Sunday, December 01, 2013

មន្ត្រី​ជលផល​កម្ពុជា​អាក់​អន់​ចិត្ត​នឹង​បម្រាម​របស់​សហគមន៍​អឺរ៉ុប


កម្មករ​នេសាទ​​កម្ពុជា​​កំពុង​យក​​​ធុងសាំង​​ជួយ​សណ្តោង​
ទួកនេសាទ។​
គង់ ​សុឋានរិទ្ធ VOA 30 វិច្ឆិកា 2013

ភ្នំពេញ — អគ្គនាយក​នៃ​នាយកដ្ឋាន​ជល​ផល​របស់​ក្រសួង​កសិកម្ម​បាន​ហៅ​បំរាម​នាំត្រីពី​កម្ពុជា​ចូល​សហ​ភាព​អឺរ៉ុប​ថា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​បំរាម​នេះ​មិន​បាន​បង្ហាញ​ការពិត​នៃ​ស្ថានភាព​នេសាទ​របស់​កម្ពុជា​ទេ។

កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ បាន​ស្នើ​ដល់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស​កុំ​អនុ​ញ្ញាត​ឲ្យ​មាន​ការ​នាំ​ត្រី​ចូល​ពី​ប្រទេស​កម្ពុជានិង​ប្រទេសចំនួន​ពីរ​ផ្សេង​ទៀត​ដូចជា​ប្រទេស​បេលីហ្ស៍ ​និង​ប្រទេស​ហ្គីណេ។​ មូលហេតុ​ដោយសារ​ប្រទេស​កម្ពុជា​និង​ប្រទេស​នៃ​ទ្វីប​អាមេរិក​កណ្តាល ​បេលី​និង​ប្រទេស​អាហ្វ្រិក​ខាង​លិច​ ហ្គីណេ ​បរាជ័យ​ក្នុងការ​ទប់​ស្កាត់​ការ​នេសាទ​ខុស​ច្បាប់។

​លោក​ណៅ​ ធួក ​អគ្គនាយក​នៃ​នាយក​ដ្ឋាន​ជល​ផល​របស់​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា​ប្រទេស​កម្ពុជាមិនដែល​នាំ​ត្រីទៅ​កាន់បណ្តា​ប្រទេស​អឺរ៉ុប​នោះ​ទេ​ហើយ​ការដាក់​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​គឺ​មិន​បាន​សម្តែង​ការ​ពិត​នោះ​ទេ។
«វាប៉ះ​ពាល់​តែ​កិត្តិយស​ប្រទេស​កម្ពុជា​ទេ​ពីព្រោះ​ប្រទេស​កម្ពុជា​មិន​ដែល​នាំត្រី​ទៅ​កាន់​អឺរ៉ុប​ទេ​ដោយសារ​បែប​បទ​នៅអឺរ៉ុប​តឹង​តែង​ពេក ​យើង​មិន​អាច​នាំ​ចូល​បាន។​ប៉ុន្តែ​វាបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​ដែល​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នេះ»។

​យោងតាម​លោក​ណៅ ​ធួក​ ប្រទេស​កម្ពុជា​នាំ​ផល​ត្រី​របស់​ខ្លួនទៅ​កាន់​ប្រទេស​ចំនួន​ដប់​ដែល​ភាគ​ច្រើន​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ី​ដូចជា​ប្រទេស​ថៃ ​វៀតណាម​ សិង្ហបុរី ​ហុងកុង ចិន ​ជប៉ុន ​កូរ៉េ​ខាងត្បូង ​ប្រទេស​រុស្ស៊ី ​សហ​រដ្ឋអាមេរិក ​និង​ប្រទេស​អូស្រា្តលី។

អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប ​និយាយ​ថា​ប្រទេស​កម្ពុជា​បាន​បង្កភាព​ងាយ​ស្រួល​ដល់​ការ​នេសាទ​ខុស​ច្បាប់​«ដោយ​បាន​ផ្តល់​ទង់ជាតិ​របស់​ខ្លួន​ដល់​ទូក​នេសាទ​របស់​ប្រទេស​ដទៃ​ទៀត»។​ហើយ​ប្រសិន​បើ​សមាជិក​សហភាព​អឺរ៉ុប​យល់ព្រម​លើ​សំណើ​ដាក់ទណ្ឌកម្ម​លើ​ការនាំត្រីពី​ប្រទេស​កម្ពុជា ​បែលីហ្ស៍​និង​ហ្គីណេ ​ទណ្ឌកម្ម​នេះ​នឹង​ចូល​ជាធរមាន​នៅ​ឆ្នាំ​២០១៤​។

​លោក​ណៅ ធួក ​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា​បម្រាម​ដែល​ស្នើ​ដោយ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប ​ផ្តោត​លើ​ការ​នេសាទ​សមុទ្រ​និង​ក្នុង​ដែន​នេសាទ​អន្តរជាតិ​តែ​ប៉ុណ្ណោះ​គឺ​មិនពាក់ព័ន្ធ​នឹង​ការ​នេសាទ​ទឹក​សាប​ទេ។​

«យើង​មិន​ដឹង​ធ្វើ​ម៉េចទេ​ព្រោះ​វា​ស្ថិត​នៅ​ក្រៅ​រង្វង់​ទទួល​ខុសត្រូវ​របស់​យើង។​នាវា​បរទេស​ដោត​ទង់​ជាតិ​កម្ពុជាហើយ​មិនស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នាយក​ដ្ឋាន​ជល​ផល​នៃ​ក្រសួង​កសិកម្ម​ទេ។​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​នាវា​បរទេស​ដោត​ទង់​ជាតិ​កម្ពុជា​ឯណោះ​ទេ»។

សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នៃ​អាហារ​សមុទ្រ​ដ៏ធំ​របស់​ពិភព​លោក។​ហើយ​បរិមាណ​ត្រី​នេសាទខុស​ច្បាប់​ក្នុង​មួយឆ្នាំៗ​មានចន្លោះពី​១១​ទៅ​១៦លានតោន។​

បើ​តាម​តួ​លេខ​ផ្លូវការ​របស់​គណ​កម្មការ​សហគមន៍​អឺរ៉ុប  ​ការនាំ​ផល​នេសាទ​សមុទ្រ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ បេលីហ្ស៍​និង​ប្រទេស​ហ្គីណេ ​មាន​ទំហំ​មិន​ដល់​១០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ឬ​ច្រើន​ជាង​១០​លាន​ដុល្លារ​អាមេរិក​បន្តិច​ផ្ទុយ​ទៅវិញ​បើ​តាម​តួលេខ​ពី​ប្រទេស​ទាំង​នេះ​ការ​នាំចេញ​ផល​នេសាទ​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​រហូត​ដល់​ជាង​២០០​លាន​អឺរ៉ូ​ឬ​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ថ្វី​បើ​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​លើក​ពី​ការ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កម្ពុជា​ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​គណ​កម្មការ​អឺរ៉ុប​ខាង​លើ​ក៏ដោយ​ ក៏​លោក​ហួត ​ស៊ីណាត​ មន្ត្រី​គម្រោង​នៃ​សម្ព័ន្ធ​ភាពដើម្បី​អភិរក្ស​ធនធាន​ជលផល​ដែល​ហៅកាត់​ថា​FACT ​បាន​ឲ្យ​លើក​ពី​ការ​នេសាទ​ខុសច្បាប់​ជាច្រើន​កើត​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។ ខេត្ត​ទាំងនោះ​រួម​មាន​ខេត្ត​កំពត ​កោះកុង​និង​ខេត្ត​ព្រះ​សីហនុ។

លោក​ហួត ​ស៊ីណាត​ បញ្ជាក់​ថា​ការ​នេសាទ​សមុទ្រ​ខុស​ច្បាប់​កើត​ឡើង​ជាពិសេស​ដោយ​ការ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ​ការ​កាប់​បំផ្លាញ​ព្រៃ​ជម្រក​ត្រី​និង​ការ​លួច​ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​របស់​ជន​ជាតិ​វៀតណាម។

«បទ​ល្មើស​ភាគ​ច្រើន​គឺ​ទាក់ទង​ទៅ​នឹង​អ្នក​មាន​អំណាច​ ថៅ​កែ​មាន​ឥទ្ធិពល។​ជាទូទៅ​បទ​ល្មើស​ដែល​បង្រ្កាប​បាន​ហើយ​រួច​ទៅ​វិញ។​ជាទូទៅ​គឺបទ​ល្មើស​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ម៉ាស៊ីន»។

កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ​ផលនេសាទ​សមុទ្រ​ នេសាទ​ទឹក​សាប​ និង​ផល​ត្រី​ចិញ្ចឹម ​នៅ​ប្រទេស​កម្ពុជា​សរុប​ជាង​៧០០ ​០០០ ​តោន៕

2 comments:

Anonymous said...

You not answer the rigth thing yet.you said USA I never found fish,or cannery,products made in Cambodia,only clothes brougth by Co.not by Khmer.You said sold to Vietnam or Thai yes,because you was control by Vietnamese and you sold Ports to Korean to tax for you who crazy to do for you?who let you exports your things?Why don"t you your wife your mother kids your own dict too?CAMBODIA not yours!!!!!!KRANHUN EASAN

Anonymous said...



មន្ត្រីជលផលកម្ពុជា គួរអាក់អន់ចិត្ត នឹង ពួកឣាមន្ត្រីពុករលួយ ស៊ីសំណូកពីកូរេ ៦លានដុល្លារ វិញទើបត្រិមត្រូវ។