Thursday, December 12, 2013

ពលរដ្ឋ​សុំ​ឲ្យ​ទូត​ចិន​ជួយ​បញ្ឈប់​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ភាគ​ឦសាន


តំណាង​សហគមន៍​ទន្លេ​បី ផ្ដល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ស្ថានទូត​ចិន
នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៣។ ពលរដ្ឋ​យក​ញត្តិ​​
ទៅ​ដាក់នៅ​ស្ថានទូត​ចិន ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន ផ្អាក​សាងសង់​
ទំនប់​​វារីអគ្គិសនីសេសាន​ក្រោម​២។ RFA
តំណាង​សហគមន៍​រស់​នៅ​តំបន់​ទន្លេ​បី បាន​នាំ​គ្នា​មក​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន ដើម្បី​សុំ​ឲ្យ​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​ចិន ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ពីព្រោះ​ថា ការ​កសាង​ទំនប់​វារីអគ្គិសនី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-12

ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​ទទួល​យក​ញត្តិ​របស់​សហគមន៍​រស់​នៅ​តំបន់​ទន្លេ​បី នៅ​ថ្ងៃ​ទី​១២ ធ្នូ ដែល​ស្នើ​ឲ្យ​ស្ថានទូត​នេះ​ទប់​ស្កាត់​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

ញត្តិ​ដាក់​ទៅ​អ្នកស្រី​ឯកអគ្គរដ្ឋទូត​ចិន​នេះ គឺ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រង​ប៉ះពាល់​ជាង ៧​ម៉ឺន ៥​ពាន់​នាក់ ដែល​រស់​នៅ​តំបន់​ទន្លេ​បី រួមមាន​ទន្លេ​ស្រែពក សេសាន និង​ទន្លេ​សេកុង។

តំណាង​សហគមន៍​ស្រែពក លោក តន់ ជាង បាន​ផ្ដល់​បទសម្ភាសន៍​នៅ​ក្រៅ​របង​ស្ថានទូត​ចិន នៅ​ថ្ងៃ​ទី​១២ ធ្នូ បន្ទាប់​ពី​លោក​បាន​ជួប​តំណាង​ឯកអគ្គរដ្ឋទូត​ចិន​នោះ​ថា តំណាង​ស្ថានទូត​ចិន បាន​សន្យា​ថា គេ​នឹង​ពិនិត្យ​សំណើ​របស់​ពួក​គាត់​ដែល​សុំ​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​នេះ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ទេ ស្ថានទូត​នឹង​រៀប​ចំ​ឲ្យ​តំណាង​ក្រុមហ៊ុន​ចិន ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​នោះ ឲ្យ​ជួប​នឹង​ប្រជាពលរដ្ឋ​នៅ​តំបន់​ទន្លេ​ទាំង​បី តែ​មិន​សន្យា​ថា ជួប​នៅ​ពេល​ណា​នោះ​ទេ។

ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ រួម​មាន​ក្រុមហ៊ុន​ថាមពល ហាយដ្រូ ឡានឆាង អន្តរជាតិ (Hydrolancang International Energy) និង ហួណាន គ្រុប (Hounan Group)។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ចិន ដើម្បី​សុំ​សួរ​បន្ថែម​អំពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០១៣។

ខ្លឹមសារ​នៅ​ក្នុង​ញត្តិ​នោះ មាន​ដូចជា​សុំ​ឲ្យ​អ្នកស្រី​ឯកអគ្គរដ្ឋទូត​ចិន ជួយ​អន្តរាគមន៍​បញ្ឈប់​ក្រុមហ៊ុន​ថាមពល ហាយដ្រូ ឡានឆាង សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែល​មាន​បំណង​វិនិយោគ​ទំនប់​វារីអគ្គិសនី ដូចជា​នៅ​សេសាន​ក្រោម​ទី​៣ និង​ស្រែ​ពក​ក្រោម​ទី​៣។ សុំ​ឲ្យ​អ្នកស្រី​ឯកអគ្គរដ្ឋទូត​ចុះ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ទន្លេ​បី​ដោយ​ផ្ទាល់ ដើម្បី​ស្វែង​យល់​អំពី​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។

តំណាង​សហគមន៍​សេសាន​ក្រោម​៣ អ្នកស្រី ហ្វយ ស៊ុត បាន​សំដែង​ក្ដី​ព្រួយ​បារម្ភ​ថា គម្រោង​សាងសង់​វារីអគ្គិសនី​នេះ ត្បិត​តែ​ផ្ដល់​ថាមពល​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្ដី ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ ពួកគាត់​មិន​ចង់​បាន​នោះ​ទេ ពីព្រោះ​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួកគាត់​កាន់​តែ​ខ្លាំង​នៅ​គ្រា​ដែល​ពួកគាត់​កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ស្រាប់ ដោយសារ​តែ​ទំនប់​វារីអគ្គិសនី​នៅ​វៀតណាម ធ្វើ​ឲ្យ​ចរន្ត​ទឹក​ឡើង​ចុះ​មិន​ទៀង​ទាត់ និង​ធ្វើ​ឲ្យ​ខូច​ទឹក បាត់បង់​ជីវៈ​ចម្រុះ​ផ្សេងៗ។

ក្រុម​សហគមន៍​ទាំង​នេះ​បន្ថែម​ថា កាល​ពី​ពី​ខែ​កុម្ភៈ កន្លង​ទៅ ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​អំពី​បញ្ហា​នេះ​ដែរ តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុធ បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ឃើញ​ញត្តិ​ដែល​ខាង​សហគមន៍​ដាក់​ទៅ​សភា​នៅ​ឡើយ។

របាយការណ៍​ពី​សហគមន៍​ទាំង​នេះ​បាន​សរសេរ​ថា ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​រស់​នៅ​តាម​ដង​ទន្លេ​ទាំង​បី ទទួល​រង​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​នៅ​ខ្សែ​ទឹក​ខាង​លើ​ភ្ជាប់​ពី​ប្រទេស​វៀតណាម តាម​ទន្លេ​សេសាន និង​ស្រែពក។ ផល​ប៉ះពាល់​មាន​ទឹក​ជំនន់ ការ​ប្រែប្រួល​លំហូរ​ទឹក គុណភាព​ទឹក​ថយ​ចុះ ការ​ថយ​ចុះ​បរិមាណ​ត្រី និង​ប៉ះពាល់​ដល់​របរ​កសិកម្ម​របស់​ពួក​គាត់​ជាដើម៕

No comments: