាង​ ត្បូង ហ្កានណា (Ghanna) និង​ប្រទេស​ខួរ៉ាសាវ (Curacao) ដែរ ដោយសារ​បណ្ដា​ប្រទេស​ទាំង​នេះ​មិន​គោរព​ច្បាប់ និង​កាតព្វកិច្ច​អន្តរជាតិ។

ជុំវិញ​វិធាន​ការ​តឹងរ៉ឹង​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប អំពី​ការ​ទាមទារ​ឲ្យ​មាន​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​លើ​វិស័យ​នាំ​ទិន្នផល​ ត្រី​ពី​ការ​នេសាទ​ខុស​ច្បាប់ ទៅ​លក់​នៅ​អឺរ៉ុប នោះ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក យុទ្ធ ភូថង មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​បាន​ដឹង​អំពី​ចំណាត់​ការ​របស់​សហគមន៍​អឺរ៉ុប នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បដិសេធ​ថា កម្ពុជា គ្មាន​ការ​នេសាទ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​អន្តរជាតិ​នោះ​ទេ៖ «ដូច ​ជា​គ្មាន​ការ​នេសាទ​ខុស​ច្បាប់​ទេ ពីព្រោះ​យើង​បាន​ប្រមូល​យក​អប់រំ​អស់ បង្ក្រាប​អស់​ហើយ។ ដូច្នេះ ការ​នេសាទ​ខុស​ច្បាប់ បើ​មាន គឺ​មាន​តិចតួច ប៉ុន្តែ​វា​គ្មាន​ទៀត​ទេ»
ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ អះអាង​ថា បទ​ល្មើស​នេសាទ​នៅ​កម្ពុជា នៅ​តែ​បន្ត​កើត​ឡើង​យ៉ាង​អានាធិបតេយ្យ ហើយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បទ​ល្មើស​នេសាទ​ខុស​ច្បាប់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។

លោក ឈឹម សាវុធ មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន និង​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល អំពី​ការ​នេសាទ​ខុស​ច្បាប់ កាល​ពី​ពេល​កន្លង​ទៅ​ក៏ដោយ ក៏​បញ្ហា​នេះ​បាន​កក្រើក​ឡើង​វិញ​យ៉ាង​ខ្លាំង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​បឹង​ ទន្លេសាប និង​ដង​ទន្លេ​មេគង្គ៖ «ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប ក៏​ដូច​ជា​ត្រី​នៅ​តាម​បឹងបួ​នានា​ដែរ។ ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់។ ក្រោយ​ពី​បទ​បញ្ជា​លេខ​០០១ ចេញ​បង្ក្រាប​មួយ​រយៈ​មុន​មក បទ​ល្មើស​នេសាទ​ខុស​ច្បាប់ គឺ​កើន​ឡើង​ផ្ទុះ​សឹង​គ្រប់​ទី​កន្លែង​ទាំងអស់។ បើ​និយាយ​ទៅ បទ​ល្មើស​ខុស​ច្បាប់​សឹង​ប្រហាក់​ប្រហែល​ពេល​មុន​ដដែល ហ្នឹង​គ្មាន​ការ​ថយ​ចុះ​ទេ មាន​តែ​ការ​កើន​ឡើង​ផង​គ្រប់​ទី​កន្លែង​ទាំងអស់»

លោក ឈឹម សាវុធ បន្ត​ថា ទាំង​បទ​ល្មើស​នេសាទ បទ​ល្មើស​ព្រៃ​ឈើ និង​បទ​ល្មើស​រ៉ែ នៅ​កម្ពុជា បាន​កើត​ឡើង​ដោយសារ​តែ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​ រដ្ឋាភិបាល ដែល​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ។

លោក​បន្ត​ថា ដើម្បី​បំបាត់​បទ​ល្មើស​ទាំង​នេះ​បាន លុះត្រា​សមត្ថកិច្ច​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ខ្នាត​ធំ​មួយ​ទៅ​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ ដែល​ជាប់​ពាក់ព័ន្ធ​នោះ៕

2 comments:

Anonymous said...

ពួកអារដ្ឋាភិបាលឧក្រិដ្ឋករ និង ខុសច្បាប់មួយ
នេះក្រៅពីចេះប្រព្រឹត្តហើយ ៗ ប្រកែក នៅចេះ
ធ្វើអ្វីទៀត ? ។ ពួកអាកំសាក ពួកអាអសមត្ត
ភាព ហ៊ានធ្វើ មិនហ៊ានទទួល ល្មមចុះចេញ
ហើយ ប្រជាពលរដ្ឋឥតត្រូវការពួកអាឯងទេ ។ កុំទុកចាំដល់ប្រជាពលរដ្ឋទរាំលែងបាន លែងទុក
មុខឲនោះ ។

Anonymous said...

ចាំតែចុះតើ!

ហ៊ុន សែន