Thursday, December 12, 2013

មន្ត្រី​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​រើស​អើង​លើ​មន្ត្រី​បក្ស​ប្រឆាំង


ប្រធាន​ក្រុមប្រឹក្សា​ឃុំ​មួយ​រូប​នៃ​គណបក្ស សម រង្ស៊ី ចោទ​ប្រកាន់​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អាជ្ញាធរ​ស្រុក​នៃ​គណបក្ស​ប្រជាជន ថា​រើស​អើង​នយោបាយ​ប្រើ​វិធី​គាប​សង្កត់​ទៅ​លើ​សេរីភាព​ចូល​រួម​របស់​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រឆាំង​ទៅ​ក្នុង​ការងារ​សង្គម។

ដោយ រដ្ឋា វិសាល RFA 2013-12-11

មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​ខេត្ត​ស្ទឹងត្រែង ចំនួន​ពីរ​រូប រង​ការ​ចោទ​ថា មាន​ចេតនា​រារាំង​សកម្មភាព​ចូល​រួម​ការងារ​សង្គម​នៃ​មន្ត្រី​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន។

មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រជាជន​ទាំង​ពីរ​រូប គឺ​មេ​ឃុំ​ព្រះបាទ និង​ជា​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខេត្ត​ស្ទឹងត្រែង លោក សិត គឹមតេង និង​អភិបាល​ស្ដីទី​ស្រុក​សេសាន លោកស្រី យាង ស្រីធារី។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បេក្ខភាព​នៃ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​ធ្នូ អះអាង​ថា មន្ត្រី​ទាំង​ពីរ​បាន​ប្រើ​វិធី​រារាំង​មិន​ឲ្យ​លោក​បាន​ទៅ​ចូល​រួម​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ផែនការ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខាង​មុខ​នេះ ដោយសារ​ខ្លាច​លោក​ទៅ​ចូល​រួម​ហែ​ក្បួន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា ប្រធាន​សមាគម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មិន​បាន​បញ្ជូន​ឯកសារ​អញ្ជើញ​ចូល​រួម​សិក្ខាសាលា​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ស្រុក។ ចំណែក​អាជ្ញាធរ​ស្រុក​លើក​ហេតុផល​ថា លោក​មិន​បាន​បញ្ជូន​ឯកសារ​ផ្ទេរ​សិទ្ធិ និង​លិខិត​អញ្ជើញ ទើប​មិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ ចូល​រួម​សិក្ខាសាលា​នេះ​វិញ។

លោក​អះអាង​ថា បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​អាជ្ញាធរ​ស្រុក​តាម​ទូរស័ព្ទ​រួច​ហើយ៖ «ក្រសួង​ផែនការ​គេ​អញ្ជើញ​សមាគម​ឃុំ​សង្កាត់​ចូល​រួម​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ សណ្ឋាគារ​ភ្នំពេញ ថ្ងៃ​ស្អែក​នេះ។ អភិបាល​រង​ស្រុក​ហ្នឹង​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទៅ គាត់​មាន​ប្រតិកម្ម​ម៉េច មិន​មាន​ប្រតិកម្ម​តាំង​ពី​ខ្ញុំ​ជូន​ដំណឹង​ពី​ដំបូង​ថ្ងៃ​ទី​៨​នោះ»។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ស្ដីទី​ស្រុក​សេសាន លោកស្រី យាង ស្រីធារី មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​គឺ​ជា​បែបបទ​រដ្ឋបាល​ដែល​តម្រូវ​ឲ្យ​មេ​ឃុំ​បំពេញ​បែបបទ​ជូន​អាជ្ញាធរ​ស្រុក មុន​នឹង​ចេញ​ទៅ​បំពេញ​ភារកិច្ច​ផ្សេង​ក្រៅ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រុមប្រឹក្សា​ឃុំ។

លោកស្រី​ទទួល​ស្គាល់​ថា មេ​ឃុំ​បាន​ជូន​ដំណឹង​នេះ​តាម​ទូរស័ព្ទ ក៏​ប៉ុន្តែ​មិន​បាន​បំពេញ​បែបបទ​រដ្ឋបាល​ត្រឹមត្រូវ៖ «ជម្រាប​ផ្ទាល់​មាត់ ប៉ុន្តែ​ត្រូវ​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ឲ្យ​ជំទប់​មួយ​ណា ហើយ​ធ្វើ​លិខិត​មក​ស្រុក​មក​ភ្ជាប់​ជាមួយ​លិខិត​គេ​អញ្ជើញ...»។

ចំណែក​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ លោក សិត គឹមតេង បដិសេធ​ថា លោក​មិន​បាន​ប្រើ​វិធី​អាក្រក់ ឬ​រើសអើង​គណបក្ស​អ្វី​ទេ ក៏​ប៉ុន្តែ​ជា​កំហុស​របស់​មន្ត្រី​លេខា​របស់​លោក​ដែល​មិន​បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​អាជ្ញាធរ​ស្រុក។

លោក​ទទួល​ស្គាល់​ថា បាន​ពិភាក្សា​ជាមួយ​មេ​ឃុំ​គណបក្ស  សម រង្ស៊ី រួច​ហើយ ស្ដីពី​កំហុស​អចេតនា​នេះ៖ «បើ​និយាយ​រួម​កំហុស​ខ្ញុំ ព្រោះ​សមាគម​ខ្ញុំ​មាន​លេខា​មួយ លេខា​ហ្នឹង​វា​អត់​ធ្វើ​សកម្មភាព។សូម្បី​ខាង​ណា​ហៅ​ក៏ដោយ យើង​ត្រូវ​តែ​សុំ បើ​យើង​នៅ​ចំណុះ​ស្រុក​ណា​រាយការណ៍​សុំ​ច្បាប់​ស្រុក​នោះ។ គេ​មិន​បិទ​សិទ្ធិ​ទេ តែ​យើង​អត់​បាន​សុំ​គេ អ៊ីចឹង​គេ​មាន​សិទ្ធិ​មិន​អនុញ្ញាត»។

ទាក់ទិន​ករណី​នេះ​ដែរ​ប្រធាន​ផ្នែក​អង្កេត​គណៈកម្មការ​សង្កេតការណ៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) កញ្ញា គង់ រ៉ាវីន កត់សម្គាល់​ថា បញ្ហា​ដែល​កើត​ឡើង​នេះ គ្រាន់​តែ​ជា​បញ្ហា​ធ្វើ​មាន​ការ​ស្មុគស្មាញ និង​រំខាន​ដល់​ការ​ចូល​រួម​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ការងារ​សាធារណៈ។

កញ្ញា​បន្ត​ថា អាជ្ញាធរ​ថ្នាក់​លើ​គួរ​បង្ក​ការ​ងាយ​ស្រួល​ឲ្យ​មាន​ការ​ចូល​រួម​របស់​មន្ត្រី​ថ្នាក់​ក្រោម ចំពោះ​ការងារ​សង្គម​បាន​ច្រើន​កាន់​តែ​ប្រសើរ៖ «នីតិវិធី​ទាំង​អស់​ហ្នឹង ពេល​ខ្លះ​ធ្វើ​ឲ្យ​រើស​អើង ហើយ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ចំពោះ​ការ​ចូលរួម​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ មួយ​វិញ​ទៀត បាន​ធ្វើ​ឲ្យ​សេរីភាព​ការ​ចូលរួម​មាន​លក្ខណៈ​ស្មុគស្មាញ​ទៅ​វិញ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្ស សម រង្ស៊ី ដដែល​អះអាង​ថា ការ​រើសអើង​គណបក្ស​នយោបាយ​នេះ មិន​មែន​មាន​តែ​ករណី​នេះ​ទេ គឺ​មាន​ច្រើន​ករណី​ទៀត​ដូច​ជា​មន្ត្រី​អាជ្ញាធរ​កាន់​អំណាច​នៃ​គណបក្ស​ប្រជាជន មិន​បាន​សហការ​ផ្ដល់​លទ្ធភាព ឬ​អាទិភាព​ដល់​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រឆាំង​ក្នុង​ការ​ដឹកនាំ​នៅ​មូលដ្ឋាន​ជាដើម៕

No comments: