Tuesday, December 10, 2013

អង្គការសហប្រជាជាតិពិនិត្យអំពើទារុណកម្មនៅកម្ពុជា

ប្រតិភូអង្គការសហប្រជាជាតិនៃអនុគណៈកម្មការការពារនិងទប់ស្កាត់អំពើទារុណកម្ម បានមកពិនិត្យមើលស្ថានភាពការធ្វើទារុណកម្មអ្នកទោសនៅតាមពន្ធនាគារនៅកម្ពុជា រយៈពេល ៥ថ្ងៃ គិតតាំងពីថ្ងៃទី៩ ធ្នូ ដល់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៣។
ដោយ វោហារ ជាតិ 2013-12-09 RFA
ការពិនិត្យស្ថានភាពនៃអំពើទារុណកម្មអ្នកទោសឡើងវិញនេះ ធ្វើឡើងស្របពេលដែលអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញរបាយការណ៍ថា រដ្ឋាភិបាលកម្ពុជា បានឃុំខ្លួននិងធ្វើទារុណកម្មអ្នកញៀនគ្រឿងញៀនរាប់រយនាក់ក្នុងមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកព័ត៌មាន អ្នកនាង យូលៀ បាប៊ូហ្ស៊ីណា (Yulia Babuzhina) ឲ្យដឹងនៅថ្ងៃទី៩ ធ្នូ ថា ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រតិភូសហប្រជាជាតិនឹងជួបមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលរបស់រដ្ឋាភិបាលដែលបានសន្យាថា ទប់ស្កាត់និងការពារកុំឲ្យមានអំពើទារុណកម្មលើអ្នកទោសក្នុងគុក៖ «នេះជាទស្សនកិច្ចលើកទី២របស់យើងហើយ ក្នុងការពិនិត្យ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអ្នកទោសនៅកម្ពុជា»។


កម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីការប្រឆាំងអំពើទារុណកម្មនិងអំពើឃោរឃៅតាំងពីឆ្នាំ១៩៩២ ហើយនៅឆ្នាំ២០០៧ រដ្ឋសភាបានអនុមតិផ្ដល់ពិធីការបន្ថែមលើអនុសញ្ញាស្ដីពីការប្រឆាំងអំពើទារុណកម្មនិងអំពើឃោរឃៅបន្ថែមទៀត។

ក៏ប៉ុន្តែ កន្លងមកអង្គការសហប្រជាជាតិនៃអនុគណៈកម្មការការពារនិងទប់ស្កាត់អំពើទារុណកម្ម និងអង្គការសិទ្ធិមនុស្សក្នុងស្រុក បានរកឃើញថា អ្នកទោសខ្មែរត្រូវគេវាយធ្វើបាប ធ្វើទារុណកម្មតាមរួបភាពផ្សេងៗ ដូចជាមានអំពើទារុណកម្មអ្នកទោសតាមរយៈប្រព័ន្ធគ្រប់គ្រងហៅថា «គណៈកម្មការស្វ័យគ្រប់គ្រងអ្នកទោស» គឺប៉ូលិសឲ្យអ្នកទោសគ្រប់គ្រងអ្នកទោសដូចគ្នានៅតាមបន្ទប់និងតាមអគារពន្ធនាគារ។

របាយការណ៍សិទ្ធិមនុស្សបង្ហាញថា តាមរយៈការគ្រប់គ្រងដូច្នេះ បានធ្វើឲ្យអ្នកទោសដែលឆ្នាំគុកប្រគល់អំណាចគ្រប់គ្រងក្នុងគុក ធ្វើទារុណកម្មអ្នកទោសគ្នាឯងតាមរូបភាពផ្សេងៗតាមអំពើចិត្ត។

ក្រុមសិទ្ធិមនុស្សក៏បានរកឃើញដែរថា ឆ្នាំគុកបានវាយធ្វើបាបអ្នកទោសដែរ រីឯប៉ូលិសប៉ុស្តិ៍នៅតាមមូលដ្ឋាន ក៏បានវាយធ្វើទារុណកម្មជនសង្ស័យដែរ ដើម្បីបង្ខំយកចម្លើយសារភាពមុនបញ្ជូនទៅតុលាការ។

ក្រៅពីនេះ ក៏មានអំពើទារុណកម្មផ្សេងៗទៀតក្នុងពន្ធនាគារ ដូចជាឃុំអ្នកទោសក្នុងគុកងងឹត ឃុំឃាំងអ្នកទោសមានចំនួនច្រើនក្នុងបន្ទប់ចង្អៀត គ្មានអនាម័យ ចាក់សោអ្នកទោសមិនឲ្យចេញក្រៅដើម្បីសម្រួលឥរិយាបថ ក៏ចាត់ទុកថា ជាការធ្វើទារុណកម្មអ្នកទោសដែរ។

ដើម្បីលុបបំបាត់រាល់ទារុណកម្មទាំងអស់នេះ នៅឆ្នាំ២០០៩ អង្គការសហប្រជាជាតិបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការការពារនិងទប់ស្កាត់ការធ្វើទារុណកម្មដល់អ្នកទោសនេះជាបន្ទាន់ ហើយនៅខែធ្នូ ឆ្នាំ២០១៣ នេះ ក្រុមប្រតិភូសហប្រជាជាតិបានចុះមកពិនិត្យលទ្ធផលរបស់រដ្ឋាភិបាលដែលបានសន្យាថា ធ្វើឲ្យប្រសើរឡើងអំពីស្ថានភាពអ្នកទោស ដើម្បីឲ្យចាកផុតពីការធ្វើទារុណកម្មផ្សេងៗដែលរដ្ឋាភិបាលបានសន្យាកាលពី៤ ឆ្នាំមុន។

អ្នកនាង យូលៀ បាប៊ូហ្ស៊ីណា បន្តថា នៅថ្ងៃទី៩ ធ្នូ នេះ ក្រុមប្រតិភូសហប្រជាជាតិ ៤រូប ដឹកនាំដោយប្រធាននៃអនុគណៈកម្មការការពារនិងទប់ស្កាត់អំពើទារុណកម្ម ម៉ាលខលម អ៊ីវេន្ស៍ (Malcolm Evans) បានជួបមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សារឿងនេះ។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុកពន្ធនាគារបានទេ នៅថ្ងៃទី៩ ធ្នូ ដើម្បីសុំការអះអាងបន្ថែមអំពីការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអ្នកទោសតាមពន្ធនាគារ។ តែមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ (Licadho) លោក អំ សំអាត ឲ្យដឹងថា វិធានការរបស់រដ្ឋាភិបាលនៅមានកម្រិតនៅឡើយ។

លោកថា ការទប់ស្កាត់ការអំពើទារុណកម្មរបស់ប៉ូលិសលើជនសង្ស័យពេលចាប់ខ្លួនដើម្បីទាញយកចម្លើយសារភាពនៅមានខ្ពស់។ ចំណែកប្រព័ន្ធគ្រប់គ្រងអ្នកទោសតាមប្រព័ន្ធអ្នកទោសគ្រប់គ្រងអ្នកទោស ឬហៅថា «គណៈកម្មការស្វ័យគ្រប់គ្រងអ្នកទោស» នៅតែមានដដែល។ លោកថា ការឃុំឃាំងអ្នកទោសច្រើនគ្នាក្នុងបន្ទប់តូចចង្អៀត ការដាក់អ្នកទោសលាយឡំគ្នា អ្នកទោសកុមារ និងអ្នកទោសមនុស្សចាស់នៅជាមួយគ្នា នៅតែមានបន្តនាសព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments: