Tuesday, December 17, 2013

បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​ថ្ងៃ​ទី​៣


RFA/Den Ayuthyea
ក្បួន​ម៉ូតូ​ប្រមាណ ៣.០០០​គ្រឿង តុប​តែង​ដោយ​ទង់​ជាតិ ទង់​សាសនា ចាប់​ផ្ដើម​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ម៉ោង​ជាង ៥​ល្ងាច ថ្ងៃ​ទី​១៧ ធ្នូ ក្នុង​ដំណើរ​ការ​ហែ​ក្បួន​អហិង្សា​រយៈ​ពេល​វែង ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ដោយ វោហារ ជាតិ RFA Dec. 17, 2013

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ថា ទិសដៅ​នៃ​ក្បួន​ហែ​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣​នេះ គឺ​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​ផ្លូវ​លេខ​១០៨ តម្រង់​ទៅ​ផ្លូវ​មាត់​ទន្លេ​ផ្សារ​ចាស់ បត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​ស្វាយប៉ាក រួច​បត់​ឆ្វេង​តាម​ផ្លូវ ជា សុផារ៉ា បន្ត​ចាក់​ទៅ​ទិស​ខាង​ត្បូង​ទៅ​កាំកូស៊ីធី រួច​តម្រង់​មក​អង់តែន​ទូរទស្សន៍​ជាតិ​ទួលគោក ហើយ​បត់​ទៅ​ទិស​ខាង​កើត​តាម​ផ្លូវ​លេខ​២៧៣ និង​ផ្លូវ​លេខ​៧០ សំដៅ​ទៅ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ បន្ត​ឡើង​ផ្លូវ​ព្រះមុនីវង្ស បទ​ទៅ​ទិស​ខាង​ត្បូង ត្រឡប់​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។

លោក ហូរ វ៉ាន់ បញ្ជាក់​ថា ក្បួន​នេះ​ដឹក​នាំ​ហែ​ដោយ​លោក សម សង្ស៊ី និង​លោក កឹម សុខា តែ​លោក​ទាំង​ពីរ​មិន​ជិះ​ម៉ូតូ​ហែ​ក្បួន​ដូច​ក្រុម​បាតុករ​ទេ៖ «លើក​នេះ​យើង​ហែ​ដោយ​ម៉ូតូ។ យើង​មាន​ប្រហែល ៣.០០០​ពាន់​ម៉ូតូ។ លោក​ប្រធាន​និង​អនុ​ប្រធាន​លើក​នេះ​ជិះ​ឡាន ព្រោះ​បើ​ជិះ​ម៉ូតូ ប្រជាពលរដ្ឋ​មើល​គាត់​មិន​ឃើញ»។

នេះ​ជា​ថ្ងៃ​ទី​៣ ហើយ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​បាតុកម្ម​អហិង្សា​តាម​ដង​ផ្លូវ​នានា​នៅ​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​រដ្ឋាភិបាល​តវ៉ា​ថា ការ​ហែ​ក្បួន​នេះ​ខុស​ច្បាប់ និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ និង​សន្តិសុខ​សាធារណៈ។

ការ​ហែ​ក្បួន​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​នេះ មិន​មាន​ការ​បង្ក្រាប​ដូច​លើក​មុន​ទេ តែ​ត្រូវ​បាន​ប៉ូលិស​ជួយ​សម្រួល​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្នុង​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​មាន​ផែនការ​ទប់​ស្កាត់ ឬ​បង្ក្រាប​ក្បួនហែ​​បាតុកម្ម​នេះ​ទេ តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ក្នុង​ករណី​ណា​ដែល​ក្រុម​បាតុករ​បិទ​​ផ្លូវ​ណា​មួយ។

ទោះ​ជា​យ៉ាង​ណា​ ក្បួន​ហែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ភ្លាមៗ នៅ​ម៉ោង​ប្រមាណ ៦​ល្ងាច នៅ​ពេល​ក្បួន​ទៅ​ដល់​គល់​ស្ពាន​ជ្រោយចង្វារ រួច​ក៏​បត់​ទៅ​តាម​ផ្លូវ​ព្រះមុនីវង្ស ចូល​មក​ទីលាន​ប្រជាធិបតេយ្យ​វិញ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ការ​ផ្លាស់​ប្ដូរទិសដៅ​​ហែ​ក្បួន​នេះ​ទេ។

សូម​រង់ចាំ​ស្ដាប់សេចក្ដី​រាយការណ៍​ផ្ទាល់អំពី​ព្រឹត្តិការណ៍​នេះ...

2 comments:

Anonymous said...

All the protesting has no result, I don't see anything going to change anytime soon. The leader of the protester are to weak, if they are strong there should be 100 thousand to a million of the protester in the streets right now. I see no blood spill, no death and it getting boring. They should give up now before the peoples turn againt the leader of the protester, because the leader are too weak, no result, no real goal to accomplish. People only support you if you give them what they want, if not those leader should be worry that they will turn back againt them

Anonymous said...

Useless PATOKAMM. Mike.