Thursday, December 12, 2013

លោក ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​ជប៉ុន


នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ធ្នូ នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម ​ទៅ​ចូល​​រួម​​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់ ៤០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន-​ជប៉ុន និង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​​​ទី​៥ នៅ​ប្រទេស​ជប៉ុន។

ដោយ ដែន អយុធ្យា RFA 2013-12-12
 
ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រមុខ​ដឹកនាំ​ពេល​នេះ ក៏​ដើម្បី​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​ផង​ដែរ។

តាម​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​​ចូល​រួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​​គម្រប់ ៤០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន​-ជប៉ុន និង​កិច្ចប្រជុំ​កំពូល​មេគង្គ-​ជប៉ុន លើក​ទី​៥ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១២ ដល់ ១៤ ខែ​ធ្នូ ហើយ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ ទី​១៧ ខែ​ធ្នូ ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន។

​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ប្រទេស​​កម្ពុជា និង​ជប៉ុន បាន​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​រយៈពេល ៣០​ថ្ងៃ ដល់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​ផ្លូវការ​កម្ពុជា-​ជប៉ុន។ ជាង​នេះ​ក៏​នឹង​ផ្តល់​ទិដ្ឋាការ​ចេញ-​ចូល​ច្រើន​ដង​រយៈពេល​វែង​​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ ដល់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ធម្មតា​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រួល​និង​ជំរុញ​​​កំណើន​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ​ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឲ្យ​ដឹង​ថា ការ​លើក​លែង​ទិដ្ឋាការ​កម្ពុជា-​ជប៉ុន អាច​នឹង​ត្រូវ​ប្រកាស​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ជប៉ុន នៅ​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នា​ទីក្រុង​តូក្យូ។ ប្រកាស​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ផ្តល់​ទិដ្ឋាការ​ចេញ-​ចូល​ច្រើន​ដង​រយៈ​ពេល​វែង ចាប់​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ ចាប់​អនុវត្ត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៣៕

No comments: