Sunday, December 01, 2013

សាលាក្តី​ខ្មែរ​ក្រហម​គ្រោងនឹង​ដំណើរ​ការ​កាត់​ក្តីបន្ត​នៅ​ពេល​ឆាប់ៗ


មន្ត្រីសាលាក្តី​​កាត់ទោស​​មេដឹកនាំ​ខ្មែរចេញ​​សេចក្តី​
ប្រកាស​​​ចុងបញ្ចប់​​សំណុំ​រឿង​​០០២ វគ្គទី​១។
គង់ ​សុឋានរិទ្ធ VOA 30 វិច្ឆិកា 2013

ភ្នំពេញ — អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហមចាប់​ផ្តើម​ដំណើរ​ការកាត់​ទោស​សំណុំ​រឿង​០០២​វគ្គទី​២​ជា​បន្ទាន់​ដោយ​គ្មាន​បង្អង់​ ដោយ​សំអាង​លើ​ផល​ប្រយោជន៍​«ចាំបាច់​សម្រាប់​យុត្តិធម៌»។

​ការបង្គាប់​នេះ​ធ្វើ​ឡើងក្រោយ​ពី​អង្គជំនុំ​ជម្រះ​ជាន់​ទាប​នេះ​បាន​បញ្ចប់​ការ​កាត់ក្តី​សំណុំ​រឿង​០០២​វគ្គ​ទី​១​កាលពី​ខែ​តុលា។ ​សំណុំ​រឿង​នេះ​នៅ​សល់​តែ​ជនជាប់​ចោទ​ពីរ​នាក់​តែ​ប៉ុណ្ណោះគឺ​នួន​ ជា ​និង​ខៀវ សំផន។

​នៅ​ក្នុង​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​លោក​ចៅក្រម​ គង់​ ស្រ៊ីម ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​បង្គាប់​ដល់​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ថា​សវនាការ​វគ្គទី​២​នេះ​ «ត្រូវ​តែចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​និង​ត្រូវ​បញ្ចូល​ជា​អប្បបរមា​»នូវ​បទ​ចោទ​ទាក់ទង​នឹង​មន្ទីរ​ស​ ២១​ឬគុក​ទួល​ស្លែង​ បញ្ចូល​នូវ​បទ​ចោទ​ទាក់ទង​នឹង​ការដ្ឋាន​ធ្វើការ ​សហករណ៍​ និង​អំពើ​ប្រល័យ​ពូជ​សាសន៍។
ការសម្រច​នេះដោយ​ឆ្លើយ​តប​ទៅនឹង​បណ្តឹង​សារទុក្ខ​របស់​សហ​ព្រះរាជ​អាជ្ញានិង​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់​ចោទ​នួន ជា។​សហ​ព្រះរាជ​អាជ្ញា​និង​ក្រុមមេធាវី​ជនជាប់​ចោទ​បានប្តឹងកាលពី​ខែ​ឧសភា ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ស្តីពី​ការ​បំបែក​កិច្ច​ដំណើរ​ការ​នីតិវិធី​នៃ​សំណុំ​រឿង​០០២។​

លោក​ចៅ​ក្រម​គង់ ​ស្រ៊ីម ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ឲ្យ​អង្គជំនុំជម្រះ​សាលា​ដំបូងបង្កើត​អង្គជំនុំ​ជម្រះ​ថ្មី​សម្រាប់​ការកាត់ក្តី​វគ្គទី​២​នេះ​ដោយ​ប្រើប្រាស់​ចៅ​ក្រម​បំរុង។

​លោក​ប្រធាន​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បញ្ជាក់ថា​មិន​មាន​ការខ្វះខាត​ថវិកា​សម្រាប់​ការកាត់ក្តី​សំណុំ​រឿង​០០២​វគ្គទី​២​ក្នុង​កាលៈ​ទេសៈ​បន្ទាន់​នេះ​ទេ។​

សំណុំ​រឿង​០០២​មាន​ជនជាប់​ចោទ​ចំនួន​បួន​នាក់​ប៉ុន្តែ​ជនជាប់​ចោទ​ដែលនៅ​រស់​រាន​មាន​ជីវិត​មាន​តែ​នួន ​ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ ដែល​គេស្គាល់​ថា​ជា​មេមនោគមវិជ្ជា​នៃ​របប​នោះ​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។ ដោយឡែក​អៀង ​សារី​ បាន​ស្លាប់​កាល​ពី​ឆ្នាំមុន​ដោយសារ​ជំងឺ​និង​វ័យ​ចាស់​ជរា​និង​ប្រពន្ធ​របស់​គាត់​អៀង ​ធីរិទ្ធ ​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​ជំងឺ​វង្វេង​វង្វាន់​លែង​ដឹង​អី្វ។

ជនជាប់​ចោទ​ទាំង​នេះ​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិនិង​បទ​ប្រល័យ​ពូជសាសន៍។​បទ​ចោទ​ទាំង​នេះទាក់ទង​នឹង​ការស្លាប់​និង​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ជិត​២លាន​នាក់។

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​ចេញសាលក្រម​លើ​ការ​កាត់ក្តី​សំណុំរឿង​០០២វគ្គទី​១​នៅពាក់​កណ្តាល​ឆ្នាំ​២០១៤​ហើយ​កិច្ច​ប្រជុំ​សម្រាប់​រៀប​ចំសវនាការ​វគ្គទី២​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​និង​១២ខែ​ធ្នូ​ខាង​មុខ។

​លោក​នេត្រ ​ភក្ត្រា​ អ្នកនាំ​ពាក្យ​សាលា​ក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​កិច្ចប្រជុំ​នោះ​អាច​នឹង​មាន​ការ​លើក​មក​ពិភាក្សា​លើ​សេចក្តី​បង្គាប់​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។

«វា​មិន​អាច​ចៀស​រួច​ទេ​គឺ​នឹង​ត្រូវ​មាន​ការពិភាក្សា​គ្នានៅ​ក្នុងកិច្ច​ប្រជុំរៀប​ចំ​សវនាការ​ក្នុង​ពេល​ខាង​មុខ​នោះ»។

លោក​ស៊ុំ ​រិទ្ធី ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​សំណុំ​រឿង​០០២ ​ស្វាគម​ការ​ជំរុញ​ឲ្យ​ពន្លឿន​ការ​កាត់ក្តី​សំណុំ​រឿង​នេះ។

«ត្រឹមត្រូវ​ហើយ​ព្រោះ​ថា​ជនជាប់​ចោទ​កាន់​តែ​ជរា​ទៅ​ហើយ។​ខ្ញុំ​ក៏​ថ្លែង​អំណរគុណ​ដល់​តុលាការ​កំពូល​ដែល​បាន​ព​ន្លឿន​ឲ្យ​នីតិវិធី​សំណុំ​រឿង​០០២​នេះ​ឆាប់​ចប់»។

លោក​ឡុង​ បញ្ញាវុធ​ ប្រធាន​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​OSJI ​របស់​សហ​រដ្ឋ​អាមេរិក​ចាត់​ទុក​ការ​សម្រេច​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ថា​ជា​ការ​បញ្ជា«ដ៏​ខ្លាំង»។

«នេះ​ជា​សេចក្តី​បង្គាប់​បញ្ជា​មួយ​ដ៏ខ្លាំង។​បញ្ហា​ដែល​សំខាន់​ដែល​សាលា​ដំបូង​ពិចារ​ណា​នោះ​គឺរឿង​ថា​តើ​ការិយាល័​យរដ្ឋ​បាល​អាច​ធានា​ឬ​ចង្អុល​បង្ហាញ​ដែរឬអត់​នូវ​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ»។

ដំណាល​គ្នា​នេះ​ដែរ​លោក​ឡុង​ បញ្ញាវុធ​ ព្រួយ​បារម្ភ​ថា​តើ​សាលក្រម​សម្រាប់​ការ​កាត់​ទោស​សំណុំ​រឿង​ទី​២វគ្គទី​២​នេះ​នឹង​ត្រូវ​ប្រកាស​ទាន់​ពេល​វេលា​ក្នុង​ពេល​ដែល​ជនជាប់​ចោទ​នៅ​មាន​អាយុ​ដែរ​ឬ​ទេ។

​នួន ​ជា​ នៅ​ពេល​នេះ​មាន​អាយុ​៨៧ឆ្នាំ ​រីឯ​ខៀវ ​សំផន ​មាន​អាយុ​៨២​ឆ្នាំ៕

No comments: