Monday, December 16, 2013

បក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​បាតុកម្ម​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ


RFA photo
គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​រាប់​​ម៉ឺន​នាក់ នា​​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ដោយ វិទ្យុ អាស៊ីសេរី RFA 2013-12-15

ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ប្រាប់​បាតុករ​ថា ការ​បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះ​ឆ្នោត ក៏​ព្រោះ​តែ​គណបក្ស​កាន់​អំណាច​មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត ហេតុ​នេះ​ជម្រើស​ចុង​ក្រោយ គឺ​បាតុកម្ម​ផ្ដាច់ព្រ័ត្រ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​តែម្ដង។

ក្រៅ​​ពី​មាន​ការ​ថ្លែង​សុន្ទរកថា​របស់​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ចូលរួម​បាតុកម្ម​បាន​ដង្ហែ​ក្បួន​បាតុកម្ម​តាម​ដង​វិថី​សំខាន់ៗ​មួយ​ចំនួន ដោយ​ប្រកូក​ប្រកាស​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ ក្បួន​ដង្ហែ​បាតុកម្ម​ដែល​ដឹក​នាំ​​​​​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ចាប់​ផ្ដើម​ហែ​​​ចេញ​ពី​ទី​លាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ជិត ៤​រសៀល ថ្ងៃ​ទី​១៥ ធ្នូ ឆ្ពោះ​ទៅ​កាន់​​​វិថី​កម្ពុជាក្រោម និង​ទៅកាន់​ផ្លូវ​​​មួយ​ចំនួន​ទៀត ក្នុង​រាជធានី​ភ្នំពេញ ហើយ​​​វិល​ចូល​​ទីលាន​ប្រជាធិបតេយ្យ​វិញ ​នៅ​ពេល​​ព្រលប់​ថ្ងៃ​ដដែល។

ក្បួន​ដង្ហែ​បាតុកម្ម​នេះ ពុំ​មាន​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ច​ឡើយ។ ​ក្រុម​សមត្ថកិច្ច​បាន​ជួយ​សម្រួល​ចរាចរណ៍​ដល់​ក្រុម​បាតុករ និង​អ្នក​ធ្វើ​​ដំណើរ។

​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាស​​​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រហូត​ទៅ នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​មាន​​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​​កម្ពុជា។ មហា​បាតុកម្ម​អហិង្សា​នេះ នឹង​បន្ត​ធ្វើ​ជា​រៀង​រហូត​ទាល់តែ​មាន​​ដំណោះ​ស្រាយ ឬ​មាន​ការ​បោះឆ្នោត​សភា​នីតិកាល​ទី​៥ ជា​ថ្មី ទើប​បញ្ឈប់​ការ​ប្រមូល​ផ្តុំ។

​ពលរដ្ឋ​ប្រាប់​ពី​មូលហេតុ​មក​ចូល​រួម​ធ្វើ​បាតុកម្ម

ដោយ អ៊ុក សាវបូរី

កសិករ​ជា​ច្រើន​បាន​ទុក​ចោល​ការ​ប្រមូល​ផល​ស្រូវ ដំឡូង ពោត ជាដើម មក​ចូល​រួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​គ្រប់​ខេត្ត ក្រុង បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ចេញ​ពី​តំណែង និង​សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។

ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ការ​ជួបជុំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​១៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្នុង​ទីលាន​ប្រជាធិបតេយ្យ។

គ្រូបង្រៀន​វិទ្យាល័យ​បឹងកេងកង លោក សេង ថាវរក្ស ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​មន្ត្រី​រាជការ​ប្រាក់​ខែ​ចាយ​មិន​គ្រាន់​សម្រាប់​ម្នាក់។ ទន្ទឹម​នោះ ប្រាក់​ខែ​កូន ៥​ពាន់​រៀល​មិន​អាច​ទិញ​បាយ ១​ចាន សម្រាប់​១​ពេល​ផង តើ​ឲ្យ​គ្រួសារ​គាត់​រស់​នៅ​ដូច​ម្ដេច?

លោក សេង ថាវរក្ស៖ «ឲ្យ ហ៊ុន សែន គាត់​ធ្វើ​រហូត​ក៏​បាន​ដែរ ក៏​ទទួល​យក​ដែរ ប៉ុន្តែ​គាត់​អត់​ត្រឹមត្រូវ គាត់​ត្រូវ​តែ​ចុះ​ចេញ ដើម្បី​ឲ្យ​អ្នក​ថ្មី​ដឹកនាំ​ស្អាតស្អំ សមរម្យ យុត្តិធម៌​ត្រឹមត្រូវ។ កូន​ម្នាក់​បាន ៥​ពាន់ ប្រពន្ធ​ម្នាក់​បាន ៥​ពាន់ ដល់​អ៊ីចឹង ៥​ពាន់​ហ្នឹង​ចាយ​គ្រាន់​អត់​ក្នុង​១​ខែ? ឲ្យ​សភា​គាត់​ហ្នឹង ឲ្យ​កូន​គាត់​ចាយ​ឲ្យ​បាន​អត់? កូន​មន្ត្រី​សភា និង​កូន ហ៊ុន សែន ហ្នឹង ឲ្យ​គាត់​ចាយ​មើល៍ ឲ្យ​គាត់​បង្រៀន​ប្រជាជន​ចាយ​មើល៍ ប្រាក់​ខែ ៥​ពាន់​ហ្នឹង មិន​បាន​សាំង ១​លីត្រ ក្នុង​១​ខែ ហើយ​គាត់​ធ្វើ​អ៊ីចឹង​ម៉េច​ត្រឹមត្រូវ»។

ក្រុមប្រឹក្សា​ស្រុក​មេមត់ លោក គង់ សំអាន ឲ្យ​ដឹង​ថា ភូមិ​ខ្មែរ​ជា​ច្រើន​កំពុង​តែ​ឲ្យ​ជនជាតិ​វៀតណាម កាន់កាប់​និង​រស់​នៅ។ លោក​ថា ភូមិ​អំផុល ក្នុង​ឃុំ​ច័ន្ទមូល ស្រុក​មេមត់ ជា​ភូមិ​ខ្មែរ ត្រូវ​វៀតណាម គ្រប់គ្រង​បច្ចុប្បន្ន។ នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​២៨ ខែ​កក្កដា ភូមិ​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី គ.ជ.ប ប៉ុន្តែ​វៀតណាម មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​បោះ​ឆ្នោត​ទេ។ មូលហេតុ​នេះ ទើប​មន្ត្រី​រាជការ​មក​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​ចុះ​ចេញ​ពី​តំណែង ដើម្បី​ឲ្យ​អ្នក​ថ្មី​បាន​សើរើ​កំណត់​ព្រំដែន​កម្ពុជា​និង​ប្រទេស​ជិត​ខាង​ឡើង​វិញ។

លោក គង់ សំអាន៖ «ឥឡូវ​នៅ​ទឹក​ដី​យួន​កាន់កាប់ ដាក់​ផ្លាក​យួន​នៅ​មុខ នៅ​មាត់​ច្រក​ចូល​ភូមិ​ជា​អក្សរ​យួន ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ហ្នឹង យួន​វា​គ្រប់គ្រង មិន​មែន​សុទ្ធតែ​យួន​ទេ ខ្មែរ ប៉ុន្តែ​យួន​វា​គ្រប់គ្រង»។

កសិករ​មក​ពី​ខេត្ត​តាកែវ ស្រុក​ត្រាំកក់ និង​ស្រុក​ព្រៃកប្បាស អះអាង​ថា គាត់​ទុក​ស្រូវ​ទុំ​ពេញ​ស្រែ​ចោល ហើយ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​មក​ចូល​រួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​កសិផល ស្រូវ កំពុង​​ធ្លាក់​ថ្លៃ​ក្រោម ១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម។ តម្លៃ​ស្រូវ​ចុះ​ថោក​នេះ ផ្ទុយ​ពី​ទំនិញ​នាំ​ចូល​ដែល​បាន​ឡើង​ថ្លៃ មូលហេតុ​នេះ​គាត់​មក​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​សព្វ​ថ្ងៃ​ចុះ​ចេញ​ពី​តំណែង។

កសិករ​មក​ពី​ខេត្ត​តាកែវ៖ «ទាមទារ​ផ្លាស់ប្ដូរ ចង់​ឲ្យ​ដូរ​តែម្ដង ដូរ​ចោល​តែម្ដង ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​តែម្ដង។ គាត់​ដឹកនាំ​ប្រទេស​ជាតិ​ហ្នឹង ដូច​ថា​អត់​រីក​ចម្រើន​ទៅ​មុខ​សោះ។ ៧ មករា រីក​ស្គុះស្គាយ​ហើយ គឺ​រីក​តែ​អ្នក​ធំ អ្នក​តូច​ប្រជាពលរដ្ឋ​ដូច​ខ្ញុំ​ល្ហេមល្ហាម មាន​រីក​អី? វិឡា​រាប់​ភ្លេច សែ ហ៊ុន មាន​ទាំង​អស់ សែ​ប្រជាជន​ល្ហេមល្ហាម»។

ជនជាតិ​ភាគ​តិច​គ្រឹង ឃុំ​តាវែងលើ ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា គាត់​គាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ព្រោះ​ដី​កសិកម្ម និង​ដី​កេរ​ដូនតា ត្រូវ​រដ្ឋាភិបាល​អាណត្តិ​ទី​៤ ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈូស​បំផ្លាញ​ដំណាំ ផ្ទះសម្បែង ព្រៃ​អភិរក្ស​ដូនតា ហើយ​ចោទ​ថា ជនជាតិ​ដើម​នោះ​រស់​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​វិញ៖ «ដី​ស្រែ​ចម្ការ​រំលោភ​អស់​ទៅ​ហើយ ប៉ុន្តែ​អត់​ទាន់​មក​ដល់​ខ្ញុំ​ទេ វា​នឹង​ឈាន​មក​ដល់​ខ្ញុំ​ដែរ បើ​សិន​ជា​នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ នៅ​តែ​បន្ត ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ទប់​ស្កាត់​មែន​ទែន ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ មាន​ការ​រំលោភ​បំពាន​លើ​រ៉ែ​នៅ​តាម​ដង​ទន្លេ​សេសាន ក្រុមហ៊ុន​ចិន គេ​គម្រោង​បូម​មាស​ទាំង​អស់»។

ពលរដ្ឋ​មក​​ពី​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ដី​រ៉ែ​និង​ព្រៃ​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវ​រដ្ឋាភិបាល​អាណត្តិ​មុន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​បរទេស​ជីក​យក និង​បំផ្លាញ​អស់ ហើយ​ដេញ​ពលរដ្ឋ​កំពុង​រស់​នៅ​ដោយ​អាវុធ ទើប​គាត់​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ម្នាក់ ៥​ម៉ឺន​រៀល មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​កែ​ទម្រង់​អ្នក​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន៖ «ខ្ញុំ​អរណាស់ បើ​សិន​ជា​លោក​ថ្នាក់ដឹកនាំ​បាន​ឲ្យ​បោះ​ឆ្នោត​សា​ថ្មី ប្រជាពលរដ្ឋ​ខ្ញុំ​ក៏​ទាមទារ​អ៊ីចឹង​ដែរ ព្រោះ​ថា បាត់​សន្លឹក​ឆ្នោត​ច្រើន​ណាស់។ ដូច​ថា បាន​លុយ​បន្តិចបន្តួច​ហ្នឹង​មក​ធ្វើ​បាតុកម្ម​ដើម្បី​ជាតិ ព្រោះ​ខ្ញុំ​ជា​ខ្មែរ ខ្លាច​បាត់បង់​ទឹក​ដី ព្រោះ​ដី​សម្បទាន​ហ្នឹង ៩៩​ឆ្នាំ ខ្ញុំ​ស្លាប់​បាត់​អត់​ទៅ​ហើយ បើ​អ៊ីចឹង​ខ្ញុំ​តំណែង​ដូច​ថា ទំពាំង​ស្នង​ឫស្សី ដើម្បី​ជាតិ​យើង​រស់ កូនចៅ​យើង​រស់​ថ្ងៃ​ក្រោយ»។

ស្ត្រី​មក​ពី​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ឲ្យ​ដឹង​ថា ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​បាន ៩០​កៅអី នៅ​អាណត្តិ​ទី​៤​មក ការ​ដឹកនាំ​ប្រទេស​កាន់​តែ​អាក្រក់ ព្រោះ​ធនធាន​ធម្មជាតិ​វិនាស​ស្ទើរ​សូន្យ ហើយ​បន្លំ​ជា​លេស​ដាំ​កូន​ឈើ​តិចតួច​មិន​ស្មើ​ទំហំ​កាប់​បំផ្លាញ។ រី​ឯ​កុងត្រា វិនិយោគ​ផ្ដល់​ទៅ​ឲ្យ​ជនបរទេស​កាន់​កាប់​ធនធាន​ក្នុង​ស្រុក ឡើង​ដល់​ទៅ ៩៩​ឆ្នាំ។ ទន្ទឹម​នោះ​មន្ត្រី​រាជការ តំណាងរាស្រ្ត មើល​ងាយ​អ្នក​បោះ​ឆ្នោត​ឲ្យ ទើប​គាត់​មក​សុំ​ឲ្យ​ប្ដូរ​អ្នក​ដឹកនាំ ឬ​បើ​សឿង សូម​បើក​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ៖ «ខ្ញុំ​មក​នេះ សុំ​ទាមទារ​ឲ្យ​សម្ដេច ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ខ្ញុំ​លែង​ត្រូវ​ការ​គាត់​ហើយ ព្រោះ​គាត់​លក់​ព្រៃ​ឈើ លក់​ភ្នំ លក់​រ៉ែ​អស់​ហើយ»។

កសិករ​មក​ពី​ខេត្ត​បាត់ដំបង ស្រុក​សំពៅលូន ឈ្មោះ ភក្តី ឲ្យ​ដឹង​ថា មុន​បោះឆ្នោត​អ្នក​ឃោសនា​សុទ្ធតែ​អះអាង​ថា ឲ្យ​តម្លៃ​កសិផល​ឡើង​ថ្លៃ ទី​បំផុត​តម្លៃ​លក់​ចេញ​ដំឡូង​នៅ​ស្រុក​នោះ​បាន​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន៖ «បាតុកម្ម​ធ្វើ​រហូត វា​ប៉ះពាល់​នឹង​សេដ្ឋកិច្ច ប៉ុន្តែ​បើ​មិន​មក​ធ្វើ ក៏​វា​ទាក់ទង​នៅ​លើ​សេដ្ឋកិច្ច​ហើយ ព្រោះ​សេដ្ឋកិច្ច​ឥឡូវ ទីផ្សារ ទំនិញ​របស់​ចិន វា​ឡើង​ថ្លៃ​កប់​ពពក​ទៅ​ហើយ។ ចំណែក​កសិផល​របស់​កសិករ​វិញ ទាប​បំផុត​តែម្ដង ចុះៗ​ដល់​ទាប ធ្វើ​លែង​ចង់​កើត​តែម្ដង។ ស្រូវ​ឥឡូវ​នៅ ១​គីឡូ អត់​បាន ១​ពាន់​ផង តែ ៦០០ ទៅ ៧០០ គ្នា​លែង​ចង់​ធ្វើ​ហើយ តែ​បើ​មិន​ធ្វើ​ទុក​ដី​ចោល​វា​អត់​កើត»។

ផ្ទុយ​ពី​នោះ ពលរដ្ឋ​មក​ពី​ខេត្ត​បន្ទាយមានជ័យ ស្រុក​ថ្មពួក អះអាង​ថា តម្លៃ​ជួញដូរ​មើម​ដំឡូងមី កំពុង​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុន ហើយ​ក៏​មិន​មាន​កុងត្រូល​ជជុះ​ទារ​យក​លុយ​ដូច​ឆ្នាំ​មុន ដែល​ពលរដ្ឋ​កាល​នោះ​ខ្លាច​គេ​មិន​ហ៊ាន​មិន​តវ៉ា ប៉ុន្តែ​ក្រោយ​ពី​ប្រជាពលរដ្ឋ​បះបោរ​តវ៉ា រួបរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ក្រុម​មន្ត្រី​ធ្លាប់​ជំរិត​យក​ប្រាក់​តាម​ផ្លូវ​បាន​ថយ៖ «ស្រូវ​នៅ​ពេល​ចេញ​ទៅ​ថៃ ១​គីឡូ​រហូត​ដល់ ១០​បាត​ជាង​ទៅ​ហើយ លុយ​បាត។ ប៉ុន្តែ​កុងត្រូល​វា​ក៏​យក​ថ្លៃ​ដែរ នៅ​ចំណុច​ច្រក​ជាយ​ដែន​បឹង​ត្រកួន វា​យក​ថ្លៃ​ដែរ ក៏ប៉ុន្តែ​នៅ​ពេល​ពលរដ្ឋ​តវ៉ា  វា​ហាក់​ដូច​ជា​ធ្វើ​សម្រប​សម្រួល​បាន អត់​សូវ​មាន​បញ្ហា​តានតឹង​ទេ។ តែ​កាល​មុន​វា​យក ១​ឡាន ៣​ពាន់​បាត ហើយ​បង​ប្អូន​ពលរដ្ឋ​មួយ​ចំនួន បើ​និយាយ​ឲ្យ​ចំ​ទៅ គាត់​ថា បើ​ធ្វើ ធ្វើ​ឲ្យ​គាត់​ចុះ​ចេញ​តែម្តង ព្រោះ​ពលរដ្ឋ​គាត់​យល់​ដឹង​ច្រើន​ណាស់»។

បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ថា ការ​ជួបជុំ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជំហរ​របស់​ពួកគេ​ឈាន​ម្ដង​មួយ​ជំហាន គឺ​ពី​ការ​ទាមទារ​សុំ​រាប់​សន្លឹក​ឆ្នោត​ទៅ​ជា​ការ​សុំ​បោះ​ឆ្នោត​ឡើង​វិញ៖ «ជំហាន​ទី​២ យើង​ទាមទារ​ឲ្យ​កែ​ទម្រង់​ ដើម្បី​ឈាន​ទៅ​កាន់​ការ​បោះ​ឆ្នោត​សា​ឡើង​វិញ មិន​មែន​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ ទេ បោះឆ្នោត​សា​ឡើង​វិញ នៅ​អាណត្តិ​ទី​៥ ពីព្រោះ​អ្វី​ដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ឈ្នះ ឲ្យ​ខ្មែរ​យើង​មាន​គ្រឹះ​ពិត​ប្រាកដ​លើ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​តែ​ស្ដាប់​ប្រជាពលរដ្ឋ»។

បាតុករ​មក​ពី​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា បាតុកម្ម​ច្រើន​ដង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្រង​អំណាច​អន់ថយ​នូវ​ភាព​សាហាវ​ដូចជា​បាតុកម្ម​លើក​ទី​១ មាន​រថក្រោះ​ត្រៀម​បាញ់​បាតុករ។ ដល់​មក​បាតុកម្ម​បន្តបន្ទាប់​មក​ទៀត កម្លាំង​សមត្ថកិច្ច​ត្រៀម​ការពារ​តែ​ផ្ទះ​នាយករដ្ឋមន្ត្រី។ លោក​ថា នេះ​ជា​ជោគជ័យ​របស់​បាតុករ។ តែ​ទោះ​យ៉ាង​ណា ការ​ទាមទារ​នៅ​តែ​បន្ត​រហូត​មាន​ការ​កែទម្រង់​អ្នក​ដឹក​នាំ។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បំភ្លឺ​តប​នឹង​ការ​ចោទ​ពី​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ៕

5 comments:

Anonymous said...

The sign which the lady is holding says:
“When there is justice there is peace.”
"មានយុត្តិធម៍មានសន្តិភាព"

Anonymous said...

Hello follow Khmers. Thank you so much for your sacrifice. We Khmer abroad support you 100%. This is a historic victory for all Khmer people. Your sacrifice is crucial.

Go forward and don't give up!

Anonymous said...

បា៉ហីុសង្គ្រោះជាតិ !

លោកប្រធានទាំងពីរ សមរង្សីនិងកឹមសុខា របស់គណបក្សសង្គ្រោះជាតិស្រែកកោកៗថា ៖ ហ៊ុនសែនមិនគ្រប់ទឹក! រដ្ធាភិបាលហ៊ុនសែនជារដ្ធាភិបាលមិនគ្រប់ទឹក! រដ្ធសភាមិនគ្រប៉ទឹក !
យេីងសួរថា បេីមិនគ្រប់ទឹក ហេតុអីក៏ចាំបាច់សំុការអនុញ្ញាតដេីម្បីធ្វេីបាតុកម្ម ? បានន័យថា គណបក្សសង្គ្រោះជាតិដឹកនាំដោយសមរង្សីនិងកឹមសុខា ក៏មិនគ្រប់ទឹកដែរ ! ហេតុអ្វីក៏នាំគ្នា
ចូលរួមបោះឆ្នោតជាមួយចោរ គោរពច្បាប់ចោរ ចរចាជាមួយចោរ ចង់បែកចែកអំណាចជាមួយចោរ ? បាតុកម្មបា៉ហីុចេញហេីយ តេីនាយករដ្ធមន្ត្រីហ៊ុនសែននិងរដ្ធាភិបាលសីុភីភីមាន
ព្រឺទេ ? បេីគ្រាន់តែដង្ហែក្បួនតាមដងផ្លូវ េតីរដ្ធមន្ត្រីចោរហ៊ុនសែន រដ្ធសភាចោរសីុភីភី និងរដ្ធាភិបាលចោរហ៊ុនសែននឹងចុះចេញពីតំណែង រួចប្រគល់អំណាច លេីកជេីងពានប្រាក់មក
ជូនអស់លោកសង្គ្រោះជាតិទេ ? ហ៊ុនសែននឹងបណ្តោយឲធ្វេីបាតុកម្មបា៉ហីុ រហូតទាល់តែប្រជារាស្ត្រណាយ អស់ស្បៀង អស់មាន់ អស់ទា អស់ជ្រូកលក់ដេីម្បីបា៉ហីុលោកសមរង្សី
កឹមសុខា និងមន្ត្រីជាន់ខ្ពស់សង្គ្រោះជាតិ ។ បេីលោកធ្វេីបាតុកម្មមិនហ៊ានបិទផ្លូវសំខាន់ៗ ឬបណ្តេញយួន ឬបាតុកម្មនៅមុខទូតយួន ឬមុខផ្ទះចោរ ឬបិទក្រសួងសំខាន់ៗទេនោះ
បាតុកម្មរបស់អស់លោកប្រាកដជាគ្មានន័យអ្វីទាល់តែសោះ ។ បេីលោកសមរង្សីគ្រាន់តែស្បថតែមាត់ ជាជាងនាំប្រជាពលរដ្ធឲខាតពេលវេលានិងថវិកាអត់ប្រយោជន៍ ព្រោះខ្មែរទាំង
អស់បាត់បង់ដី បាត់បង់ជាតិ ដោយយួននៅពេញស្រុក !!

Anonymous said...

Sam Rainsy use gender comparison to attacked political opponent is wrong, it show how narrow mind Sam Rainsy is and he need to check his own moral compass

Anonymous said...

History shown that Khmer only kill Khmer for power, I didn't see Khmer really fight a full scale war with other nation. If Khmer are so dump to be use by other nation, who fault is that? Some of those paranoia people scar about "Youn" take over Khmer it will be come true one day, because these people are the real "Youn" that keep making trouble and degrade Khmer unity that play into the enemy hand.